ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី បញ្ជោះ​ឲ្យ​លោក​ហ៊ុន សែន ដោះ​ស្រាយ​បញ្ហា​សង្គម​ជាជាង​ព្រួយ​បារម្ភ​ពី​បដិវត្តន៍​ពណ៌


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី នៅមុខព្រឹទ្ធសភាជាតិបន្ទាប់ពីកិច្ចប្រជុំមួយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១២។

សង្គ្រាម​ពាក្យ​សំដីនៅ​តែ​បន្ត​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​និង​លោក​សម រង្ស៊ី បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចេញ​​បញ្ជា​ឲ្យ​​ក្រុម​ការងារ​របស់​រដ្ឋា​ភិបាល​ចុះ​មូលដ្ឋាន​ពន្យល់​ប្រជា​ពលរដ្ឋ​ពី​ផល​វិបាក​នៃ​បដិវត្តន៍​ពណ៌​​ផ្តួល​រំលំ​រដ្ឋាភិបាល។

បី​ថ្ងៃ​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានបង្គាប់​បញ្ជា​ក្រុម​មន្ត្រី​របស់​ខ្លួន​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​មូលដ្ឋាន ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប៉ុនប៉ងជា​ថ្មី​ ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល​នោះ លោក ​សម រង្ស៊ី ដែល​ត្រូវ​គេ​លើក​តាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​បញ្ជោះ​ទៅ​វិញ​ថា ​«ប្រជារាស្ត្រ​កម្ពុជា​ត្រូវ​ផ្តួល​រំលំ»​ របប​គ្រប់​គ្រង​របស់​លោក ​ហ៊ុន សែន។

កាល​ពី​ថ្ងៃទី៧ ខែឧសភា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​លិខិត​ណែនាំ​មួយ​ដល់ក្រុម​មន្ត្រី​របស់​ខ្លួន ឲ្យ​ធ្វើ​យុទ្ធនាការ​អប់រំ​ប្រជា​ពលរដ្ឋ​ដើម្បី​ពង្រឹងការ​គ្រប់​គ្រង​សភាព​ការណ៍​ឲ្យ​បាន​នៅ​ទូទាំង​ប្រទេស។

លិខិត​នោះបាន​និយាយ​យោង​ដល់​ផែន​ការ​របស់​លោក សម រង្ស៊ី ដែល​មាន​គម្រោង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅឆ្នាំ​ ២០១៩ ​នេះ។​

ការ​វិល​ត្រឡប់​មកវិញរបស់​លោក សម រង្ស៊ី ដែល​លោក ហ៊ុន សែន ចាត់​ទុក​ថា​ «ក្នុង​គោល​បំណង​ដឹកនាំ​ការ​ធ្វើ​បដិវត្ត​ពណ៌​សា​ជា​ថ្មី»​ ដើម្បី​ផ្តួល​រំលំ​របប​គ្រប់​គ្រង​របស់​លោក។ ​លោក​ ហ៊ុន សែន ហៅ​ការណ៍​នេះ​ថា​ជា​ទង្វើ​ខុស​នឹង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ដែល​អាចនាំ​ឲ្យ​ប្រទេស​កម្ពុជា «ធ្លាក់​ក្នុង​វិបត្តិ​ចលាចល​វឹកវរ»។ ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ លោកហ៊ុន សែន បាន​បង្គាប់​ឲ្យ​ក្រុម​ការងារ​គណបក្ស​កាន់​អំណាច​របស់​លោក ក្រុម​អាជ្ញាធរ ​និង​កង​កម្លាំង រៀបចំ​វេទិកា​សាធារណៈ​នៅ​គ្រប់​ភូមិ ឃុំ ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋអំពី​ផលវិបាក​នៃ​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​តាម​រយៈសកម្មភាពបដិវត្តន៍​ពណ៌»។

ក្រៅ​ពី​នោះ​លោក​ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​កែទម្រង់​ និង​ការ​ដោះ​ស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​និង​ធ្វើ​អំពើ​ល្អ​ជាមួយ​ពលរដ្ឋ​ជាដើម។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួននៅថ្ងៃ​សុក្រ​នេះ ​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លិខិតបង្គាប់​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន លោក សម រង្ស៊ី នៅ​តែ​ចាត់​ទុក​ថា​រដ្ឋាភិបាល​បច្ចុប្បន្ន​គឺជា​រដ្ឋាភិបាល ​«ខុស​ច្បាប់» ហើយ​ថា ​«ប្រជារាស្ត្រ​ខ្មែរ ត្រូវតែ​ផ្តួល​រំលំ» របប​នេះ។លោក សម រង្ស៊ី បន្ថែមថា ក្នុង​ករណី​ដែល​រដ្ឋាភិបាល​ «ចាប់ផ្តើម​គិតគូរ​ធ្វើ​អំពើ​ល្អ»​ សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​ពេល​នេះ​គឺ​មាន​ន័យ​ថា «របប​នេះ​ធ្លាប់តែ​ធ្វើ​អំពើ​អាក្រក់»។

