ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​ផលិត​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ក្នុង​តម្លៃ​ថោក​


ព្រះ​អង្គ​​ម្ចាស់​ អែនឌ្រូ​ (Andrew) ​នៃ​ប្រទេស​អង់គ្លេស​ (រូបឆ្វេងទី២) កាន់​ចង្កៀង​ប្រើ​​ថាមពល​ព្រះអាទិត្យ​ ជាមួយ​គ្រូ​បង្រៀន​ និង​សិ​ស្សានុ​សិស្ស ក្នុង​កំឡុង​ពេល​ទស្សនកិច្ច​របស់​ព្រះអង្គ​នៅ​ប្រទេស​ឥណ្ឌា​​។
ព្រះ​អង្គ​​ម្ចាស់​ អែនឌ្រូ​ (Andrew) ​នៃ​ប្រទេស​អង់គ្លេស​ (រូបឆ្វេងទី២) កាន់​ចង្កៀង​ប្រើ​​ថាមពល​ព្រះអាទិត្យ​ ជាមួយ​គ្រូ​បង្រៀន​ និង​សិ​ស្សានុ​សិស្ស ក្នុង​កំឡុង​ពេល​ទស្សនកិច្ច​របស់​ព្រះអង្គ​នៅ​ប្រទេស​ឥណ្ឌា​​។

ទីឡូនីយ៉ា ប្រទេស​ឥណ្ឌា៖ ប្រទេស​ឥណ្ឌា​ ហាក់​ដូច​ជា​ជំនាញខាង​ធ្វើ​ឲ្យ​ឧបករណ៍​មាន​ទំហំ​តូច និង​មាន​តម្លៃថោក​។ រថយន្តដែលមានតម្លៃ ​២.​៥០០​ ដុល្លារ និង​កុំព្យូទ័រដែលមានតម្លៃ៣៥​ដុល្លារ​ គឺជា​ការ​បង្កើត​ថ្មីបំផុតចំនួន​ពីររបស់​ប្រទេស​នេះ។ ឥឡូវនេះ ឥណ្ឌា បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់លើបច្ចេក​វិជ្ជា​ពន្លឺព្រះអាទិត្យដែល​មានតម្លៃថោក។

នៅ​ក្នុង​រោង​ជាងដែលបំភ្លឺ​ដោយពន្លឺ​ព្រះ​អាទិត្យ លោក​ស្រី តេនហ្ស៊ីង ចុនហ្ស៊ូម (Tenzing Chonzom) ​បាន​ភ្ជាប់គ្រឿងបន្លាស់ទៅនឹង​គ្រឿង​សម្រាប់បញ្ជាចរន្ត​អគ្គិសនី។ ឧបករណ៍​នេះនឹងត្រូវ​ភ្ជាប់ទៅ​នឹងបន្ទះស្រូប​ពន្លឺ​ព្រះ​អាទិត្យ ដែល​នឹងអាចផ្តល់​ឋាមពល​ដល់​អំពូល​ភ្លើង និង​កុំព្យូទ័រយូរដៃជាដើម។

លោកស្រី ចុនហ្ស៊ូម ​និយាយ​ថា លោក​ស្រីត្រូវ​បាន​ជ្រើស​រើសដោយ​សហគមន៍ ឲ្យមកទី​នេះ ដើម្បី​រៀន​អំពី​បច្ចេក​វិជ្ជាពន្លឺ​ព្រះ​អាទិត្យ។ គាត់​នឹង​យកចំណេះ​ដឹងនេះ ទៅភូមិ​គាត់ ដែលមនុស្សជា​ច្រើននៅ​ក្នុង​តំបន់របស់​គាត់​ ​ស្ថិត​នៅតាម​ជើង​ភ្នំ​ហ៊ិម៉ាឡាយ៉ា ដែល​នៅ​តែ​មិន​ទាន់មានចរន្ត​អគ្គិសនី​នៅ​ឡើយ។

លោកស្រី ចូនហ្ស៊ូម មានវ័យ​៥០ឆ្នាំ និង​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោមមនុស្សជាង​២០​នាក់ ដែល​ទទួលការបណ្តុះ​បណ្តាលនៅ​ទី​នេះ​ ដើម្បី​ធ្វើ​ជា​វិស្វករ​ថាមពល​ព្រះ​អាទិត្យ។ មនុស្ស​ភាគ​ច្រើន មិនបាន​ទទួលការ​អប់​រំ​ផ្លូវ​ការ​ទេ។​ ​កម្មវិធីទាំង​មូលជួយជន​ក្រី​ក្រនៅ​តាម​ជន​បទ​នៅ​ឥណ្ឌា តាម​រយៈ​ការ​បង្រៀនពួក​គេឲ្យ​ចេះផលិត និង​តម្លើងបន្ទះស្រូប​ពន្លឺ​ព្រះ​អាទិត្យ​ ដែល​មានតម្លៃ​ថោក។ បន្ទាប់​មក ពួក​គេ​បង្រៀន​អ្នក​ផ្សេង​ទៀតឲ្យ​ចេះ​ធ្វើ​ដូច​គ្នា​នេះ​ដែរ។ ​កម្ម​វិធី​នេះ ត្រូវបាន​ហៅ​ថា​ជា មហាវិទ្យាល័យ​ជើង​ទទេ​ ឬ Barefoot College ហើយ​កន្លង​មកកម្ម​វិធី​នេះបានបណ្តុះ​បណ្តាល​មនុស្ស​រាប់​ពាន់​នាក់។ លោក សានជីត ប៊ុនឃ័រ រ៉យ (Sanjit Bunker Roy) បាន​ចាប់​ផ្តើម​ដំណើរ​ការកម្មវិធី​នេះអស់​រយៈ​ពេល​ ២៥​ ឆ្នាំ​មក​ហើយ។

«អ្នកត្រូវ​ពិនិត្យ​មើលថា​តើអ្នក​អាចធ្វើ​ឲ្យបច្ចេក​វិជ្ជា​នេះមាន​ភាព​សាមញ្ញ ហើយនាំ​យក​បច្ចេក​វិជ្ជា​នេះ ទៅ​កាន់​សហគមន៍​យ៉ាង​ដូច​ម្តេច ដើម្បី​ឲ្យពួក​គេអាច​ចាត់​ចែង គ្រប់​គ្រង និងធ្វើ​ជា​ម្ចាស់បច្ចេក​វិជ្ជា​នោះ»។

លោក រ៉យ ស្ថិត​ក្នុង​ចំណោមមនុស្ស​កំពូល​ដ៏​មាន​ឥទ្ធិ​ពល​បំផុត​ចំនួន​១០០​នាក់នៅក្នុង​ទស្សនាវដ្តី ថែមស៍ (Times) ប្រចាំឆ្នាំ២០១០។ លោកបាន​ថ្លែង​ថា បច្ចេក​វិជ្ជា​ស្រូប​ពន្លឺ​ព្រះ​អាទិត្យនៅ​តាម​មូលដ្ឋាន មាន​សារៈ​សំខាន់​ សម្រាប់​ឥណ្ឌា។ ពលរដ្ឋ​នៅ​តាម​មូលដ្ឋានជិត​ពាក់​កណ្តាល​របស់​ប្រទេសនេះ​ ដែល​មាន​ចំនួនជាង៣០០លាន​នាក់ គ្មាន​ចរន្ត​អគ្គិសនីប្រើ​ប្រាស់ ឬអាច​ប្រើបាន​តែ​ពីរ​បី​ម៉ោងប៉ុណ្ណោះ ​ក្នុង​មួយ​ថ្ងៃ។ លោក រ៉យ បាន​និយាយ​ទៀត​ថា ដើម្បី​ជា​ជំនួយ លោកបាន​ធ្វើ​នូវ​អ្វី​ដែលធនាគារពិភព​លោក ​និងគម្រោង​ផ្តល់​ជំនួយ​របស់​អង្គការ​សហ​ប្រជាជាតិ ខក​ខាន​មិន​បាន​ធ្វើ ដែល​នោះ​គឺ​ជា​ការ​ប្រើប្រាស់​នូវ​ភាព​ស្ទាត់​ជំនាញ​នៅ​តាម​មូល​ដ្ឋាន ដែល​លោក​បាន​ឃើញជា​រៀង​រាល់​ថ្ងៃ។ លោក​ថ្លែង​ថា៖

«អ្នក​នឹង​អាច​ឃើញ​ឧបករណ៍​នេះនៅ​គ្រប់​ទី​កន្លែងនៅ​ឥណ្ឌា ដែល​ជា​សមត្ថភាព​គ្មាន​កំណត់​ ដើម្បីបង្ក​លទ្ធភាព​ឲ្យមាន​ការច្នៃ​ប្រឌិត និង​ជួស​ជុល​ឧបករណ៍​នា​នា ដោយមិន​ចាំបាច់​ឆ្លង​កាត់​ការ​អប់​រំផ្លូវ​ការ​ឡើយ។ ពួក​គេ​មាន​សមត្ថភាព​ជំនាញ​ពី​កំណើត​ដ៏​មិន​គួរឲ្យជឿ​ ដែល​យើង​មិន​ទាន់​មាន​លទ្ធភាព​ពន្យល់ លើក​សរសើរ ឬ​គោរព​នៅឡើយ»។

លោក រ៉យ និយាយ​ថា កម្ម​វិធី​របស់​លោកគ្រាន់​តែផ្តល់​ឱកាស​ដល់​ស្ត្រី​ទាំង​ឡាយ​ ឲ្យ​កសាងនូវជំនឿ​ចិត្ត​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។ លោក​ថ្លែង​ទៀត​ថា នោះជា​អ្វីដែលជំរុញ​ឲ្យមាន​ភាពជោគ​ជ័យរបស់ក្រុម​ជើង​ទទេ (Barefoot Brigade) ក្នុង​ការ​នាំយកឋាមពល​ទៅ​កាន់​ភូមិ​ជន​បទ​ចំនួន​ជាង៤៥០៕

ប្រែស​ម្រួល​ដោយ​ លី សុខឃាង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG