ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិភាគតិច​បន្ត​ទាមទារ​ឱ្យ​លោក​ឈាង​វុន​សុំទោស​ឱ្យ​បាន​ឆាប់


កម្ពុជា​មាន​ជនជាតិ​ភាគតិច​ចំនួន​២៤​ក្រុម​និង​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​១៥។
កម្ពុជា​មាន​ជនជាតិ​ភាគតិច​ចំនួន​២៤​ក្រុម​និង​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​១៥។
ភ្នំពេញ៖ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង​បាន​ទាមទារ​នៅ​ថ្ងៃ​អង្គារ​នេះ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​កាន់អំណា​ច​លោក ឈាង វុន ​ធ្វើការ​សុំទោស​ដល់​សហ​គមន៍​និង​ជី​ដូនជីតា​របស់​ពួកគេ​ឲ្យបាន​ឆាប់​បំផុត។​
ការទាមទារ​នេះ​ធ្វើឡើង​បន្ទាប់​ពី​ប្រធាន​គណៈកម្មាធិការ​ការបរទេស​និង​ទំនាក់ទំនង​អន្តរជាតិ​របស់​រដ្ឋសភា​រូបនេះ​បានធ្វើ​សេចក្តី​អត្ថាធិប្បាយ​ដែល​ក្រុម​ជនជាតិដើម​ភាគតិច​ព្នង​អះអាងថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពួកគេ​យ៉ាងខ្លាំង​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ។
លោក​ឈាង វុន ​គ្រោង​នឹង​ទៅ​ធ្វើការ​សុំទោស​ដល់​ពួកគេ​ក្នុង​រង្វង់​ពាក់​កណ្តាល​ឆ្នាំ​២០១៣។ នេះ​បើ​យោង​ទៅ​តាម​តំណាង​ក្រុម​ជនជាតិ​ដើម​ភាគតិច។​
លោក​ណាក់ វែន ​ជនជាតិ​ព្នង​ម្នាក់​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃនេះ​ដោយ​រំលឹកថា​សេចក្តី​អត្ថាធិប្បាយ​របស់​លោក​ឈាង វុន ​គឺជា​ការ​មាក់ងាយ​ដល់​ជនជាតិ​របស់​ខ្លួន។​
«ការ​ដៀល​ត្មេះ​យើងខ្ញុំ​អត់​សុខចិត្ត​ទេ។ ខ្ញុំ​គិតថា​វា​ជា​រឿង​មួយ​ដែល​សំខាន់​ហើយ​យើង​ស្នើឲ្យ​ឯកឧត្តម​តំណាងរាស្ដ្រ​ធ្វើការ​លា​ពាក្យ​តាម​ប្រពៃណី​កាន់តែ​ឆាប់​កាន់តែ​ល្អ»។​
កាលពី​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​លោក​ឈាង វុន​ បាន​ប៉ះទង្គិច​ពាក្យសម្តី​ជាមួយ​លោក​កឹម សុខា ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​មាន​បី​អស​នៈ​នៅ​ក្នុង​រដ្ឋសភា​ដែល​នាំឲ្យ​តំណាងរាស្ត្រ​គណបក្ស​សិទ្ធិ​មនុស្ស និ​ង​គណបក្ស​សម រង្ស៊ី ​ដើរចេញ​ពី​កិច្ចប្រជុំ​សភា។
លោក​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រិះគន់​លោក​កឹម សុខា ​និង​លោក ស៊ុន​ ឆ័យ​ដែល​បាន​អន្តរាគម​កាត់​ប្រសាសន៍​របស់​លោក​ថា​ «​មាន​ឥរិយាបទ​ព្រៃផ្សៃ​ដូច​ព្នង»។​
