តុលាការឧក្រិដ្ឋកម្មសង្គ្រាមគាំទ្រដោយអង្គការសហប្រជាជាតិ ដែលជំនុំជម្រះរឿងក្តីរបស់មេដឹកនាំរបបខ្មែរក្រហមពីរនាក់ដែលនៅរស់រានជីវិត ស្តាប់ការផ្តល់ចម្លើយរបស់សាក្សីក្នុងថ្ងៃទី១ កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ក្នុងសំណុំរឿងចោទប្រកាន់នៃការប្រល័យពូជសាសន៍។
សាលាក្ដីខ្មែរក្រហមកាលពីឆ្នាំមុន បានរកឃើញថា មេដឹកនាំខ្មែរក្រហមពីរនាក់ដែលនៅរស់រានមានជីវិត មានទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលអ្នកទាំងពីរបានប្ដឹងតវ៉ាការសម្រេចនេះ។
សវនាការកាលពីថ្ងៃចន្ទ បានកត់សម្គាល់ការបង្ហាញភស្តុតាងជាលើកទី១ ទាក់ទិននឹងកិច្ចខំប្រឹងប្រែងរបស់មេធាវីដើមចោទ ដើម្បីធ្វើការចោទប្រកាន់អំពីការប្រល័យពូជសាសន៍ ដែលជាបទចោទយ៉ាងពិបាកបង្ហាញភស្តុតាង ក្នុងរយៈពេល ៩ឆ្នាំកន្លងមក។
ប៉ុន្តែការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ មិនបានសំដៅទៅលើការសម្លាប់ប្រជាជនកម្ពុជាយ៉ាងរង្គាល ដែលប្រជាជនខ្មែរជាចំនួនភាគច្រើននៃជនរងគ្រោះដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលខ្មែរក្រហមកាន់កាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នោះទេ។
ផ្ទុយទៅវិញ បទនេះទាក់ទងនឹងសកម្មភាពនៃរបបដែលប្រឆាំងនឹងក្រុមជនជាតិភាគតិចពីរក្រុមគឺ ក្រុមជនជាតិចាម និងក្រុមជនជាតិវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជា។
លោក Lars Olsen គឺជាមន្ត្រីច្បាប់នៃសាលាក្ដីនេះ។ លោកថ្លែងថា៖ «មូលហេតុដែលការចោទប្រកាន់ការប្រល័យពូជសាសន៍សំដៅទៅលើតែក្រុមពីរនេះ គឺពីព្រោះថានិយមន័យនៃពាក្យថាប្រល័យពូជសាសន៍ គឺខុសពីអ្វីដែលមនុស្សភាគច្រើនយល់ឃើញ»។
លោក Oslen ថ្លែងថា បើនិយាយឲ្យសាមញ្ញទៅ ការប្រល័យពូជសាសន៍គឺសំដៅលើ ចេតនាក្នុងការសម្លាប់មនុស្សមួយចំនួន ឬទាំងអស់ ដោយផ្អែកលើពូជអំបូរ សាសនា ជាតិសាសន៍ឬសញ្ជាតិរបស់អ្នកទាំងនោះ។
លោក Oslen ថ្លែងថា៖ «វាច្បាស់ណាស់នៅក្នុងបរិបទនៅក្នុងប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋកម្ពុជាមួយចំនួនធំត្រូវបានសម្លាប់ក្នុងអំឡុងពេលរបបខ្មែរក្រហមដោយជនជាតិខ្មែរដូចគ្នា បើនិយាយឲ្យសាមញ្ញទៅ តាមអត្ថន័យផ្លូវច្បាប់ថា នេះមិនមែនជាអំពើប្រល័យពូជសាសន៍នោះទេ»។
មេធាវីដើមចោទបានថ្លែងថា ការធ្វើទុក្ខបុកម្នេញដោយពួកខ្មែរក្រហមទៅលើជនជាតិចាមនិងវៀតណាម ទើបត្រូវនឹងនិយមន័យនៃពាក្យប្រល័យពូជសាសន៍ ហើយកាលពីថ្ងៃចន្ទ សាលាក្ដីខ្មែរក្រហមបានស្ដាប់ចម្លើយរបស់សាក្សីម្នាក់ឈ្មោះ អ៊ិត សេន អាយុ ៦៣ឆ្នាំ ដែលជាកសិករចាមមួយរូប។
លោក អ៊ិត សេន បានប្រាប់តុលាការថា បន្ទាប់ពីខ្មែរក្រហមបានចូលកាន់កាប់នៅក្នុងតំបន់របស់លោក នៅភាគខាងកើតនៃប្រទេសកម្ពុជានៅឆ្នាំ ១៩៧៣ មក ពួកគេបានរារាំងអ្នកដែលរស់នៅទីនោះក្នុងការប្រណិប័តន៍សាសនា ឬទំនៀមទម្លាប់ សូម្បីតែភាសារបស់ពួកគេ ក៏មិនឲ្យនិយាយដែរ បើមិនធ្វើដូច្នេះទេ ពួកគេនឹងត្រូវយកទៅសម្លាប់។
នេះគឺជាសម្ដីដកស្រង់របស់លោក អ៊ីត សេន ដែលបានថ្លែងតាមរយៈអ្នកបកប្រែ។
លោក អ៊ីត សេន ថ្លែងថា៖«មានតែភាសាខ្មែរទេដែលត្រូវបានអនុញ្ញាតឲ្យនិយាយនៅពេលនោះ។ ពួកយើងអាចនិយាយភាសាចាម ប៉ុន្តែអ្នកដឹងទេ យើងត្រូវនិយាយយ៉ាងសម្ងាត់ និងមិនត្រូវនិយាយឮនោះទេ។ ប្រសិនបើពួកគេបានឮយើងនិយាយភាសាចាមនោះ ពួកយើងអាចត្រូវបានគេយកទៅសម្លាប់»។
ការធ្វើទុក្ខបុកម្នេញដោយពួកខ្មែរក្រហមទៅលើជនជាតិចាម ដែលជាក្រុមជាតិសាសន៍ដែលមានទំនៀមទម្លាប់និងសាសនាផ្សេងពីគេនោះ ត្រូវបានចងក្រងជាឯកសារបានយ៉ាងច្បាស់លាស់។ ពួកខ្មែរក្រហមបានចាត់ទុកជនជាតិចាមជាសត្រូវ ហើយបានប្រើអំពើយ៉ាងសាហាវឃោរឃៅទៅលើពួកគេ។
ក្រុមជនជាតិចាមជាច្រើននាក់ ត្រូវបានសម្លាប់។ នៅក្នុងស្រុកមួយ ពួកខ្មែរក្រហមបានចាប់ខ្លួននិងសម្លាប់ជនជាតិចាមទាំងអស់។
នៅក្នុងឆ្នាំ ១៩៧៥ ប៉ុល ពត បានប្រាប់ពួកកម្មាភិបាល ឲ្យទៅបង្ខំ ពួកចាម ឲ្យចិញ្ចឹមជ្រូក និងបរិភោគសាច់ជ្រូក ហើយ ប៉ុល ពត និយាយថា អ្នកដែលមិនធ្វើតាមនឹងត្រូវយកទៅសម្លាប់។ ពួកខ្មែរក្រហមបានបំផ្លាញនិងប្រមាថវិហារឥស្លាម ដុតគម្ពីរនិងឯកសារពិសិដ្ឋនៃសាសនាឥស្លាម ហើយបានសម្លាប់មេដឹកនាំចាមផងដែរ។
ជនជាតិចាមភាគច្រើនដែលមិនត្រូវបានសម្លាប់ ត្រូវបានបំបែកខ្ចាត់ខ្ចាយ ដោយត្រូវបានបង្ខំឲ្យរៀបការជាមួយនឹងក្រុមសហគមន៍ផ្សេងទៀត ហើយរារាំងមិនឲ្យប្រណិប័តន៍សាសនារបស់ពួកគេ បើមិនដូច្នោះទេ ពួកគេនឹងត្រូវបានសម្លាប់។
នៅពេលដែលរបប ប៉ុល ពត បានដួលរំលំនៅឆ្នាំ១៩៧៩ ប្រជាជនចាមប្រមាណ បី សែននាក់បានបាត់បង់ជីវិត។
លោក អ៊ិត សេន ដែលត្រូវបានបញ្ជាឲ្យចាកចេញពីភូមិរបស់លោកនៅឆ្នាំ ១៩៧៥ គឺជាជនជាតិចាមតែពីរ ឬបីនាក់ប៉ុណ្ណោះដែលនៅ រស់រានមានជីវិត។ ប្រពន្ធនិងកូនរបស់លោកបានស្លាប់បាត់ទៅហើយ។
នៅក្នុងការផ្ដល់ចម្លើយទៅកាន់តុលាការ លោកបានរៀបរាប់ពីព្រឹត្តិការណ៍ដែលលោកបានឃើញផ្ទាល់ភ្នែក ខណៈពេលដែល ជនជាតិចាម រាប់សិបនាក់ត្រូវបានចងផ្អោបគ្នា ហើយខ្សែពួរនោះ ត្រូវបានចងភ្ជាប់ទៅនឹងទូក ហើយអ្នកទោសត្រូវបានអូសចូលទៅកណ្ដាលទន្លេឲ្យលង់ទឹកស្លាប់។
លោក អ៊ិត សេន បានរត់គេចចេញពីផ្ទះដែលត្រូវបានចាប់ឃុំនោះ ហើយលោកបានហែលរត់គេចដោយសុវត្ថិភាព។
មេធាវីដើមចោទបានពោលអះអាងថា អ្វីដែលបានកើតឡើងចំពោះលោក អ៊ិត សេននិងជនជាតិចាមរបស់លោក គឺជាអំពើប្រល័យពូជសាសន៍ ដែលដូចគ្នានឹងសកម្មភាពប្រព្រឹត្តិដោយពួកខ្មែរក្រហមប្រឆាំងនឹងជនជាតិវៀតណាមដែលត្រូវបាននិរទេស និងសម្លាប់នោះផងដែរ។ នៅឆ្នាំ ១៩៧៩ ប្រជាជនវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជាត្រូវបានសម្លាប់ស្ទើរតែទាំងអស់។
នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ នឹងមានសាក្សីច្រើនបន្ថែមទៀតមកផ្ដល់ចម្លើយ។ ការជំនុំជម្រះក្តីសំណុំរឿង០០២ នៃមេដឹកនាំខ្មែរក្រហមពីរនាក់ដែលនៅរស់រានមានជីវិតនេះ ទំនងនឹងបន្តរហូតដល់ឆ្នាំ២០១៦៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា