ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ឌី វិជ្ជា កូនសពលោក ហុក ឡងឌី ដែលជាអតីតស្នងការនគបាលជាតិ រួមគ្នាប្តឹងលោក សម រង្ស៉ី ប្រធានស្តីទីគណបក្សជំទាស់ដែលមានសញ្ជាតិបារាំង ទៅកាន់តុលាការបារាំង ទាក់ទងនឹង «បទបរិហាកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល»រឿងការចោទថាសម្លាប់លោក ហុក ឡងឌី ដែលត្រូវគេដឹងថាបានស្លាប់ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីឆ្នាំ ២០០៨ លោក សម រង្ស៊ី ថាលោកមិនខ្លាច ហើយស្វាគមន៍ តែបានចាត់ទុកការប្តឹងរបស់លោក ហ៊ុន សែននេះថាជាការប៉ុនប៉ងរារាំងមិនឲ្យលោកវិលទៅកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៩ ពីការនិរទេសខ្លួនរយៈពេល៤ឆ្នាំ នៅក្រៅប្រទេស។
«ខ្ញុំថានេះគ្រាន់តែជាល្បិចរបស់លោក ហ៊ុន សែន។ លោក ហ៊ុន សែន គាត់ភ័យស្លន់ ស្លោ បន្ទាប់ពីខ្ញុំបានប្រកាសថាខ្ញុំនឹងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះគឺគាត់ភ័យមែនទែនដូច្នេះគឺគាត់ដាក់ពាក្យបណ្តឹងយ៉ាងប្រថុចញ៉ុច តក់ក្រហល់នេះដើម្បីធ្វើម៉េចឲ្យខ្ញុំហ្នឹងជាប់ការងារនៅប្រទេសបារាំង តតាំងជាមួយគាត់ តាមនីតិវិធីតុលាការនៅប្រទេសបារាំងហ្នឹងគ្រាន់តែជាល្បិចទេ។ ខ្ញុំសុំប្រកាសប្រាប់ ទៅលោកហ៊ុន សែនវិញ ខ្ញុំឲ្យមេធាវីខ្ញុំដោះស្រាយបញ្ហានេះ ឲ្យក្តាប់សំណុំរឿងនៅ ចំពោះមុខតុលាការបារាំងនេះ ខ្ញុំអត់បារម្ភទាល់តែសោះ។ ខ្ញុំមានជំនឿថាលោក ហ៊ុន សែននឹងបរាជ័យហើយ តែរឿងនេះមិនមែនជារឿងសំខាន់ប៉ុន្មានទេ រឿងដែលសំខាន់ គឺខ្ញុំវិលត្រឡប់ទៅប្រទេសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ ដូច្នេះខ្ញុំសូមបញ្ជាក់ ថាអត់មានអ្វីប្រែប្រួលទេ ទោះជាលោក ហ៊ុន សែនប៉ុនប៉ងចង់ឲ្យខ្ញុំនៅជាប់ការងារ នៅប៉ារីសរឿងតុលាការនេះ តែខ្ញុំប្រកាសថាអត់មានអីប្រែប្រួលទេ សូមជម្រាបបងប្អូន ជនរួមជាតិទៅប្រទេសកម្ពុជា គម្រោងរបស់ខ្ញុំនេះគឺអត់មានអីប្រែប្រួលទេថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៩នៅសល់ពីរខែកន្លះនេះគឺខ្ញុំនឹងវិលមកដល់ប្រទេសកម្ពុជាវិញហើយ»។
លោក សម រង្ស៉ី បន្ថែមថា ការដាក់ពាក្យបណ្តឹងរបស់លោក ហ៊ុន សែន ទៅតុលាការ បារាំងនៅក្នុងទីក្រុងប៉ារីសដែលជាគេហដ្ឋានរបស់លោក សម រង្ស៉ី ស្នាក់នៅបន្តជីវិត នយោបាយក្រៅប្រទេសនេះនឹងនាំឲ្យលោកអាចតតាំងគ្នានៅក្នុងតុលាការមួយ ដោយឯករាជ្យ។
