ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្រ្តី​កម្ពុជា​ហៅ​ការសម្រេច​របស់​ស.រ.អា ចាក​ចេញ​ពី​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ជា​«ការ​ដោះដៃ​មិន​ទទួល​ខុស​ត្រូវ»


លោកប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump ថ្លែង​អំពី​តួនាទី​របស់អាមេរិក​​នៅក្នុង​កិច្ច​ព្រមព្រៀង​ស្ដីពី​​ការប្រែប្រួល​អាកាសធាតុទីក្រុង​ប៉ារីស នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៧ នៅសួនកុលាប ក្នុងបរិវេណ​នៃសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (AP)​ ​

ស.រ.អា ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស​លំដាប់​ទីពីរ បន្ទាប់ពី​ប្រទេស​ចិន ក្នុង​ការ​រួម​ចំណែក​ច្រើន​ជាង​គេ​ដល់​ការ​ប្រែប្រួល​អាកាសធាតុ​​ក្នុង​ពិភពលោក។

កាល​ពី​សប្ដាហ៍​មុន​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ​បាន​ប្រកាស​អំពី​ការ​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​អំពី​ធាតុអាកាស​ជា​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​បារាំង។ ការ​សម្រេចនេះ ធ្វើ​ឲ្យ​មេដឹកនាំ​ពិភព​លោក​ជាច្រើន ខកចិត្ត។ សម្រាប់កម្ពុជា​ដែល​ជា​ប្រទេស​មួយ​ងាយ​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ការ​ប្រែប្រួល​អាកាស​ធាតុ​ មន្ត្រី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ក៏បាន​សម្ដែង​ការ​សោកស្ដាយ​ដូចគ្នា ចំពោះ​ការ​សម្រេច​របស់​ប្រធានាធិបតី​អាមេរិក​នោះ ហើយបាន​អំពាវនាវ​ឲ្យ​មាន​ការ​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​សម្រេច​ចាក​ចេញ​នេះ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ​ក្នុង​ការ​ចាកចេញ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ដោយ​ចាត់​ទុក​ថា​ ទង្វើ​នេះ​គឺជា​«ការ​ដោះដៃ​មិន​ទទួល​ខុសត្រូវ»។

កាល​ពី​សប្ដាហ៍​មុន លោក​ ត្រាំ បាន​ប្រកាស​ថា​ សហរដ្ឋអាមេរិក​(ស.រ.អា) នឹង​ចាក​ចេញ​ពី​កិច្ច​ព្រមព្រៀង​មួយ​នេះ ដែល​ការ​ប្រកាស​នេះ​ធ្វើ​ឲ្យ​មាន​ «ការ​ខកចិត្ត»​ពី​មេដឹកនាំ​ពិភព​លោក​មួយ​ចំនួន ក្នុង​នោះ​មាន​ប្រទេស​បារាំង អាល្លឺម៉ង់ និង​ប្រទេស​អ៊ីតាលី ព្រម​ទាំង​ការ​រិះគន់​ពី​អង្គការ​ដែល​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​ផង​ដែរ។​

ប្រទេស​កម្ពុជា​ដែល​ងាយ​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ មិន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ណា​មួយ​ ស្ដីពី​ការ​សម្រេច​ចិត្ត​ចាក​ចេញ​របស់​ស.រ.អា នោះ​ទេ។​

លោក​ ទិន ពន្លក អគ្គលេខាធិការ​នៃ​អគ្គ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ អភិវឌ្ឍន៍​ដោយ​ចិរភាព នៃ​ក្រសួង​បរិស្ថាន បាន​ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​សម្រេច​ចិត្ត​ចាក​ចេញ​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ គឺ​ជា​ការ​សោកស្ដាយ​មួយ ដោយសារ​អាមេរិក​ជា​ប្រទេស​មួយ​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​ នៅ​ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍។

