ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​រងគ្រោះ​នៅ​មិន​អស់​ចិត្ត​ក្រោយ​មរណភាព​អ្នកស្រី​អៀង ធីរិទ្ធ


លោក អៀង វុធ អភិបាលរងខេត្តប៉ៃលិននិងជាកូនប្រុសរបស់ លោកស្រី អៀង ធីរិទ្ធ និង លោក អៀង សារី កាន់ជើងធូបដើរនាំមុខក្នុងពិធីដង្ហែរសពរបស់លោកស្រី អៀង ធីរិទ្ធ កាលពីល្ងាចថ្ងៃច័ន្ទ ទី២៤ ខែ​សីហា ឆ្នាំ២០១៥ នៅខេត្តប៉ៃលិន។ (Courtesy Image)

អ្នក​ជំនាញ ​និង​ជន​រ​ង​គ្រោះ​ចោទសួរ​អំពី​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ក្នុង​របប​វាល​ពិឃាត​ «កម្ពុជា​ប្រជាធិប​តេយ្យ‍» ​ខណៈ​ពេល​ដែល​ពិ​ធី​បុណ្យ​សព​របស់​អ្នក​ស្រី ​អៀង ​ធីរិទ្ធ ​អតីត​រដ្ឋមន្ត្រី​សង្គម​កិច្ច​ក្នុង​របប​ខ្មែរ​ក្រហម​​ត្រូវ​​បញ្ចប់​នៅ​​រាត្រី​ថ្ងៃ​ច័ន្ទ​នេះ។

អ្នក​ជំនាញ ​និង​ជន​រ​ង​គ្រោះ​ចោទសួរ​អំពី​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ក្នុង​របប​វាល​ពិឃាត​ «កម្ពុជា​ប្រជាធិប​តេយ្យ‍» ​ខណៈ​ពេល​ដែល​ពិ​ធី​បុណ្យ​សព​របស់​អ្នក​ស្រី ​អៀង ​ធីរិទ្ធ ​អតីត​រដ្ឋមន្ត្រី​សង្គម​កិច្ច​ក្នុង​របប​ខ្មែរ​ក្រហមត្រូវបញ្ចប់​នៅរាត្រី​ថ្ងៃ​ច័ន្ទ​នេះ។​

អ្នកស្រី អៀង ធីរិទ្ធ​ អតីត​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​បាន​លាចាក​លោក​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ នា​គេហដ្ឋា​ន​របស់​ខ្លួនក្នុងខេត្ត​ប៉ៃលិន​ ក្នុង​អាយុ​៨៣ឆ្នាំ​ ​បន្ទាប់​ពីអង្គ​ជំនុំ​ជម្រះវិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ហៅ​កាត់​ថា​ (ECCC) ​បានសម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ខែ​កញ្ញា​ ឆ្នាំ​២០១២។​

តាម​ការ​ឲ្យ​ដឹង​របស់​លោក​ អៀង ​វុធ​ ​អភិបាល​រង​ខេត្ត​ប៉ៃ​លិន​ និង​ជាកូន​ប្រុស​របស់​អ្នកស្រី​ អៀង ធីរិទ្ធ ​និង​លោក​ អៀង សារី​ ​បាន​ប្រាប់​VOA​តាម​រយៈ​ទូរស័ព្ទពី​ខេត្ត​ប៉ៃលិន​មក​ថា​ ​ពិធី​បុណ្យ​សព​រយៈ​ពេល​បីថ្ងៃរបស់​អ្នកស្រី​ អៀង ធីរិទ្ធ​ បាន​បញ្ចប់​កាលពី​ថ្ងៃ​ច័ន្ទ​ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​១ពាន់​នាក់។​ ក្នុងនោះលោក​ស្រី ប៊ុន រ៉ានី​ ដែល​ជា​ភរិយា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏​បាន​ជួយ​ឧបត្ថម្ភ​ប្រាក់​ចំនួន​៣លាន​រៀល​ផង​ដែរ។​

លោក​ អៀង​ វុធ​ បាន​បញ្ជាក់​ថា​ ការស្លាប់​របស់​ម្តាយ​លោក​ គឺ​ដោយ​សារ​មូលហេតុ​គាំង​បេះដូង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ ហើយ​ធាតុ​របស់​លោកស្រី​ត្រូវ​បាន​យក​ទៅ​តម្កល់​នៅ​វត្ត​ស្វាយពពែ​ក្នុង​រាជធានី​ភ្នំពេញជាមួយ​ស្វាមី​គឺ​លោក អៀង សារី។

អ្នកស្រី​ អៀង ធីរិទ្ធ​ គឺ​ជា​ស្ត្រី​កម្ពុជា​ទី​១ ដែល​បានទទួ​លបាន​បរិញ្ញា​បត្រភាសា អង់គ្លេស​ពី​សាកល​វិទ្យាល័យ​ប៉ារីស​នៃ​ប្រទេស​បារាំង។​

ប្តី​របស់​អ្នកស្រី​គឺ ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ​អៀង សារី​ បាន​បាត់បង់​ជីវិត​កាល​ពី​ឆ្នាំ២០១៣​ ក្នុង​អាយុ៨៧​ឆ្នាំ​ នៅ​មុន​ពេល​បណ្តឹង​មួយ​ស្តី​ពី​ការ​សម្លាប់​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​រូប​លោកអាច​សម្រេច​សាលក្រម។​ អ្នកស្រី និង​ស្វាមីគឺ​លោក​ អៀង​ សារី ​ត្រូវ​បាន​តុលាការ​ខ្មែរក្រហម​ចាប់​ខ្លួន​នា​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០០៧​។

​តុលាការ​កាត់ទោស​មេដឹក​នាំខ្មែរ​ក្រហម​ ECCC បាន​ចោទ​ប្រកាន់​ និង​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​ពី​បទ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ ​ក៏ប៉ុន្តែ ​អ្នកស្រី​ អៀង ធីរិទ្ធ ​ត្រូវបាន​ដោះលែង​ និង​ដាក់​ឲ្យ​នៅ​ក្រោម​ការត្រួត​ពិនិត្យ​របស់​តុលា​ការ​ បន្ទាប់ពី​តុលាការ​យល់​ថា ​អ្នក​ស្រី​មាន​បញ្ហា​ខាង​ផ្លូវ​ចិត្ត​មិន​អាច​កាត់​ក្តី​បាន​ទេ​ ដោយសារ​គាត់​មាន​ជំងឺ​បាត់បង់​ការ​ចង​ចាំ​។​

ការ​ដោះលែង​នេះទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ដើម​ប​ណ្តឹង​រដ្ឋប្បវេណី និង​អង្គការ​ឃ្លាំ​មើល​ការ​កាត់​ទោស​នេះ។​

លោក ​ជុំ ម៉ី​ អតីត​អ្នកទោស​នា​មន្ទីឃុំឃាំង​សរ​២១ ​ឬទួលស្តែង​ បាន​បញ្ជាក់​ពី​ភាព​សោក​ស្តាយ​ និង​អស់​ជំនឿ​ចិត្ត​ ចំពោះ​តុលាការ​កាត់ក្តី​ខ្មែរ​ក្រហម ​ប​ន្ទាប់​មេដឹកនាំធំ​របស់​របប​ខ្មៅ​ងងឹត​ ខ្មែរ​ក្រហម​ បាន​លាចាក​លោក​ជា​បន្ត​បន្ទាប់​នា​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ​ ​ដោយ​មិន​មាន​ការ​កាត់​ទោស។ ​

​«យើង​សោកស្តាយ​គាត់ណាស់​ណា។​ សោក​ស្តាយ​យ៉ាង​ម៉េច​គឺ​ពីពេល​មុន​ស្លាប់​ប្តី​គាត់​មួយ​ហើយ​ អៀង សារី​នឹង​គាត់​ស្លាប់​ទៅ​ហើយ​ អា​ពេល​ហ្នឹង​គឺថា​ សាលាក្តី​នឹង​សូន្យ​តែម្តង​គឺ​អត់​មាន​បាន​ប្រយោជន៍​អ្វី​ទេ​ ហើយ​ពេល​នេះ​គឺ​ស្លាប់​ប្រពន្ធ​មួយទៀត​គឺ​អត់​មាន​ន័យ​អី​អា​លីង»​។

លោក​ ជុំ ម៉ី​ បាន​បន្ត​ថា​ ​៖​ «​អញ្ចឹង​នៅសល់ពីរ​នាក់​ទៀត​០០២​ ហ្នឹង​បើ​គាត់​ស្លាប់​ទៀត​គឺ​ សាលា​ក្តី​នឹង​អត់​មាន​យុត្តិធម៌​អី​ទេ​ សាលាក្តី​នឹង​ចាយ​លុយ​អត់​ប្រយោជន៍រាប់​លាន​ដុល្លារ​ ចាយ​លុយ​អត់​ប្រយោជន៍។​ អញ្ចឹង​យើង​បាន​ជំរុញ​ឲ្យ​ហ្អា​រឿង​ក្តី​០០២​ហ្នឹង​ឆាប់ៗ​ទៅ​»​។​

លោក​ ឆាំង យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ (DCCAM) ​បាន​ឲ្យ​ដឹង​ថា ​ទោះ​បី​ជា ​អៀង​ ធីរិទ្ធ​បាន​លា​ចាក​លោក​ក្តី ក៏​អំពើ ​និង​ទំនួល​ខុស​ត្រូវ​របស់​អ្នកស្រី​ក្នុង​កា​រស្លាប់​របស់​ប្រជាជន​ខ្មែរ​ជាង​១លាន​៧សែន​នាក់​ ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៥​-៧៩​នោះនៅតែ​បន្ត​កត់​ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​នេះ ហើយ​តុលាការ​ទៀត​សោត​គួរ​តែ​បន្ត​ជំរុញ​ល្បឿន​នៃ​ការ​កាត់​ទោស​មេដឹក​នាំ​ខ្មែរក្រហម​ ដែល​នៅ​សេសសល់​ឲ្យ​បាន​ឆាប់​រហ័ស​ផង​ដែរ។​

លោក​ ឆាំង យុ​ ថ្លែង​ថា​ តាម​ការ​ស្ទង់​មតិ​ប្រជាពលរដ្ឋ​មួយ​ចំនួន​របស់​ DCCAM​ ​បាន​ឲ្យ​ដឹង​ថា ប្រជាជន​មាន​ប្រតិកម្ម​តិចតួច​ចំពោះ​ការ​ស្លាប់​របស់​មេដឹកនាំ​ខ្មែរ​ក្រហម​រូប​នេះ ​ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​ខ្មែ​រមាន​ភាព​ធូរស្រាល​ក្នុង​ចិត្ត​បន្តិច​រួចមក​ហើយ​ បន្ទាប់​ពីតុលាកា​រខ្មែរ​ក្រហម​ចាប់​រូប​អ្នក​ស្រី​ អៀង ធីរិទ្ធ ​និង​ស្វាមី ​នា​ឆ្នាំ២០០៧​ ​ការដោះលែង​លោក​ស្រី​ឲ្យ​នៅ​ក្រៅ​ឃុំ​ក្រោយ​ពី​មាន​ជំងឺ​ភ្លេចភ្លាំង ​ និង​ការ​ដាក់​ទោស​មេដឹក​នាំ​មួយ​ចំនួន​កាល​ពីពេល​កន្លង​មក។​

«អញ្ចឹង​ នៅ​ពេល​អៀង​ធីរិទ្ធ ​បាន​ស្លាប់​ទៅ​ហ្នឹង​ គឺ​ប្រតិកម្ម​មានតិចតួច​ណាស់​បាទ។ ​ក្រុម​ស្រាវជ្រាវ​យើង​បាន​ចុះ​ទៅ​កន្លែង​មួយ​ចំនួន​ដែរ​ អញ្ចឹង​ការប្រតិកម្ម​ហ្នឹង​មានតិចតួច​ណាស់​ ដោយ​សារ​តែ​មាន​បញ្ហា​ធំៗ​ពីរ​កើត​ឡើង​រួចមក​ហើយ​ ចំពោះ​ការ​ស្លាប់​របស់​គាត់​។ ​អញ្ចឹង​ការ​ស្លាប់​របស់​គាត់​គឺ ​ប្រជា​ពល​រដ្ឋ​ហាក់ដូចជា​រំពឹងទុក​ជា​មុន​ថា​ គាត់​នឹង​ស្លាប់ ​ថា​គាត់​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ទទួល​ស្គាល់​ថា​គាត់​ពិត​ជា​មាន​ស្មារ​តីមិន​ច្បាស់លាស់»​។​

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ក៏​លោក អៀង​ វុធ​ បានថ្លែង​ការពារ​ម្តាយ​របស់​លោក​ដោយលើក​ឡើង​ថា អ្នកស្រី អៀង​ ធីរិទ្ធ ​បាន​ព្យាយាម​លះបង់​ជា​ច្រើន​សម្រាប់​ជួយ​កសាង​ប្រទេស​កម្ពុជា​ ​ក៏ប៉ុន្តែ​លោក​បន្ត​ថា ​បញ្ហា​ប្រឈម​ចំពោះ​មុខ​នា​ពេល​នេះ​គឺ​ការបង្រួប​បង្រួមជាតិ​ខ្មែរ ​និង​ការអភិវឌ្ឍន៍​វិញ​នោះ​ទេ។​

​«ក្នុង​កិច្ចការ​ហ្នឹង​ខ្ញុំ​គ្រាន់​តែ​យល់​ថា ​បញ្ហា​ដែលធំ​គឺ​គាត់​ជា​សាស្ត្រាចារ្យ​មួយ ​ដែល​បាន​សញ្ញាបត្រ​ពី​បរទេស​ ហើយ​ជារួម​មក​ខ្ញុំ​មើល​នៅ​ក្នុង​គ្រួសារ​របស់​ខ្ញុំ ​គឺ​មិន​ក្រ​ទេ​ តែ​យើង​អាច​រស់​បាន​ក្នុងសង្គម​ ហើយ​កន្លង​មក​គាត់​បាន​ចាក​ចេញ​ពីខ្ញុំ​តាំង​ពី​ពេល​ដែល​ខ្ញុំ​នៅ​ក្មេងៗ​ ​គឺថា​គាត់​មាន​ឧត្តមគតិ​ច្បាស់​លាស់ក្នុង​ការ​ជួយ​ជាតិ​ហ្នឹង​ ក៏​ប៉ុន្តែធ្វើទៅ​បាន​សម្រេច​ ឬ​មិន​បាន​សម្រេច​ ខ្ញុំ​មិន​ចង់​ជជែក​គ្នា​អី​នោះ​ទេ​នៅ​ត្រង់​ហ្នឹង»។​

លោក ​នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ECCC ​បាន​បញ្ជាក់​ថា​ការ​ស្លាប់​របស់​អ្នកស្រី​ អៀង ធីរិទ្ធ​ គឺ​មិនបាន​ធ្វើ​ឲ្យ​ប៉ះបាល់​ដល់​ដំណើរ​កា​រកាត់ទោស​មេដឹក​នាំខ្មែរ​ក្រហម​នោះ​ទេ​ ដោយ​សារ​តែ​តុលាការ​នៅ​តែ​បន្ត​ការ​អនុ​វត្តន៍​ទៅ​តាម​នីតិវិធីរបស់​ខ្លួន។​ មក​ដល់​ពេល​នេះ ​សហ​ព្រះរាជ​អាជ្ញា​សាលា​ក្ដី​ខ្មែរ​ក្រហម​ ​កំពុង​តែ​ពិនិត្យ​ស្រាវជ្រាវ​ឯក​សារ ដើម្បី​ស្វែងរកពី​មូល​ហេតុ​ពិត​ប្រាកដ​នៃ​មរណភាព​របស់​ជន​ជាប់​ចោទ​រូប​នេះ​ ​ដើ​ម្បី​ដាក់​ជូន​អង្គ​ជំនុំ​ជម្រះ​ធ្វើ​សេចក្តី​សម្រេច​ចុង​ក្រោយ​ លើ​ករណី​របស់​អ្នកស្រី​ អៀង ធីរិទ្ធ។

​សព្វ​ថ្ងៃ​នេះ​ មាន​តែ​មេដឹក​នាំ​ធំៗ​ និង​ស្ថិត​ក្នុង​វ័យជរារបស់​របប​ខ្មែរ​ក្រហម​ចំនួន​ពីរ​រូប​ប៉ុណ្ណោះ​គឺ​ជន​ជាប់​ចោទ នួន ជា​ និង​ខៀវ សំផន​ ដែលប្រឈម​នឹង​ការ​ជំនុំ​ជម្រះ​នៅ​សាលាកាត់ក្ដី​ខ្មែរ​ក្រហម ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ពួក​ខ្លួន​បាន​ប្រព្រឹត្ត​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥​ និង​ឆ្នាំ​១៩៧៩​នោះ​៕

XS
SM
MD
LG