ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ដាក់​របាយ​ការណ៍​សិទ្ធិ​មនុស្ស​ជូន​គណៈ​កម្មការ​អឺរ៉ុប​ដើម្បី​ការពារ​ជីវិត​ EBA


រូបឯកសារ៖ កម្មការកាត់ដេររាប់រយនាក់កំពុងដេរក្រណាត់នៅក្នុងរោងចក្រមួយកន្លែងនៅរាជធានីភ្នំពេញ គ្រាដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅទស្សនកិច្ចនៅរោងចក្រនេះ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។ (AP Photo/Heng Sinith)

នៅ​សប្តាហ៍​នេះ ​រដ្ឋាភិបាល​បាន​ព្យាយាម​ការពារ​​និង​ទប់​ស្កាត់​សេចក្តី​សម្រេច​​ព្យួរ​ EBA​ គឺ​ការ​អនុគ្រោះពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​អឺរ៉ុប ​​តាម​រយៈ​ការ​ដាក់​របាយ​ការណ៍​លម្អិត​មួយ​​ស្តីពី​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ ជូន​គណៈ​កម្មការ​អឺរ៉ុប។​

រដ្ឋាភិបាល​កម្ពុជាបាន​ផ្ញើ​របាយ​ការណ៍​លម្អិត​ស្តីពី​លទ្ធផល​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ​ទៅ​កាន់​គណៈ​កម្មការ​អឺរ៉ុប ​ដែល​មន្ត្រី​ផ្លូវ​ការ​អះអាង​ថា ដើម្បី​តស៊ូ​មតិ​ទាក់​ទង​នឹង​គម្រោងព្យួរ​ «ការ​អនុ​គ្រោះ​ពន្ធ​លើ​អ្វីគ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​ (EBA)»។​

លោក​កេត សោផាន់ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​ប្រាប់ ​VOA ​តាម​សារ​អេឡិច​ត្រូនិចតេឡេក្រាម​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ក្រសួង​ការ​បរទេស​បាន​ផ្ញើ​របាយ​ការណ៍​ទៅ​គណៈ​កម្មការ​អឺរ៉ុប​កាល​ពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ​ គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​គណៈ​កម្មការ​អឺរ៉ុប​បិទ​បញ្ចប់​ការ​សិក្សា​លើ​លទ្ធភាព​ព្យួរ​ការ​អនុ​គ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​ចូល​សហភាព​អឺរ៉ុប​ដែល​ហៅ ​«ការ​អនុ​គ្រោះ​ពន្ធ​លើ​អ្វីគ្រប់​យ៉ាង​លើក​លែង​តែសព្វាវុធ​ ឬEBA‍»។​

លោក​បន្ថែម​ថា​ ក្នុង​របាយការណ៍​នោះ​ រដ្ឋាភិបាល​បាន​បក​ស្រាយ​បញ្ជាក់​លម្អិត​គ្រប់​ចំណុច​ និង​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ដំណើរ​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ ​ការ​គោរព​សិទ្ធិ​មនុស្ស ​លំហ​សេរីភាព ​និង​សិទ្ធិ​ការងារ។​

លោក​សរសេរ​បញ្ជាក់​ក្នុងន័យ​ដើម​ថា៖​

«អ្វី​ដែល​រាជ​រដ្ឋាភិបាល​រំពឹង​ចង់​បាន​នោះ​ គឺ​ស្នើ​ឲ្យ​គណៈ​កម្មការ​អឺរ៉ុប​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ប្រកប​ដោយ​តម្លាភាព ​ផ្អែក​លើ​គោល​ការណ៍​ច្បាប់ ​និង​យុត្តិធម៌​សម្រាប់​កម្ពុជា»។​

យ៉ាង​ណាក្តី​លោក​កេត សោផាន់​ មិន​បាន​បញ្ជាក់​ថា ​តើ​របាយ​ការណ៍​លម្អិត​ដែល​កម្ពុជា​ផ្ញើ​ទៅ​គណៈ​កម្មការ​អឺរ៉ុប​នោះ​មាន​កម្រាស់​ប៉ុន្មាន ​និង​មាន​ខ្លឹម​សារ​លម្អិត​បែប​ណា​នោះ​ទេ។ ប៉ុន្តែ​លោកបាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មានកាល​ពី​ដើម​សប្តាហ៍​នេះ​ថា ការ​បញ្ជូន​របាយ​ការណ៍​របស់​កម្ពុជា​ទៅ​កាន់​គណៈកម្មការ​អឺរ៉ុប​នេះ​ គឺ​ដើម្បី​ធ្វើ​ការ​បក​ស្រាយ​តប​ទៅ​វិញ​ចំពោះ​ចំណោទ​របស់​គណៈ​កម្មការ​អឺរ៉ុប​ ឆ្ពោះ​ទៅ​រក​លទ្ធភាព​ដក​ហូត​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​ប្រទេស​កម្ពុជា​នោះ។​

ការ​ផ្ញើ​របាយ​ការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​កាន់​គណៈ​កម្មការ​អឺរ៉ុប​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​សហភាព​អឺរ៉ុបបាន​បញ្ចប់​ការ​ពិនិត្យ​លទ្ធភាព​ព្យួរ ​EBA ​ដល់​កម្ពុជា ​នៅ​ថ្ងៃ​ទី​១២​ខែ​សីហា ​ក្រោយ​ពី​ធ្វើ​ការ​សិក្សា​អស់​រយៈ​ពេល​ប្រាំ​មួយ​ខែ​លើ​លទ្ធភាព​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​ចូល​សហភាព​អឺរ៉ុប។​

កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​កន្លង​ទៅ​ ​គណៈ​កម្មការ​សហភាព​អឺរ៉ុប​ចាប់​ផ្តើម​ដំណើរ​ការ​ពិនិត្យ​លើលទ្ធភាព​ព្យួរ​ជា​បណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA​ ចំពោះ​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ ការ​រឹត​ត្បិត​សេរីភាព​បញ្ចេញ​មតិ ​សិទ្ធិ​ប្រមូល​ផ្តុំ ​និង​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​ការ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​ការ​ដក​ហូត​សិទ្ធិ​ធ្វើ​នយោបាយ​ពីមន្ត្រី​គណបក្ស​នេះ​ជាង​១០០​នាក់។​ ប៉ុន្តែ​ក្រោយ​មក​ មន្ត្រី​ទាំង​នោះត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ ​ប៉ុន្តែ​ស្ថិត​ក្រោម​លក្ខខណ្ឌ​មួយគឺ​តម្រូវ​ឲ្យ​ពួកគេ​សរសេរ​លិខិត​រួម​គ្នា​ជា​ក្រុម​សុំ​ការ​អនុញ្ញាត​សិទ្ធិ​ធ្វើ​នយោបាយ​ពីលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។​

កាល​ពីថ្ងៃ​ច័ន្ទ​ សមាគម​ថៅ​កែ​រោង​ចក្រ ឬ​ GMAC ​ព្រមានថា កម្មករ​ចំនួន​៧៥​ម៉ឺន​នាក់​អាច​នឹង​ជួប​វិបត្តិ​អត់​ការ​ងារ​ធ្វើ​ ហើយ​ក្រុម​គ្រួសារ​របស់​ពួកគេ​ចំនួន​៣​លាន​នាក់នឹង​ទទួល​រង​ផល​ប៉ះពាល់​ ​ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ការ​អនុ​គ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​មែន​នោះ។​

លោក​អំ សំអាត​ មន្រ្តី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លើក​ឡើង​ថា ​ក្រុម​ការងារ​របស់​សហគមន៍​អឺរ៉ុប​នឹង​ពិនិត្យ​លើ​សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា ​មិនមែន​ពិនិត្យ​លើ​របាយ​ការណ៍​នោះ​ទេ។​

«អ្វី​ដែល​នៅ​ជា​បញ្ហា​ គេ​មើល​លើ​ការ​អនុវត្តជាក់​ស្តែង​ទៅ​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ចូលរួម ​និង​ជីវភាព​នយោបាយ​ហ្នឹង។​ គេ​មើល​ទៅ​លើ​សមភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា ​ជាពិសេស​ទាក់ទង​នឹង​រឿង​គណបក្ស​ប្រឆាំង ​មេដឹកនាំ​គណបក្ស​ប្រឆាំង​អី​ជា​ដើម»។

វិស័យ​វាយនភ័ណ្ឌ​ដែល​រួម​មាន​រោងចក្រ​សម្លៀក​បំពាក់​ និង​រោងចក្រផលិត​ស្បែក​ជើង​ជាដើម​គឺ​ជា​ឧស្សាហ​កម្ម​នាំ​ចេញ​ឈាន​មុខ​គេ​នៅ​កម្ពុជា។​ កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​ ការ​នាំចេញ​ផ្នែក​វាយនភ័ណ្ឌ​របស់​កម្ពុជាមាន​ទំហំ​សរុប​១០​ពាន់​លាន​ដុល្លារ​អាមេរិក។​ ហើយ​វិស័យ​នេះ​ស្រូប​យក​កម្លាំង​ពល​កម្ម​យ៉ាង​តិច​ចំនួន​៨០​ម៉ឺន​នាក់។​ ពួក​គេ​ភាគ​ច្រើន​គឺ​ជា​ស្ត្រី​មក​ពី​ជនបទ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG