ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បង្កើន​ការ​ត្រួតត្រា​របស់ខ្លួន​ក្នុង​ដែន​សមុទ្រ​ចិនខាង​ត្បូង​ដែល​មាន​ជម្លោះ​


(រូបភាព​ឯកសារ​) ក្រុមល្បាត​ឆ្នេរ​សមុទ្រ​ចិន​ រំកិល​ខិតចូល​ក្រុម​នេសាទ​ហ្វីលីពីន​ ស្របពេល​ដែល​ពួកគេ​មានការ​ប្រឈម​ដាក់គ្នា​ក្នុងតំបន់​ Scarborough Shoal ក្នុង​ដែន​សមុទ្រ​ចិនខាង​ត្បូង​ ដែល​ហ្វីលីពីន​ក៏​បានចាត់​ទុកជា​ដែន​សមុទ្រ​ខ្លួនដែរ។ រូបភាព​ថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ​២០១៥។
(រូបភាព​ឯកសារ​) ក្រុមល្បាត​ឆ្នេរ​សមុទ្រ​ចិន​ រំកិល​ខិតចូល​ក្រុម​នេសាទ​ហ្វីលីពីន​ ស្របពេល​ដែល​ពួកគេ​មានការ​ប្រឈម​ដាក់គ្នា​ក្នុងតំបន់​ Scarborough Shoal ក្នុង​ដែន​សមុទ្រ​ចិនខាង​ត្បូង​ ដែល​ហ្វីលីពីន​ក៏​បានចាត់​ទុកជា​ដែន​សមុទ្រ​ខ្លួនដែរ។ រូបភាព​ថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ​២០១៥។

រដ្ឋាភិបាល​ទីក្រុងប៉េកាំង​បានបោះ​ជំហាន​ឈានដល់​ចំណុច​នៃការ​ប៉ុនប៉ង​ត្រួតត្រា​ដែន​សមុទ្រ​ចិនខាងត្បូង​ដែលមាន​ជម្លោះ​បន្ទាប់​ពីបាន​ផ្គាប់ចិត្ត​គូ​ប្រជែង​នានា​របស់ខ្លួន​ ដោយ​ផាត់ចោល​រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន​ និង​កសាង​កោះ​សិប្បនិម្មិត​ជាច្រើន​ត្រៀមរួច​ជាស្រេច​សម្រាប់​ឈរ​ជើង​ទីតាំង​អាវុធ​ធុនធ្ងន់។

ប្រទេសចិន​នឹង​អាច​រក្សា​ទុក​កង​វរសេនាធំ​នៃ​យន្តហោះ​ចម្បាំង​ចំនួន​បីលើ​កោះ​សប្បនិម្មិត​ទាំងបីដែលខ្លួន​បាន​សាងសង់​ក្នុងដែន​សមុទ្រ​ចិន​ខាង​ត្បូង នេះបើ​យោងតាម​របាយការណ៍​របស់​ក្រសួងការពារ​ប្រទេស​ នៅថ្ងៃ​ទី៦ ខែ​មិថុនា។ ចិន​នឹង​ប្រើប្រាស់​តំបន់​ទាមទារ​ដែលមាន​ទំហំ ១,២៩៤ ហិកតា នៅ​ក្នុង​ដែន​សមុទ្រ​ដែល​មាន​ទំហំសរុប ៣,៥លាន​គីឡូ​ម៉ែត្រការ៉េ​ ដើម្បី​យកទៅ​ធ្វើ​ជាទីតាំង​យោធា​ នេះបើ​តាមការព្យាករណ៍​របស់​ក្រុមអ្នក​ជំនាញ​កាលពី​ខែ​មីនា។

ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​រុស្ស៊ី​

សញ្ញា​មួយ​ទៀត​នៃ​ការ​បន្ថែម​ការ​គ្រប់គ្រង​នៅ​ក្នុង​ដែន​សមុទ្រ​នេះ ទីភ្នាក់​ងារសារ​ព័ត៌មាន​ Xinhua ផ្លូវការ​របស់ចិន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា នាវា​ពិឃាត​ នាវា​ចម្បាំង​ នាវា​ជំនួយ​និង​ឧទ្ធម្ភាចក្រ​របស់ចិន​បាន​ធ្វើ​សម​យុទ្ធ​យោធា​ដ៏​ធំ​និង​មាន​រយៈពេល​យូរ​រួម​គ្នា​ជាមួយ​ក្រុមនាវា​ចម្បាំង​រុស្ស៊ី​ក្នុង​ដំណាក់កាល​ទី១​ ដែល​ចាប់​ផ្តើមធ្វើ​នៅ​ក្នុង​ដែន​សមុទ្រ​ចិនខាង​ត្បូង។ ប្រទេស​រុស្ស៊ី​ ជា​ប្រទេស​ទី២​ និង​ប្រទេសចិន​ជាប្រទេសទី៣​ដែលមាន​កងកម្លាំង​យោធាធំ​ជាងគេ​ក្នុងលោក។

លោក​ Collin Koh ជាអ្នក​ស្រាវជ្រាវ​សន្តិសុខ​ដែន​សមុទ្រ​នៃ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា​ Nanyang ក្នុង​ប្រទេស​សិង្ហបុរី​ បាន​ថ្លែង​ថា៖«ខ្ញុំគិត​ថា យើង​អាច​នឹង​ដឹង​ដោយ​មិនចាំបាច់​គេប្រាប់​ គឺថា​គ្មាន​វិធីណា​អាចបញ្ឈប់​ចិន​បាន​នោះ​ទេ។ ហើយ​ខ្ញុំគិតថា​ វា​ជា​ការ​ពិត​ដែល​ចិន​ជាតួអង្គ​សំខាន់​នៅ​ក្នុង​រឿង​នេះ​ជាង​អាមេរិក»។

ការ​ត្រួតត្រា​តំបន់​ខ្សែ​បន្ទាត់​ឆ្នូត​ទាំង៩​នៃ​ព្រំដែន​សមុទ្រ

ការ​កើន​ឡើង​នៃ​ការ​ត្រួតត្រា​របស់​ចិន​នៅ​ក្នុង​ដែន​សមុទ្រ ដែល​មាន​ប្រទេស​៥ផ្សេង​ទៀត​ក៏​បាន​ធ្វើការ​ទាមទារ​ផងដែរនោះ​ គឺ​បន្ទាប់​ពី​រយៈ​ពេលមួយ​ឆ្នាំនៃ​ចំណង​ការទូត​ដ៏តានតឹង​ជាមួយ​នឹង​ប្រទេស​ទាំងនោះ​ និង​រយៈពេល​១ទសវត្សរ៍​នៃការ​ចាក់​ដីបំពេញ​តាមកូន​កោះ៥០០​តូចៗ​សម្រាប់​ជាមូលដ្ឋាន​ក្នុង​ការកសាង​សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា។

លោក​ Gregory Poling នាយក​ផ្នែក​តម្លាភាព​ដែន​សមុទ្រ​អាស៊ី​ប្រចាំនៅ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​និង​សិក្សា​អន្តរជាតិ​បាន​ថ្លែង​ថា៖«ចិន​អាច​នឹង​សម្រេច​ចិត្ត​ថា តើ​នឹង​មាន​អ្វី​កើតឡើង​ក្នុង​តំបន់​ខ្សែ​បន្ទាត់​ឆ្នូត​ទាំង​៩នៃ​ព្រំដែន​សមុទ្រ ឬNine-Dash Line ដែល​គ្រប​ដណ្តប់​ជាង៩០​ភាគរយ​នៃដែន​សមុទ្រ​ទាំងមូល។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹងសំអាង​លើប្រវត្តិ​ដែល​ខ្លួនធ្លាប់​ប្រើប្រាស់​ដែន​សមុទ្រ​នោះ​ជាមូល​ដ្ឋាន​ក្នុងការ​ទាមទារ​នេះ។

ប្រទេស​ព្រុយណេ​ កោះតៃវ៉ាន់​ វៀតណាម​ និង​ហ្វីលីពីន​សុទ្ធតែ​បានហៅ​ផ្នែកនៃ​ដែនសមុទ្រ​ទាំងនោះ​ជារបស់ខ្លួន​ ដែល​ត្រួតស៊ី​លើតំបន់​ខ្សែ​បន្ទាត់​ឆ្នូត​ទាំង​៩នៃ​ព្រំដែន​សមុទ្រ។ ប្រទេស​ទាំងនេះ​ គិតថា​ដែនសមុទ្រ​នេះសម្បូរ​ដោយ​ធនធាន​មច្ឆជាតិ​ ប្រេង​ឥន្ធនៈ​ និង​ផ្លូវនាវាចរ​ក្នុង​សមុទ្រ។

ការ​គ្រប់គ្រង​ដោយ​ប្រទេស​ចិន​ទាំងស្រុង​

លោក​ Poling បាន​ថ្លែង​ថា៖«ខ្ញុំគិត​ថា គោល​ដៅ​នៅពេល​នេះ​ គឺចិន​ចង់ពង្រីក​ការត្រួតត្រា​របស់ខ្លួន​លើ​តំបន់​ខ្សែ​បន្ទាត់​ឆ្នូត​ទាំង​៩នៃ​ព្រំដែន​សមុទ្រ​ទាំង​ស្រុង​ ដែល​នេះ​មាន​ន័យថា​ ចិន​ចង់​បង្កើត​រដ្ឋបាល​គ្រប់​គ្រង​ទៅ​លើ​តំបន់ដែលចិន​ទាមទារ​ រាប់​បញ្ចូល​ទាំង​លំហ​ដែនទឹក​ និង​ដែនអាកាស​ដែលចិន​អះអាងថា​ ខ្លួន​មាន​សិទ្ធិ​គ្រប់គ្រង​លើតំបន់​នោះ​យូរ​ណាស់​មក​ហើយ»។

លោក​បានថ្លែង​ថា​៖«ដូច្នេះ​ គឺមាន​ន័យថាអ្នក​នេសាទ​នៅតំបន់​អាស៊ីអាគ្នេយ៍​ នាវាល្បាត​តាម​សមុទ្រ​ ឬនាវា​រុករក​ប្រេង​និងឧស្ម័ន​នានា​នោះ នឹង​មិន​អាច​ធ្វើ​ប្រតិបត្តិការ​ការងារអ្វី​បាន​ឡើយ​ លុះត្រា​តែ​ចិន​អនុញ្ញាត»។

កិច្ច​កាទូត​របស់ចិន​

ថ្នាក់ដឹក​នាំ​កុម្មុយនិស្ត​របស់ចិន​ បាន​បោះជំហាន​ជ្រើស​យក​កិច្ចសន្ទនា​មួយទល់​មួយ​ជាមួយ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ដែលមាន​កម្លាំង​យោធាខ្សោយ​បន្ទាប់​ពីតុលាការ​អាជ្ញា​កណ្តាល​ពិភពលោក​ចេញសាល​ដីកា​កាលពី​ខែកក្កដា​ប្រឆាំង​មូលដ្ឋាន​ច្បាប់​ដែល​ចិនទាម​ទារ។ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បានផ្តល់​ជំនួយ​ជា​ការដោះដូរ​ក្នុងការ​បំបិទមាត់​បាតុកម្ម​តវ៉ា​នឹងការ​ពង្រីក​កម្លាំង​យោធា​ក្នុង​ដែន​សមុទ្រ​របស់ខ្លួន​ នោះបើតាម​សំដីរបស់​ក្រុមអ្នក​វិភាគ។

ប្រទេសចិន​បានផ្តល់​ជំនួយ​ និង​ធ្វើវិនិយោគ​ជា​ទឹក​ប្រាក់​២៤ពាន់​លានដុល្លារ​ក្នុង​ប្រទេស​ហ្វីលីពីន​កាលពី​ឆ្នាំមុន។ ប្រទេសចិន​ក៏​បាន​បង្កើន​វិស័យ​សេវាកម្ម​របស់​វៀតណាម​តាមរយៈ​ភ្ញៀវទេសចរ​របស់ខ្លួន​ក្នុង​ប្រទេស​វៀតណាម​ខណៈពេល​ដែលខ្លួន​កំពុងតែ​ពិភាក្សាលើ​កិច្ចសហ​ប្រតិបត្តិ​ការដែន​សមុទ្រ។ ប្រទេស​ម៉ាឡេស៊ី​ ក៏បាន​ចាត់ទុក​ប្រទេសចិន​ជាអ្នក​វិនិយោគ​ និង​ជា​ដៃគូពាណិជ្ជ​កម្ម​កំពូល​ផង​ដែរ។

ស.រ.អា.​កំពុង​ងាក​ចេញពី​សមុទ្រ​ចិនខាង​ត្បូង​

ប្រទេស​អាស៊ី​អាគ្នេយ៍​តួយ៉ាង​ ប្រទេស​វៀតណាម​ និង​ហ្វីលីពីន​ធ្លាប់​សំឡឹង​រក​សហរដ្ឋ​អាមេរិក​ដើម្បី​ជាការ​ទប់ទល់​នឹង​ប្រទេសចិន។ ប៉ុន្តែ​បច្ចុប្បន្ននេះ​ លោក​ប្រធានាធិបតី​ Donald Trump ចង់ឲ្យ​ចិន​ជួយ​បញ្ឈប់កម្ម​វិធី​នុយក្លែអ៊ែរ​ និង​កាំជ្រួច​ម៉ីស៊ីល​របស់​កូរ៉េខាង​ជើង។

លោក​ Koh បាន​ថ្លែងថា៖«រដ្ឋាភិបាល​ស.រ.អា.​មើលទៅ​ហាក់បី​ដូចជា​មិនមាន​បំណង​ព្យាយាម​ប្រើប្រាស់​យុទ្ធសាស្រ្ត​អ្វី​នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិនខាង​ត្បូង​នោះ​ទេ»។

លោក​ Sean King អនុ​ប្រធាន​ជាន់ខ្ពស់​នៃស្ថាប័ន​ប្រឹក្សា​នយោបាយ​ Park Strategies នៅ​ទីក្រុង New York​ បានថ្លែងថា​ បណ្តា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ក៏មិន​បាន​ជំរុញ​ឲ្យ​អាមេរិក​ស្វះស្វែង​ដោះស្រាយ​កិច្ចការ​នេះផង​ដែរ។

លោក​ King បានថ្លែង​ថា៖«មិនមាន​ការសម្រប​សម្រួល​ក្នុងចំណោម​ភាគី​ទាមទារ​ក្រៅពី​ចិន​ឡើយ​ ហើយ​ប្រទេស​តែមួយគត់​ក្នុងចំណោម​ប្រទេស​ទាមទារ​នោះដែល​ទាមទារ​ពីចម្ងាយ​បាន​បញ្ចេញ​សកម្មភាព​របស់ខ្លួន​ចំពោះរឿង​នេះ​ នោះ​គឺ​ប្រទេស​វៀតណាម​ ដែល​បន្ទាប់​មក​ប្រទេសនេះ​មាន​អារម្មណ៍​ថា ខ្លួន​ត្រូវបាន​អាមេរិក​បោះបង់​ចោល បន្ទាប់​ពីអាមេរិកដក​ខ្លួន​ចេញ​ពីកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិកTPP​ ហេតុដូច្នេះ​ហើយសំណួរ​គឺថា តើ​អាមេរិក​ពិត​ជា​បាន​ប្តេជ្ញាចិត្ត​ជ្រោមជ្រែង​ដោះស្រាយ​បញ្ហា​នៅ​ក្នុងតំបន់នេះ​មែន​ដែរ​ឬ​យ៉ាង​ណា?»។

លោក​ប្រធានាធិបតី​ Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពីកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ TPP​ កាលពី​ខែមករា​កន្លង​ទៅ​នេះ​ ដោយ​លើក​ឡើង​ថា ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​សមាជិក​ទាំង១២​នេះ​ គឺ​អាក្រក់​សម្រាប់​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​

XS
SM
MD
LG