ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​ទស្សនកិច្ច​នៅ​កម្ពុជា មន្ត្រី​ជាន់​ខ្ពស់​ចិន​ការពារ​សកម្មភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង


លោក ​វ៉ាង យី រដ្ឋមន្រ្តីក្រសួង​ការបរទេស​នៃសាធារណៈ​រដ្ឋ​ប្រជាមានិត​ចិននិយាយ​ទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ជំនួបទ្វេភាគីរវាង​លោក​ ប្រាក់ សុខុន រដ្ឋមន្រ្តី​ថ្មី​នៃ​​​​ក្រសួង​ការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នៅថ្ងៃ​សុក្រទី​២២​ខែ​មេសា​ឆ្នាំ​២០១៦ ​នៅរាជធានី​ភ្នំពេញ។ (ឡេង ឡែន/VOA )
លោក ​វ៉ាង យី រដ្ឋមន្រ្តីក្រសួង​ការបរទេស​នៃសាធារណៈ​រដ្ឋ​ប្រជាមានិត​ចិននិយាយ​ទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ជំនួបទ្វេភាគីរវាង​លោក​ ប្រាក់ សុខុន រដ្ឋមន្រ្តី​ថ្មី​នៃ​​​​ក្រសួង​ការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នៅថ្ងៃ​សុក្រទី​២២​ខែ​មេសា​ឆ្នាំ​២០១៦ ​នៅរាជធានី​ភ្នំពេញ។ (ឡេង ឡែន/VOA )

លោក​ ប្រាក់​ សុខុន​ ដែល​ទើប​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ ពុំ​​មាន​ប្រតិកម្ម​អ្វី​ទៅ​លើ​ការ​ថ្លែង​របស់​លោក ​វ៉ាង​ យី​ អំពី​ជំហរ​របស់​ប្រទេស​ហ្វីលីពីន​ប្រឆាំង​នឹង​ប្រទេស​ចិន​ទេ។

ក្នុងដំណើរ​ទស្សនកិច្ច​តែ​មួយ​ថ្ងៃ​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​ លោក​ វ៉ាង យី​ (Wang Yi)​ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ បាន​ការពារ​សកម្មភាព​របស់​ចិនក្នុង​ការ​កសាង​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​លោក​បានចោទ​ប្រទេស​ហ្វីលីពីន​ថា​ មិន​ប្រកាន់​គោលការណ៍​ចរចា​ក្នុង​ការ​ដោះស្រាយ​ទំនាស់។​ ភាគី​កម្ពុជា​ មិន​បាន​ប្រតិកម្ម​អ្វី​ទៅ​លើ​ការ​លើក​ឡើង​នេះ​ ហើយ​បាន​ប្រកាស​ជំហរ​របស់​ខ្លួន​សារ​ជា​ថ្មី​ថា​ ខ្លួន​នឹង​មិន​លូក​ដៃ​ចូល​ក្នុង​ទំនាស់​នេះ​ទេ។​

លោក​ វ៉ាង​ យី​ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ថ្លែងការ​ពារ​សកម្មភាព​ចិន​របស់​ចិន​ នៅ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​លើ​ដែន​កោះ​ដែល​មាន​ជម្លោះក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ និង​បាន​រិះគន់​ខ្លាំងៗ​ដល់​ប្រទេស​មហាអំណាច​មួយ​ចំនួន​ដែល​កំពុង​យក​ជម្លោះ​ដែន​សមុទ្រ​នេះ ធ្វើ​ជា​លេស​សម្រាប់បង្កើន​សកម្មភាព​យោធា​នៅ​ក្នុង​តំបន់​អាស៊ី។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​មិន​បាន​និយាយ​ចំ​ឈ្មោះ​ ចំពោះ​ប្រទេស​មហា​អំណាច​ណា​នោះ​ទេ​ តែ​លោក​ទំនង​ជា​និយាយ​យោង​ដល់សហរដ្ឋ​អាមេរិក​ ដោយសារ​តែ​សហរដ្ឋ​អាមេរិក​កំពុង​បង្កើន​សហប្រតិបត្តិការ​យោធា​ ជាមួយ​ប្រទេស​ហ្វីលីពីន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន។​ ប្រទេស​ហ្វីលីពីន ​បានប្តឹង​ប្រទេស​ចិន​ទៅកាន់​តុលាការ​ឡាអេ​ (The Hague) ក្នុង​ប្រទេស​ហូឡង់។​

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ទី​ស្តីការ​ក្រសួង​ការ​បទេស​កម្ពុជា​ លោក ​វ៉ាង យី​ បាន​និយាយ​ថា​ ប្រទេស​ចិន​មិន​បាន​រំលោភ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដីរបស់​ប្រទេស​ណាមួយ​នៅ​ក្នុង​ ជម្លោះនេះទេ នៅ​ពេល​ចិន​ចាប់​ផ្តើម​សកម្មភាព​សាងសង់​នៅ​ក្នុង​ដែន​កោះ​សមុទ្រ​ចិន​ខាង​ត្បូង។​ ​

ប្រមុខ​ការទូត​ចិន​រូប​នេះ​ថ្លែង​ថា៖

«ប្រទេស​ចិន​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នៅ​កោះ​របស់​ខ្លួន​ មិន​រំលោភ​ច្បាប់​អន្តរជាតិ​ អ្វី​សោះ»។​

លោក​រដ្ឋមន្ត្រី ​វ៉ាង​ យី​ បាន​បញ្ជាក់​បន្ត​ថា​ ប្រទេស​ចិន​កំពុង​មាន​ក្តី​បារម្ភ​ពី​វត្តមាន​នៃ​មហាអំណាច​មួយ​ចំនួន​ដែល​បាន​លូក​ដៃ​ចូល​ក្នុង​ជម្លោះ​នេះ។​

«និយាយ​ដល់​ការ​ព្រួយ​បារម្ភ​ ខ្ញុំ​យល់​ឃើញ​ថា​ យើង​គួរ​តែ​ព្រួយ​បារម្ភ​ថា​ មាន​មហា​អំណាច​ខ្លះ​ ដើម្បី​យក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ជា​លេស​ដើម្បី​ពង្រឹង​ការ​ ទង្វើ​យោធា​នៅ​ក្នុង​តំបន់​នេះ​ ហើយ​និង​យើង​គួរ​ព្រួយ​បារម្ភ​ថា​ មាន​ប្រទេស​ខ្លះ​ដើម្បី​ យក​បញ្ហា​នេះ​ដើម្បី​ ពង្រឹង​បន្ថែម​កម្លាំង​យោធា​របស់​ខ្លួន​ឯង​ ហើយ​និង​ទង្វើ​ទាំង​អស់​នេះ​មិន​ទៅ មិន​នាំ​ឲ្យ​មាន​ផលប្រយោជន៍​ ទៅ​ដល់​ស្ថិរភាព និង​សន្តិភាព​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង»។​

លោក​បាន​ចោទ​ប្រទេស​ហ្វីលីពីន​ថា​ មិន​មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​ ដោយ​ឈរ​លើ​គោលការណ៍​ទ្វេភាគី​ ព្រោះ​ប្រទេស​ហ្វីលីពីន បាន​ដាក់​ពាក្យ​បណ្តឹង​ដោយ​ឯកតោភាគីទៅ​កាន់​តុលាការ​មជ្ឈត្តកម្ម​អចិន្ត្រៃយ៍​ (Permanent Court of Arbitration) នៅ​ទីក្រុង​ឡាអេ​ (The Hague) ប្រទេស​ហូឡង់។​ លោក​ វ៉ាង​ យី​ ថ្លែង​ថា​ ប្រទេស​ចិន​ប្រកាន់​យក​គោលជំហរ​ដោះ​ស្រាយ​ ជម្លោះដោយ​ការ​ចរចា​ និង​សន្តិ​វិធី ហើយថា​ ប្រទេស​ចិន​មិន​បារម្ភ​ពី​បណ្តឹង​របស់​ហ្វីលីពីន​នោះ​ទេ។​

យ៉ាង​ណា​ក៏ដោយ​ប្រទេស​ចិន​ត្រូវ​គេ​រាយការណ៍​ថា​ បាន​បង្កើន​កម្លាំង​យោធា​របស់​ខ្លួន​នៅ​ក្នុង​ដែន​សមុទ្រ​មានជម្លោះ​ ចាប់​តាំង​ពី​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​ បាន​បញ្ចប់​ផ្លូវ​យន្តហោះ​ឡើង​ចុះ​ប្រវែង​៣.០០០​ម៉ែត្រ​នៅ​ប្រជុំ​កោះ​ Spratly។​ កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៦​នេះ​ ចិនបាន​ផ្តើម​ការ​សាកល្បង​ជើង​ហោះ​ហើរ​អាកាសចរណ៍​ពាណិជ្ជកម្ម​ផង​ដែរ។

លោក ​ប្រាក់ សុខុន រដ្ឋមន្រ្តី​ថ្មី​នៃ​ក្រសួង​ការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ជំនួបទ្វេភាគីជាមួយ​រដ្ឋមន្រ្តីក្រសួង​ការបរទេស​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិនលោក ​វ៉ាង យី (ួWang Yi) នៅថ្ងៃ​សុក្រ។
លោក ​ប្រាក់ សុខុន រដ្ឋមន្រ្តី​ថ្មី​នៃ​ក្រសួង​ការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ជំនួបទ្វេភាគីជាមួយ​រដ្ឋមន្រ្តីក្រសួង​ការបរទេស​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិនលោក ​វ៉ាង យី (ួWang Yi) នៅថ្ងៃ​សុក្រ។

​លោក​ ប្រាក់​ សុខុន​ ដែល​ទើប​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ ពុំមាន​ប្រតិកម្ម​អ្វី​ទៅ​លើ​ការ​ថ្លែង​របស់​លោក ​វ៉ាង​ យី​ អំពី​ជំហរ​របស់​ប្រទេស​ហ្វីលីពីន​ប្រឆាំង​នឹង​ប្រទេស​ចិន​ទេ។​ លោក​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​ ប្រកាន់​លើ​គោល​ជំហរ​អព្យាក្រឹត្យ​ និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​ដទៃ​ ដែល​ជា​គោលការណ៍​របស់​អាស៊ាន​ផង​ដែរ។​

«អញ្ចឹង​ហើយ​ ជំហរ​របស់​កម្ពុជា​ គឺ​ថា​ អំពាវនាវ​ឲ្យ​ភាគី​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ រក​វិធី​ដោះស្រាយ​ដោយ​សន្តិវិធី​ តាម​រយៈ​ការ​ពិគ្រោះ​យោបល់​ និង​ការ​ចរចា​និង​ស្រប​តាម​ច្បាប់​អន្តរជាតិ»។​

កាល​ពី​២០១២​ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រិះគន់​ថា​ បាន​ធ្វើ​ឲ្យ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​ថា​ អាស៊ាន​ ជួប​ការ​បរាជ័យ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ដោយ​ប្រទេស​កម្ពុជា​ មិន​អាច​ចេញ​សេចក្ដី​ថ្លែង​ការណ៍រួម​មួយ​បាន​ទាក់​ទិន​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ក្នុង​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​របស់​អាស៊ាន​ក្នុង​ទីក្រុង​ភ្នំពេញ។​ ប្រទេស​ដ៏​ក្រីក្រ​នេះ​ ​ត្រូវ​អ្នក​វិភាគ​មើល​ឃើញ​ថា​ បាន​រងឥទ្ធិពល​ពី​ប្រទេស​ចិន ក្នុង​វិស័យ​សេដ្ឋកិច្ច​ និងនយោបាយ។​ ​

​ក្រុម​អ្នក​វិភាគ​នយោបាយ​ ថ្លែង​ថា ប្រទេស​កម្ពុជា​ ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​ជំនួយ​ និងប្រាក់​កម្ចី​ដែល​ពុំ​មាន​លក្ខខណ្ឌពី​ប្រទេស​ចិន​ នឹង​មិន​មាន​លទ្ធភាព​ ឈរ​នៅ​កណ្ដាល​ក្នុង​ជម្លោះ​នេះ​ទេ។​ ពួក​គេ​ថា​ ​កម្ពុជានឹង​ត្រូវ​ដើរ​តាម​គោល​នយោបាយ​ការបរទេស​របស់​ចិន។​

លោក ​ហេង​ ស្រៀង​ ជា​អ្នក​ស្រាវជ្រាវ​សង្គម​ និង​នយោបាយ បាន​ប្រាប់​ VOA​ ថា​ ការ​មក​ទស្សនកិច្ចរបស់​ចិន​នេះ​ មាន​បំណង​មក​ទាញ​ការ​គាំទ្រ​ពី​ប្រទេស​កម្ពុជា​ ក្នុង​ជម្លោះ​ដែនសមុទ្រ​ដែល​កំពុង​កើន​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង។​

លោក ហេង ស្រៀង ថ្លែង​ប្រាប់ VOA៖

«វា​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ខ្មែរ​ហ្នឹង​ ដើម្បីការ​គាំទ្រ​នូវ​ដំណោះស្រាយ​របស់​វា​ចំពោះ​ ដែន ហៅថា​ជម្លោះ​ចិន​នៅ​ក្នុង​ដែន​សមុទ្រ​ សមុទ្រ​ចិនជាមួយ​និង​ប្រទេស​នានា​ក្នុង​តំបន់។​ ដូច្នេះ​វា​មក​ស្រុក​ខ្មែរ​ហ្នឹង​វា​មក​រក​ការ​គាំទ្រ​ហ្នឹង​បាទ»។

ប្រទេស​ចំនួន​បួន​ផ្សេង​ទៀត​ ក៏​កំពុង​ទាមទារ​កាន់កាប់​ទីប្រជុំ​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ដែរ។​ ប្រទេស​ទាំង​នោះ​ រួម​មាន​ ប្រទេស​ ប្រ៊ុយណេ​ ម៉ាឡេស៊ី​ កោះ​តៃវ៉ាន់​ និង​វៀតណាម។​ ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​ ឆ្លង​កាត់​សមុទ្រ​ចិន​ខាង​ត្បូង​ ​គឺ​មាន​ចំនួន​ ៥.០០០​លាន​លាន​ដុល្លារ។​ ​ ​

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ លោក​ វ៉ាង​ យី ​បាន​ថ្លែង​ថា​ ប្រទេស​ចិន​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​អប់រំ​ និង​សុខាភិបាល។​ លោក​បញ្ជាក់​ថា ចិន​នឹង​ជួយ​កម្ពុជា​ឲ្យ​ទទួល​បាន​ការ​អភិវឌ្ឍន៍​កាន់​តែ​ខ្លាំង​ថែម​ទៀត​ទៅ​ថ្ងៃ​អនាគត។​ លើស​ពី​នេះ​ទៅ​ទៀត​ ​ លោក​ ​វ៉ាង​ យី ឲ្យ​ដឹង​ដែរ​ថា​ ចិន​នឹង​ជួយ​កម្ពុជា ក្នុង​វិស័យ​វប្បធម៌​ផង​ដែរ​ ដោយ​ចិន​សន្យា​ថា​ នឹង​ជួយ​ជួស​ជុល​ប្រាសាទ​មួយ​ចំនួន​របស់​ខ្មែរ៕​

XS
SM
MD
LG