ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រៀបចំ​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​លើក​​​ដំបូង​នៅ​សប្តាហ៍​ក្រោយ ​គ្រា​មាន​​ភាព​ចម្រូង​ចម្រាស​លើ​បញ្ហា​មីយ៉ាន់ម៉ា


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន លើក​ដៃឡើង ខណៈ​ដែល​លោក​ចូលរួម​កិច្ចប្រជុំ​ពិសេស​អាស៊ាន​-ចិន តាម​អនឡាញ​ពី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី នៅ​ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ (An Khoun SamAun/National Television of Cambodia via AP, File)

ប្រទេស​កម្ពុជា​ដែល​ជា​ប្រធាន​ប្តូរ​វេន​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន)​ នឹង​រៀបចំ​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្រ្តី​ការបរទេស ​នៅ​សប្តាហ៍​ក្រោយ ​ដែល​ជា​កិច្ច​ប្រជុំ​មួយ​កើត​ឡើង​បន្ទាប់ពី​មាន​ភាព​ចម្រូង​ចម្រាស​លើ​វិបត្តិ​នៅ​មីយ៉ាន់​ម៉ា​និង​ត្រូវ​បាន​មើល​ឃើញ​ថា​នឹង​ជា​ចំណុច​ក្តៅ​មួយ​នៃ​កិច្ច​ពិភាក្សាក្នុង​កិច្ច​ប្រជុំ​ជា​បន្ត​បន្ទាប់។

កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន ​គ្រោង​នឹង​ធ្វើ​ឡើង​នៅថ្ងៃ​ទី​១៦ និង​ទី​១៧ ខែកុម្ភៈ នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​មាន​ការ​ចូលរួម​ពី​រដ្ឋមន្រ្តី​ការ​បរទេស​នៃ​របប​យោធា​មីយ៉ាន់ម៉ា​ឡើយ។ នេះ​ជា​កិច្ច​ប្រជុំ​លើក​ដំបូង​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ម្តង​ បន្ទាប់​ពី​បាន​លើក​ពេល​ម្តង​រួច​មក​ហើយ​កាល​ពី​ខែ​មករា​ ក្រោយ​មាន​ភាព​ចម្រូង​ចម្រាស​លើ​ការ​អញ្ជើញ​រដ្ឋមន្រ្តី​ការ​បរទេស​មីយ៉ាន់ម៉ា​ចូលរួម​កិច្ច​ប្រជុំ ​ដែល​មេ​ដឹកនាំ​អាស៊ាន​មួយ​ចំនួន​ជំទាស់​នឹង​វត្តមាន​របស់​មន្រ្តី​ថ្នាក់​នយោ​បាយ​មីយ៉ាន់ម៉ា។ អាស៊ាន​អនុញ្ញាត​ឲ្យ​តែ​តំណាង​មិនមែន​នយោបាយ​ប៉ុណ្ណោះ។

លោក ជុំ សុន្ទរី ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រាប់​វីអូអេ​ថា​រហូត​មក​ដល់​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ​ភាគី​មីយ៉ាន់ម៉ា​មិន​ទាន់​បាន​បញ្ជាក់​អំពី​ការ​បញ្ជូន​មន្រ្តី​មិន​មែន​ថ្នាក់​នយោបាយ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​នៅ​ឡើយ​ទេ។

ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (Asian Vision Institute) លោក ឈាង វណ្ណារិទ្ធិ ​ថ្លែង​ថា​វិបត្តិ​នៅមីយ៉ាន់ម៉ា នៅ​តែ​ជា«​បញ្ហា​ស្មុគ​ស្មាញ» និង​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​សមាជិក​អាស៊ាន។ លោក​បន្ថែម​ថា​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​មាន​តួនាទី​សំខាន់​មួយ គឺ​ការ​សម្រប​សម្រួល​ធានា​គោល​ការណ៍​មូលមតិ​គ្នា ឬ​កុង​សង់​ស៊ីស​សម្រាប់​ការ​សម្រេច​ចិត្ត។

លោក ​វណ្ណារិទ្ធិ​ បាន​ប្រាប់​វីអូអេ​ថា៖ «សំខាន់​គឺ​យើង​ឲ្យ​អាស៊ាន​ជា​ចម្បង​ផង ​មជ្ឈភាព​អាស៊ាន ​សាមគ្គី​ភាព​អាស៊ាន​ជា​ចម្បង ​ហើយ​យើង​ធ្វើ​ជា​ប្រធាន​អាស៊ាន​គឺ​ជា​អ្នក​សម្រប​សម្រួល ​ធ្វើ​ម៉េច​ឲ្យ​មាន​ consensus ​[កុង​សង់​ស៊ីស]​នៅ​ក្នុង​អាស៊ាន​ហ្នឹង»។

អ្នកវិភាគ​មើល​ឃើញ​ថា​មេរៀន​សម្រាប់​ធ្វើ​ជា​ប្រធាន​អាស៊ាន​លើក​នេះ ​គឺ​«សាមញ្ញ​បំផុត» ​គឺ​កម្ពុជា​ត្រូវ​តែ​បញ្ចៀសសកម្ម​ភាពទាំ​ង​ឡាយ​ណា ​ដែល​ងាយ​រងការ​រិះគន់​ថា​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ការ​រួបរួម​របស់​អាស៊ាន។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកស្រី​បណ្ឌិត​ Astrid​Norén-Nilsson ​អ្នក​ជំនាញ​កិច្ចការ​កម្ពុជា​នៅ​សាកល​វិទ្យាល័យ​ Lund ​ប្រទេស​ស៊ុយ​អែត។

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថតរូប​ជាមួយ​នឹងប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​មីយ៉ាន់ម៉ា លោក​ឧត្តមសេនីយ៍ Min Aung Hlaing នៅមុន​ជំនួប​នៅ​រដ្ឋធានី​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ (An Khoun SamAun/National Television of Cambodia via AP)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថតរូប​ជាមួយ​នឹងប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​មីយ៉ាន់ម៉ា លោក​ឧត្តមសេនីយ៍ Min Aung Hlaing នៅមុន​ជំនួប​នៅ​រដ្ឋធានី​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ (An Khoun SamAun/National Television of Cambodia via AP)

អ្នកស្រី ​Astrid​Norén-Nilsson ​បញ្ជាក់​ក្នុង​សារ​អ៊ីម៉ែល​ថា៖ «មិន​មាន​អ្នក​ណា​រំពឹង​ថា​កម្ពុជា​នឹង​ទទួល​ជោគជ័យ​លើ​កិច្ចការ​ធំ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ដូច​ជា​ដោះ​ស្រាយ​វិបត្តិ​នៅមីយ៉ាន់ម៉ា​ឡើយ។ សមាជិក​អាស៊ាន​ផ្សេង​ទៀត​មាន​ទស្សនៈ​ថា​ការ​ទទួល​បាន​ជោគ​ជ័យ​ធ្វើ​ជា​ប្រធាន​អាស៊ាន ក្លាយ​ជា​បញ្ហា​មួយ​ដែល​កម្ពុជា​ត្រូវ​បង្ហាញ​ភាព​ស្មោះ​ត្រង់ទៅ​កាន់​អាស៊ាន ​ដែល​ជា​ប្លុក​មួយ»។

អ្នកស្រី ​Astrid​Norén-Nilsson ​យល់ថា​យុទ្ធសាស្រ្ត​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ដែល​បាន​ជួប​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់​ម៉ា លោក Min Aung Hlaingកាល​ពី​ដើម​ខែមករា​នៅ​ក្រោយ​ពី​ក្លាយ​ជា​ប្រធាន​អាស៊ាន​ភ្លាម​ គឺ​ដើម្បី​ស្វះ​ស្វែង​កសាង​នូវ​«រូបភាព​លើ​ឆាក​អន្តរ​ជាតិ​ដែល​មាន​លក្ខណៈ​វិជ្ជមាន​មួយ» និង​«ជា​កេរ​ដំណែល»​សម្រាប់​ធ្វើ​ជា​ប្រធាន​អាស៊ាន​ចុង​ក្រោយ​របស់​លោក។

​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ ហ៊ុន សែន ត្រូវ​បាន​រិះគន់​ថា​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ និង​បង្ហាញ​ការ​ទទួល​ស្គាល់​មេ​ដឹកនាំ​យោធា​ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី​អោង សានស៊ូជី​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០២១។

