ម្យ៉ាង សមាជិកផ្សេងៗទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា «អាស៊ាន» និយាយថា សមាគមតំបន់មួយនេះ គួរតែដើរតួចម្បងនៅក្នុងការដោះស្រាយជម្លោះនេះ។ ម្យ៉ាងទៀត ប្រទេសចិនដែលជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុត និងមានសេដ្ឋកិច្ចធំជាងគេបំផុតទីពីរនៅលើពិភពលោក និងជាប្រភពវិនិយោគនិងជំនួយដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ចង់ដោះស្រាយជម្លោះជាមួយនឹងភាគីទាមទារដទៃទៀតជាលក្ខណៈទេ្វភាគី ដោយមិនត្រូវការការសម្របសម្រួលជាលក្ខណៈតំបន់ ឬអន្តរជាតិអ្វីឡើយ។
នៅក្នុងខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដែលជាដំណើរទស្សនកិច្ចផ្លូវការដំបូងបង្អស់របស់លោកទៅកាន់ប្រទេសនេះ ក្នុងរយៈពេលដែលលោកកាន់អំណាចជាង៣០ឆ្នាំកន្លងមកនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល Sunnylands ដែលជាកិច្ចប្រជុំមិនធ្លាប់មានពីមុនមកនៃមេដឹកនាំតំបន់អាស៊ីអាគ្នេយ៍ និងអាមេរិក។ កិច្ចប្រជុំនេះត្រូវបានយល់ឃើញថាជាការព្យាយាមមួយរបស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងភាពគឃ្លើនរបស់ប្រទេសចិនចូលក្នុងតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងកិច្ចប្រជុំនោះ លោក ហ៊ុន សែន បានផ្តល់ការគាំទ្រទៅដល់សេចក្តីថ្លែងការណ៍រួមមួយ ដែលបានរំលេចយ៉ាងច្បាស់លើករណីជម្លោះដែនសមុទ្រ និងការប្រកាន់យកនូវគោលគំនិត «អាស៊ានជាគោល»។
ប៉ុន្តែរដ្ឋាភិបាលកម្ពុជាធ្លាប់រងការចោទប្រកាន់ពីការងាកទៅរកប្រទេសចិន ចាប់តាំងពីប្រទេសកម្ពុជាខកខានក្នុងការចេញសេចក្តីថ្លែងការណ៍ផ្លូវការរួម នៅពេលដែលខ្លួនធ្វើជាប្រធានអាស៊ានលើកទីពីរនៅក្នុងឆ្នាំ២០១២។
ចាប់តាំងពីកិច្ចប្រជុំកំពូលនៅក្រុង Sunnylands ប្រទេសចិនបានបង្ហាញនូវកិច្ចប្រឹងប្រែងផ្នែកការទូតរបស់ខ្លួនពាក់ព័ន្ធនឹងជម្លោះដែនសមុទ្រ។ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកចាប់ពីថ្ងៃទី២០ ដល់២៤ ខែមេសា នៅប្រទេសប្រ៊ុយណេ កម្ពុជា និងឡាវ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi សម្រេចបាននូវ «ការយល់ឃើញរួម» មួយជាមួយនឹងប្រទេសទាំងនេះ ដែលថាជម្លោះដែនសមុទ្រចិនខាងត្បូងមិនមែនជាបញ្ហារបស់អាស៊ានឡើយ។ ជម្លោះដែនសមុទ្រគួរតែ «ត្រូវបានដោះស្រាយតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ដោយភាគីពាក់ព័ន្ធដោយផ្ទាល់» នេះបើយោងទៅតាមគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសប្រទេសចិន។
ការប្រកាសពី «ការយល់ឃើញរួម» នោះ ក៏ត្រូវបានធ្វើឡើងមុនពេលការចេញសេចក្តីសម្រេចដែលនឹងមកដល់នាពេលឆាប់មួយ ទៅលើបណ្តឹងរបស់ប្រទេសហ្វីលីពីន ដែលបានប្តឹងទៅតុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍នៅក្នុងទីក្រុងឡាអេ ពាក់ព័ន្ធនឹងជម្លោះព្រំប្រទល់សមុទ្រជាមួយនឹងប្រទេសចិន។ លោក ពូ សុធីរៈ អតីតអ្នកការទូត និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព និយាយថា «ប្រទេសចិនមិនចង់ធ្វើអ្វីពាក់ព័ន្ធនឹងបណ្តឹងរបស់ហ្វីលីពីនប្រឆាំងនឹងខ្លួនទេ»។ ប្រទេសចិននិយាយថា ខ្លួននឹងមិនអើពើលើសាលក្រមចេញដោយតុលាការនោះទេ។
លោកពូ សុធីរៈ បានសរសេរនៅក្នុងអ៊ីម៉ែលថា ប្រទេសចិនបានប្រកាន់ជំហរនឹងនរជុំវិញបញ្ហាជម្លោះដែនសមុទ្រ ដោយលោកបានធ្វើការបកស្រាយថា គោលជំហររបស់ប្រទេសចិន គឺថាខ្លូននឹងដោះស្រាយបញ្ហាជាមួយនឹងប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមក្នុងលក្ខណៈទ្វេភាគី ប៉ុន្តែមិនជាមួយនឹងអាស៊ានទាំងមូលនោះទេ។ ប្រទេសចិនក៏មិនចង់ឲ្យមានយន្តការអន្តរជាតិ ឬមហាអំណាចដទៃទៀត ដូចជាសហរដ្ឋអាមេរិក ដែលជាគូប្រជែងផ្នែកភូមិសាស្រ្តនយោបាយ មកពាក់ព័ន្ធឡើយ។
លោកបានសរសេរថា «កិច្ចព្រមព្រៀង [ជាមួយប្រ៊ុយណេ កម្ពុជា និងឡាវ] គួរតែត្រូវបានចាត់ទុកថាជាផ្នែកមួយនៃការព្យាយាមផ្នែកការទូតរបស់ចិន ក្នុងការទទួលបានការគាំទ្រពីសមាជិកអាស៊ានមួយចំនួន ដើម្បីសម្របតាមការយល់ឃើញរួមទាំងបួនចំណុច»។
ប្រទេសដទៃទៀតនៅក្នុងតំបន់មានប្រតិកម្មខឹងសម្បារ ទៅនឹងអ្វីដែលពួកគេយល់ឃើញថា ប្រទេសចិនកំពុងប្រើប្រទេសតូចៗ ដែលសេដ្ឋកិច្ចរបស់ប្រទេសទាំងនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីការវិនិយោគរបស់ចិន ដើម្បីបង្អាក់សាមគ្គីភាពនៅក្នុងតំបន់។ ប្រទេសដែលជាសមាជិកអាស៊ានទាំងនោះ ដែលមានជម្លោះដែនសមុទ្រនិងដែនកោះជាមួយប្រទេសចិន ជឿជាក់ថា ការប្រមូលផ្តុំជាក្រុមនៅក្នុងតំបន់ នឹងអនុញ្ញាតឱ្យពួកគេមានសម្លេងខ្លាំងជាងមួយ ដើម្បីប្រឆាំងទៅនឹងការអះអាងរបស់ចិន។
លោក Paul Chambers ប្រធានផ្នែកស្រាវជ្រាវនៃវិទ្យាស្ថានកិច្ចការតំបន់អាស៊ីអាគ្នេយ៍ក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ និយាយថា «រាល់កិច្ចព្រមព្រៀងណាមួយរវាងប្រទេសចិន និងប្រទេសទាំងបី ដែលត្រូវបានលើកឡើងខាងលើ កាន់តែធ្វើឲ្យមានការបែកបាក់កាន់តែខ្លាំងនៅក្នុងតំបន់អាស៊ាន ហើយផ្តល់ប្រយោជន៍ដល់ប្រទេសចិន»។
លោក Ong Keng Yong មន្រ្តីការទូតសិង្ហបុរី និងជាអគ្គលេខាធិការអាស៊ានពីឆ្នាំ២០០៣ដល់ឆ្នាំ២០០៧ បាននិយាយក្នុងប៉ុស្តិ៍ទូរទស្សន៍ព័ត៌មាន Channel News Asia ថា ចំណាត់ការចុងក្រោយបង្អស់របស់ប្រទេសចិន គឺស្មើនឹងការលូកដៃចូលទៅក្នុងកិច្ចការរបស់ប្រទេសដទៃទៀត ហើយបានគម្រាមកំហែងដល់សាមគ្គីភាពនៅក្នុងបណ្តាប្រទេសអាស៊ាន។ វា «ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់» ដែលបណ្តាប្រទេសសមាជិកអាស៊ានរួមមានកម្ពុជានិងឡាវ ដែលមិនមែនជាភាគីទាមទារ បានព្រមព្រៀងទៅនឹងការយល់ឃើញរួម ដែលប្រទេសចិនបានប្រកាស។
ជាការឆ្លើយតប លោកស៊ីម វីរៈ អតីតអ្នកការទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានសរសេរទៅកាន់សារព័ត៌មាន The Phnom Penh Post កាលពីថ្ងៃទី២៩ ខែមេសា ដោយបាននិយាយថា ការលើកឡើងរបស់លោក Ong គឺមានលក្ខណៈ «ចម្លែក» ហើយ «គ្មានការគោរព» ទៅដល់បូរណភាពដែនដីរបស់កម្ពុជា។ លោក ស៊ីម វីរៈ បាននិយាយថា ក្នុងសមត្ថភាពរបស់ខ្លួនជារដ្ឋមិនទាមទារ ប្រទេសកម្ពុជាតែងតែរក្សាគោលជំហរអព្យាក្រឹត្យពាក់ព័ន្ធទៅនឹងបញ្ហាសមុទ្រចិនខាងត្បូង។
លោក គង់ ភោគ សហស្ថាបនិក និងជាប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្រ្ត បាននិយាយថា វិធីសាស្រ្តរបស់កម្ពុជាទៅលើបញ្ហានេះ គឺស្របតាមគោលការណ៍ចម្បងរបស់អាស៊ាន តាមរយៈការគោរពបូរណភាពដែនដី និងការរក្សាសន្តិភាព។
លោកបានបន្តថា ការចូលរួមជាមួយចិន ក្នុងការចេញការយល់ឃើញរួម មិនគួរត្រូវបានចាត់ទុកថាជាការលម្អៀងរបស់កម្ពុជាទៅកាន់ប្រទេសចិននោះទេ ហើយលោកបានច្រានចោលនូវគំនិតដែលថា ទំនាក់់ទំនងសេដ្ឋកិច្ចយ៉ាងជិតដិតរវាងប្រទេសទាំងពីរ និង «កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តនិងគ្រប់ជ្រុងជ្រោយ» មានឥទ្ធិពលបែបណាមួយទៅលើសេចក្តីសម្រេចចិត្តនេះ។
លោកបានថ្លែងថា «អ្វីដែលកម្ពុជាបានសម្រេច គឺជាការបានគិតរួចរាល់ហើយ គ្រប់ជ្រុងជ្រោយហើយ ហើយមិនមែនដោយសារការប្រើឥទ្ធិពលរបស់ប្រទេសមួយមកលើយើងទេ»។ លោកបានបន្ថែមថា «វាត្រូវតែមានតុល្យភាពរវាងប្រយោជន៍របស់យើង និងការទំនាក់ទំនងជាមួយប្រទេសផ្សេងៗ វាមិនមែនត្រឹមតែប្រទេសជាដៃគូរបស់យើង ដូចជាប្រទេសចិនទេ»។
លោកគង់ ភោគ បានបន្ថែមថា ប្រទេសដែលជាភាគីទាមទារនៅក្នុងតំបន់ ចង់បានដំណោះស្រាយមួយ ដែលសម្របសម្រួលដោយអាស៊ាន។ ប៉ុន្តែដោយសារគោលការណ៍ចម្បងនៃការមិនលូកដៃក្នុងរឿងផ្ទៃក្នុងរបស់ប្រទេសដទៃ តួនាទីរបស់អាស៊ាននឹងត្រូវកម្រិតនៅត្រឹមការសម្រួលកិច្ចចរចារវាងភាគីជម្លោះតែប៉ុណ្ណោះ។
លោក គង់ ភោគ បាននិយាយថា «អាស៊ានមិនមានលទ្ធភាព ក្នុងការសម្រេចជួសឱ្យប្រទសដែលមានជម្លោះបានទេ» ដោយលោកបានចង្អុលបង្ហាញ ទៅលើឧទាហរណ៍ប្រវត្តិសាស្រ្ត នៃតួនាទីរបស់អាស៊ាន នៅពេលដែលកម្ពុជាមានជម្លោះជាមួយប្រទេសថៃ ជុំវិញបញ្ហាប្រាសាទព្រះវិហារ និងតំបន់នៅជុំវិញ ដែលជាប់ព្រំដែនរវាងប្រទេសទាំងពីរ។ «ជម្លោះរវាងប្រទេសទាំងពីរ [កម្ពុជានិងថៃ] ក៏បានប៉ះពាល់ទៅដល់ផលប្រយោជន៍របស់តំបន់ទាំងមូលដែរ។ អ្វីដែលអាស៊ានអាចធ្វើបាននៅពេលនោះ គឺគ្រាន់តែជំរុញឱ្យភាគីទាំងសងខាង អង្គុយនៅតុចរចា ដោះស្រាយដោយសន្តិវិធី ហើយនឹងអនុវត្តទៅតាមច្បាប់អន្តរជាតិអីតែប៉ុណ្ណឹង។ នៅពេលដែលឥណ្ឌូនេស៊ីស្នើសុំដាក់កងកម្លាំង ដើម្បីមករក្សាសន្តិភាពនៅក្នុងតំបន់ជម្លោះ ខាងភាគីថៃក៏មិនព្រមដែរ។»
បើទោះជាទង្វើរបស់ប្រទេសកម្ពុជាបង្ហាញថាខ្លួនទទួល ឬមិនទទួលរងឥទ្ធិពលខ្លាំងពីប្រទេសចិនក៏ដោយ លោក ផាត កុសល សាស្រ្តាចារ្យជំនួយផ្នែកវិទ្យាសាស្រ្តនយោបាយនៃមហាវិទ្យាល័យ Brooklyn ក្នុងទីក្រុងញូវយ៉ក បានបញ្ជាក់ថា នៅពេលនិយាយដល់បញ្ហាសន្តិសុខជាតិ កម្ពុជាមិនមែនជាប្រទេសសមាជិកអាស៊ានតែមួយ ដែលមានបរិបាលមហាអំណាចនោះទេ។
លោក ផាត កុសល បានសរសេរនៅក្នុងអ៊ីម៉ែលថា «វៀតណាម និងហ្វីលីពីន មានការពឹងផ្អែកកាន់តែខ្លាំងឡើងទៅលើសម្ព័ន្ធភាពទេ្វភាគី ឬភាពជាដៃគូសន្តិសុខជាយុទ្ធសាស្រ្ត ដែលជាបង្គោលសម្រាប់ទប់ទល់នឹងប្រទេសចិន» ដែលការលើកឡើងនេះហាក់ដូចជាសំដៅទៅលើទំនាក់ទំនងយោធារបស់ប្រទេសវៀតណាម និងហ្វីលីពីន ជាមួយនឹងសហរដ្ឋអាមេរិក៕