ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា៖ រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា​ បាន​ត្រូវ​រារាំង​មិន​ឲ្យ​ចូលរួម​សន្និសីទ​អាស៊ាន


រូប​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា​លោក Wunna Maung Lwin បន្ទាប់ពីលោកបានទៅដល់រដ្ឋធានីណៃពិដោ កាល​ពី​ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២។
រូប​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា​លោក Wunna Maung Lwin បន្ទាប់ពីលោកបានទៅដល់រដ្ឋធានីណៃពិដោ កាល​ពី​ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២។

ពួក​យោធា​មីយ៉ាន់ម៉ា បាន​ទទួល​បរាជ័យ​ខាង​ការទូត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅពេល​ដែល​សមាគម​អាស៊ាន បាន​រារាំង​អ្នក​ការទូត​កំពូល​របស់​ខ្លួន​មិន​ឲ្យ​ចូលរួម​សន្និសីទរបស់​រដ្ឋមន្ត្រី​ការបរទេស​នៅ​ពេល​ខាង​មុខ​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រទេស​កម្ពុជា​ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ ធ្វើ​ជា​ប្រធាន​ផ្លាស់វេន​របស់​សមាគម​អាស៊ាន បាន​និយាយ​ថា មាន​ការ​ជឿនលឿន​បន្តិច​បន្តួច​លើ​ «កិច្ចព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ​៥​ចំណុច» ដែល​បាន​ព្រមព្រៀង​គ្នា​ដោយ​ពួក​មេដឹកនាំ​អាស៊ាន​កាលពី​ឆ្នាំ​ទៅ​ដើម្បី​ព្យាយាម​បន្ធូរបន្ថយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

មីយ៉ាន់ម៉ា​បាន​ស្ថិត​នៅ​ក្នុង​ភាព​ចលាចល ចាប់តាំង​ពី​ពួក​យោធា បាន​បណ្តេញ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោក​ស្រី Aung San Suu Kyi កាលពី​១ឆ្នាំ​មុន ដោយ​មាន​ជន​ស៊ីវិល​ជាង​១.៥០០​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការបង្ក្រាប​លើ​ការតវ៉ា​ប្រឆាំង​នឹង​ពួក​យោធា។ នេះ​បើ​តាម​ក្រុម​ឃ្លាំមើល​នៅ​ក្នុង​ស្រុក។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក ​ជុំ សុន្ទរី បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា៖ «ដោយសារ​តែ​មាន​ការជឿនលឿន​បន្តិច​បន្តួចនៅ​ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ៥ ចំណុច​របស់​អាស៊ាន រដ្ឋ​ទាំង​អស់​ដែល​ជា​សមាជិក​របស់​អាស៊ាន មិន​បាន​មូល​មតិ​គ្នា​ដើម្បី​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​លោក Wunna Maung Lwin ឲ្យ​ចូលរួម​សន្និសីទ​របស់​រដ្ឋមន្ត្រី​ការបរទេស​នៅពេល​ខាង​មុខ​នេះ​ទេ»។

រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា បាន​ហៅ​ខ្លួនឯង​ថា ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​ឬ SAC។

លោក​ជុំ សុន្ទរី បាន​និយាយ​ទៀត​ថា៖ «យើង​បាន​សុំ​ឲ្យ​មីយ៉ាន់ម៉ា​បញ្ជូន​អ្នក​តំណាង​មិនមែន​នយោបាយ​មក​ជំនួស​វិញ»។

ការ​ហាមឃាត់​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​សមាគម​អាស៊ាន បាន​ចាត់​វិធានការ​ដែល​មិន​ធ្លាប់​មាន​កាលពី​ពេល​មុន​រារាំង​មិន​ឲ្យ​មេដឹកនាំ​យោធា​លោក Min Aung Hlaing ចូលរួម​សន្និសីទ​កំពូល​កាលពី​ខែ​តុលា​ឆ្នាំ​មុន។

មីយ៉ាន់ម៉ា​បាន​ឯកោកាន់តែ​ខ្លាំង​ឡើង​នៅ​លើ​ឆាក​អន្តរជាតិ ដោយ​មាន​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​បុរស​ខ្លាំង​នៃ​ប្រទេស​កម្ពុជា​លោក​ហ៊ុន សែន ជា​ដំណើរ​ទស្សនកិច្ច​របស់មេដឹកនាំ​បរទេស​លើក​ទី១ ​មក​កាន់​មីយ៉ាន់ម៉ា​ចាប់​តាំង​ពី​ពួក​ឧត្តមសេនីយ៍​បាន​រឹបអូស​អំណាច​មក។

ក៏ប៉ុន្តែ អំពើ​ហិង្សា​បាន​បន្ត ដោយ​ក្រុម​ប្រឆាំង​ពួក​យោធា បាន​ប៉ះទង្គិច​ជា​ប្រចាំ​ជាមួយ​ពួក​យោធា ហើយ​ធនាគារ​ពិភពលោក បាន​ព្រមាន​ថា សេដ្ឋកិច្ច​មីយ៉ាន់ម៉ា​ទំនង​ជា​ធ្លាក់ចុះ​១ភាគ ៥ កាល​ពី​ឆ្នាំ​ទៅ។

ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ អាស៊ាន បាន​អំពាវនាវ​ឲ្យ​បញ្ចប់​អំពើ​ហិង្សា​ជា​បន្ទាន់​ហើយ​នឹង​អនុញ្ញាត​ឲ្យ​បេសកជន​ពិសេស​របស់​ខ្លួន​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​នោះ​ជា​បន្ទាន់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG