ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន​ប្រកាស​បញ្ជូន​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី​ទៅ​សមាជិក​អាស៊ាន


រូបឯកសារ៖ លោក សម រង្ស៊ី (ឆ្វេង)​ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថត៖ AP/Reuters)
រូបឯកសារ៖ លោក សម រង្ស៊ី (ឆ្វេង)​ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថត៖ AP/Reuters)

លោក​ ហ៊ុន សែន ក៏​បាន​សុំ​ឲ្យ​នាយក​រដ្ឋមន្រ្តី​ឡាវ​លើក​ឡើង​​​​​​អំពី​គោល​ការណ៍​អាស៊ាន និង​​គោល​ការណ៍​របស់​ឡាវ ដែល​​មិន​អនុញ្ញាត​​មាន​ឲ្យ​ប្រើប្រាស់​ទឹកដី​របស់​ខ្លួន​ប្រឆាំង​ប្រទេស​កម្ពុជា ឬ​ប្រឆាំង​ជាមួយ​ប្រទេស​ជិត​ខាង។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សាល​ដីកា​ចាប់​ខ្លួន​លោក​ សម រង្ស៊ី បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ ​ស្រប​ពេល​ដែល​លោក​ សម រង្ស៊ី ប្រកាស​ត្រៀម​ចូល​មក​កម្ពុជា​ នៅ​ដើម​ខែ​វិច្ឆិកា ខាងមុខ។

លោក​ ហ៊ុន សែន ​បាន​ប្រកាស​បែប​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​នាយក​រដ្ឋមន្ដ្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត នៅ​វិមាន​សន្ដិភាព នា​ថ្ងៃទី១២ ​ខែកញ្ញា ​ឆ្នាំ២០១៩។ លោក ​ហ៊ុន ​សែន​ បាន​តប​នឹង​ការ​លើក​ឡើង​មួយ​ចំនួន​ដែល​ថាក្រុម​លោក សម រង្ស៊ី អាច​ចូល​មក​កម្ពុជា​តាម​រយៈ​ប្រទេស​ឡាវ ថា​មិន​អាច​ជា​រឿង​ទៅ​រួច។

«ខ្ញុំ​ក៏​សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា មិនមែន​គ្រាន់តែ​ឡាវ​ទេ ទាំង​ថៃ រដ្ឋាភិបាល​ថៃ បាន​ទទួល​រួច​មក​ហើយ​នូវ​សាល​ដីកា​តុលាការ​ដើម្បី​ចាប់ខ្លួន​ជនណា​ដែល​មាន​សាល​ដីកា​តុលាការ។ យើង​ក៏​នឹង​បញ្ជូន​សាល​ដីកា​តុលាការ​នោះ​ទៅ​កាន់​ប្រទេស​ទាំងអស់ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​អាស៊ាន​របស់​យើង»។

លោក សម រង្ស៊ី ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំ​លាយបាន​ប្រកាស​ថា​លោក​នឹង​វិល​ត្រឡ​ប់​មក​ប្រទេស​កម្ពុជា​វិញ​នៅថ្ងៃទី​៩​ខែ​វិច្ឆិកា គឺ​ចំថ្ងៃ​បុណ្យឯក​រាជ្យ​ជាតិ ​ក្រោយ​ពី​លោក​បាន​និរទេស​ទៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ ដោយ​សារ​មាន​បណ្តឹង​តាម​ផ្លូវ​តុលាការប្រឆាំង​នឹង​រូប​លោក។

លោក​ ហ៊ុន សែន ក៏​បាន​សុំ​ឲ្យ​នាយក​រដ្ឋមន្រ្តី​ឡាវ​លើក​ឡើងអំពី​គោល​ការណ៍​អាស៊ាន និងគោល​ការណ៍​របស់​ឡាវ ដែលមិន​អនុញ្ញាតមាន​ឲ្យ​ប្រើប្រាស់​ទឹកដី​របស់​ខ្លួន​ប្រឆាំង​ប្រទេស​កម្ពុជា ឬ​ប្រឆាំង​ជាមួយ​ប្រទេស​ជិត​ខាង។

ក្រោយ​ការ​ស្នើ​នោះ លោក ថងលូន ស៊ីស៊ូលីត នាយក​រដ្ឋមន្រ្តី​ឡាវ​ក៏​បាន​ថ្លែងនៅ​ចំពោះ​មុខ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ជា​ភាសា​ឡាវ និង​មាន​អ្នក​បកប្រែ​ជា​ភាសាខ្មែរ​ថា៖ ««បើសិនជា​បុគ្គល​ណា​ដែល​មាន​ទោស​មក​ឆ្លង​ប្រទេស​ឡាវ សញ្ជាតិ​ណា​ក៏​ដោយ ដើម្បី​យក​ប្រទេស​ឡាវ​ជា​កន្លែង​ឆ្លង​កាត់​ដើម្បី​ទៅ​បំផ្លាញ​ប្រទេស​ផ្សេង​នោះ យើង​នឹង​ដំណើរការ​យ៉ាង​ហ្មត់ចត់ យើង​នឹង​ធ្វើការ​យ៉ាង​ហ្មត់ចត់ មិន​ឲ្យ​កើត​បញ្ហា​នេះ​ឡើង»។

VOA មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​សម រង្ស៊ី ​បាន​ទេ​ រហូត​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បត៍​នេះ។

លោក បណ្ឌិត​ មាស នី អ្នកវិភាគ​សង្គម និង​នយោបាយ លើកឡើង​ថា ការប្រកាស​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​គឺ​បង្ហាញ​អំពី​កម្រិត​នៃ​ការព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​ការវិល​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ឲ្យ​លោក សម រង្ស៊ី ចូល​ទៅ​ប្រទេស​ណាមួយ​ក្នុង​តំបន់​អាស៊ាន​នោះ​ទេ ដោយ​សារ​បារម្ភថា​អាច​មាន​ការ​គាំទ្រ​ផ្នែក​ផ្លូវ​អារម្មណ៍​ដល់​អ្នកគាំទ្រ​បក្សប្រឆាំង​នៅ​កម្ពុជា​។

ដោយឡែក​លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho) ប្រាប់ ​VOA ថា កម្ពុជា​អាច​មានការ​សហការ​រវាង​ប្រទេស​ជិត​ខាង​ ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ​ពាក់ព័ន្ធ​នឹង​ការចាប់​បញ្ជូន​ជន​មាន​ទោស​ណាមួយ​ទៅ​តាម​ការ​ព្រមព្រៀង។ លោក​បន្ត​ថា​សម្រាប់​ករណី​លោក សម រង្ស៊ី ​គឺ​ត្រូវ​បាន​រដ្ឋាភិបាល​មាន​វិធាន​ការ​ខ្លាំង​ដោយ​សារ​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ។

«ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​មួយ​ដែរ យើង​គ្រាន់​តែ​ចង់​ឃើញ​អ្នក​នយោបាយ​ទាំង​អស់​ហ្នឹង​គាត់​ងាក​រក​តុ​ចរចា​គ្នា​ទៅ​ដើម្បី​គិត​អំពី​ឧត្តម​ប្រយោជន៍​ជាតិ ឧត្តម​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ យើងកុំ​គិតអំពីផល​ប្រយោជន៍នៃ​អំណាច​ ឬក៏​ផល​ប្រយោជន៍​នយោបាយ​ជា​ធំ»។

លោក ​សម រង្ស៊ី​ បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ ក្រោយ​ពី​លោក​ទទួល​រង​បណ្តឹង​ចោទ​ប្រកាន់​ជាច្រើន​ករណី​ពី​សំណាក់​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា។

រហូត​មក​ទល់​ពេល​នេះលោក​ជាប់​បណ្តឹង​ចំនួន​ប្រមាណ​ដប់​បណ្តឹង ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ពី​លោក​ហេង​ សំរិន ប្រធាន​រដ្ឋ​សភា លោក ​ហោ ណាំហុង ​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​បណ្តឹង​ពី​លោក​ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។ តុលាការ​កម្ពុជា​បាន​កោះ​ហៅ​លោក​ សម រង្ស៊ី ជាថ្មី​ទៀត ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃដើម​ខែ​តុលា​ខាង​មុខ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG