ព្រះមហាក្សត្របានតែងតាំងចៅក្រមជាតិកូរ៉េម្នាក់ឱ្យធ្វើជាចៅក្រមអន្តរជាតិថ្មីនៅ អង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម ដើម្បីជំនួសលោកចៅក្រមមុន ដែលបានលាលែងតំណែងកាលពីដើមឆ្នាំនេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម ដែលបានចែកផ្សាយដល់បណ្តាញសារព័ត៌មាននៅថ្ងៃច័ន្ទនេះ បានឱ្យដឹងថា លោកចៅក្រមថ្មី BAIK Kang Jin ត្រូវជំនួសកន្លែងលោកចៅក្រម រូវ៉ាន់ ដោននីង ដែលបានចាកចេញពីតុលាការកាត់ក្តី មេដឹកនាំខ្មែរក្រហម ដើម្បីទៅទទួលការងារថ្មីនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា៖ «កាលពីពេលថ្មីៗនេះ ចៅក្រម BAIK បានបំពេញការងារជាចៅក្រម នៅតុលាការកំពូលទីក្រុងសេអ៊ូល។ តាំងពីឆ្នាំ២០១៣មកលោកបានបំពេញការងារជាតំណាងពិសេសនៃក្រុមប្រឹក្សាទទួលខុសត្រូវផ្នែកកម្មសិទ្ធិបញ្ញា និងជាសមាជិកមិនអចិន្ត្រៃយ៍នៃគណៈកម្មការការពារព័ត៌មានផ្ទៃក្នុងរដ្ឋាភិបាលកូរ៉េ»។
សាលាក្តីខ្មែរក្រហមកំពុងកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមចំនួនពីរនាក់គឺនួន ជា អតីតបងធំទី២ និង ខៀវ សំផន អតីតប្រមុខរដ្ឋដែលមានតែឈ្មោះ។ មេដឹកនាំទាំងពីរនាក់នេះត្រូវតុលាការខ្មែរក្រហមកាត់ទោសឱ្យជាប់គុកមួយជីវិតចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលទាក់ទងនឹងការជម្លាស់ប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងក្រោយមកទៀត ចេញពីតំបន់ផ្សេងៗ និងការសម្លាប់ទាហាន លន់ នល់ នៅទីតាំងសម្លាប់មនុស្សទួលពោធិ៍ជ្រៃ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចភ្លាមៗក្នុងឆ្នាំ១៩៧៥។ ប៉ុន្តែពួកគេបានប្តឹងសារទុកទៅអង្គជំនុំជម្រះតុលាការកំពូល និងប្តឹងដិតចិត្តចៅក្រមទាំងនោះ។
លោកចៅក្រម រូវ៉ាន់ ដោននីង ត្រូវបានគេដឹងថា បានជំទាស់នឹងការសម្រេចចិត្តបដិសេធចោលញត្តិរបស់ក្រុមមេធាវីការពារក្តីឱ្យមេដឹកនាំខ្មែរក្រហម នួន ជា និង ខៀវ សំផន ដែលប្តឹងដិតចិត្តចៅក្រម ដែលកាត់ក្តីលើសំណុំរឿងអតីតមេដឹកនាំខ្មែរក្រហមទាំងពីរ។
រីឯលោកសាស្ត្រាចារ្យ Michael Bohlander ក៏ត្រូវបានតែងតាំងជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុងថ្មីជំនួសចៅក្រម Olivier Beauvallet ដែលត្រូវបានតែងតាំងជាចៅក្រមអន្តរជាតិនៃអង្គបុរេជំនុំជម្រះកាលពីពេលថ្មីៗនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់សាលាក្តី៕