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង បាន​ឆ្លើយ​តប​នឹង​លិខិត​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បញ្ជា​ឲ្យ​ក្រុម​ការងារថ្នាក់​ជាតិ​ចុះ​អប់រំ​ពលរដ្ឋដើម្បី​ទប់ស្កាត់​បដិវត្ត​ពណ៌​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ដោះស្រាយ​បញ្ហា​ក្នុង​សង្គម​ ដើម្បី​កាត់​បន្ថយ​កំហឹង​របស់​ប្រជាពលរដ្ឋ ជា​ជាង​ចុះ​ណែ​នាំ​ប្រជា​ពលរដ្ឋ។

​លោក​ សម រង្ស៊ី បាន​បន្ថែម​ថា​ ប្រសិន​បើ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន «ចង់​កាត់បន្ថយ​កំហឹង​របស់​ប្រជា​រាស្ត្រ» នោះ ​លោក​នាយក​រដ្ឋមន្រ្តី​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ដែល​ប្រជា​ពលរដ្ឋ​កំពុង​ប្រឈម និង​«កំពុង​ទទួល​រង​ទុក្ខ​មាន​ដូចជា​បញ្ហា​ដីធ្លី ផ្ទះសម្បែង​និង​ទ្រព្យសម្បត្តិ​ផ្សេងៗ បញ្ឈប់​អំពើ​ពុក​រលួយ​និង​បញ្ហា​បំណុល» ជាដើម។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាចប្រាប់​ VOA ថា ការ​ចុះ​អប់រំ​និង​ណែនាំ​ប្រជា​ពលរដ្ឋ​អំពី​ផល​ប៉ះពាល់​នៃ​បដិវត្តន៍​ពណ៌​នេះ​ធ្លាប់​ធ្វើ​ជា​ហូរ​ហែរ​មក ប៉ុន្តែ​លោក​ថា លិខិត​ដែល​ទើប​ចេញ​ជាថ្មី​នេះ គឺ​គ្រាន់តែ​ជា​ការ​រំឭក​បន្ថែម​ប៉ុណ្ណោះ។​ លោក សុខ ឥសាន ​បន្ថែម​ថា សម្រាប់​ការ​ថ្លែង​របស់​លោក​ សម រង្ស៊ី ដែល​ថា ប្រជាជន​ចង​កំហឹង​ជាមួយ​រដ្ឋាភិបាល​គឺ​គ្រាន់​តែជាការ​កុហក​ប៉ុណ្ណោះ។

«ប្រជាពលរដ្ឋ​ ក៏​ដូចជា​កង​ទ័ព កម្មករ​និយោជិត​ទូទាំង​ប្រទេស​ គ្មាន​កំហឹង​អី​ជាមួយ​រដ្ឋាភិបាល​ទេ។ ពីព្រោះ​រាល់​បាតុភាព​អសកម្ម​មួយ​ចំនួន​ ដែល​កើត​ឡើង​ដោយ​មន្រ្តី​ថ្នាក់​ក្រោមៗ​ហ្នឹង​គឺថា​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​វិធានការ​ដោះ​ស្រាយ​បាន​ទាន់​ពេល​វេលា»។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ការ​វាយ​ប្រហារ​គ្នា​តាម​រយៈ​ពាក្យ​សម្តី​លើ​បណ្តាញ​សង្គម​ ​រវាងលោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ​និង​លោក​ សម រង្ស៊ី​ អតីត​មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ នៅ​មុន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ក្លាយ​ជា​វប្បធម៌​ទៅហើយ។

លោក​បណ្ឌិត មាស នី អ្នកសិក្សា​ពី​ការ​វិវត្ត​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លើកឡើង​ថា លិខិត​ដែល​ចេញ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាលនៅ​តែ​បារម្ភ​អំពី​ការ​ងើប​បះបោរពី​សំណាក់​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា ការ​អប់រំ ឬ​ការ​គំរាម​កំហែង​ណាមួយ នឹង​មិន​អាច​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ ប្រសិន​បើ​រដ្ឋាភិបាល​មិនដោះ​ស្រាយបញ្ហា​អយុត្តិធម៌​សង្គម​ឲ្យ​មាន​ប្រសិទ្ធភាព។

«រឿង​សំខាន់​គឺ​ការ​ធ្វើ​កំណែ​ទម្រង់​ កាត់​បន្ថយ​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​និង​កាត់​បន្ថយ​អំពើអយុត្តិធម៌ផ្សេងៗ ហើយ​ធ្វើ​ម៉េច​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង​បំពេញ​តួនាទី​ឲ្យ​ត្រូវ​ទៅ​តាម​តួនាទី​ឯករាជ្យ​ទៅ​ អាហ្នឹង​បញ្ហា​បដិវត្តន៍​ពណ៌​វា​នឹង​មិន​កើត​ឡើង​ទេ​បាទ»។

កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ២០១៧ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​ផ្សាយ​សៀវភៅ «ស» រៀបរាប់​ថា កម្ពុជា​កំពុង​កើត​មាន​នូវ​បដិវត្តន៍​ពណ៌ រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ថា​ មាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជា​ ៣០០ ​បាន​ចូលរួម​ក្នុង​បដិវត្តន៍​ពណ៌​នោះ​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG