ការប្រកួតប្រជែងអំណាចកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិកនិងចិន វិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការស្តារសេដ្ឋកិច្ចឡើងវិញនៅក្រោយពីជំងឺកូវីដ១៩ គឺជាបញ្ហាប្រឈមដ៏ក្តៅដែលមេដឹកនាំកម្ពុជាក្នុងនាមជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ត្រូវផ្តោតចំណាប់អារម្មណ៍ដោះស្រាយ។ នេះបើតាមការលើកឡើងរបស់អ្នកស្រាវជ្រាវ។
អ្នកស្រាវជ្រាវនិងអ្នកវិទ្យាសាស្ត្រនយោបាយយល់ថាខណៈអាស៊ានខិតខំបង្ហាញពីមជ្ឈភាពរបស់ខ្លួន(ឬការស្ថិតនៅផ្លូវកណ្តាល) និងថាតំបន់នេះជាកន្លែងសម្រាប់ការអភិវឌ្ឍសម្រាប់គ្រប់ៗគ្នា គឺមេដឹកនាំអាស៊ានត្រូវប្រឹងប្រែងកាច់ចង្កូតសមាគមថ្នាក់តំបន់នេះប្រកបដោយភាពរហ័សរហួននិងភាពវៃឆ្លាតដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងពេលបច្ចុប្បន្ននេះ។
សៀវភៅដែលមានចំណងជើងថា «កម្ពុជាក្នុងនាមប្រធានប្តូរវេនអាស៊ាន៖ ការឆ្លើយតបនឹងទស្សនៈប្រឈមនិងការពង្រឹងប្រសិទ្ធភាពកិច្ចការតំបន់» (Cambodia’s Chairmanship of ASEAN: Challenging Perceptions, Concretizing Consolidations) ត្រូវបានចេញផ្សាយក្នុងពិធីមួយដែលរៀបចំតាមអនឡាញដោយអង្គការមូលនិធិអាស៊ី (The Asia Foundation) កាលពីថ្ងៃអង្គារ។ សៀវភៅនេះសំឡឹងមើលលើឱកាសដែលអាស៊ានមាននិងឧបសគ្គប្រឈមនិងការកាច់ចង្កូតទប់ទល់នឹងឥទ្ធិពលពីខាងក្រៅមកលើតំបន់។
ភាពតានតឹងរវាងមហាអំណាចសហរដ្ឋអាមេរិកនិងចិនបានកើនឡើងយ៉ាងខ្លាំងនៅក្រោមអតីតរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ប៉ុន្តែទោះបីជាមានរដ្ឋបាលថ្មីក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Bidenក៏ដោយ ក៏ទំនាក់ទំនងទីក្រុងវ៉ាស៊ីនតោន-ទីក្រុងប៉េកាំង ហាក់ដូចជាកាន់តែយ៉ាប់យ៉ឺនដោយមិនមានការកែលម្អឡើយ។ តំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេមើលឃើញកាន់តែខ្លាំងឡើងថាជាព្រំដែនយុទ្ធសាស្ត្រសម្រាប់ទាំងហេតុផលនយោបាយ និងសេដ្ឋកិច្ចនៃមហាអំណាចទាំងពីរ។
លោក ពូ សុធីរក្ស នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពបានសរសេរនៅក្នុងអត្ថបទស្រាវជ្រាវថាវាហាក់ដូចជាពិបាកមើលឃើញសហរដ្ឋអាមេរិក និងចិនធ្វើការរួមគ្នាដើម្បីដឹកនាំពិភពលោក។ ដូច្នេះអាស៊ានត្រូវតែចូលរួមជាមួយមហាអំណាចទាំងពីរក្នុងពេលដំណាលគ្នាដោយមានការពិចារណាស្មើគ្នា និង ការប្រយ័ត្នប្រយែង។
លោក ពូ សុធីរក្ស បានបន្ថែមថា៖ «ការអនុវត្តជោគជ័យនៃមជ្ឈការអាស៊ាន ទាមទារភាពរហ័សរហួនខាងការទូតដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹងបន្ថែមទៀតរវាងមហាអំណាចទាំងពីរនេះក្នុងនោះលើកទឹកចិត្តឲ្យទីក្រុងវ៉ាស៊ីនតោនបន្តចូលរួម ហើយប្រហែលជាឲ្យកាន់តែធំជាងមុន»។
លោក ពូ សុធីរក្ស បានបន្ថែមថាដើម្បីជៀសវាងការបែកបាក់នៅក្នុងសណ្តាប់ធ្នាប់សេរីដែលឈរលើច្បាប់ជាមូលដ្ឋាន មជ្ឈការអាស៊ាន ត្រូវតែប្រើដើម្បីលើកទឹកចិត្តសហរដ្ឋអាមេរិកឱ្យដើរតួនាទីរក្សា«តុល្យភាពល្អរវាងការពិនិត្យមើលមហិច្ឆតាដែលកាន់តែកើនឡើងរបស់ចិនក្នុងតំបន់ខណៈមិនជំរុញហួសហេតុពេកឲ្យមានការភ័យខ្លាចផ្នែកសន្តិសុខ»។
កញ្ញា ពេជ្រ ចារ៉ាឌីន នាយិការងនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពនិងជាអ្នកនិពន្ធមួយរូបនៅក្នុងសៀវភៅនោះយល់ថាមានការរំពឹងទុកខ្ពស់សម្រាប់អាស៊ានដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងតំបន់ដោយផ្អែកលើច្បាប់ ដើម្បីដោះស្រាយការគំរាមកំហែងដ៏គួរឱ្យព្រួយបារម្ភចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់ ដូចជាជម្លោះសមុទ្រចិនខាងត្បូងដែលកើតមានឡើងរវាងមហាអំណាចចិនជាមួយនឹងសមាជិកមួយចំនួនរបស់អាស៊ាន។
កញ្ញា ពេជ្រ ចារ៉ាឌីន បានបន្ថែមថា៖ «ទោះបីជាមានយន្តការមួយចំនួននៅក្នុងអាស៊ាន ដែលអាចពឹងផ្អែកលើក្នុងការស្វែងរកស្ថិរភាព និងវិបុលភាពក្នុងតំបន់ក៏ដោយ ក៏បញ្ហាប្រឈមផ្នែកនយោបាយសន្តិសុខជាច្រើននៅតែត្រូវដោះស្រាយ»។
ក្នុងពេលជាមួយគ្នានេះវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ាដែលបានអូសបន្លាយតាំងពីខែកុម្ភៈឆ្នាំ២០២១គឺជាបញ្ហាថ្មីដែលមិនមានទេកាលពីកម្ពុជាដឹកនាំជាប្រធានប្តូរវេនរបស់អាស៊ានកាលពី១០ឆ្នាំមុន។ វិបត្តិនេះបានក្លាយជាបញ្ហាប្រឈមថ្មីសម្រាប់ប្រធានអាស៊ានហើយវាទាក់ទាញចំណាប់អារម្មណ៍ជាងបញ្ហាសមុទ្រចិនខាងត្បូង។
ការព្យាយាមជំហានដំបូងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាដោយបានធ្វើដំណើរទៅជួបមេរដ្ឋប្រហារយោធាលោកMin Aung Hlaing និងអញ្ជើញរដ្ឋមន្ត្រីនៃរបបយោធាមកចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបានរងការជំទាស់យ៉ាងខ្លាំងពីប្រទេសសមាជិកខ្លះដែលមានដូចជាឥណ្ឌូណេស៊ី សិង្ហបុរីនិងម៉ាឡេស៊ី។
កញ្ញាពេជ្រ ចារ៉ាឌីនថ្លែងថាវិបត្តិមីយ៉ាន់ម៉ាគឺមានលក្ខណៈស្មុគ្រស្មាញជាងអ្វីដែលគេមើលឃើញពីព្រោះវាមិនមែនជាបញ្ហាផ្ទៃក្នុងតែមួយទេដោយសារមានតួអង្គជាច្រើនដែលចង់ចូលរួមផងដែរ។
កញ្ញា ពេជ្រ ចារ៉ាឌីន បានថ្លែងបន្ថែមក្នុងពេលចេញផ្សាយសៀវភៅថា៖ «ក្នុងនាមជាប្រធាន[អាស៊ាន] ប្រសិនបើអ្នកមិនប្រុងប្រយ័ត្នឲ្យបានគ្រប់គ្រាន់ទេគឺនឹងមានអន្លុងច្រើនដែលយើងត្រូវលោតបើមិនអីចឹងទេនឹងធ្លាក់ចូលក្នុងនោះ»។
អ្នកស្រាវជ្រាវយល់ថាសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការគឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយក្នុងការជួយការពារអាស៊ានដោយសារមហាអំណាចទាំងអស់បានទទួលយកគោលការណ៍ដែលមាននៅក្នុងសន្ធិសញ្ញា និងគោរពតាមដោយស្ម័គ្រចិត្ត។ ទន្ទឹមនឹងនោះការបញ្ចប់ការចរចាដែលកំពុងបន្តស្តីពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង(COC)ក៏ជាចំណុចសំខាន់សម្រាប់អនាគតរបស់តំបន់ ព្រោះវាអាចបម្រើជាឧបករណ៍ការទូតដើម្បីបញ្ចៀសជម្លោះធំៗនៅក្នុងផ្លូវសមុទ្រដែលមានមនុស្សច្រើននៅលើពិភពលោកឆ្លងកាត់និងការទំនាក់ទំនងបើកចំហ។
ការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងបានអូសបន្លាយជាង២០ឆ្នាំមកហើយដោយមិនទាន់សម្រេចបានទេ។ ក្នុងឆ្នាំ២០១២ពេលកម្ពុជាដឹកនាំអង្គការតំបន់នេះ ក្រុមរដ្ឋមន្ត្រីការបរទេសមិនអាចចេញសេចក្តីប្រកាសរួមរបស់ប្រធានអាស៊ានដោយសារមានការមិនចុះសម្រុងគ្នាលើបញ្ហាសមុទ្រចិនខាងត្បូង។ ប៉ុន្តែមានក្តីសង្ឃឹមជាច្រើនថាឆ្នាំនេះចិននឹងធ្វើសម្បទានក្រោមការដឹកនាំរបស់កម្ពុជាដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ក្រុងប៉េកាំង។
លោកKavi Chongkittavorn អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសម្រាប់ការសិក្សាអន្តរជាតិនិងសន្តិសុខប្រចាំនៅប្រទេសថៃបានថ្លែងថា៖ «ខ្ញុំគិតថា អាស៊ាននិងចិនអាចសម្រេចបានក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងនៅឆ្នាំនេះ។ ជាការពិតគឺត្រូវឲ្យមានការជំរុញខ្លាំងពីភាគីទាំងពីរ»។
អ្នកការទូតជើងចាស់របស់កម្ពុជាសង្ឃឹមដែរថាអាស៊ាននឹងសម្រេចបានក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងនៅក្រោមការដឹកនាំរបស់កម្ពុជា។
លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសបានបញ្ជាក់ប្រាប់ទូរទស្សន៍បាយ័នក្នុងបទសម្ភាសន៍កាលពីខែមករាថា៖ «ខ្ញុំមានការសង្ឃឹមយ៉ាងមុតមាំថាក្រោមការដឹកនាំរបស់សម្តេចតេជោជាប្រធានរបស់អាស៊ានឆ្នាំ២០២២នេះយើងអាចសម្រេចបានឯកសារCOC នៅកម្ពុជា ដែលអាចជាឯកសារប្រវត្តិសាស្ត្រមួយទៀតរបស់កម្ពុជាក្នុងការធ្វើប្រធានអាស៊ានលើកទី៣នេះ»។
ប៉ុន្តែលោក Bradley Jensen Murg អ្នកស្រាវជ្រាវកិត្តិយសនិងជាទីប្រឹក្សាជាន់ខ្ពស់នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពសម្តែងទុទិដ្ឋិនិយម៖ «ខ្ញុំមិនឃើញមានការផ្លាស់ប្តូរអ្វីដែលធ្វើឲ្យខ្ញុំគិតថាវានឹងសម្រេចបាន។ ខ្ញុំគិតថាវានឹងអូសបន្លាយបន្តទៀតក្នុងពេលដ៏ខ្លីខាងមុខ។ មានចលនាទៅមុខដែរប៉ុន្តែបើសំដៅលើការផ្លាស់ប្តូរដ៏ធំរហូតដល់សម្រេចបានក្រមប្រតិបត្តិ ខ្ញុំសូមថាវាមានឱកាសទាបបំផុត។ ជាការគួរឲ្យសោកស្តាយបើទោះបីជាខ្ញុំចង់ឲ្យសម្រេចបានប៉ុន្តែខ្ញុំគ្មានសុទិដ្ឋិនិយមទេ»។
គណបក្សសង្គ្រោះជាតិយល់ថា«មជ្ឈការអាស៊ាន»ជាចំណុចសំខាន់ក្នុងការទាក់ទងដោយស្មើគ្នាជាមួយនឹងគ្រប់ប្រទេសរួមទាំងមហាអំណាចដើម្បីផលប្រយោជន៍សេដ្ឋកិច្ចដល់តំបន់ ប៉ុន្តែព្រួយបារម្ភចំពោះការដឹកនាំកម្ពុជានាពេលបច្ចុប្បន្នដែលមាននិន្នាការលម្អៀងទៅរកប្រទេសកុម្មុយនីស្តចិន។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងថា៖ «អ្វីដែលខ្ញុំកត់សម្គាល់ឃើញពេលដែលកម្ពុជាធ្វើប្រធានអាស៊ានប៉ុន្មានដងនេះគឺលើកនេះជាលើកទី៣ហើយគឺលោក ហ៊ុន សែនមិនបាននាំអាស៊ានទៅជាផលប្រយោជន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មទេគឺតែងតែនាំអាស៊ានទៅប្រកាន់និន្នាការមួយដែលមានការប្រឈមកាន់តែខ្លាំង។ នេះហើយជាចំណុចដែលគួរឲ្យព្រួយបារម្ភមែនទែន»។
យ៉ាងណាក៏ដោយជំងឺកូវីដ១៩បានបង្ហាញឱកាសមួយដល់ប្រទេសក្នុងតំបន់និងមហាអំណាចក្នុងការធ្វើការជាមួយគ្នាផងដែរ។ អ្នកជំនាញយល់ថានៅពេលណាដែលកម្ពុជាដឹកនាំដោះស្រាយបញ្ហាកូវីដ១៩ប្រកបដោយប្រសិទ្ធភាព និងរបៀបវារៈគោលនយោបាយច្បាស់លាស់ គឺអាចដំណើរការដឹកនាំអាស៊ានចេញពីជំងឺរាតត្បាត ការអនុវត្តកំណែទម្រង់ និងការការពារដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងយូរអង្វែងរបស់តំបន់អាស៊ីអាគ្នេយ៍។
លោកBradley Jensen Murg យល់ថាជំងឺរាតត្បាតកូវីដ១៩ផ្តល់ឱកាសមួយដើម្បីផ្តោតលើវិស័យនានាក្នុងនោះមានដូចជាការពង្រឹងវិស័យសហគ្រាសធុនតូច និងមធ្យម និងការដករបាំងពន្ធគយចេញគឺមានអត្ថប្រយោជន៍រយៈពេលខ្លី និងយូរអង្វែងសម្រាប់អាស៊ាន។
លោក Kavi Chongkittavorn យល់ថាក្រោយការរាតត្បាតជំងឺកូវីដ១៩ កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខរបស់អាស៊ាននឹងត្រូវពឹងផ្អែកកាន់តែខ្លាំងឡើងលើក្រមសីលធម៌របស់ខ្លួន ជាពិសេសប្រសិនបើអាស៊ានស្វែងរកការការពារប្រឆាំងនឹងការជ្រៀតជ្រែក និងការអន្តរាគមន៍ពីខាងក្រៅ។
ក្នុងពេលកន្លងមកមានប្រទេសជាច្រើនបានផ្តល់អំណោយវ៉ាក់សាំងកូវីដ១៩ ម៉ាស់និងបរិក្ខារពេទ្យដល់ប្រទេសសមាជិកអាស៊ានដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងនោះមានសហរដ្ឋអាមេរិក ចិន អូស្ត្រាលីជប៉ុននិងកូរ៉េខាងត្បូង៕