ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រជុំ​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​ថ្ងៃ​ទី​ពីរ​មិន​ទាន់​មាន​លទ្ធផល


លោក វ៉ា គឹមហុង​ ប្រធាន​គណៈ​កម្មការចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ក្រោយ​ពី​កិច្ច​​ប្រជុំ​បិទ​ទ្វារ​ជាមួយ​សមភាគី​វៀតណាម​នៅ​ទី​ស្តី​គណៈរដ្ឋមន្ត្រី​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ​ ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)
លោក វ៉ា គឹមហុង​ ប្រធាន​គណៈ​កម្មការចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ក្រោយ​ពី​កិច្ច​​ប្រជុំ​បិទ​ទ្វារ​ជាមួយ​សមភាគី​វៀតណាម​នៅ​ទី​ស្តី​គណៈរដ្ឋមន្ត្រី​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ​ ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​និង​វៀតណាម​បាន​បន្ត​នៅថ្ងៃ​ពុធ​នេះ​ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​កិច្ច​ប្រ​ជុំរយៈ​ពេល​បី​ថ្ងៃ​នា​រាជធានី​ភ្នំពេញ​ ក៏ប៉ុន្តែមិន​ទាន់​មាន​ការ​សម្រេច​ណា​មួយ​នៅ​ឡើយ​នោះ​ទេ។​ ​នេះ​បើ​យើង​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​ជំនាញ​កម្ពុជា។

បន្ទាប់ពី​កិច្ច​ប្រជុំ​បិទ​ទ្វារនា​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ ភាគី​វៀតណាម​ដែល​ដឹក​នាំ​ដោយ​លោក​ ស៊ូ ស៊ានសឿង (Xo Xuan Son) ​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម​ បាន​ចាក​ចេញ​ពី​បន្ទប់​ប្រជុំ​ដោយ​រហ័ស​ក្នុង​ភាព​ស្ងប់ស្ងាត់​និង​ទឹក​មុខ​ស្ងួត។

លោក​ វ៉ា គឹមហុង​ សហ​ប្រធាន​គណៈ​កម្មការចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​វៀតណាម​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ដែល​ចាំ​នៅ​មុខ​បន្ទប់​ប្រជុំ​ថា​មិន​ទាន់​មាន​ព័ត៌មាន​ថ្មី​នៅ​ឡើយ​នោះ​ទេ​ ហើយ​កិច្ច​ប្រជុំ​ទ្វេភាគី​នៅ​តែ​បន្ត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ដែល​ជា​ថ្ងៃ​កំណត់​ចុង​ក្រោយ។ ​លោក​ វ៉ា គឹមហុង​ បាន​ឲ្យ​ដឹង​ថា​កិច្ចប្រជុំ​ក៏​មាន​ផ្ដោត​លើ​ការ​ចរចា​រឿង​កំណត់​ទូត​របស់​កម្ពុជា​ដែល​តវ៉ា​ចំពោះ​ការ​ជីក​ស្រះ​ជា​ដើម។​

«អត់​មាន​អី​ទេ ​បាទ​ចាំ​ឲ្យ​ចប់​បាន​គេ​ឲ្យ​មាន​សេចក្ដី​ប្រកាស​ព័ត៌មាន។ ​ចាំ​គេ​មើល​សិន​ ព្រោះ​យើង​នៅ​កំពុង​ចរចា​ ឲ្យ​ចម្លើយ​ម៉េច​ទាន់ ​បើ​គេ​នៅ​មិន​ទាន់​ធ្វើ​ចប់​ផង​នៅ​ចរចា​ទៀត»។​

ក្នុង​ពេល​ថ្មីៗ​នេះបញ្ហាព្រំដែន​កម្ពុជា​វៀតណាម​បាន​ឡើង​កម្ពៅ​ជា​ថ្មី​បន្ទាប់​ពី​វៀតណាម​បាន​ជីក​ស្រះ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​នា​ខេត្ត​រតនគិរី​និង​សាងសង់ប៉ុស្តិ៍​យោធា​នៅជាប់​ព្រំដែន​ខេត្ត​កណ្ដាល​ ដែល​ជា​ចំណុច​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នោះ។

កិច្ចប្រជុំ​ទ្វេភាគី​រវាង​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​និង​វៀតណាម​ រយៈ​ពេល​បី​ថ្ងៃ​នេះ​គឺ​ដើម្បី​ពិភាក្សា​រឿង​ព្រំដែន​បន្ត​ទៀតបន្ទាប់ពី​មានបាតុភាព​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរនិង​បន្ត​យន្តការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម។

ទស្សនាកិច្ចប្រជុំថ្ងៃ​ទី​១៖

គណៈកម្មការ​ព្រំដែន​កម្ពុជា-វៀតណាម​ជួប​ប្រជុំ​នៅ​ភ្នំពេញ
សូម​រង់ចាំ

No media source currently available

0:00 0:03:09 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​១០នាក់​បាន​រងរបួស​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​សកម្មជន​ព្រំដែន​ដែល​ដឹកនាំ​ដោយ​អ្នក​តំណាងរាស្ត្រមកពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ព្យាយាម​ទៅ​ពិនិត្យ​មើល​ចំណុច​ព្រំដែន​ ដែល​សង្ស័យ​ថា​មាន​ភាពមិន​ប្រក្រតី​នោះ​ ​ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​ឆ្មាំ​ព្រំដែន​និង​ពលរដ្ឋ​វៀតណាម​ប្រដាប់​ដោយ​ដំបង​និង​អាវុធ​អាការ។​ ក្នុងចំណោម​អ្នក​រង​របួស​ក៏​មាន​តំណាងរាស្ត្រ​របស់​គណបក្ស​ជំទាស់​ប្រចាំ​ខេត្ត​ស្វាយរៀង​គឺ​លោក​ រៀល ខេមរិន្ទ្រ​ផង​ដែរ​។​

នា​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​លោក រៀល ខេមរិន្ទ្រ​ បាន​ដាក់​លិខិត​ផ្លូវ​ការ​មួយ​ អញ្ជើញ​ លោក​វ៉ា គឹមហុង​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​២០២​និង​២០៣​ដែល​ជា​ចំណុច​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​នោះ។​

ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌​មាន​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​លោក ​វ៉ា គឹមហុង​ បាន​បដិសេធ​មិន​ព្រមចូល​រួម​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​នា​ថ្ងៃ​អាទិត្យ​ទី១៩ ខែ​កក្កដាខាង​មុខទេ ដោយ​ឆ្លើយ​យ៉ាង​ដូច្នេះ​ថា​៖​

«ខ្ញុំ​មាន​កាតព្វកិច្ចអ្វីទៅ​គោរព​លោក​ ​ឯក​ឧត្ដម​ហ្នឹង​ទេ។ ខ្ញុំនៅ​ខាង​រដ្ឋាភិបាល​ទេ។ គាត់​នៅនីតិប្បញ្ញត្តិ។ ខ្ញុំ​នៅ​នីតិ​ប្រតិបត្តិ។ចុះ​ទៅ​មើល​ខ្លួន​ឯង​ទៅ។​ គេ​ដាំ​រួច​ហើយ​ គ្មាន​នរណា​គេ​ហាម​ឃាត់»​។​

លោក​ រៀល ខេមរិន្ទ្រ​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​បាន​ថ្លែង​ថា​ការ​បដិសេធ​របស់​លោក ​វ៉ា គឹមហុង ​គឺ​បង្ហាញ​ពី​ «ភាព​កំសាក​របស់​លោក​» ពីព្រោះ​លោក​គឺ​ជា​អ្នក​ជំនាញ​និង​បាន​ធ្វើ​លើ​កិច្ចការ​បោះបង្គោល​ព្រំ​ដែន​នេះ​ដោយ​ផ្ទាល់។​ ការ​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​ទៀត​សោតគឺ​ដើម្បី​បញ្ជាក់​ពី​ការរំលោភ​បំពាន​របស់​វៀតណាម​និង​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​ពលរដ្ឋ​កម្ពុជា​ក្នុង​ទឹក​ដី​ខ្លួន​ឯង​នោះ។​

«ប្រសិន​បើ​គាត់​គិត​ថា​រឿង​ហ្នឹង​ជា​រឿង​ ប្រយោជន៍​ជាតិ​ រឿង​ហ្នឹង​ជា​ប្រយោជន៍​យើង​ទាំង​អស់​គ្នា​ មិន​គួរ​គាត់​បដិសេធ​ទេ​ ខ្ញុំ​មាន​ការ​សោក​ស្តាយ​ណាស់​ ព្រោះ​កាល​ពី​ថ្ងៃ​មុន​ នៅ​ក្នុង​សន្និសីទ​កាសែត​នា​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ គាត់​បាន​និយាយ​ដោយ​ខ្លួន​ឯង​ ខ្ញុំ​បាន​សួរ​គាត់​អំពី​បញ្ហា​ដែល​គេ​វាយ​ខ្មែរ​នៅ​ក្នុង​ទឹកដី​របស់​ខ្មែរ​ ហើយ​គាត់​ថា​បើ​យើង​គ្រាន់​តែ​ទៅ​មើល​ព្រំដែន​របស់​យើង​ ​ជា​ពិសេស​បង្គោល​ ព្រំដែន​លេខ​២០៣​ បើ​យើង​គ្រាន់តែទៅ​មើល​បង្គោល​ព្រំដែន​គេ​វាយ​យើង​គេ​ឃាត់​យើង​មាន​ន័យ​ថា​គេ​ខុស»។​

កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​ គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​និង​វៀតណាម​ រយៈ​ពេល​បីថ្ងៃ​នេះ​នឹង​ត្រូវ​បញ្ចប់​នា​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ។ ​គេ​សង្ឃឹម​ថា​បញ្ហា​មួយ​ចំនួន​ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន​ រួម​ទាំង​ការ​ដោះ​ដូរ​ដី​នឹង​អាច​ស្រាយ​បំភ្លឺ​នា​ពេល​នោះ៕

XS
SM
MD
LG