ការរិះគន់​នេះ​ធ្វើឱ្យ​ជនជាតិ​ភាគតិច​ព្នង​ក្នុង​ប្រទេស​កម្ពុជា​ចាត់​ទុក​ថា​គឺ​ជា​សម្តី​មួយ​ប្រមាថ​មាក់ងាយ​ទៅ​ដល់​ពួកគេ។
នៅ​ថ្ងៃ​បន្ទាប់​នោះ​លោក​ឈាង វុន ​អះអាង​ក្នុង​កិច្ចប្រជុំសភា​ថា​លោក​មិន​ឃើញ​ថា​មាន​ពាក្យ​«ជនជាតិ​ព្ន​ង​» ​ក្នុង​ច្បាប់​របស់​ប្រទេស​កម្ពុជា​នោះ​ទេ។
នៅ​សប្តាហ៍​មុន​លោក​ឈាង វុន ​បាន​សារភាព​ថា​លោក​បាន​ធ្វើឲ្យ​មាន​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជនជាតិ​ភាគតិច​ព្ន​ង​ហើយ​បាន​ស្នើសុំ​ការយោគយល់​ដល់​រូប​លោក​ ក៏ប៉ុន្តែ​មិន​បាន​សម្តែង​ការសុំ​ទោស​នោះ​ទេ។​
«សុំ​បងប្អូន​ជាតិ​ព្នង​មេត្តា​អធ្យាស្រ័យ​ឲ្យ​ខ្ញុំ។ សុំ​អរគុណ»។
ក៏​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​កម្ពុជា​ជនជាតិ​ព្នង​មិនបាន​សុខចិត្ត​ឡើយ​ហើយ​ទាមទារ​ឲ្យ​លោក​ឈាង វុន ​ធ្វើ​ពិធី​សែនព្រេន​សុំទោស​តាម​ប្រពៃណី​របស់​ជនជាតិ​ខ្លួន​នៅ​ភ្នំ​ដោះ​ក្រមុំ​នៃ​ខេត្ត​មណ្ឌល​គី​រី។
លោក​ណាក់ វែន ​បញ្ជាក់​ថា​ការធ្វើ​នេះ​មិនមែន​ជា​ការ​បង្អាប់​កិត្តិយស​លោក​ឈាង វុន​នោះ​ទេ។​
«ការធ្វើ​នេះ​មិនមែន​ជា​ការដាក់​ទណ្ឌកម្ម​គាត់​ទេ​ហើយ​ក៏​មិនមែន​ជា​ការ​បង្អាប់​កិត្តិយស​គាត់​នោះ​ទេ។​ប៉ុន្តែ​វា​ជា​ការផ្សះផ្សា​បើសិនជា​យើង​ធ្វើ​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​ឲ្យបាន​ឆាប់ៗ»។​
នៅក្នុង​ស​ន្និសីទ​កាសែត​នៅ​ព្រឹក​នេះ​ដែរ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជនជាតិ​ដើម​ភាគតិច​ផ្សេងៗ ​មកពី​ខេត្ត​រតនគីរី ​មណ្ឌលគីរី ​និង​ខេត្ត​កំពង់ស្ពឺ​បានបង្ហាញ​ម្នាក់​ម្តងៗ​ម្នាក់​ម្តង​ ថា​ជនជាតិរ​បស់​ខ្លួន​មាន​ប្រពៃណី​និង​ទំនៀម​ទម្លាប់​ត្រឹមត្រូវ ​មាន​អត្ត​សញ្ញាណ​និង​វប្បធម៌​និង​អំពាវនាវ​ឲ្យមាន​ការគោរព​ដល់​សហគមន៍​របស់​ពួកខ្លួន។​
លោក​ឈាង វុន ​មិនអាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ​ដោយសារ​តែ​លោក​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅប្រទេស។​
យោង​តាម​លោក​ជា ផល្លា ​មន្ដ្រី​គម្រោង​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO)​នៅ​ប្រទេស​កម្ពុជា​មាន​ជនជាតិ​ភាគតិច​ចំនួន​២៤​ក្រុម​និង​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​១៥។ លោក​បញ្ជាក់ថា​ច្បាប់​របស់​ប្រទេស​កម្ពុជា​បានបង្ហាញ​ការ​គាំពារ​ដល់​ជនជាតិដើម​ទាំង​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG