ក្រុមសហជីពដែលកំពុងធ្វើការទាមទារការដំឡើងប្រាក់ឈ្នួលឲ្យកម្មកររោងចក្រដ៏ចម្រូងចម្រាស់នឹងជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង នៅសប្តាហ៍ក្រោយមុននឹងមានការធ្វើសេចក្តីសម្រេចរួមជាចុងក្រោយក្នុងការដំឡើងប្រាក់ឈ្នួលនេះ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា CCAWDU បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថាតំណាងសហជីពចំនួនប្រាំបីនឹងចូលជួបពិភាក្សាជាមួយលោកអ៊ិត សំហេង នៅថ្ងៃទី១៦ខែតុលានេះគឺជាកិច្ចប្រជុំពិគ្រោះយោបល់លើកចុងក្រោយមុននឹងមានកិច្ចប្រជុំសម្រេចជាផ្លូវការលើកម្រិតប្រាក់ឈ្នួលទាបបំផុតឬប្រាក់ឈ្នួលអប្បបរមាសម្រាប់ក្រុមកម្មកររោងចក្រ។
លោកបន្ថែមថា៖ «ថ្ងៃទី១៦នេះរដ្ឋមន្ត្រីក្រសួងការងារបានផ្តល់ឱកាសឲ្យក្រុមសហជីពជួបជជែកអំពីប្រាក់ឈ្នួលដើម្បីឲ្យក្រុមសហជីពដាក់សំណើផ្ទាល់»។
ក្រុមកម្មករបានទាមទារដំឡើងប្រាក់ខែទាបបំផុតរបស់ខ្លួនចំនួន១៦០ដុល្លារចាប់តាំងពីចុងខែធ្នូឆ្នាំ២០១៣មកម្ល៉េះប៉ុន្តែក្រុមសហជីពបានដំឡើងការទាមទារប្រាក់ខែគោលគោលនេះឲ្យដល់១៧៧ដុល្លារក្នុងរយៈពេលចុងក្រោយដោយសារពួកគេអះអាងថាតម្រូវការរបស់ក្រុមកម្មករមានការកើនឡើង។ នេះបើយោងតាមក្រុមតំណាងសហជីព។
ប៉ុន្តែរហូតមកទល់ពេលនេះសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅថា GMAC យល់ព្រមដំឡើងប្រាក់ខែដល់កម្មករត្រឹមតែ១១០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះហើយ GMAC គ្រោងនឹងដំឡើងប្រាក់ខែទាបបំផុតនេះឲ្យដល់១៦០ដុល្លារក្នុងមួយខែនៅឆ្នាំ២០១៨។
ទោះជាបែបនេះក្តីកិច្ចប្រជុំដើម្បីកំណត់ប្រាក់ឈ្នួលកម្មករជាផ្លូវការនឹងប្រព្រឹត្តទៅនៅក្នុងអំឡុងខែវិច្ឆិកា ប៉ុន្តែមិនទាន់មានការកំណត់ថ្ងៃពិតប្រាកដនោះទេ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃច័ន្ទ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងនេះមិនអាចទាក់ទងបានឡើយ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានបញ្ជាក់ថានៅមុនពេលដែលមានការសម្រេចជាផ្លូវការក្នុងការផ្តល់ប្រាក់ខែទាបបំផុតដល់ក្រុមកម្មករនៅខែក្រោយ ក្រុមសហជីពនឹងធ្វើយុទ្ធនាការជាប្រចាំដើម្បីបង្ហាញពីការទាមទារការដំឡើងប្រាក់ខែនេះ។ យុទ្ធនាការនេះបានធ្វើរួចម្តងហើយកាលពីខែមុន។
លោក រ៉ុង ឈុន បានបញ្ជាក់ថា៖ «យើងនឹងមានយុទ្ធនាការទាមទារប្រាក់ឈ្នួលបន្តទៀតនៅក្នុងចន្លោះខែនោះ។ យើងនឹងមានការប្រមូលផ្តុំកម្មករដែលនឹងមានការចូលរួមច្រើន។ ហើយយើងនឹងធ្វើជំនួបជជែកគ្នា។ ហើយវាជាសារមួយដល់ក្រសួងការងារនិងរាជរដ្ឋាភិបាលផងដែរ»។
កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់និងរោងចក្រស្បែកជើងនៅក្នុងប្រទេសកម្ពុជាបានកើនដល់ច្រើនជាង៦០០.០០០នាក់។
ក្នុងអំឡុងពេលការចរចានិងការធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែរបស់ពួកគេដែលចាប់ផ្តើមកាលពីចុងឆ្នាំមុន មានកម្មករមួយចំនួនត្រូវបានបាញ់សម្លាប់។ហើយរហូតមកទល់ពេលនេះអ្នកទទួលខុសត្រូវនៃអំពើហិង្សាមិនទាន់ត្រូវបានយកមកកាត់ទោសនៅឡើយ។
នៅថ្ងៃអាទិត្យទី១២ខែតុលានេះសហជីពចំនួន៥ក្នុងចំណោមសហជីពប្រាំបីដែលធ្វើការទាមទារដំឡើងប្រាក់ខែសម្រាប់កម្មករនឹងធ្វើវេទិកាមួយជាមួយក្រុមកម្មករនៅលើទីលានប្រជាធិបតេយ្យ។
វេទិកានេះគឺដើម្បីស្តាប់ជំហររបស់ក្រុមកម្មករពីតម្រូវការប្រាក់ខែរបស់ពួកគេសម្រាប់ការរស់នៅសមរម្យមួយ។
អង្គការពលកម្មអន្តរជាតិដែលហៅកាត់ថា (ILO) បានរកឃើញកាលពីពេលថ្មីៗនេះថា ក្រុមកម្មកររោងចក្រជាង៤០ភាគរយមានជំងឺឈាមចុះខ្សោយ ស្លេកស្លាំងដោយសារមានរបបអាហារមិនគ្រប់គ្រាន់ហើយមានតែកម្មករប្រមាណ៣ភាគរយតែប៉ុណ្ណោះដែលមានអាហារមានជីវជាតិគ្រប់គ្រាន់សម្រាប់បរិភោគ៕