ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម​ រង្ស៉ី ថា​មិន​ខឹង​រឿង​ភ្នាល់​ចូល​ស្រុក​ដែល​លោក​ហ៊ុន​ សែន ជា​សាក្សី​ទេ ​តែ​ថា​ចំណងជើង​ព័ត៌មាន​ VOA ជា​ការ​បំផ្លើស


រូបភាព​ឯកសារ៖ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ផ្តល់​បទសម្ភាសន៍​ដល់ VOA នៅរដ្ឋធានី វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)
រូបភាព​ឯកសារ៖ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ផ្តល់​បទសម្ភាសន៍​ដល់ VOA នៅរដ្ឋធានី វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (សាយ មុន្នី/VOA)

ការ​សរសេរ​ចំណងជើង​ថា​ លោក​សម រង្ស៊ី ខឹង លោក​ហ៊ុន សែន​រឿង​ព្រម​សុខចិត្ត​ចូលរួម​ជា​សាក្សី​ក្នុង​រឿងភ្នាល់​ចូល​ស្រុក​នៅ​ថ្ងៃទី៩ ខែវិច្ឆិកា​ ត្រូវ​លោក​សម​ រង្ស៉ី ចាត់​ទុក​ថា​ជា​រឿង​បំផ្លើស​គ្មាន​តម្លៃ។ លោក​ថា​លោក​មិន​បាន​ខឹង​ទេ។ នេះ​បើ​តាម​សារ​អេឡិចត្រូនិច​ដែល លោក ​សុខ ​ខេមរា​ ​អ្នក​យក​ព័ត៌មាន​ VOA ទទួល​បាន​ពី​លោក​សម​ រង្ស៉ី​នៅ​ថ្ងៃ​អាទិត្យ​ប៉ុន្មាន​ម៉ោង​មុន​នេះ (ម៉ោង​នៅ​អាមេរិក)។

«ខ្ញុំ​មិន​បាន​ខឹង​ទេ។ វា​គឺជា​រឿង​គួរ​ឲ្យ​អស់សំណើច​ចំពោះ​ការ​ប្រើ​ពាក្យ​បែប​នេះ។ លោក​គួរ​ពន្យល់​ស្ថានការណ៍​នេះ​តាម​មធ្យោបាយ​វៃឆ្លាត និង​ត្រឹមត្រូវ​ជាង​នេះ»។ នេះ​បើ​តាម​សារ​របស់​លោក​សម រង្ស៉ី។

លោក​សម​ រង្ស៉ី​បាន​បន្ថែម​ថា​

«ចំណងជើង​នៃ​របាយការណ៍​របស់​លោក​ដែល​និយាយ​ថា​ខ្ញុំ​ខឹង (លោក) ហ៊ុន​ សែន​អំពី​រឿង​ការ​ភ្នាល់​គឺជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​បំផ្លើស​ហួស​ការ​ពិត​ដែល​គ្មាន​តម្លៃ»។

លោក​សម​ រង្ស៉ី បាន​ពន្យល់​ថា​ការ​បំផ្លើស​ការពិត​គឺជា​ការ​ចង់​បង្ហាញ​រឿងរ៉ាវ​តាម​មធ្យោបាយ​ចង់​បង្កើត​ឲ្យ​សាធារណជន​ចាប់អារម្មណ៍ ឬរំភើប​ ហើយ​បាត់បង់​ភាព​ត្រឹមត្រូវ។

នៅ​ក្រោយ​ភ្លាមៗ​ដែល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​ព្រម​ចូលរួម​ធ្វើ​ជា​សាក្សី​ក្នុង​រឿងភ្នាល់​ជាមួយ​អ្នក​ធ្វើ​អត្ថាធិប្បាយ​គាំទ្រ​រដ្ឋាភិបាល​ម្នាក់​នៃ​ក្រុម​មួយ​ហៅថា​អង្គព្រោកប្រាជ្ញ​របស់​លោក​ខាន់ សុវណ្ណ​ដែល​ថា​លោក​ហ៊ានភ្នាល់​ដាក់​លុយ​១លានដុល្លារ បើ​លោក​ សម រង្ស៊ី ចូល​មក​ស្រុក​ខ្មែរ​នៅ​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ ដូច​ការ​កំណត់ ហើយ​ត្រូវ​ប្រគល់​លុយ​នៅ​ក្នុង​គុក​នោះ​ VOA បាន​សុំ​ធ្វើ​បទសម្ភាសន៍​ជាមួយ​លោក​សម​ រង្ស៉ី​កាលពី​ម្សិលមិញ។ នៅ​ក្នុង​នោះ​នៅ​ពេល​ VOA សួរ​លោក​អំពី​ប្រតិកម្ម និង​ការ​សម្រេចចិត្ត​យ៉ាង​ណា​រឿង​ភ្នាល់​នេះ​ និង​ការ​ធ្វើ​សាក្សី​របស់​លោក​ហ៊ុន​ សែន​ នោះ លោក​សម​ រង្ស៉ី​បាន​ថ្លែង​តាម​ការ​លើក​ដាក់​សំឡេង​វាយបក​ធ្ងន់ៗ​ថា «រឿង​អាយុជីវិត​ប្រទេសជាតិ​មិន​អាច​យក​លុយ​ទៅ​ប្តូរ​បាន​ទេ។ អ្នក​ណា​ដែល​មាន​គំនិត​ថោកទាប​បាតផ្សារ ឬ​ភ្នាល់​លុយ​ទាក់ទង​នឹង​ជីវិត​ប្រទេសជាតិ​ យើង​កុំ​ទៅ​ថោកទាប​ជាមួយ​នឹង​មនុស្ស​ថោកទាប»។

លោក​បន្ថែម​ថា​ «ខ្ញុំ​មិន​ទៅ​រវល់​អារឿង​ភ្នាល់​លុយកាក់​អី​ទេ​ ប្រទេស​យើង​មិនមែន​យក​លុយ​កាក់​យក​មក​ទិញ​ យក​មក​ប្តូរ​បាន​ទេ។ ដូច្នេះ​កុំ​ទៅ​រវល់​ថោកទាប​ជាមួយ​មនុស្ស​ថោកទាប»។

លោក​អេង​ ​ឆៃអ៊ាងអនុប្រធានគណសង្គ្រោះជាតិ បានទូរស័ព្ទមកកាន់​ VOA កាលអីថ្ងៃសៅរ៍ដែរ​ដោយពន្យល់ថា​ការដាក់ចំណងជេីងរបស់​VOA នោះ គឺជារឿងអវិជ្ជាមានសម្រាប់លោក ​សម​ ​រង្ស៉ី​ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ លោកថា លោកប្រធានសម​រង្ស៉ីមិនដែលខឹងនឹងអ្នកណា​ទេ គាត់និយាយរិះគន់ក្នុងនាមជាអ្នកនយោបាយទេ។ លោក​ សម រង្ស៊ី ដែលមិនធ្លាប់អើពើនឹងការបបួលភ្នាល់ជាមួយលោក​ ខាន់​ សុវណ្ណ នេះ បានអះអាងថា លោកមានបញ្ហាជាតិធំៗជា​ច្រើនត្រូវគិតគូ​ មិនមែនទៅរវល់ជាមួយរឿងគ្មានសារ:សំខាន់នោះទេ។ លោក​ សម រង្ស៊ី ប្រតិកម្មដូច្នេះ ក្រោយពេលលោក​ខាន់​ សុវណ្ណ បានបង្កើតគំនិតភ្នាល់ជាមួយលោក​ សម រង្ស៊ី បើលោក​ សម រង្ស៊ី ពិតជាចូលមកកាន់ប្រទេសកម្ពុជាពីការនិរទេសខ្លួននៅក្រៅប្រទេសមែន។ លោក​ សម រង្ស៊ី ប្រកាសជាថ្មីនិងប្រើពាក្យគំរោះគំរើយវាយប្រហារលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ថាជាជនក្បត់ជាតិ ​ដែលលោកថានឹងចូលទៅចាប់លោក​ហ៊ុន​សែនដេីម្បីផ្តន្ទាទោស។ លោកថាលោកនឹងនៅតែវិលត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃ៩ ខែវិច្ឆិកា ចំថ្ងៃបុណ្យឯករាជ្យដែលសម្តេចឪបាន ដណ្តេីមពីបារាំងកាលពីឆ្នាំ១៩៥៣​ ដោយគ្មានការរាថយទេ​ ទោះជាអាជ្ញាធរនិងលោកនាយករដ្ឋមន្ត្រីគំរាមចាប់លោកក្តី។ លោ​ក សម​ រង្ស៉ីជាប់ក្តីច្រេីននៅតុលាការ ពីបទព្រហ្មទណ្ឌជាមួយក្រុមមេដឹកនាំគណបក្សកាន់អំណាចនៅតុលាការក្នុងប្រទេសនិងបរិហារកេរ្តិ៍នៅតុលាការបារាំង។

XS
SM
MD
LG