ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហជីព​កម្មករ​ទាម​ទារ​ប្រាក់​ខែ​ដល់​១៧៧​ដុល្លារ

  • ហេង រស្មី

ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​ស្រែក​ពាក្យស​ស្លោក​ក​និង​កាន់​​​បដា​នៅ​ក្នុង​​ការ​​​ចាប់​ផ្តើម​ដំបូង​​នៃ​​​យុទ្ធនាការ​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យ​​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (Reuters)

មេដឹក​នាំ​សហជីព​ចំនួន​ប្រាំពីរ និយោជក​ និង​មន្ត្រី​រដ្ឋាភិបាល​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​បើក​កិច្ច​ប្រជុំ​បិទទ្វារ​មួយ​ដើម្បី​ពិភាក្សា​រឿង​ប្រាក់​ឈ្នួល​របស់​កម្មករ ​ប៉ុន្តែ​កិច្ច​ប្រជុំ​រយៈពេលជាង​បី​ម៉ោង​មក​នេះ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ។

លោក អាត់ ធន​ ប្រធាន​សម្ព័ន្ឋ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​មាន​ប្រសាសន៍​ក្រោយ​ពី​កិច្ច​ប្រជុំ​ដែល​ទើប​នឹង​បញ្ចប់​ប៉ុន្មាន​ម៉ោងនេះ​ថា និយោជក​បាន​ប្រាប់​ក្នុង​អង្គ​ប្រជុំ​ថា ​គេ​មាន​លទ្ឋភាព​ផ្តល់​ប្រាក់​បៀវត្សរ៍​បាន​ត្រឹម​តែ​១១០​ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។ ក៏​ប៉ុន្តែ​ខាង​មន្ត្រី​សហជីព​ទាមទារ​ឲ្យ​បាន​ឡើង​ដល់​១៧៧​ដុល្លារ​តាម​ការ​ដែល​ខ្លួន​ធ្លាប់​បាន​ទាមទារ​កន្លង​មក។ លោក​មាន​ប្រសាសន៍​ថា ដោយសារ​តែ​គ្មាន​ឯកភាព​គ្នា​ពីរ​រឿង​ប្រាក់​ឈ្នួល​របស់​ក្រុម​កម្ម​ករ​នេះ ខាង​មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ចប់​កិច្ច​ប្រជុំ​និង​ស្នើ​ឲ្យ​និយោជក​ និង​សហជីព​កំណត់​ពេល​ជួប​គ្នា​លើក​ក្រោយ​ទៀត​ដើម្បី​ពិភាក្សា​គ្នា​រក​ភាព​ស្រុសស្រួល​គ្នា​លើ​ប្រាក់​ឈ្នួល​ជា​មុន មុន​នឹង​ដាក់​ចូល​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​លើក​ក្រោយ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ១០ ខែ តុលា ខាង​មុខនេះ។

«ការ​ប្រជុំ​និយោជក​អត់​មាន​តម្លើង​គឺ​យើង​នៅ​រក្សា​ដដែល​ដែរ​គឺ​១៧៧​ដុល្លា​។​ប៉ុន្តែ​យើង​និង​មាន​ការ​ចុះ​បើ​សិន​ជា​ការ​ ជជែក​គ្នា​ទៅ​សម​រម្យ​ឡើង​ប៉ុន្មាន​គឺ​យើង​និង​ចុះ​ដល់ចំនួន​ហ្នឹង»។

នៅ​ពេល​ដែល​កិច្ច​ប្រជុំ​ត្រី​ភាគី​រវាង​រដ្ឋាភិបាល​ និយោជក​ និង​មេដឹក​នាំ​សហជីព​ចាប់​ផ្តើម នៅ​ខាង​ក្រៅ​បរិវេណ​អគារ​ប្រជុំ​របស់​ក្រសួង​ការងារ​ ក្រុម​មេដឹក​នាំ​សហជីព​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ដឹក​នាំ​ក្រុម​កម្មករ​មក​តវ៉ា​ដើម្បី​ទាមទារ​តម្លើង​ប្រាក់​ឈ្នួល​ឲ្យ​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ។ ក៏ប៉ុន្តែ​ការ​តវ៉ា​នោះ​មិន​មាន​ការ​បង្ក្រាប​ណាមួយ​ពី​កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ទេ។

លោក រ៉ុង ឈុន ប្រធាន​សហព័ន្ឋ​សហជីព​កម្ពុជា ដែល​ដឹក​នាំ​ក្រុម​កម្មករ​តវ៉ា​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​បាន​មាន​ប្រសាសន៍​ថា បើ​ក្រុម​និយោ​ជក និង​រដ្ឋាភិបាល​មិន​បាន​ផ្តល់​ប្រាក់​ឈ្នួល​ដល់​១៧៧​ដុល្លារ​ទេ ពួក​គេ​នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​ដែល​មាន​មនុស្ស​ចូល​រួម​រាប់​ម៉ឺន​នាក់​ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​១៧៧ដុល្លារ​រហូត​ទាល់​តែបាន​សម្រេច។​

«យើង​នឹង​កំណត់​ថ្ងៃ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដើម្បី​ជំរុញ​ឲ្យ​ធ្វើ​ម៉េច​ត្រូវ​តែ​ផ្តល់​ដំណោះស្រាយ​មួយ​សមរម្យ»។

លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ​មិន​អាច​ស្នើ​សុំ​សេចក្តី​អធិប្បាយ​បាន​ទេ​ដោយ​ទូរសព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល។​

កាល​ពី​ថ្ងៃ​ទី ១៨ ខែ កញ្ញា កន្លង​ទៅ​នេះ​ក្រុម​ហ៊ុន​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា​ចំនួន​ប្រាំបី​ក្នុង​នោះ​មាន​ក្រុម​ហ៊ុន H &M ​ដែល​ជា​ក្រុម​ហ៊ុន​មាន​ឈ្មោះ​ល្បី​ក្នុង​ពិភពលោក​បាន​សរសេរ​លិខិត​មួយ​ជួន​គណៈកម្មការ​ស្រាវ​ជ្រាវ​ប្រាក់​ឈ្នួល​ដែល​មាន​លោក​ គាត ឈុន​ ជា​ប្រធាន​ ដើម្បីឲ្យ​បើក​ការ​ចរចា​ពី​គ្រប់​ភាគី​ទាំង​អស់​និង​ពិចារណា​ឡើង​វិញ​ដើម្បី​ផ្តល់​ប្រាក់​ឈ្នួល​សមរម្យ​ដល់​ក្រុម​កម្មករ​ខ្មែរ។

មេដឹក​នាំ​ សហព័ន្ឋ​ សហជីព​ចំនួនប្រាំពី​កាល​ពី​សប្តាហ៍មុន​បានធ្វើ​យុទ្ឋនាការ​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​បរទេស​សំខាន់​ និង​ក្រុម​ហ៊ុន​បញ្ជាទិញ​សម្លៀក​បំពាក់​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជំរុញ​រដ្ឋាភិបាល​និង​និយោជក​ឲ្យ​ផ្តល់​ប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យ​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ។​

ការ​ទាម​ទារ​ប្រាក់​បៀវត្សរ៍​របស់​មេដឹក​នាំ​សហជីព​បាន​កើត​មាន​ឡើង​ទន្ទឹម​គ្នា​នឹង​ការ​ចេញ​ដីកា​កោះ​ហៅ​មេដឹក​នាំ​សហជីព​ចំនួន​ប្រាំមួយ​នាក់​មក​ឆ្លើយ​បំភ្លឺ​ក្នុង​តុលាការ​ជា​បន្ត​បន្ទាប់​កាល​ពី​សប្តាហ៍​មុន​ពាក់​ព័ន្ឋ​និង​បាតុកម្ម​ហិង្សា​នៅ​ផ្លូវ​វេង​ស្រេង​កាល​ពី​ដើម​ខែ​មករា។ មាន​កម្មករ​ចំនួន​ប្រាំ​នាក់​ត្រូវបាន​កង​កម្លាំង​មាន​សមត្ថកិច្ច​បាញ់​សម្លាប់​ រង​របួស​ជាង​៤០​នាក់​ និង​បាន​ចាប់​ខ្លួន​ជាច្រើន​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ការបាញ់​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ការ​ទាម​ទារ​របស់​ក្រុម​កម្មករ​នៅ​ផ្លូវ​វេង​ស្រេង​ដើម្បី​ទាម​ទារ​ប្រាក់​ខែ​គោល​ឲ្យ​បាន​ដល់​១៦០​ដុល្លារ៕

XS
SM
MD
LG