ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​រងគ្រោះ​ទំនាស់​ដីធ្លី​មាន​សង្ឃឹម​លើ​រដ្ឋាភិបាល​ថ្មី

  • ហ៊ាន សុជាតា

​​ទិដ្ឋភាព​សំណល់​ផ្ទះ​សម្បែង និង​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​​បណ្តេញ​ចេញពី​ទីក្រុង។​​
ជន​រង​គ្រោះ​ដោយ​សារ​ការ​បណ្តេញ​លំនៅដ្ឋាន​ដោយ​បង្ខំ​រំពឹង​ថា​ រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹងមាន​ដំណោះ​ស្រាយ​ និងយក​ចិត្ត​ទុក​ដាក់​ដល់​ពួក​គេ​ប្រសើរ​ជាង​មុន។

ក្រុម​អ្នក​ភូមិ​នៃ​សហគមន៍ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ទទួល​រង​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ដោយ​បង្ខំ​ កំពុង​តែ​ផ្តោត​ក្តី​សង្ឃឹម​ចុង​ក្រោយ​ថា ​រដ្ឋា​ភិបាល​ថ្មី​ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​កាល​ពីថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៣​នេះ ​នឹង​គិត​គូ​ដល់​ពួក​គេ​ឡើង​វិញ។​
ការ​គិតគូ​ដែល​ពួក​គេ​ចង់​បាន​គឺ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ពួក​គេ​និង​ការ​ផ្តល់​តម្លៃ​ដល់​ពួក​គេ​ប្រសើរ​ជាង​មុន។

អ្នក​ស្រី​ង៉ែត​ ឃុន ​អាយុ​៧៣​ឆ្នាំ​ ជា​ជន​រង​គ្រោះម្នាក់​នៃ​សហគមន៍​បឹងកក់។​ អ្នកស្រី​កំពុង​រស់​នៅ​ទីនេះ​ដោយ​ក្រាញ​ននាល​ទល់​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ និង​មិន​មាន​សំណង​សម​ស្រប។​

រដ្ឋា​ភិបាល​បាន​ផ្តល់​សិទ្ធិ​វិនិយោគ​ដី​បឹងកក់​រយៈ​ពេល​៩៩​ឆ្នាំ​ដល់​ក្រុមហ៊ុន​ ស៊ូកាគូ ​អ៊ីន​របស់​លោក​ឧកញ៉ា​ឡាវ ​ម៉េង​ឃីន ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា ​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ។ ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​នៃ​សហគមន៍ដែល​មាន​ប្រមាណ​៤០០០​គ្រួសារ​នេះ ​បាន​យល់​ព្រម​ចាក​ចេញ​ដោយ​ទទួល​សំណង​ ដែល​ពួកគេ​និយាយ​ថា​ មិន​ត្រឹមត្រូវ​តាម​តម្លៃ​ដីតាម​ទីផ្សារ​សេរី។​

រដ្ឋា​ភិបាលបាន​កាត់ដី​ចំនួន​ជាង​១២​ហិចតា​ពី​ដី​វិនិយោគ​សរុប​ទំហំ​ជាង​១៣៣​ហិចតា​គឺ​កាត់​ឲ្យ​ទៅ​ប្រជា​ពលរដ្ឋ​ដែល​នៅ​សេស​សល់​ជាង​១០០០​គ្រួសារ​នៅ​ឆ្នាំ​២០១១។​ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ នៅ​មាន​ប្រជា​ពលរដ្ឋ​ជាង​៦០​គ្រួសារ​ទៀត​មិន​ទាន់​ទទួល​បាន​កម្ម​សិទ្ធិ​ដី​របស់​ពួក​គេ​នៅ​ឡើយ។

អ្នកស្រីង៉ែត​ ឃុន​ស្ថិត​នៅ​ក្នុង​ចំណោម​គ្រួសារ​ដែល​មិន​បាន​ទទួល​ដី​នេះ។​ កំពុង​អង្គុយជាមួយ​ពលរដ្ឋ​សហគមន៍បឹង​កក់​ដទៃ​ទៀត និង​ក្រោយពី​បាន​លើកកែវ​ទឹក​ផឹក​រួច​ ​ អ្នកស្រី​និយាយ​ដោយ​ទឹក​មុខ​ស្ងួត​ថា​ បំណង​តែ​មួយ​គត់​ដែល​អ្នក​ស្រី​ចង់​បាន​ពី​រដ្ឋាភិបាល​ថ្មី​កើត​ចេញ​ពី​ការ​បោះឆ្នោត​នោះ​គឺ​ចំណែក​ដី​ដែល​អ្នកស្រី​នឹង​ត្រូវ​ទទួល​បាន។

អ្នកស្រី​និយាយថា៖​ «ពួក​ខ្ញុំ​ទៅ​ទាម​ទារ។​ អត់​មាន​សុំ​អី​ទេ ​សុំ​តែ​មន្រ្តី​អាជ្ញាធរ​ធ្វើ​ម៉េច​វាស់​ព្រំ​ដី​១២,៤៤​ហិចតា។​ ផ្តល់​ប្លង់​កម្មសិទ្ធិ​ឲ្យ​ពួក​ខ្ញុំ​អស់​គឺវា​ចប់​ហើយ។ តែ​គាត់​មិន​ដោះ​ស្រាយ»។​

ទោះ​ជា​យ៉ាង​ណា​ក្តី ​ក៏​មាន​ប្រជា​ពលរដ្ឋដែល​រង​គ្រោះ​ដោយ​សារ​ជម្លោះ​ដី​ធ្លី​មួយ​ចំនួន​ទៀតសង្ឃឹម​ថា រដ្ឋា​ភិបាល​ថ្មី​នឹង​យក​ចិត្ត​ទុកដាក់​លើ​ផ្នែក​សុខុមាល​ភាព បន្ថែម​ពី​ការ​បណ្តេញ​នេះ។​

ជា​អតីត​អ្នក​ភូមិ​បឹងកក់​មួយ​រូប​ អ្នកស្រីកែវ សារុំ ​អាយុ​៧០​ឆ្នាំ ​កំពុង​លក់​នំ​បញ្ចុក​ និង​បបរ​ក្នុង​ផ្សារ​មួយ​នៃ​ភូមិ​ត្រពាំង​អញ្ចាញ​ ខ័ណ្ឌ​ពោធិសែន​ជ័យ​ ជាយរាជធានី​ភ្នំពេញ។​ អ្នកស្រី​បាន​ទទួល​សំណង​ពី​ក្រុមហ៊ុន​សូកាគូ អ៊ីន ​ហើយ​បាន​ស្ម័គ្រ​ចិត្ត​ទៅ​តាំង​លំនៅថ្មី​ចម្ងាយជាង​១០​គីឡូ​ម៉ែត្រ​ពី​កណ្តាល​ក្រុង​ភ្នំពេញ។​ ស្រ្តី​ចំណាស់​រូប​នេះ​សង្ឃឹម​ថា​ រដ្ឋាភិបាល​ថ្មីនឹង​យក​ចិត្ត​ទុកដាក់​ទៅ​លើ​មនុស្ស​ចាស់ ​និង​ផ្តល់​ជា​សេវា​សុខភាព​ជូន​រូប​គាត់។​

អ្នកស្រីថ្លែងថា៖​ «សង្ឃឹម​ក្រែង​លោ​ជួយ​បាន​ខ្លះ​ ក្រែង​លោ​បាន​ជួយ​ពួក​ខ្ញុំ​ចាស់ៗ​ បាន​ទៅ​រស់​នៅ​សុខ​ស្រួល​ មិន​វេទនា​ដូច​នៅ​នេះ»។​

ក្រៅពី​អ្នក​សហគមន៍​បឹង​កក់ ​និង​បុរី​កីឡា ​ក៏​មាន​ប្រជា​ពលរដ្ឋ​ពី​តំបន់​ផ្សេង​ទៀតជុំវិញ​រាជ​ធានី​ភ្នំ​ពេញ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​ដែរ។​ ក្នុង​នោះ​រួម​មាន ​អ្នក​ភូមិ​សម្បុក​ចាប អ្នក​បុរី​សន្តិភាព​ និង​អ្នក​ភូមិ​ដី​ក្រហម​ជា​ដើម។​

អតី​ត​អ្នក​ភូមិសម្បុកចាប​មួយ​ចំនួន​កំពុង​រស់នៅ​ក្នុង​ភូមិ​អណ្តូង ​ខណ្ឌ​ពោធិ​សែន​ជ័យ ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ដប់​គីឡូម៉ែត្រ​ពីទី​ប្រជុំ​ជន​ក្រុង​ភ្នំពេញ។​

សម្រាប់​អ្នក​ភូមិ​មួយ​ចំនួន​នៅ​ទីនេះ ​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ហាក់​ដូចជា​សុបិន​អាក្រក់​ ដែល​តាម​បន្លាច​ឲ្យ​ពួក​គេ​បាក់​ស្បាត​ជា​និច្ច។​

អ្នក​ស្រី​អួន ​ចន្ថា ​អាយុ​៥៨​ឆ្នាំ ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​នោះ។​

អ្នកស្រី​និយាយថា៖​ «បើ​ដាច់​អាណត្តិ​ថ្មី ​បើ​បាន​គេ​ជួយ​ទៅ​ត្រេក​អរ។​ បើ​គេ​មិន​ដេញ​យើង​ទៅ​ណា​ នៅ​ទី​ណា​ឲ្យ​នៅ​ហ្នឹង​ទៅ។ ​ខ្លាច​តែ​គេ​មិន​ឲ្យ​នៅ​ទីហ្នឹង​ទៀត»។​

នៅក្នុង​ភូមិ​អណ្តូង​នេះ​ មាន​សាលារៀន​ និង​មណ្ឌល​សុខភាព​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សមាគម​សាសនា​ផ្នែក​យេស៊ូ​គ្រីស្ទ។​

ប៉ុន្តែ​ក្រុម​អ្នក​ភូមិ​ហាក់​ដូច​ជា​មិន​បាន​ផ្លាស់​ប្តូរ​ពី​ពិភព​ក្រីក្រ​នៅ​មុន​ពេល​បណ្តេញ​ចេញ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​នោះ​ទេ។​

អ្នក​ស្រីកែវ​ ចាន់ឌី ​អាយុ​២៨​ឆ្នាំ ​ជា​អ្នក​ភូមិ​ម្នាក់​ទៀត​ ហើយ​លក់​បន្លែ​ជា​មួយអ្នក​ស្រី​ចន្ថា​ដែរ។​ អ្នក​ស្រី​ចង់​ឲ្យ​រដ្ឋា​ភិបាល​ថ្មី​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គម​កិច្ច​សម្រាប់​សហគមន៍អ្នក​ក្រីក្រ​នេះ។​

អ្នកស្រី​និយាយថា៖​ «ខ្ញុំ​សង្ឃឹម​ថា ​គេជួយ​គិត​គូរ​ផ្ទះ​សម្បែង​ពួក​ខ្ញុំ​ មាន​ជា​ផ្ទះ​ត្រឹម​ត្រូវ​នឹង​គេ។​ ខ្ញុំ​អត់​ចង់​នៅ​អញ្ចឹង​ទេ ​ចង់​មាន​ទឹក​ភ្លើង​ប្រើ។​ បាន​ប៉ុណ្ណឹង​ ខ្ញុំ​សប្បាយ​ចិត្ត​ហើយ»។​

ទោះ​ជា​យ៉ាងណា ​អ្នក​ភូមិ​សហគមន៍បុរី​កីឡា ​ដែល​កំពុង​រស់នៅ​ក្រោម​ដំបូល​តង់​អស់​រយៈ​កាល​១​ឆ្នាំ​៧​ខែ​មក​ហើយ​ក្រោយ​ពី​ការ​បណ្តេញ​ចេញនោះ នៅ​តែ​រក្សា​ជំហរ​ចង់​ផ្លាស់​ប្តូរ​រដ្ឋា​ភិបាល​ថ្មី។​

លោក​សៀ​ ភិរម្យ​ នាយក​លេខា​ធិការ​ដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន ​បាន​ពន្យល់​ថា ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំនឹង​ត្រូវ​បាន​កាត់​បន្ថយ​នៅ​អាណត្តិ​រដ្ឋា​ភិបាល​ក្រោយ​នេះ។​ លោក​ធ្វើការ​អះ​អាងដូច្នេះ​ ដោយ​យោង​លើ​មូល​ហេតុ​នៃតុល្យភាព​អំណាច​រវាង​គណបក្ស​ប្រឆាំង​ និង​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​សភា​ជាន់​ទាប។

​លោក​និយាយថា៖​ «ការ​បណ្តេញ​ចេញ​នឹង​នៅ​តែ​មាន ​ពី​ព្រោះ​ប្រទេស​ត្រូវ​ការ​អភិវឌ្ឍ។​ តែ​នឹង​មាន​ការ​ថយ​ចុះ​ ពី​ព្រោះ​ក្នុង​អាណត្តិ​ក្រោយ​ហ្នឹង ​រដ្ឋាភិបាល​ថ្មី​មិន​អាច​ជិះសេះ​លែង​ដៃ​ដូច​អាណត្តិ​ទី៤​នោះ​ទេ​ ពី​ព្រោះ​អាណត្តិ​មុន​រដ្ឋាភិបាល​គាត់​មាន​ដល់​ទៅ​៩០​កៅអី​ អញ្ចឹង​ហើយ​គាត់​អាច​ធ្វើ​អ្វីស្រេច​តែ​ចិត្ត​ មិន​ខ្វល់​ពី​ម្ចាស់​ឆ្នោត​ទេ»។​

ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ លោក​ប៉ា សុជាតិវង្ស ​អភិបាល​រាជធានី​ភ្នំពេញ​ និង​លោក​ហ៊ុន ម៉ានី​ កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​បាន​សន្យា​ចំពោះ​ប្រជា​ពលរដ្ឋ​សហគមន៍បុរី​កីឡា​និង​សហគមន៍បឹងកក់​ថា ​នឹង​ដោះស្រាយ​បញ្ហា​ពួក​គេ​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត។​

ប៉ុន្តែលោក​ឡុង ​ឌីម៉ង់​ អ្នក​នាំពាក្យ​សាលារាជ​ធានីភ្នំពេញ​ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ សាលា​រាជ​ធានីភ្នំពេញ​មិន​ទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ភាព​ជម្លោះដី​ធ្លី​រ៉ាំ​រ៉ៃនេះ​បាន​ឡើយ​ ក្នុង​ពេល​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG