បន្ទាប់ពីបានបើកយុទ្ធនាការទាមទារដំឡើងប្រាក់ខែនៅតាមបណ្តារោងចក្រកាលពីពុធថ្ងៃម្សិលមិញមេដឹកនាំសហជីពចំនួន៨បានប្រកាសថានៅថ្ងៃសុក្រស្អែកនេះនឹងមានយុទ្ធនាការដាក់ញត្តិនៅតាមស្ថានទូតបរទេសនិងក្រុមហ៊ុនឯកជនដែលមានបញ្ជាទិញសម្លៀកបំពាក់ពីប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពីក្រុមមេដឹកនាំសហជីពក្រោយពីកិច្ចប្រជុំបិទទ្វារ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាមានប្រសាសន៍ថាមេដឹកនាំសហជីពទាំង៨និងដង្ហែរញត្តិទៅកាន់ស្ថានទូតស៊ុយអែតមុនគេបន្ទាប់មកនិងដង្ហែរញត្តិទៅកាន់ក្រុមហ៊ុន Gap Adidas និងក្រុមហ៊ុនផ្សេងៗទៀត។
លោកមានប្រសាសន៍ថាគោលបំណងនៃការដាក់ញត្តិនេះគឺដើម្បីឱ្យបណ្តាស្ថានទូតបរទេសទាំងនោះជួយអន្តរាគមទៅរដ្ឋាភិបាលនិងក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ឱ្យដំឡើងប្រាក់ខែគោលដល់ក្រុមកម្មករឱ្យបានដល់១៧៧ដុល្លារក្នុងមួយខែ។
លោកនិយាយថា៖ «ឱ្យគេជួយធ្វើយ៉ាងណាជម្រាបទៅដល់ក្រុមហ៊ុននៅតាមបណ្តាប្រទេសពួកគេហ្នឹងឱ្យធ្វើម៉េចជួយដាក់សម្ពាធនិងជួយផ្តល់ដំណោះស្រាយដល់ប្រាក់ឈ្នួលដល់ក្រុមកម្មករខ្មែរ»។
កាលពីថ្ងៃពុធមេដឹកនាំសហជីពមួយចំនួននិងក្រុមកម្មកររាប់ពាន់នាក់បានពាក់អាវពណ៌ទឹកក្រូចនិងកាន់បដាទាមទារប្រាក់ខែគោលឱ្យបានដល់១៧៧ដុល្លារក្នុងមួយខែ។ យុទ្ធនាការនេះគឺជាផ្នែកមួយនៃការបើកឆាកទាមទារដំឡើងប្រាក់ខែថ្មីមួយទៀតក្រោយពីការទាមទារកាលពីដើមខែមករាឱ្យបាន១៦០ដុល្លារត្រូវបានបរាជ័យ។
យ៉ាងតិចមានកម្មករចំនួន៥នាក់ត្រូវបានកងកម្លាំងមានសមត្ថកិច្ចរដ្ឋាភិបាលបានបាញ់សម្លាប់ រងរបួសជាង៤០នាក់ និងបានចាប់ខ្លួនជាច្រើននាក់ផ្សេងទៀតនៅក្នុងការបាញ់បង្ក្រាបដោយហិង្សាទៅលើការទាមទាររបស់ក្រុមកម្មករនៅផ្លូវវេងស្រេងដើម្បីទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារ។
មេដឹកនាំសហជីពចំនួន៦នាក់ដែលរួមមានលោក រ៉ុង ឈុន លោកជា មុន្នី លោកអាត់ ធន់ អ្នកស្រី ម៉ម ញឹម លោក ប៉ាវ ស៊ីណា និង លោកស្រី យ៉ាង សោ ភ័ណ្ឌ ត្រូវបានតុលាការបានចេញដីការកោះហៅមកសាកសួរជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការដឹកនាំក្រុមកម្មករធ្វើបាតុកម្មនៅសួនឧស្សាហកម្មកាណាឌីយ៉ាកាលពីដើមខែមករា។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជានិងលោកជា មុន្នី ប្រធានសហជីពសេរីកម្មករ ព្រមទាំង លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករត្រូវបានតុលាការបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការរួចមក។
ក៏ប៉ុន្តែលោក អាត់ ធន់ បញ្ជាក់ថាតុលាការបានភ្ជាប់ករណីផ្សេងទៀតគឺមិនអនុញ្ញាតឱ្យលោកមានវត្តមាននៅសួនឧស្សាហកម្មកាណាឌីយ៉ាដើម្បីដឹកនាំការតវ៉ារបស់ក្រុមកម្មករទៀតទេបើពុំនោះទេនិងប្រឈមមុខការចាប់ដាក់ពន្ធនាគារ។
លោក អាត់ ធន់ មានប្រសាសន៍ថាលោកមិនខ្លាចការគំរាមរបស់តុលាការទេហើយនៅថ្ងៃស្អែកនេះលោកនឹងចូលរួមដាក់ញត្តិនៅតាមស្ថានទូតបរទេសមួយចំនួនជាមួយមេដឹកនាំសហជីពផ្សេងទៀត។
លោកនិយាយថា៖ «តាមពិតទៅជាការគំរាមកំហែង បំបាក់ស្មារតីនិងបន្ថយនូវសកម្មភាពរបស់យើងដើម្បីឱ្យយើងហ្នឹងមិនអាចធ្វើអ្វីបានតាមច្បាប់។បើយើងធ្វើខុសច្បាប់»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានហៅយុទ្ធនាការទាមទារដំឡើងប្រាក់ខែរបស់មេដឹកនាំសហជីពទាំង៨ថាដើម្បីប្រជាប្រិយ៍ភាពនិងទាក់ទាញការចាប់អារម្មណ៍ពីក្រៅប្រទេសតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថាតាមការពិតការចរចារកន្លងមកមេដឹកនាំសហជីពបានកំណត់ប្រាក់ខែគោលរួចហើយដល់ក្រុមកម្មករដែលមានចំនួនតិចជាងនេះនិងអាចទទួលយកបានរវាងគ្រប់ភាគីទាំងអស់៕