ការរាយមងនៅតំបន់មានសត្វផ្សោតរស់នៅក្នុងផ្នែកខ្លះនៃកន្លែងអភិរក្សសត្វផ្សោតនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានបណ្តាលឱ្យសត្វផ្សោតឈ្មោលមួយក្បាលដែលមានទម្ងន់ ១៦០គីឡូក្រាម បានស្លាប់។ ការស្លាប់សត្វផ្សោតចុងក្រោយនេះ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវបង្កើនការការពារពូជសត្វកម្រមួយនេះ។
ការស្លាប់ផ្សោតឈ្មោលមួយក្បាលដោយសារជាប់មងនេះ គឺជាករណីស្លាប់សត្វផ្សោតលើកទី១នៅក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសហការជាមួយអ្នកជំនាញរបស់អង្គការមូលនិធិសកលសម្រាប់ការអភិរក្សសត្វព្រៃនិងធម្មជាតិកម្ពុជា ហៅកាត់ថា WWF កម្ពុជាក្នុងពេលចុះទៅការពិនិត្យសាកសពសត្វផ្សោតដែលបានស្លាប់កាលពីថ្ងៃទី១៩ខែមីនានេះ។
បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលជលផលដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កាលពីថ្ងៃអាទិត្យ សត្វផ្សោតឈ្មោលដែលបានស្លាប់នោះមានលេខសម្គាល់ ០៥៦ អាយុ២០ឆ្នាំ និងមានប្រវែង ២,៣៨ម៉ែត្រ។សាកសពសត្វផ្សោតនេះ ត្រូវបានគេប្រទះឃើញស្លាប់នៅកន្លែងអភិរក្សសត្វផ្សោត កោះកូនសត្វ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។
រដ្ឋបាលជលផល បានបញ្ជាក់ឱ្យដឹងនៅក្នុងសេចក្តីប្រកាសចុះថ្ងៃទី១៩ ខែមីនា ថា សត្វផ្សោតនេះបានស្លាប់ដោយសារ «ជាប់នឹងមងនេសាទដែលមានស្នាមរយះផ្នែកពោះ ស្នាមជាប់មងនៅត្រង់គល់កន្ទុយ និងព្រុយចំហៀង»។ នេះបើតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF កម្ពុជា។
នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សសត្វព្រៃនិងធម្មជាតិកម្ពុជា ហៅកាត់ថា WWF កម្ពុជា លោក សេង ទៀក ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា លោកមានការសោកស្តាយជាខ្លាំងចំពោះការស្លាប់សត្វផ្សោតឈ្មោលមួយក្បាលកាលពីថ្ងៃអាទិត្យនៅក្នុងខេត្តស្ទឹងត្រែង។
លោកបានជំរុញឱ្យមានការបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវអនុក្រឹត្យថ្មីមួយដែលចេញដោយរដ្ឋាភិបាល ដើម្បីកំណត់ទីកន្លែងការពារសត្វផ្សោត និងការពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងនៅតាមតំបន់អភិរក្សសត្វផ្សោតបន្ថែមទៀត ជាពិសេសគឺការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទត្រីខុសច្បាប់ ដើម្បីការពារមិនឱ្យកើតមានគ្រោះថ្នាក់លើសត្វផ្សោតនៅថ្ងៃខាងមុខ។
លោកលើកឡើងថា៖«ខ្ញុំគ្រាន់តែស្នើរសុំឱ្យការបង្កើនទៅលើការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត នៅក្នុងតំបន់ដែលផ្សោតរស់នៅ។ ហើយទន្ទឹមនឹងហ្នឹងផងដែរ ការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធនានា ទាំងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហ្នឹងគឺជា រឿងចាំបាច់បំផុតសម្រាប់ការធានានូវនិរន្តរភាព និងការរស់នៅរបស់សត្វផ្សោតទន្លេមេគង្គ ដែលជាប្រភេទសត្វជិតផុតពូជរបស់យើងនេះ»។
លោកបញ្ជាក់ទៀតថា ករណីសត្វផ្សោតដែលស្លាប់នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃអាទិត្យកន្លងទៅនេះគឺជា សត្វផ្សោតទីមួយហើយដែលស្លាប់នៅក្នុងឆ្នាំ២០២៣នេះ។
លោកថ្លែងថា៖«ខ្ញុំមានការសង្ឃឹមថា នៅឆ្នាំ២០២៣នេះ ការស្លាប់នៃផ្សោតគឺមានការថយចុះ ហើយខ្ញុំឃើញការស្លាប់នៃផ្សោតគឺអត់មានតែម្តង ដើម្បីធានានិរន្តរភាពរបស់ផ្សោតយើងទៅអនាគត»។
លោកបានបន្ថែមថា ការដាក់ទោសទណ្ឌ ទៅលើអ្នកដែលប្រព្រឹត្តបទល្មើសនៅក្នុងដែនដែលផ្សោតរស់នៅគឺជា កត្តាសំខាន់ដើម្បីធានាសុវត្ថិភាពនៃការបម្លាស់ទីរបស់សត្វផ្សោត។
ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក វិបុល បដិសេធផ្តល់ការអត្ថាធិប្បាយដោយថា ព័ត៌មានទាក់ទិននិងការស្លាប់សត្វផ្សោតឈ្មោលខាងលើ ត្រូវបានបង្ហាញនៅក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលជលផលរួចហើយ។ វីអូអេ បានព្យាយាមសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងកសិកម្មគឺ កញ្ញា អ៊ឹម រចនា ទាំងតាមទូរស័ព្ទ និងប្រព័ន្ធទំនាក់ទំនងតេឡេក្រាម តែមិនមានការឆ្លើយតប គិតត្រឹមរសៀលថ្ងៃចន្ទនេះ។
បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលជលផល បច្ចុប្បន្នសត្វផ្សោតរងនូវការគំរាមកំហែង ដោយឧបករណ៍នេសាទ មង សន្ទូចរនង និងឧបករណ៍ឆក់។ ហេតុដូច្នេះហើយ រដ្ឋាភិបាលបានចេញអនុក្រឹតកំណត់ទីកន្លែងការពារ និងអភិរក្សសត្វផ្សោតប្រវែង១២០គីឡូម៉ែត្រ ចាប់ពីប៉ែកក្រោមស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ខេត្តក្រចេះ ដោយមិនឱ្យមានការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។
ទន្ទឹមនឹងនេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏នឹងបន្តសហការជាមួយរដ្ឋបាលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ព្រមទាំងដៃគូពាក់ព័ន្ធ បន្តពង្រឹងការការពារប្រចាំការ និងការអប់រំបន្ថែម ដល់ប្រជាពលរដ្ឋក្នុងតំបន់សត្វផ្សោត ដើម្បីចូលរួមចំណែក ធានានិរន្តរភាពនៃសត្វផ្សោតទន្លេមេគង្គ។
រដ្ឋបាលជលផលបានថ្លែងក្នុងសេចក្តីប្រកាសចុះថ្ងៃទី១៩ ខែមីនា ថា៖ «ចំពោះមុខនេះ រដ្ឋបាលជលផលបន្តសហការជាមួយរដ្ឋបាលខេត្តក្រចេះ ស្ទឹងត្រែង និងអង្គការ WWF ព្រមទាំងស្វែងរកដៃគូសហការផ្សេងទៀត ដើម្បីពង្រឹងការការពារឱ្យបានម៉ឺងម៉ាត់ថែមទៀត ដោយជ្រើសរើសឆ្មាំទន្លេបន្ថែម និងប្រមូលផ្តុំកម្លាំងយាមល្បាតជាប្រចាំ នៅក្នុងតំបន់គ្រប់គ្រងសត្វផ្សោត ដើម្បីទប់ស្កាត់ឱ្យបាននូវការប្រើប្រាស់មង និងសន្ទូចរនង ព្រមទាំងឧបករណ៍នេសាទមិនស្របច្បាប់ដទៃទៀត និងបង្កើនការអប់រំ ផ្សព្វផ្សាយ និងបន្តពិនិត្យពីជម្រើសមុខរបរផ្សេង»។
សត្វផ្សោតទន្លេមេគង្គ គឺជារតនៈសម្បត្តិធម្មជាតិមានជីវិត ដែលមានប្រមាណ ៩០ក្បាលរស់នៅតាមបណ្តោយដងទន្លេមេគង្គ នៃខេត្តក្រចេះ និងខេត្តស្ទឹងត្រែង នេះបើតាមរដ្ឋបាលជលផល។ ហើយបើតាមអង្គការ WWFកម្ពុជា សត្វផ្សោតដែលបានស្លាប់ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ មានចំនួនយ៉ាងហោចណាស់ ២៩ក្បាល៕