លោក​យល់ថា ការ​សម្រេច​នេះ គឺ​ដើម្បី​គោរព​តាម​ការ​សន្យា​របស់​លោក​ ដូណាល់​ ត្រាំ​ ​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​កាល​ពី​កន្លង​ទៅ ហើយ​លោក​សន្និដ្ឋាន​ថា ​លោក​ ដូណាល់ ត្រាំ យល់​ថា​ ​ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​នេះ​ អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក។

លោក ទិន ពន្លក មាន​ប្រសាសន៍​ថា៖

«ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ កាត់បន្ថយ​ការ​ប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ហ្នឹង អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក។ អា​នេះ ខ្ញុំ​គិត​ថា ​ក្នុង​នាម​ជា​អ្នក​រក​ស៊ី ហើយ​គាត់​គិត​ឃើញ​អញ្ចឹង»។

លោក​ ទិន ពន្លក ចាត់​ទុក ការ​សម្រេច​ចាក​ចេញ​របស់​សហរដ្ឋ​អាមេរិក​នេះ ថា​ជា​ការ​គេចវេស​ពី​ការ​ទទួល​ខុសត្រូវ​មួយ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖

«ពិត​ប្រាកដ​ណាស់ អានេះ​ជា​ការ​ដោះ​ដៃ​ពី​ការ​ទទួលខុសត្រូវ ពី​ព្រោះ​បើ​យើង​មើល​ទៅ​លើ​គោល​ការណ៍​សំខាន់ៗ​នៃ​អនុសញ្ញា​ប្រែប្រួល​អាកាស​ធាតុ​ដែល​សហរដ្ឋអាមេរិក​ជា​ភាគី​ហត្ថលេខី​ដែរ​ យើង​ឃើញ​ហើយ​ថា គោល​ការណ៍ សំខាន់​មួយ គឺ​ការ​ទទួល​ខុសត្រូវ​រួម​គ្នា តែ​ក្នុង​កម្រិត​ផ្សេង​គ្នា»។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ ​ក៏​បាន​រិះគន់​សហរដ្ឋអាមេរិក​ផង​ដែរ​ថា ប្រទេស​នេះ មិន​បាន​បំពេញ​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់ ក្នុង​ការ​ចូលរួម​ជួយ​កាត់​បន្ថយ​បម្រែបម្រួល​អាកាស​ធាតុ ដូច​ជា​ការ​មិន​ផ្ដល់​សច្ចាប័ន​លើ​ពិធី​សារ​តូក្យូ ស្ដីពី​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​កាល​នោះ​អតីត​ប្រធានាធិបតីអាមេរិក លោក George W.Bush បាន​អះអាង​ថា ​កិច្ច​ព្រមព្រៀង​នេះ​ នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​អាមេរិក។

ស.រ.អា ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស​លំដាប់​ទីពីរ បន្ទាប់ពី​ប្រទេស​ចិន ក្នុង​ការ​រួម​ចំណែក​ច្រើន​ជាង​គេ​ដល់​ការ​ប្រែប្រួល​អាកាសធាតុក្នុង​ពិភពលោក។

ប្រទេស​កម្ពុជា ​បាន​ក្លាយ​ជា​សមាជិក​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ ​ស្ដីពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​ចាប់​តាំង​ពី​ឆ្នាំ១៩៩៥។ កម្ពុជា​ក៏​បាន​ផ្ដល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​បម្រែបម្រួល​អាកាស​ធាតុ នៅ​ដើម​ឆ្នាំ២០១៧។ កិច្ច​ព្រមព្រៀង​នេះ បានបញ្ជាក់​ពី​កាតព្វកិច្ច​របស់​ប្រទេស​ហត្ថលេខី​ចំនួន​១៩៥​ប្រទេស ក្នុង​ការ​កាត់​បន្ថយ និង​ធានា​កុំ​ឲ្យ​សីតុណ្ហភាព​ពិភព​លោក ​ឡើង​លើស​ពី​២អង្សា​សេ។

លោក ទិន ពន្លក មិន​ទាន់​ដឹង​ថា ​នឹង​មាន​ការ​បន្ថយជំនួយ​មក​កម្ពុជា ​ឬ​យ៉ាងណា​នោះ​ទេ។ តែ​លោក​ថា​ ការ​ផ្ដល់​ជំនួយ គឺ​ជា​សីលធម៌​មួយ​សម្រាប់​ប្រទេស​អ្នក​មាន​ ដែល​បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន។

លោក​បាន​ថ្លែង​ប្រាប់​VOAថា៖

«អ្នក​ដែល​ផ្ដល់​ជំនួយ​គឺ​ជា​កាតព្វកិច្ច​របស់​គាត់ ពីព្រោះ​បញ្ហា​ហ្នឹង​គាត់​ជា​អ្នក​ដើម​ចម​នៃ​បញ្ហា​ធំ​ការ​ប្រែប្រួល​អាកាស​ធាតុ​ហ្នឹង។ គាត់​ផ្ដល់ មិន​ផ្ដល់ អា​ហ្នឹង​ជា​ការ​ទទួល​ខុសត្រូវរបស់​គាត់ ជាពិសេស​ខាង​ផ្នែក​សីលធម៌។ ពិត​មែន​យើង​អត់​ទាន់​មាន​ច្បាប់​អន្តរជាតិ ណា​ដែល​ចង​គាត់​ ត្រូវ​តែ​ជួយ​ខ្មែរ​ប៉ុន្មាន ព្រោះ​ប្រទេស​អ្នក​មាន​ទាំងអស់​ហ្នឹង​ មិន​ដែល​ចង់​និយាយ​ទេ ពី​រឿង​ការ​សង​ទូទាត់​ការ​ខូចខាត​ប្រែប្រួល​អាកាសធាតុ»។

ប្រទេស​កម្ពុជា​បាន​ទទួល​ជំនួយ​ពី​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ប្រទេស​ស៊ុយអែត ជប៉ុន និង​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ទៀត ដើម្បី​ចូល​រួម​កាត់បន្ថយ​ឥទ្ធិពល​និង​បន្សាំ​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

លោក ទិន ពន្លក បាន​បញ្ជាក់​ថា កន្លងទៅ រដ្ឋាភិបាល​បាន​ខិតខំ​បំពេញ​ការងារ​នេះ មាន​ទាំង​ការងារ​រៀបចំ​គោល​នយោបាយ ​រៀបចំផែនការ​ កៀរគរ​ធនធាន អនុវត្ត​គម្រោង​បន្សាំ ការ​កាត់បន្ថយ​ឧស្ម័នផ្ទះ​កញ្ចក់ និង​ការ​លើក​កម្ពស់​ការ​យល់ដឹង ​ជាដើម។

ជាមួយ​ការ​សម្រេច​ចាក​ចេញ​កិច្ច​ព្រមព្រៀង​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​នេះ លោក ដូណាល់ ត្រាំ បាន​និយាយ​ថា​ លោក​អាច​ធ្វើ​ការ​ចរចា​ជា​ថ្មី​ ដើម្បី​នាំ​ស.រ.អា.​ចូល​ទៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ជា​ថ្មី​វិញ​បាន។ តែពួក​មេដឹកនាំ​ពិភព​លោក​មួយ​ចំនួន​បាន​និយាយ​ថា ពួកគេ​ជឿជាក់​យ៉ាង​មុតមាំ​ថា ​កិច្ច​ព្រម​ព្រៀង​នេះ ​មិន​អាច​ត្រូវ​ធ្វើ​ការ​ចរចា​ជា​ថ្មី​បាន​ទេ។

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​នៃ​អង្គការ NGO Forum បាន​ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិកពិចារណា​ឡើង​វិញ​សម្រាប់​កិច្ច​ព្រមព្រៀង​មួយ​នេះ។

លោក​បាន​ថ្លែង​ប្រាប់​VOAថា៖

«ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ យើង​សង្ឃឹម​ថា សហរដ្ឋ​អាមេរិក​នឹង​គិត​គូរ​ឡើង​វិញ»។

លោក តឹក វណ្ណារ៉ា បន្ត​ថា ការ​ចាកចេញ​នេះ​ អាច​នាំ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ថវិកា​នៅ​ក្នុង​មូលនិធិ​បៃតង(Green Climate Fund) និង​ប៉ះពាល់​ដល់​ការ​តាំងចិត្ត​ជា​សាកល ដើម្បី​ជួយ​ដល់​ការ​បន្សាំ និង​ការ​កាត់បន្ថយ​បម្រែបម្រួល​អាកាសធាតុ។

លោក​បញ្ជាក់​ថា​ ​នេះ​គឺជា«​នយោបាយ​ការពារ​និយម​»របស់​លោក​ ដូណាល់ ត្រាំ ដែល​លោក​ថា ​បាន​បង្ហាញ​ទៅ​កាន់​ពិភព​លោក​អំពី​ភាព​មិន​ទទួល​ខុស​ត្រូវ​របស់​អាមេរិក។

លោក​មាន​មាន​ប្រសាសន៍​ថា​៖

«បើ​យើង​និយាយ​ពី​ភាព​ទទួលខុសត្រូវ អ្នកណា​ អ្នក​បង្កើត​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ អា​ហ្នឹងត្រូវ​តែ​ចេញ​លុយ ចេញ​ធនធាន ចេញ​ទាំង​ផ្នែក​បច្ចេកទេស ហើយ​ការ​ផ្លាស់ប្ដូរ​ ទាក់ទង​នឹងបច្ចេកវិទ្យា​ឲ្យ​បាន​ច្រើន មក​កាន់​ប្រទេស​ដែល​មាន​លក្ខណៈ​ទន់​ខ្សោយ»។

លោក តឹក វណ្ណារ៉ា បាន​ឲ្យដឹងទៀត​ថា ​កន្លង​ទៅ​ កម្ពុជាបាន​រងផល​ប៉ះពាល់​ដោយសារ​បម្រែបម្រួល​អាកាសធាតុ ដូចជា​កម្រិត​ទឹក​តិច​នៅ​រដូវ​ប្រាំង ភ្លៀង​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី​ដែលប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រជា​ជ​ន​នៅ​តាម​ទីក្រុង​ និង​ជនបទ ទឹកជំនន់ គ្រោះ​រាំងស្ងួត ជំងឺប្លែកៗ និង​
កម្ដៅ​កាន់​តែ​កើន​ឡើង។

លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​បាន​ថ្លែង​ប្រាប់ ​VOA តាមរយៈ​សារ​អេឡិចត្រូនិក​ឬ​អ៊ីមែល​ថា​ ដៃ​គូ​របស់​សហភាព​អឺរ៉ុប​បាន​ផ្ដល់ប្រាក់​ជាង​១៤លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​ចាប់ពី​ឆ្នាំ​២០១៤ដល់​២០១៦។

លោក​បន្ត​ថា ​បច្ចុប្បន្ន​នេះ សហភាព​អឺរ៉ុប​បាន​ផ្ដល់​ថវិកា​ដល់​ដៃគូ​ជាង​៦លាន​៧សែនដុល្លារ​អាមេរិក ដើម្បី​ជួយ​ដល់​ការងារ​បម្រែបម្រួល​អាកាសធាតុ​នៅ​កម្ពុជា។​

អ្នកនាំពាក្យ​រង​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក David Josar បាន​ថ្លែងប្រាប់​ VOA តាមរយៈ​អ៊ីមែល​ថា សហរដ្ឋអាមេរិក តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ​របស់​ស.រ.អា USAID បាន​ផ្ដល់​ជំនួយ​ជួយ​ដល់​សហគមន៍​ជនបទ​ ដើម្បី​ត្រៀមខ្លួន និង​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​អាកាស​ធាតុ ក្នុង​នោះ​មាន​ភាព​រាំងស្ងួត និង​ទឹកជំនន់​ជាដើម។ លោក​បន្ត​ថា USAID ក៏​បាន​ផ្ដល់​ជំនួយ​ផង​ដែរ ​ក្នុង​ការ​ជួយ​ការពារ​ធនធានធម្មជាតិ​របស់​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា អ្នកនាំពាក្យ​រូប​នោះ មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ថា​តើ​នឹង​មាន​ការ​កាត់​បន្ថយ​ជំនួយ​មក​កម្ពុជា ឬ​យ៉ាង​ណា ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ ដោយ​រង់ចាំ​ការ​អនុម័ត​ថវិកា​នៅ​ឆ្នាំ២០១៨។

លោកស្រី ខឿន ឡាត់ អាយុ​៤៦ឆ្នាំ ជា​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ភូមិ​បាក់ត្រាច ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ មានប្រសាសន៍ថា ​តំបន់​ដែល​លោកស្រី​កំពុង​រស់​នៅ ​កំពុង​ជួប​ប្រទះ​ភាព​រាំងស្ងួត​ មិន​មាន​ទឹក​សម្រាប់​ធ្វើ​ស្រែ និង​ដាំ​ដំណាំ​ផ្សេងៗ និង​ប៉ះពាល់​ដល់​សុខភាព​កុមារ និង​សត្វ​ពាហនៈ។​ លោកស្រី​បារម្ភ​ថា ​បញ្ហា​នេះ​កាន់​តែ​អាក្រក់​ទៅៗ​ទៅ​ថ្ងៃ​អនាគត ។

លោកស្រី​បាន​ថ្លែង​ប្រាប់​VOA​ថា៖ «ខ្ញុំ​ព្រួយ​បារម្ភ​ ហើយ​ប្រជាពលរដ្ឋ​អត់​មាន​ទឹក​ធ្វើ​ស្រែ ប្រជាពលរដ្ឋ​ខ្ញុំ​នឹង​ក្រីក្រ​ទៅៗ ហើយ​មាន​ចំណាកស្រុក ចេញ​ពី​ស្រុក​ទៅ»។​

​កម្ពុជា​គឺជា​ប្រទេស​មួយ ដែល​ងាយ​ទទួល​រងគ្រោះ​បំផុត​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ជាក់ស្ដែង ​ផល​ប៉ះពាល់​ដោយ​សារ​ការ​ប្រែប្រួល​អាកាសធាតុ​បាន​កើត​មាន​រួច​ទៅ​ហើយ​នៅ​កម្ពុជា។ គម្រោង​ដើម្បី​ការ​អភិវឌ្ឍ​របស់​អង្គការ​សហប្រជាជាតិ​(UNDP) បាន​រក​ឃើញ​ថា​ ​ក្នុង​អំឡុង​ចន្លោះ​ឆ្នាំ​២០០៥ ​និង​ឆ្នាំ​២០១២ ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​២២.០០០នាក់​បាន​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត។

រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ជាង​៣០​ឆ្នាំ​មក​ហើយ បាន​រង​ការ​រិះគន់​ជា​បន្តបន្ទាប់​ ថា​បាន​បណ្ដែត​បណ្ដោយ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ដែល​ជា​មូលហេតុ​ចម្បង​មួយ​ដែល​រួមចំណែក​ដល់​បញ្ហា​បម្រែបម្រួល​អាកាស​ធាតុ​នេះ។ ទោះ​ជា​យ៉ាងណា រដ្ឋាភិបាល​បាន​អះអាង​ថា ខ្លួន​បាន​និង​កំពុង​ចាត់វិធានការ​លើ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​ហើយ៕

XS
SM
MD
LG