ក្រៅ​ពី​បញ្ហា​មីយ៉ាន់ម៉ា អ្នក​វិភាគ​ក៏បារម្ភ​អំពី​ឥទ្ធិ​ពល​របស់​ប្រទេស​ចិន​លើ​កម្ពុជា ដូច​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១២ ​នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ដែរ។

អ្នកស្រី Astrid​Norén-Nilsson ថ្លែង​ថា​ប្រទេស​ចិន​ទំនង​នឹង​ដាក់​សម្ពាធ​ច្រើន​មក​លើ​កម្ពុជា ដើម្បី​ពង្រីក​នូវ​របៀប​វារៈ​របស់​គេ រួម​មាន​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ចិន​មាន​ជម្លោះ​ជាមួយ​សមាជិក​មួយ​ចំនួន​របស់​អាស៊ាន រួម​មាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី​និង​ព្រុយណេ និង​វិបត្តិ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

អ្នកស្រី​បញ្ជាក់​ថា៖ «អាទិភាព​ចម្បង​របស់​កម្ពុជា គឺ​នៅ​តែ​មិន​ប្រឆាំង​នឹង​ទីក្រុង​ប៉េកាំង ដែល​វា​អាច​ធ្វើ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ការ​រួប​រួម​របស់​អាស៊ាន​ជា​ថ្មី​ទៀត»។

មេដឹកនាំ​អាស៊ាន​ខិតខំ​ជំរុញ​និង​លើក​កម្ពស់​គោលការណ៍​មជ្ឈភាព​របស់​ខ្លួន​ខណៈ​ភាពតានតឹង​រវាង​មហា​អំណាច​សហរដ្ឋ​អាមេរិក​និង​ចិន​បាន​កើនឡើង​យ៉ាងខ្លាំង​តាំងពី​រដ្ឋបាល​របស់​លោកប្រធានាធិបតី ​Donald Trump ​រហូត​មកដល់​រដ្ឋបាល​របស់​លោកប្រធានាធិបតី​ Joe Biden។ តំបន់​អាស៊ីអាគ្នេយ៍​ត្រូវ​បាន​គេមើល​ឃើញ​កាន់តែខ្លាំង​ឡើង​ថា​ជា​ព្រំដែន​យុទ្ធសាស្ត្រ​សម្រាប់​ទាំង​ហេតុផល​នយោបាយ​ និង​សេដ្ឋកិច្ច​នៃ​មហាអំណាច​ទាំងពីរ។

រដ្ឋាភិបាល​កម្ពុជា​បាន​ការពារ​គោលជំហរ​របស់​ខ្លួន​ដោយ​អះអាងថា​ការ​សម្រេច​ចិត្ត​របស់​អាស៊ាន ធ្វើ​ឡើង​តាម​គោល​ការណ៍​រួម ដែល​មិន​មាន​អ្នក​ណា​អាច​ដាក់​គំនាប​បាន​ឡើយ​ ហើយ​អាស៊ាន​ឲ្យ​អាទិភាព​ទៅ​លើ​ផលប្រយោជន៍​អាស៊ាន​ជា​ធំ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ប្រាប់​វីអូអេ​ថា៖ «ដូច្នេះ​គ្មាន​អ្នកណា​ដែល​លម្អៀង​ទៅ​អ្នកណានោះ​ទេ គឺ​អត់​កើត​ទេ ពី​ព្រោះ​អ្វីៗ​ដែល​ជា​ការ​សម្រេច ជា​ការ​សម្រេច​ឯក​ច្ឆន្ទ​ទាំង​អស់​គ្នា»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ​ បាន​អះអាង​ថា​លោក​នឹង​រង់ចាំ​មើល​ថា​តើ​ប្រធាន​សមាគម​អាស៊ាន​ក្រោយ​ទៀត ​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ ឬ​យ៉ាង​ណា ​ដោយ​លោក​បាន​ការពារ​វិធី​សាស្រ្ត​«ទន់»​របស់​លោក​ក្នុង​ការ​ដោះ​ស្រាយកាល​ពី​កន្លង​ទៅ។

នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​មួយ​ខ្សែ​នៅ​ក្នុង​ខេត្ត​ក្រចេះ ​លោក​ ហ៊ុន សែន បាន​ថ្លែង​ថា៖ «ហើយ​សភាព​ការណ៍​នៅ​មីយ៉ាន់ម៉ា​មាន​អ្នក​យល់​ព្រម​ទៅ ​មាន​អ្នក​មិន​យល់​ព្រម។​ ​ អាហ្នឹង​ជា​ដំណើរ​ការ​ប្រជា​ធិបតេយ្យ។ ប៉ុន្តែ​ខ្ញុំ​ក៏​រង់ចាំ​មើល​ដែរ​រវាង​វិធីសាស្រ្ត​ទន់ ​និង​វិធីសាស្រ្ត​រឹង។​ ខ្ញុំ​ក៏​រង់ចាំ​មើល​ដែរ។​ ខ្ញុំ​នៅ​សល់​អាណត្តិ​របស់​ខ្ញុំ​នៅ​ត្រឹម​តែ​ជាង​១១​ខែ​ទេ​តើ! អ៊ីចឹង​អ្នក​ក្រោយ​ គេ​ដោះស្រាយ​ទៅ!​ ខ្ញុំ​មិន​ទៅ​ឈឺ​ក្បាល​អី​ខ្ញុំ​ណា​ពេក!»។

លោក អៀ សុផល អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​និង​ជា​ព្រឹទ្ធ​បុរស​រង​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​នៅ​សាកល​វិទ្យាល័យ​រដ្ឋ​ Arizonaប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា​ជា​ប្រធាន​អាស៊ាន ​កម្ពុជា​«គួរ​តែ​ស្តាប់​ មិន​មែន​បញ្ជា​ឡើយ»។ លោក​បន្ថែម​ថា​កាល​ពី​ឆ្នាំ​២០១២ ​កម្ពុជា​បាន​ប្រើប្រាស់​តួនាទី​ជា​ប្រធាន​អាស៊ាន​ក្នុង​ការ​រារាំង​កុង​សង់​ស៊ីស​អាស៊ាន​ ទាក់​ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​បន្ថែម​ថា៖ «កម្ពុជា​មិន​គួរ​អនុវត្ត​ការ​ទូត​”cowboy” [ការទូតគឃ្លើន]​ទេ»។

កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​គឺ​ជា​កិច្ច​ប្រជុំ​សំខាន់​ដើម្បីកំណត់​របៀប​វារៈសម្រាប់​កិច្ច​ប្រជុំ​ផ្សេង​ទៀត​របស់​សមាគម​អាស៊ាន។

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ​គិន ភា យល់​ថា​សមាជិក​អាស៊ាន​មួយ​ចំនួន​នៅ​មាន​«គំនិត​អវិជ្ជ​មាន​»ចំពោះ​តួនាទី​របស់​កម្ពុជា​ក្នុង​ការ​សម្រប​សម្រួល ​និង​មិន​ទាន់​ផ្តល់​តម្លៃ​ឲ្យ​ក្នុង​នាម​ជា​សមាជិក​អាស៊ាន​ស្មើ​ភាព។

លោក​ ​គិន ភា ​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ជាក់​ស្តែង​ដូច​ជា​ដំណើរ​ទស្សន​កិច្ច​របស់​សម្តេច​តេជោ​ទៅ​កាន់​ប្រទេស​ភូមា ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នយោបាយ ធ្វើ​ឲ្យ​ប្រទេស​ភូមា​វិល​ទៅ​រក​ប្រក្រតី​ភាព​វិញ​អី​ជា​ដើម អ៊ីចឹង​ហាក់​ដូច​ជា​ប្រទេស​មួយ​ចំនួន​ហ្នឹង មិន​មើល​ឃើញ​តម្លៃ​ដុំ​កំភួន​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា»។

យ៉ាងណាក៏ដោយ​លោក គិន ភា​ បញ្ជាក់​ថាកម្ពុជា​ត្រូវ​បង្ហាញ​ជំហរ​អព្យាក្រឹត​របស់​ខ្លួន​នៅ​លើ​បញ្ហា​ទាំង​អស់។

សមាជិក​អាស៊ាន​មាន​ប្រទេស​ព្រុយណេ កម្ពុជា​ ឥណ្ឌូណេស៊ី​ ឡាវ ​ម៉ាឡេស៊ី​ មីយ៉ាន់ម៉ា​ ហ្វីលីពីន​ សិង្ហបុរី​ ថៃ​និង​វៀតណាម៕

XS
SM
MD
LG