ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហគមន៍​ក្រីក្រ​ជួប​ជុំ​គ្នា​ស្វែង​រក​យុទ្ធសាស្រ្ត​ទប់​ទល់​ការ​បណ្តេញ​ចេញ

  • គង់ សុឋានរិទ្ធ

ប្រជាពលរដ្ឋ​តវ៉ា​​អំពី​រឿង​ជម្លោះ​ដីធ្លី​នៅ​មុខ​រដ្ឋសភា​ជាតិ។ យោង​តាម​របាយការណ៍​នានា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​បង្ហាញ​ថា​មាន​ប្រជាពលរដ្ឋ​យ៉ាងហោច​ណាស់​ចំនួន​១៥០.០០០​នាក់​បានទទួល​រង​ការបណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ក្នុងរយៈ​ពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ​ដោយសារ​តែ​ការអភិវឌ្ឍ​ក្រុងភ្នំពេញ។
ប្រជាពលរដ្ឋ​ក្រុង​ភ្នំពេញ​ចំនួន​២៥០​នាក់​មក​ពី​សហគមន៍​ក្រីក្រ​ចំនួន​៤១​សហគមន៍​បានជួប​ប្រជុំ​ពិភាក្សាគ្នា​នៅថ្ងៃ​ច័ន្ទ​នេះ​សម្រាប់​រយៈពេល​ពីរថ្ងៃ​ដើម្បី​រៀបចំ​យុទ្ធសាស្ដ្រ​ទប់ទល់​នឹង​ការ​ប្រឈមនានា​ដោយ​ការ​បណ្តេញ​ចេញ។

សហគមន៍​ទាំងនេះ​រួម​មាន​សហគមន៍​ដែល​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​និង​ត្រូវ​បាន​បណ្តេញ​ចេញ​រួច​ហើយ ប៉ុន្តែ​ស្ថិត​ក្នុង​ការ​ប្រឈម​ជាច្រើន​ទាំងផ្នែក​អប់រំ ​ហេដ្ឋារចនា​សម្ព័ន្ធ​និង​ផាសុកភាព​ក្នុង​ការ​រស់នៅ​ជាដើម។ ក្នុង​នោះ​មាន​ដូច​ជា​សហគមន៍​បុរីកីឡា​និង​សហគមន៍​បឹងកក់​ដែល​មាន​ទំនាស់​យ៉ាង​ល្បី​ល្បាញ ​សហគមន៍​បឹងទំពុន ​ត្នោតជ្រុំ ​ជាដើម។

លោក​អ៊ី សារ៉ុម ​ប្រធាន​សមាគម​ធាងត្នោត​ដែល​ជា​អ្នក​រៀបចំ​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ​របស់​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​ភ្នំពេញ​មាន​ប្រសាសន៍​ថា​សិក្ខាសាលា​នេះ​ក្នុង​គោលដៅ​ប្រមូល​នូវ​គំនិត​របស់​តំណាង​សហគមន៍​នីមួយៗ​ដើម្បី​ធ្វើ​យុទ្ធសាស្ដ្រ​សម្រាប់​ធ្វើការ​តស៊ូ​មតិ​ចំពោះ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។

«សិក្ខា​សាលា​នេះ​ដើម្បី​លើកឡើង​ពី​បញ្ហា​ប្រឈម​នានា​របស់​សហគមន៍​រស់នៅ​ទីក្រុង ​ការបណ្តេញ​ចេញ ​ក្រោយ​ការ​បណ្តេញ​ចេញ​ ការដែល​មិនបាន​ទទួល​ប្លង់​កម្មសិទ្ធិ ​ក៏​ដូច​ជា​ការ​ប្រឈម​នឹង​បញ្ហា​ហេដ្ឋារចនា​សម្ព័ន្ធ ​ការ​បាត់បង់​នូវ​មុខរបរ​ជាដើម​និង​លើកទិសដៅ​ជា​ផែនការ​សម្រាប់​ធ្វើការ​តស៊ូ​មតិ​ក្នុង​ពេល​ខាងមុខ»។

យោង​តាម​របាយការណ៍​នានា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​បង្ហាញ​ថា​មាន​ប្រជាពលរដ្ឋ​យ៉ាងហោច​ណាស់​ចំនួន​១៥០.០០០​នាក់​បានទទួល​រង​ការបណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ក្នុងរយៈ​ពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ​ដោយសារ​តែ​ការអភិវឌ្ឍ​ក្រុងភ្នំពេញ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បានចាប់ខ្លួន​ ចោទប្រកាន់​តាម​ផ្លូវ​តុលាការ​និង​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្រោយពី​ពួកគេ​ធ្វើការ​ប្រឆាំងនឹង​ការបណ្តេញ​ចេញ​រយៈពេល​ចុងក្រោយ​នេះ។

ក្រុម​អ្នកចូលរួម​សិក្ខាសិលា​បាន​លើកពី​បញ្ហា​ប្រឈម​ដូច​ធ្លាប់​បាន​លើកឡើង​នា​ពេល​កន្លង​មក​នោះ​គឺ​បញ្ហា​ខ្វះខាត​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដូចជា​ទឹក ​ភ្លើង ​អនាម័យ ​ការ​បាត់បង់​ការងារ ​ការប្រឈម​ផ្នែក​អប់រំ​ជាដើម។

អ្នកស្រី​យ៉ោម បុបា្ផ ​ជា​សកម្មជន​ដីធ្លី​នៃ​សហគមន៍​បឹងកក់​ដែលទើបតែ​ត្រូវ​បានដោះលែង​ជា​បណ្តោះ​អាសន្ន​ពី​មន្ទីរ​ឃុំឃាំង​ដែល​ទាក់ទង​នឹង​ឧប្បត្តិហេតុ​ក្រោយពី​ការតវ៉ា​ទាមទារ​ដីធ្លី​ក្នុង​សហគមន៍​របស់​អ្នកស្រី។

អ្នកស្រី​យ៉ោម បុប្ផា ​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ដែរ។ អ្នកស្រី​ជំរុញ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​និង​សហគមន៍​អន្តរជាតិ​ចូលរួម​ដោះស្រាយ​វិបត្តិ​ដីធ្លី​នេះ​ជាពិសេស​ការដោះស្រាយ​ដោយ​មាន​តម្លាភាព​និង​ការជជែក​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ដែលរង​ការបណ្តេញ​ចេញ​និង​ការផ្តល់​សំណង​សមស្រប។

«ការបណ្តេញ​ចេញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ពេល​បច្ចុប្បន្ន។​ពួកយើង​នឹង​ចងក្រង​គ្នា​គ្រប់​សហគមន៍​ដោយ​លើក​យក​បញ្ហា​ដែល​ពួកគាត់​ជួប​ប្រទះ​ដើម្បី​ពិភាក្សាគ្នា​ដើម្បី​រក​យុទ្ធសាស្ដ្រ​យ៉ាងម៉េច​ដើម្បី​តស៊ូ​មតិ​ដើម្បី​ឲ្យ​មាន​សាមគ្គីភាព​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​បណ្ដេញ​ចេញ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

លោកឡុង ឌីម៉ង់ ​អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញមានប្រសាសន៍​ថា​សាលារាជធានី​ភ្នំពេញ​មាន​ផែនការ​ដោះស្រាយ​វិបត្តិ​ដីធ្លីនៅ​ក្នុង​សហគមន៍​ក្រីក្រ។

«ផែនការ​អាទិភាព​របស់​យើង​សម្រាប់​ឆ្នាំ​២០១៤​ដើម្បី​ឲ្យ​មាន​ការកែប្រែ​និង​មាន​ការប្រសើរ​ឡើង​ដូចជា​ការកែ​សម្រួល​បញ្ហា​ចរាចរណ៍ ​បញ្ហា​សំរាម​និង​ការលិចទឹក។​ ដោយឡែក​សហគមន៍​បឹង​កក់​គឺ​ត្រូវ​ដើម្បី​បើកទ្វារ​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍ​សហគមន៍​ក្រីក្រ​នេះ»។​

​ការប្រមូល​ផ្តុំ​គ្នា​របស់​សហគមន៍​ក្រីក្រ​កាលពី​ព្រឹកមិញ​នេះ​ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរប៉ុន្តែមិនបាន​សម្រេច។​ទោះជា​បែប​នេះ​ក្តី​ម្ចាស់​ទីតាំង​ជួល​បាន​សម្រេច​បញ្ឈប់​ការជួល​ដល់​ក្រុម​សហគមន៍​អ្នកក្រីក្រ​សម្រាប់​សិក្ខាសាលា​នៅថ្ងៃទី​២​នៅថ្ងៃ​ស្អែក​នេះ៕
XS
SM
MD
LG