ក្រុមហ៊ុនធំៗដែលបញ្ជាទិញសម្លៀកបំពាក់រោងចក្រកាត់ដេរពីប្រទេសកម្ពុជាមួយចំនួនកំពុងតាមដានយ៉ាងដិតដល់ លើការវិវត្តន៍នៃការទាមទារជាថ្មីរបស់សហជីពកម្មករដែលសុំឱ្យដំឡើងប្រាក់ខែឱ្យដល់១៧៧ដុល្លារក្នុងមួយខែ ហើយពួកគេទទូចឱ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហានេះប្រកបដោយតម្លាភាព។
ក្រុមហ៊ុនបញ្ជាទិញដែលមានម៉ាកល្បីៗរបស់សហរដ្ឋអាមេរិកដូចជា Columbia, Gap, និង Levi Strauss បានស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជានិងក្រុមអ្នកផលិតទំនិញផ្គត់ផ្គង់មកទីផ្សារសហរដ្ឋអាមេរិកពិនិត្យមើលយន្តការក្នុងការដំឡើងប្រាក់បៀវត្សរ៍ឱ្យបានត្រឹមត្រូវដល់ក្រុមកម្មករដែលបានចេញមកធ្វើការតវ៉ាសារជាថ្មី កាលពីថ្ងៃទី១៧ខែកញ្ញាបន្ទាប់ពីបានស្ងប់ស្ងាត់មួយរយៈក្រោយពីមានការបង្រ្កាបដោយហិង្សាមកលើការតវ៉ារបស់ពួកគេកាលពីខែមករា។
ក្រុមហ៊ុន Levi Strauss បានបញ្ជាក់ថាកម្មករដែលធ្វើការផលិតផ្គត់ផ្គង់សម្ភារៈត្រូវតែទទួលបានកម្រិតជីវភាពរស់នៅសមរម្យក្នុងនោះមានអាហារគ្រប់គ្រាន់ សម្លៀកបំពាក់ ផ្ទះស្នាក់នៅ ការថែរក្សាសុខភាពនិងសេវាសង្គមនានា។
នៅក្នុងសារអេឡិកត្រូនិកផ្ញើមកវីអូអេសំឡេងសហរដ្ឋអាមេរិក លោកស្រីអេមប៊ឺ រេនសឹន អ្នកនាំពាក្យក្រុមហ៊ុន Levi Strauss បានបញ្ជាក់ថា៖
«ដើម្បីសម្រេចបាននូវអ្វីដែលបានលើកឡើងខាងលើ យើងសូមលើកទឹកចិត្តរដ្ឋាភិបាលឱ្យបង្កើតដំណើរការប្រកបដោយតម្លាភាពនិងមានការចូលរួមគ្រប់ភាគីដើម្បីរៀបចំប្រាក់បៀវត្សរ៍អប្បបរមាឱ្យបានជាប្រចាំដើម្បីធានាថាសេចក្តី ត្រូវការរបស់កម្មករអាចសម្រេចបាននៅក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងរីកចម្រើនដែលយើងបានបញ្ជាទិញទំនិញ»។
តំណាងសហជីព តំណាងថៅកែរោងចក្រ និងរដ្ឋាភិបាលកម្ពុជាបានជួបពិភាក្សាសារជាថ្មីកាលពីថ្ងៃសុក្រទី២៦ខែកញ្ញាប៉ុន្តែមិនឈានដល់កិច្ចព្រមព្រៀងអ្វីទេដោយតំណាងថៅកែរោងចក្រលើកឡើងថាខ្លួនអាចដំឡើងប្រាក់ខែបានត្រឹម១១០ដុល្លារតែប៉ុណ្ណោះក្នុងខណៈពេលដែលក្រុមសហជីពបន្តទាមទារចំនួន១៧៧ដុល្លារ។
លោកស្រីអេមប៊ឺ រេនសឹនបន្តថាក្រុមហ៊ុនរង់ចាំតែអនុវត្តតាមតារាងប្រាក់ខែថ្មី៖
«នៅពេលដែលប្រាក់ខែគោលថ្មីត្រូវបានកំណត់ក្នុងប្រទេសកម្ពុជា យើងនឹងធានាថាអ្នកផ្គត់ផ្គង់សម្លៀកបំពាក់របស់យើងនឹងផ្តល់ឱ្យកម្មករនូវប្រាក់ខែថ្មីក៏ដូចជាប្រាក់ធ្វើការបន្ថែមម៉ោងនិងប្រាក់បំណាច់នានា»។
ក្រុមហ៊ុន Gap បានបញ្ជាក់ពីការចង់ឃើញមានការផ្លាស់ប្តូរប្រកបដោយវិជ្ជមាននៅ ក្នុងវិស័យឧស្សាហកម្មនៅកម្ពុជានិងទទូចឱ្យរដ្ឋាភិបាលកម្ពុជាបង្កើតឡើងនូវយន្តការពិនិត្យមើលប្រាក់បៀវត្សរ៍ជាប្រចាំស្របតាមនិយាមអន្តរជាតិ។
លោកស្រី ឡូរ៉ា វីលគីនសុន មន្ត្រីព័ត៌មានបានបញ្ជាក់ប្រាប់វីអូអេតាមសារអេឡិកត្រូនិកថា៖
«យើងទទូចដល់រដ្ឋាភិបាលកម្ពុជាឱ្យដោះស្រាយការទាមទារប្រាក់ខែរបស់កម្មករក៏ដូចជាបង្កើតឡើងនូវការពិភាក្សាជាប្រចាំរវាងកម្មកររោងចក្រ ម្ចាស់រោងចក្រនិងរដ្ឋាភិបាលកម្ពុជាដោះស្រាយជម្លោះប្រាក់ខែនេះក្នុងពេលអនាគត»។
ក្រុមហ៊ុន Columbia បានបញ្ជាក់ប្រាប់វីអូអេតាមសារអេឡិកត្រូនិកថាក្រុមហ៊ុននេះនៅមិនទាន់បានទទួលសំណូមពរណាមួយពីសហជីពកម្ពុជាឱ្យធ្វើអន្តរាគមន៍ទាក់ទងនឹងការសុំដំឡើងប្រាក់ឈ្នួលអប្បបរមានេះទេប៉ុន្តែបានបញ្ជាក់ថាចាប់តាំងពីបានផ្ញើលិខិតរួមគ្នាទៅរដ្ឋាភិបាលកម្ពុជាកាលពីខែមករាឆ្នាំ២០១៤គឺក្រុមហ៊ុនបានសាកសួរទៅក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់របស់ខ្លួនទាំងបួនតាមរយៈលិខិតចំនួនពីរដងកាលពីខែមេសានិងខែឧសភាដោយផ្ទៀងផ្ទាត់លើការធានាសិទ្ធិរបស់សហជីពនិងផ្តល់ប្រាក់បៀវត្សរ៍តាមច្បាប់កម្ពុជាកំណត់។
លោករ៉ុន ផាហាម នាយកខាងផ្នែកទំនាក់ទំនងនឹងសារព័ត៌មានរបស់ក្រុមហ៊ុនបានបន្ថែមថា៖
«យើងបន្តតាមដានដោយយកចិត្តទុកដាក់លើស្ថានការណ៍និងធ្វើការសហការយ៉ាងជិតស្និទជាមួយនឹងភាគីពាក់ព័ន្ធដើម្បីឱ្យមានការរីកចម្រើនជានិច្ចលើបញ្ហាដ៏មានសារៈសំខាន់នេះ»។
ដោយឡែកក្រុមហ៊ុនអាឌីដាសដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់និងបញ្ជាទិញទំនិញពីប្រទេសកម្ពុជាដែរបានបញ្ជាក់ថា ក្រុមហ៊ុនទាក់ទងជាប់ជាប្រចាំជាមួយនឹងរដ្ឋាភិបាលកម្ពុជាដោយសង្កត់ធ្ងន់ពីប្រាក់ឈ្នួលអប្បបរមាត្រូវតម្រូវតាមសេចក្តីត្រូវការរបស់កម្មករនិងអតិផរណាក្នុងប្រទេស។
លោកស្រីស៊ីលវៀ រ៉ាក់ខាញី ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនអាឌីដាសបានបញ្ជាក់តាមសារអេឡិកត្រូនិកថា៖
«យើងមានការព្រួយបារម្ភពីសុខមាលភាពរបស់កម្មករហើយបានតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពសេដ្ឋកិច្ចនិងឧស្សាហកម្មក្នុងប្រទេសកម្ពុជា»។
លោកស្រីបន្ថែមថាក្រុមហ៊ុនត្រៀមលក្ខណៈផ្លាស់ប្តូរតម្លៃតាមស្ថានភាពរបស់កម្មករកម្ពុជា៖
«តម្លៃរបស់យើងនឹងផ្លាស់ប្តូរទៅតាមនោះ ទៅតាមពេលវេលាកំណត់ក្នុងការចរចាពីតម្លៃដើម្បីឆ្លុះបញ្ចាំងពីតម្លៃដែលដៃគូរពាណិជ្ជកម្មរបស់យើងត្រូវការសម្រាប់ការចំណាយ»។
យ៉ាងណាក៏ដោយក្រុមហ៊ុនបានទទួលស្គាល់ថាខ្លួនមិនអាចកំណត់តម្លៃសម្រាប់អ្នកផ្គត់ផ្គង់និងកម្មកររបស់គេបានដោយឯកឯងបានឡើយ។
លោកស្រីបន្ថែមថា៖
«ដំណើរការនេះទាមទារឱ្យមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល ម្ចាស់រោងចក្រនិងសហជីព។ យើងនឹងមិនធ្វើកិច្ចព្រមព្រៀងដោយឡែកដែលរំលងពីដំណើរការកំណត់ប្រាក់ខែដែលរដ្ឋាភិបាលបានកំណត់ជាអប្បបរិមាដោយមានការចូលរួមរបស់សហជីពនោះទេ»។
តំណាងថៅកែរោងចក្រកាត់ដេរតែងតែលើកឡើងពីការព្រួយបារម្ភខ្លាចមានរោងចក្របិទទ្វារនិងដើរចេញពីកម្ពុជា បើប្រាក់ខែកម្មករខ្ពស់ពេកប៉ុន្តែកាលពីថ្ងៃទី១៨ខែកញ្ញាក្រុមហ៊ុនធំៗមួយចំនួនដែលមានក្រុមហ៊ុន C&A, Inditex, N Brown Group plc, Tchibo, next, Primark, New Look និង H&M បានសរសេរលិខិតមួយជូនទៅលោកគាត ឈុន ឧបនាយករដ្ឋមន្ត្រីប្រចាំការដោយបញ្ជាក់ថាខ្លួននឹងគាំទ្រដល់កម្រិតប្រាក់ខែគោលថ្មីហើយតាមដានលើការដោះស្រាយប្រកបដោយដិតដល់ដោយសារតែកម្រិតនៃការបញ្ជាទិញពីប្រទេសកម្ពុជាគ្រោងនឹងកើនឡើងតទៅទៀត។
ដោយឡែកសកម្មជនសហជីពសំខាន់ៗនៅ សហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រដល់កម្មករកម្ពុជា។
លោកស្រី អាន់ណា ប៊ឺហ្កើ អតីតអគ្គហិរញ្ញិកនៃសហជីពអន្តរជាតិសម្រាប់សេវាកម្មនិយោជិតនិងជាអតីតប្រធានសហជីពការផ្លាស់ប្តូរដើម្បីជ័យជំនះបានបញ្ជាក់ថាការដំឡើងប្រាក់ខែឱ្យដល់ចំនួន១៧៧ដុល្លារនឹងមិនប៉ះពាល់ដល់តម្លៃផលិតផលសម្លៀកបំពាក់ដែលត្រូវយកមកលក់នៅ សហរដ្ឋអាមេរិកទេ៖
«ខ្ញុំគិតថាគឺមានតម្លៃតិចបំផុតលើទំនិញរបស់ពួកគេ។ ខ្ញុំគិតថាផលដែលបានមកពីការបង្កើនប្រាក់ខែមកលើអ្នកប្រើប្រាស់នៅទូទាំងពិភពលោកគឺសំខាន់ណាស់បើយើងពិនិត្យមើលលើផលដែលបានពីការដោះស្រាយបញ្ហាដើម្បីឱ្យកម្មករអាចនៅធ្វើការបាននិងលទ្ធភាពដែលកម្មករអាចចិញ្ចឹមគ្រួសាររបស់គេ បញ្ជូនកូនទៅសិក្សា គឺមានផលធំធេងណាស់លើសុវត្ថិភាពពិភពលោក ការអភិវឌ្ឍសេដ្ឋកិច្ច ហើយខ្ញុំគិតថាអស់ថវិកាអ្នកប្រើប្រាស់តិចតួចណាស់។ ខ្ញុំគិតថាក្រុមហ៊ុនទាំងនោះត្រូវតែធ្វើកិច្ចការបន្ថែមទៀតដើម្បីអប់រំ អ្នកប្រើប្រាស់ឱ្យយល់ថាហេតុអ្វីបានជាសំខាន់ចំពោះពួកគេក្នុងការមានប្រាក់ខែសមរម្យ និងបរិយាកាសការងារសមរម្យនៅទូទាំងពិភពលោក»។
ក្រុមសហជីពបានព្រមានថានឹងដើរដាក់ញត្តិតវ៉ាទៅតាមបណ្តាស្ថានទូតនានាដើម្បីឱ្យដាក់សម្ពាធកាន់តែខ្លាំងប៉ុន្តែការសម្រេចយ៉ាងណាពិតប្រាកដគឺរង់ចាំដល់ក្រោយពីការជួបប្រជុំជាថ្មី នៅថ្ងៃទី១០ខែតុលាខាងមុខនេះ។
លោក អាត់ ធន់ ប្រធានសហជីព CCAWDU បានបញ្ជាក់ថា៖
«បញ្ហាស្រុកខ្មែរជាបញ្ហានៅទូទាំងពិភពលោកវាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអ្នកបញ្ជាទិញពីស្រុកខ្មែរដោយតម្លៃថោកនេះធ្វើឱ្យកម្មករត្រូវបានគេសម្លាប់កម្មករត្រូវបានគេចាប់ដាក់គុកមានរងរបួសច្រើនអញ្ចឹងបញ្ហាអស់ទាំងហ្នឹងបើមិនមានការដោះស្រាយទេអ្នកបញ្ជាទិញគឺមានឱនភាពនៃការបញ្ជាទិញឥវ៉ាន់គឺដាច់ខាតត្រូវតែដោះស្រាយបញ្ហាហ្នឹងអញ្ចឹងនៅពេលនេះយើងកំពុងតែជំរុញបន្ថែមទៀតទៅតាមឆាកអន្តរជាតិទៅតាមរយៈទូតទៅតាមរយៈមិត្តភ័ក្ររបស់យើងដើម្បីឱ្យមានការដំឡើងប្រាក់សមរម្យនៅកម្ពុជារបស់យើង»។
ឧស្សាហកម្មរោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជាផ្តល់ការងារដល់ពលរដ្ឋកម្ពុជាចំនួន៦សែននាក់ដែលភាគច្រើនជាស្រ្តីមកពីបណ្តាខេត្តនានា។
នេះគឺជាការតវ៉ាជាថ្មីទៀតបន្ទាប់ពីមានភាពស្ងប់ស្ងាត់បន្តិចក្រោយពី មានការបង្រ្កាបដោយហិង្សាដោយកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលដែលបានបណ្តាលឱ្យកម្មករយ៉ាងតិចចំនួន៥នាក់បានស្លាប់បាតបង់ជីវិតនិង រងរបួសជាង៤០នាក់ក្នុងពេលដែលពួកគេទាមទារឱ្យដំឡើងប្រាក់ខែគោលឱ្យដល់១៦០ដុល្លារកាលពីចុងឆ្នាំ២០១៣និងដើមឆ្នាំ២០១៤។
ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ដែលមានទំហំនាំចេញប្រមាណជាងបួនពាន់បួនរយលានដុល្លារក្នុងឆ្នាំ២០១៣។ ទីផ្សារសំខានរបស់កម្ពុជាមាននៅសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប៕