«ខ្ញុំសប្បាយចិត្តមែនទែន។ខ្ញុំស្វាគមន៍ពាក្យបណ្តឹងលោក ហ៊ុន សែន នេះពីព្រោះវាជា ឳកាសដ៏កម្រ ជាលើកទី១ ហើយដែលខ្ញុំនឹងតតាំងជាមួយនឹងលោក ហ៊ុន សែននៅ ចំពោះមុខតុលាការបារាំងដែលជាតុលាការឯករាជ្យ។ កាលពីមុនពាក្យបណ្តឹងលោក ហ៊ុន សែនជាពាក្យបណ្តឹងលេងសើចចំពោះមុខតុលាការអាយ៉ងរបស់គាត់ អាហ្នឹង គាត់ច្បាស់ជាឈ្នះហើយ គាត់ថាម៉េច គាត់ចោទអីហ្នឹងគឺចៅក្រមដែលចាំតែស្តាប់ បញ្ជាគាត់ហ្នឹងគឺឲ្យគាត់ត្រូវ ឲ្យត្រូវជានិច្ច ឲ្យត្រូវរហូតឲ្យគាត់ឈ្នះជានិច្ច ឲ្យខ្ញុំចាញ់ជានិច្ចតែម្តងនេះយើងមកតតាំងគ្នានៅចំពោះមុខតុលាការបារាំង តុលាកាឯករាជ្យ នឹងទាល់តែមានភសត្តុតាងត្រឹមត្រូវ ទាល់តែមានការលាតត្រដាងការពិត មិនអាច និយាយតាមតែចិត្តដូចគាត់ធ្លាប់តែធ្វើនៅក្នុងប្រទេសកម្ពុជាទេ»។
អង្គភាពព័ត៌មាន Fresh News គាំទ្ររដ្ឋាភិបាលបានផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពីការដាក់ពាក្យបណ្តឹងដ៏កម្រតាមរយៈ មេធាវីបារាំងបីរូប គឺឈ្មោះ Luc Brosselet និង Frederic Doyez ហើយនឹង Didier Leick នោះគឺដោយសារលោក សម រង្ស៉ី បានបង្ហោះសារតាមទំព័រហ្វេប៊ុករបស់លោក និង សម្ភាសជាមួយ VOA ដោយបានមួលបង្កាច់ថាលោកនាយករដ្ឋមន្ត្រីបានសម្លាប់ និងជាមេក្លោងសម្លាប់លោកហុក ឡងឌី ជាអតីតអគ្គស្នងការនគបាលជាតិ សម្លាប់ លោក ជា វិជ្ជា ប្រធានសហជីពដ៏ល្បីល្បាញនិងចុងក្រោយភូតកុហកអំពីមូលហេតុ នៃការស្លាប់របស់លោក ហុក ឡងឌីដោយសារការធ្លាក់យន្តហោះដោយរន្ទះបាញ់នោះ ទៅជាការដាក់គ្រាប់បែកបង្កប់ទៅវិញ។
ដោយឡែក អង្គភាពព័ត៌មាន Fresh News បានផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មាន របស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនរគរបាលជាតិដែលជាកូនសព លោក ហុក ឡងឌី និងជាកូនប្រសារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ដោយបានបញ្ជាក់ថា លោក ឌី វិជ្ជា បានប្តឹងលោក សម រង្ស៊ី តាមរយៈមេធាវីដដែល ផងនោះ គឺដោយសារ លោក សម រង្ស៉ី បានផ្សព្វផ្សាយសារតាមហ្វេសប៊ុកចោទ ប្រកាន់លោក ឌី វិជ្ជាដោយបំពាននិងខុសស្រឡះថា លោកឌី វិជ្ជា បានជឿថាឳពុក លោកត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្លាប់។ ហើយសេចក្តីប្រកាស ព័ត៌មាននោះបានបន្តថា លោក សម រង្ស៊ី បានអះអាងដោយមួលបង្កាច់ថា លោក ឌី វិជ្ជា មានចេតនាសងសឹក ចំពោះការសម្លាប់ឳពុករបស់ខ្លួន ហើយដើម្បីសម្រេច កិច្ចការនេះលោកឌី វិជ្ជា ត្រូវរៀបចំផែនការសងសឹកនេះ ដោយរួមដៃជាមួយរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃដែលកំពុងកាន់តំណែង គឺត្រូវគេស្គាល់ថាជាលោកឧបនាយករដ្ឋមន្ត្រី ស ខេង ដែលគេដឹងថាបានដាក់ពាក្យប្តឹងលោក សម រង្ស៉ីក្នុងប្រទេសកាលពីខែ កក្កដាពីបទញុះញង់ បំបែកបំបាក់ឬបំភ្លៃការពិតដោយទារសំណង១លានដុល្លារ។
លោក គល់ បញ្ញា មន្ត្រីអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហើយជាអ្នកឃ្លាំ មើលស្ថានការណ៍កម្ពុជាម្នាក់បានថ្លែងថា អ្នកនយោបាយកំពុងបន្ថែមភាពតានតឹងរវាងគ្នាទៅវិញទៅមកដោយសារភាពស្មុគស្មាញខាងនយោបាយមិនទាន់ដោះ ស្រាយផងបានយករឿងប្តឹងផ្តល់គ្នាបន្ថែមមួយជាន់ទៀត។
«ស្ថានការណ៍ហ្នឹងវាពាក់ព័ន្ធទៅនឹងរឿងបញ្ហាធ្លាក់ចុះប្រជាធិបតេយ្យ ការធ្វើឲ្យមាន ការបោះឆ្នោតមួយមិនមានការចូលរួមពីគណបក្សប្រឆាំង។ រឿងហ្នឹងហើយដែលចេះ តែនាំឲ្យមានបញ្ហាទំនាស់ហ្នឹង ដោយសារតែការរំលាយគណបក្សសង្គ្រោះជាតិ ការដកសិទ្ធិនយោបាយ ការចាប់ឃុំឃាំងមេដឹកនាំគណបក្សប្រឆាំង ហើយនឹងមន្ត្រីរបស់ គណបក្សប្រឆាំងហ្នឹង អីចឹងហើយបានវារាលដាលផ្នែកខាងទំនាស់ នយោបាយហ្នឹង កាន់តែជ្រាលជ្រៅទៅៗ អីចឹងទេបានជាមានការចោទប្រកាន់គ្នាទៅវិញទៅមកពីរឿង ថាម្នាក់ៗសុទ្ធតែមានកំហុស ឬក៏មានការប្រព្រឹត្តបទល្មើសតាមការចោទប្រកាន់គ្នា ទៅវិញទៅមកហ្នឹង នេះគឺជាបញ្ហា»។
លោក គល់ បញ្ញា បានបន្ថែមថាពាក្យបណ្តឹងនេះ ហាក់ដូចជាភាគីទាំងពីរយល់ស្រប គ្នាថាតុលាការបារាំងអាចរកយុត្តិធម៌ជូនភាគីទាំងសងខាងបាន តែយ៉ាងណាលោក បញ្ជាក់ដែរថានេះជាស្ថានការណ៍វិវត្តន៍ថ្មីមួយគួរឲ្យចាប់អារម្មណ៍ពីការប្តឹងផ្តល់នៅ ក្នុងតុលាការកម្ពុជា ឈានទៅដល់តុលាការប្រទេសបារាំង ក្រោយពេលដែលក្រុម ជំទាស់មិនអាចនៅស្ងៀមពេលគណបក្សកាន់អំណាចមិនផ្តល់ភាពស្របច្បាប់ឲ្យ គណបក្សសង្គ្រោះជាតិចូលរួមក្នុងការបោះឆ្នោតដោយត្រឹមត្រូវនោះ។
លោក សម រង្ស៉ី និងមេដឹកនាំគណបក្សជំទាស់ដ៏ទៃទៀតបានរងនូវបណ្តឹងរបស់មន្ត្រី បក្សកាន់អំណាចពីបទបរិហាកេរ្តិ៍ព្រហ្មទណ្ឌ មូលបង្កាច់ការពិតជាដើមលើរឿងរ៉ាវ ជាច្រើនរួមទាំងបញ្ហាទាក់ទងនឹងការស្លាប់របស់លោកនាយឧត្តមសេនីយ៍ ហុក ឡងឌី ដ៏មានឥទ្ធិពលខ្លាំង ដែលបានស្លាប់ក្នុងការផ្ទុះធ្លាក់យន្តហោះឧទ្ធម្ភាចក្រ ដែលគេអះ អាងថា រន្ទះបាញ់កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨ចំថ្ងៃបុណ្យឯករាជ្យជាតិ ហើយនឹង រងពាក្យបណ្តឹងជាច្រើនទៀតពីមន្ត្រីគណបក្សកាន់អំណាច។ មេដឹកនាំមួយរូបនៃគណ បក្សជំទាស់គឺលោក សម រង្ស៉ីបានប្រកាសដោយក្លាហានលើទំព័រហ្វេសប៊ុក របស់ លោកនៅថ្ងៃនេះ ដង្ហោយហៅឲ្យលោកនាយករដ្ឋមន្ត្រីដាក់ពាក្យប្តឹងលោកដែរ ដែល លោកចោទប្រកាន់។ ក្នុងនោះ មានដូចជា រឿងឃាតកម្មលោក ជា វិជ្ជា ឃាតកម្ម លោកបណ្ឌិតកែម ឡី និងឃាតកម្មលើអ្នកស្រីពិសិដ្ឋ ពិលីកា។ គេគ្មានឃើញការឆ្លើយតបនៅឡើយទេពីមន្ត្រីរដ្ឋាភិបាលចំពោះរឿងនេះ។
មន្ត្រីអ្នកតាក់តែងច្បាប់នៃគណបក្សជំទាស់ខ្លះអះអាងថាការបញ្ចេញមតិរបស់លោកសម រង្ស៉ី ជាការបញ្ចេញមតិផ្នែកនយោបាយ ហើយនៅប្រទេសបារាំង ជាឧទាហរណ៍ នេះគឺជាបទល្មើសរដ្ឋប្បេវេណី មិនមែនជាបទល្មើសព្រហ្មទណ្ឌឬបទល្មើស ញុះញង់ ឲ្យមានហិង្សា ព្រហ្មទណ្ឌ ដូចនៅក្នុងប្រទេសកម្ពុជាដែលតុលាការក្នុងប្រទេសតែងចោទប្រកាន់មកលើក្រុមជំទាស់កន្លងមកនោះទេ ហើយទទូចថាតុលាការនិងស្ថាប័ន យុត្តិធម៌កម្ពុជាត្រូវរៀនសូត្រនិងពិនិត្យឡើងវិញ។
ទោះជាយ៉ាងណា ថ្លែងប្រាប់ VOA តាមទូរស័ព្ទពីប្រទេសអូស្ត្រាលី កាលពីថ្ងៃអង្គារ ភ្លាមៗក្រោយពីលោកនាយករដ្ឋមន្ត្រីដាក់ពាក្យបណ្តឹង លោក សមរង្ស៉ីអះអាង ថាលោកនឹងសុំមេធាវីរបស់លោកតតាំងជាមួយពាក្យបណ្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងប្រទេសបារាំងដោយមិនខ្លាចនោះទេ។
មេដឹកនាំមួយរូបគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយហើយកំពុងនិរទេសខ្លួនគឺលោកសម រង្ស៊ី បានបញ្ជាក់ជាថ្មីដោយផ្ទាល់មាត់ថាលោកនឹងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកម្ពុជាវិញដូចការកំណត់និងសម្រេចរបស់គណៈ អចិន្ត្រៃយ៍គណបក្សលោកគឺយកថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃដែលលោកវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ដើម្បីអ្វីមួយដែលលោកបានអះអាងថា នឹងស្តារប្រជាធិបតេយ្យកម្ពុជា ការពារកុំ ឲ្យប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP បាត់បង់ ហើយនឹងជួយដល់ប្រជារាស្ត្រខ្មែរដោយផ្ទាល់ពីក្នុងប្រទេសវិញ។
លោក សម រង្ស៊ី បានធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលី និងបន្តទៅកាន់ប្រទេសនូវែលសេឡង់ទៀតចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៦ខែសីហា ដើម្បីស្វែងរកការគាំទ្រនយោបាយនិងជួបជាមួយពលរដ្ឋខ្មែរនៅទីនោះពិភាក្សាបញ្ហាស្ថានការណ៍នយោបាយកម្ពុជាចុងក្រោយ ជាពិសេសការវិលត្រឡប់ ទៅកាន់ប្រទេសកម្ពុជារបស់លោកនៅថ្ងៃទី៩ ខែវិច្ឆិកាដែលជាថ្ងៃខួបលើកទី៦៦ នៃទិវាឯករាជ្យជាតិ កម្ពុជា ដែលសម្តេចឪ ព្រះបរមរតនកោដ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានដណ្តើមពីប្រទេសបារាំងកាលពីឆ្នាំ១៩៥៣ ហើយពលរដ្ឋកម្ពុជាគ្រប់គ្នាបានចងចាំពីស្នារព្រហស្ថនៃឯករាជ្យនេះ ដែលកើតឡើងដោយសារ ឯកភាពជាតិ សាមគ្គីជាតិ ការបង្រួបប្រង្រួមជាតិ ជាប្រវត្តិសាស្ត្រនេះ៕