ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា៖ អាមេរិក​ប្រកាន់​យក​​តួនាទី​គ្រប​ដណ្តប់​ជា​ការ​ឆ្លើយ​តប​នឹង​​របាយការណ៍​សិទ្ធិ​មនុស្ស


រូបឯកសារ៖ ទង់ជាតិ​ខ្មែរ និង​ទង់ជាតិ​អាមេរិក​ត្រូវបាន​ដាក់​តាំង​អម​គ្នា​នៅ​តំបន់​ទីប្រជុំជន​នៅ​ទីក្រុង​ឡូវែល​សហរដ្ឋ​អាមេរិក ដែលមាន​ជនជាតិ​ខ្មែរ​រស់នៅ​ប្រមាណ​៣០.០០០នាក់។
រូបឯកសារ៖ ទង់ជាតិ​ខ្មែរ និង​ទង់ជាតិ​អាមេរិក​ត្រូវបាន​ដាក់​តាំង​អម​គ្នា​នៅ​តំបន់​ទីប្រជុំជន​នៅ​ទីក្រុង​ឡូវែល​សហរដ្ឋ​អាមេរិក ដែលមាន​ជនជាតិ​ខ្មែរ​រស់នៅ​ប្រមាណ​៣០.០០០នាក់។

ក្រសួង​ការបរទេស​កម្ពុជា​បាន​អះអាង​ថា សហរដ្ឋ​អាមេរិក​ប្រើ​តួនាទី​«គ្រប​ដណ្តប់​លើ​គេ» ក្រោយ​ក្រសួង​ការបរទេស​អាមេរិក​បាន​ចេញ​ផ្សាយ​របាយការណ៍​ស្តី​ពី​ស្ថានភាពសិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​២០២០​។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​អាមេរិក ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែមីនា ដោយ​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​ធ្លាក់​ចុះ​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ និង​សិទ្ធិ​មនុស្ស​ជា​ដើម។

ជា​ការ​ឆ្លើយ​តប នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​ចុះ​ថ្ងៃ​ទី​២ ខែ​មេសា ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជាបាន​លើក​ឡើង​ថា​«​ដោយ​គ្មាន​អាណត្តិ​ជាក់ស្តែង​ណា​មួយ​ដែល​ផ្តល់​ដោយ​អង្គការ​សហ​ប្រជាជាតិ សហ​រដ្ឋ​អាមេរិក​តែង​តែ​ប្រកាន់​យក​តួនាទី​គ្រប​ដណ្តប់​លើ​គេ​នៅ​ក្នុង​ការ​រិះ​គន់​ជា​ឯកតោ​ភាគី​និង​តាម​អំពើ​ចិត្ត​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ដទៃ​ទៀត»។

កម្ពុជា​បញ្ជាក់​ថា៖ «របាយ​ការណ៍​ខ្វះ​ភាព​សត្យានុម័តិ​និង​មាន​ការ​ខ្វះខាត​ធ្ងន់​ធ្ងរ​ស្តី​ពី​ភាព​ត្រឹម​ត្រូវ​នៃ​កត្តា​ទិន្នន័យ​និង​បច្ចុប្បន្នភាព​ព័ត៌មាន»។

ក្រសួង​ការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ទៀត​ថា​ស្ថាប័ន​ណា​ក៏​ដោយ​នៅ​សហរដ្ឋ​អាមេរិក​ដែល​មាន​បំណង​វាយ​តម្លៃ​ប្រទេស​កម្ពុជា​មិន​គួរ​បិទ​ភ្នែក​ចំពោះ«​បំណុល​សីល​ធម៌​ដ៏​ច្រើន​សន្ធឹក​សន្ធាប់»ដែល​អតីត​រដ្ឋ​ការ​បាន​ជំពាក់​កម្ពុជានិង​ប្រជាពលរដ្ឋ​កម្ពុជា ទាក់​ទង​នឹង​ការ​ទម្លាក់​គ្រាប់​បែក​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា៖ «អ្វី​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​នោះ របាយ​ការណ៍​ប្រចាំ​ឆ្នាំ​នេះ មិន​បាន​លើក​ឡើង​ពី​កំណត់​ត្រា​ស្តី​ពី​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ឯង​ទេ ​ដែល​ជា​ការ​បដិសេធ​យ៉ាង​ពិត​ប្រាកដ​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​របស់​សហរដ្ឋ​អាមេរិក​ខ្លួន​ឯង​ផ្ទា​ល់​»។

ក្រសួង​ក៏​បាន​លើក​ឡើង​ថា​អាមេរិក​«មិន​បាន​ប្រើប្រាស់​វិធីសាស្រ្ត​យុត្តិធម៌​ត្រឹមត្រូវ​មួយ​» សម្រាប់​វាយ​តម្លៃ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស។

ក្រសួង​ការបរទេស​កម្ពុជា​ក៏​បានបញ្ជាក់ជា​ថ្មី​ថា​កម្ពុជាប្តេជ្ញា​ចិត្ត «ដោយ​ឥត​ងាក​រេ​»ក្នុង​ការ​អនុវត្ត​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ប្រកាន់​យក​នីតិរដ្ឋ​និង​ការ​គោរព​សេរី​ភាព​ជា​មូលដ្ឋាន ដែល​អនុ​លោម​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ។

របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​មីនា បានបង្ហាញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ទម្រង់​នៅ​កម្ពុជា ដែល​រួម​មាន​ការ​ចាប់​ឃុំ​ខ្លួន​តាម​តែ​អំពើ​ចិត្ត​ ការ​រឹតត្បិត​សំឡេង​គណបក្ស​ជំទាស់ និង​រិះគន់​ប្រព័ន្ធ​តុលាការ​កម្ពុជា​ថា​ស្ថិត​ក្រោម​ឥទ្ធិ​ពល​នយោបាយ​។ របាយការណ៍​ដែល​ចេញ​ផ្សាយ​លើក​ទី​៤៥​របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​កត់​ត្រា​ការ​ជ្រៀត​ជ្រែក​ជីវិត​ឯកជនភាព​របស់​ពលរដ្ឋ​តាម​តែ​អំពើ​ចិត្ត​ រាប់​ទាំង​ការ​ឈ្លប​យកការណ៍​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អេឡិចត្រូនិក ការ​រឹតត្បិត​ធ្ងន់ធ្ងរ​លើ​សេរីភាព​បញ្ចេញ​មតិ សារ​ព័ត៌មាន​អ៊ីនធឺណិត ការ​ប្រើ​ហិង្សា​និង​គំរាម​កំហែង​នៃ​ការ​ប្រើ​ហិង្សា។

រូបឯកសារ៖ លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទពីបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទពីបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

នៅ​ក្នុង​របាយ​ការណ៍​ អាមេរិក​ក៏​បាន​លើក​ឡើង​អំពី​សំណុំ​រឿង​«ក្បត់​ជាតិ»​របស់​លោក​ កឹម សុខា​ មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ។ របាយការណ៍​ក៏​បាន​និយាយ​ចំៗ​សំដៅ​ទៅ​ការ​កាត់​ក្តី​លោក ​កឹម សុខា ​ក្នុង​ន័យ​ដើម​ថា​៖​«នៅ​ក្នុង​ការ​បន្ត​សវនា​ការ​ក្បត់​ជាតិ​លើ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ កឹម សុខា​ រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ថ្លែង​ដែល​ផ្ទុយ​គ្នា​ ដោយ​ពេល​ខ្លះ​ទទូច​ថា​តុលា​ការ​កាត់​សេចក្តី​ដោយ​ឯករាជ្យ​ ហើយ​ពេល​ខ្លះ​ទៀត​ និយាយ​ថា​សវនា​ការ​លើ​រូបលោក(កឹម សុខា)​ នឹង​មាន​បន្ត​ រាប់ឆ្នាំ​ ឬ​ថា​លទ្ធផល​នឹង​អាស្រ័យ​លើកត្តា​ដទៃទៀត​ ដូច​ជា​ការ​ដក​អនុ​គ្រោះ​ពន្ធ​មួយ​ផ្នែក​របស់​សហ​ភាព​អឺរ៉ុប​»​។

សំណុំ​រឿង​លោក កឹម សុខា ដែល​សវនា​ការ​ត្រូវ​បាន​ពន្យារ​ពេល​ដោយ​មិន​កំណត់​ថ្ងៃ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មាន​សហរដ្ឋអាមេរិក​នៅ​ពីក្រោយ នៅ​ក្នុង​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

លោក ​Chad Roedemeier​ អ្នកនំាពាក្យស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​បដិសេធ​មិន​ឆ្លើយ​តប​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា។​

ប្រទេស​កម្ពុជាទទួល​បាន​អត្ថ​ប្រយោជន៍​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ GSP(Generalized System of Preferences) ​ដែល​ផ្តល់​ដោយ​សហរដ្ឋអាមេរិក​។ បើ​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​អាមេរិក​បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជ​កម្ម​នៅ​ក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ ​GSP​ ដែល​ជា​ការ​ធ្វើ​ឲ្យ​កម្ពុជា​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក ​ដោយ​មិន​បង់​ពន្ធ​គយ​នូវ​ទំនិញ​ជាង​៥​ពាន់​មុខ។​ នៅ​ក្រោម GSP​ នេះ​ កម្ពុជា​បាន​នាំ​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ដែល​មាន​តម្លៃ​ជិត​១ពាន់​លាន​ដុល្លារ​ ទៅ​កាន់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩។

លោក អំ សំអាត នាយក​រង​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ថា​កន្លង​ទៅ កម្ពុជា​តែង​តែ​ច្រាន​ចោល​របាយការណ៍​នានា​ដែល​រិះគន់​ដោយអន្តរ​ជាតិ។ លោក​បន្ត​ថា​កម្ពុជា​គួរ​តែ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ចំណុច​ណា​ដែល​មាន​ការ​ខ្វះខាត ដោយ​សារ​សហគមន៍​អឺរ៉ុប​ក៏​ធ្លាប់​រិះគន់​ការ​ធ្លាក់​ចុះ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ លោក​បារម្ភ​អំពី​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ផ្តល់​ដោយ​សហរដ្ឋអាមេរិក ប្រសិន​បើ​ស្ថាន​ភាព​កាន់​តែ​តាន​តឹង​។​

លោក​បញ្ជាក់​ថា៖ «អញ្ចឹង​ជា​ធម្មតា​ សហរដ្ឋ​អាមេរិក​តែង​តែ​ទាមទារ​ក្នុង​លក្ខខណ្ឌនៃ​ការ​ស្តារឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស អញ្ចឹង​បើ​សិន​ជា​មាន​ពាក្យ​ពេចន៍​ឆ្លង​ឆ្លើយ​គ្នា​ធ្ងន់​ធ្ងរ យើង​ជា​សង្គម​ស៊ីវិល​ ក៏​យើង​មាន​ការ​ព្រួយ​បារម្ភ​ទាក់ទង​នឹង​GSP​ហ្នឹង​បាទ»។

គួរ​បញ្ជាក់​ថាកាល​ពី​ខែ​សីហា ឆ្នាំ​២០២០ សហ​ភាព​អឺរ៉ុប​បាន​កាត់​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជ​កម្ម«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ»​មួយផ្នែក​ ដោយ​ចាប់​ផ្ដើម​យក​ពន្ធ​ចំនួន​២០​%​លើ​ទំនិញ​កម្ពុជា​។ នេះ​ជា​ការ​ឆ្លើយ​តប​នឹង​«ការ​រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ»​ លើ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ​ក្រោយ​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧៕

XS
SM
MD
LG