ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ថៃ​ចាប់ផ្ដើម​ហាម​ឃាត់​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​កម្ពុជា មិន​ឲ្យ​ចូល​ប្រទេស​ខ្លួន


រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

កាល​ពី​ថ្ងៃ​អាទិត្យ អាជ្ញាធរ​ប៉ូលិស​ប្រទេស​ថៃ បាន​រារាំង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ម្នាក់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ គឺ​លោកស្រី មូរ សុខហួរ ​មិន​​ឲ្យ​ចូល​ប្រទេស​ខ្លួន។

អាជ្ញាធរ​ថៃ​បាន​អនុវត្ត​តាម​ការ​ស្នើ​សុំ​របស់​កម្ពុជា ដោយ​ហាមមិន​ឲ្យ​លោកស្រី មូរ សុខហួរ ​អនុ​ប្រធាន​មួយ​រូបរបស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​ចូល​ក្នុង​ប្រទេស​ថៃ ខណៈ​ដែលលោកស្រី​មក​ដល់​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ​របស់​ថៃ។

ការ​រារាំង​នេះ​ទំនង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ទប់​ស្កាត់​និង​ចាប់​ខ្លួន​ក្រុម​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​តុលាការ​ខ្មែរ​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ និង​ដែល​ឆ្លង​កាត់​ឬ​ប្រើ​ប្រាស់​ទឹក​ដី​ថៃ​ដើម្បី​ធ្វើ​ការ​ប្រមូល​ផ្ដុំ ទទួល​លោក​សម រង្ស៊ី។

កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ខែ​តុលា លោកស្រី មូរ សុខហួរ បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ​ពី​ប្រទេស​ម៉ាឡេស៊ី សំដៅ​មក​ប្រទេស​ថៃ ដើម្បី​ជួប​អ្នក​គាំទ្រ និង​សកម្មជន​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​រៀបចំ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ដែល​គ្រោង​នឹង​និវត្ត​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩​ខែ វិច្ឆិកា​ខាង​មុខ។

ប៉ុន្តែ​នៅ​ពេល​មក​ដល់​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ​របស់​ថៃ លោកស្រី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​បន្ត​ទេ។ លោកស្រី​មាន​ប្រសាសន៍​ថា នគរបាល​ថៃ​បាន​ប្រាប់​លោកស្រី​ថា ប្រធាន​របស់​គេ​មិន​អនុញ្ញាត​ឲ្យ​លោកស្រី​ធ្វើ​ដំណើរ​ចូល​ក្នុង​ប្រទេស​ថៃ​នោះ​ទេ។

លោកស្រី ​មូរ សុខហួរ បាន​ថ្លែង​ប្រាប់ ​VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «បំណង​របស់​លោក ហ៊ុន សែន ចង់​ឲ្យ​ថៃ​ចាប់​ពួក​មីង​ទៅ​ប្រទេស​កម្ពុជា​វិញ ថៃ​មិន​បាន​អនុវត្ត​ទៅ​តាម​បញ្ជា​របស់​លោក ហ៊ុន សែន ទេ។ ថៃ​គេ​នឹង​មិន​ធ្វើ​ទេ គេ​ជា​ប្រទេស​ដែល​មាន​គោល​ការណ៍​ប្រជាធិបតេយ្យ​ច្បាស់​លាស់​របស់​គេ។ គេ​មិន​ធ្វើ​ជា​ដា​ច់​ខាត»។

ទោះ​ជា​យ៉ាង​ណា លោកស្រី មូរ សុខ​ហួរ ដែល​មាន​សញ្ជាតិ​អាមេរិក បាន​ថ្លែង​ថា លោកស្រី​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​នៃ​ការ​ហាម​លោកស្រី​មិន​ឲ្យ​ចូល​ប្រទេស​ថៃ​ ដោយសារ​នគរបាល​នោះ​មិន​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ច្រើន​នោះ​ទេ។ លោកស្រី​បញ្ជាក់​ថា លោកស្រី​កំពុង​តែ​តស៊ូ​មតិ​បន្ត​ទៀត ធ្វើ​យ៉ាងម៉េច​ឲ្យ​លោកស្រី និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត អាច​ចូល​ប្រទេស​ថៃ​បាន។

ភ្លាមៗ​ក្រោយ​ពី​ការរារាំង​មិន​ឲ្យ​លោក​ស្រី មូរ សុខហួរ ចូល​ប្រទេស​ថៃ កាល​ពី​ថ្ងៃអង្គារ ឯក​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា លោក Panyarak Poolthup បាន​បដិសេធអត្ថាធិប្បាយ​លើ​បញ្ហា​នេះ ដោយ​លោក​បញ្ជាក់​ថា ស្ថានទូត​«មិន​មាន​សមត្ថកិច្ច​ក្នុង​ការ​ឆ្លើយ​តប»។

VOAមិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រសួង​ការបរទេស​ថៃ​ តាម​ទូរស័ព្ទ​ និង​អ៊ីមែល​បាន​ឡើយ។

កន្លង​ទៅ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក​បាន​ផ្ញើ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ទៅ​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​៩ប្រទេស។

​ក្រោយ​មក​នាយក​រដ្ឋ​មន្ត្រី​ឡាវ លោក ថងលុន ស៊ីសូលីត (Thongloun Sisoulith) បាន​អះអាង​ពី​ការ​គាំទ្រ​ចំណាត់​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ។ ប៉ុន្តែ​មិន​មាន​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​អះអាង​ពី​ការ​ទទួល​លិខិត​ស្នើ​សុំ​ឲ្យ​ចាប់​ខ្លួន​លោក​សម រង្ស៊ី ឬ​អះអាង​ពី​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះសេចក្ដី​ស្នើ​សុំ​របស់​កម្ពុជាជាសាធារណៈ​នៅ​ឡើយ។

VOAមិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កេត សោផាន់ និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​នៅ​ឡើយ​ទេ។

លោក Phil Robertson នាយក​រង​អង្គការ​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​វា​អាច​មាន​មូលហេតុ​នៃ​ការបារម្ភ​អំពី​បញ្ហា​សន្តិសុខ​ក្នុង​ប្រទេស​ថៃ ដោយសារ​ខ្លាច​លោកស្រី មូរ សុខហួរ ​នឹង​ជួប​ជាមួយ​មន្ត្រី​ទូត​ជា​ច្រើន ដើម្បី​រាយការណ៍​ពី​«ស្ថាន​ភាព​សិទ្ធិមនុស្ស​ដ៏​អាក្រក់​»នៅ​កម្ពុជា។

លោក​បាន​ប្រាប់​VOA​តាម​រយៈ​សារ​អេឡិចត្រូនិក​ថា៖ «ដូច្នេះ​វា​មិន​មាន​ការ​ភ្ញាក់​ផ្អើលទេដែល​ពួកគេ​បាន​ហាម​មិន​ឲ្យ​លោកស្រី [មូរ សុខហួរ]​ចូល​ទៅ​ក្នុង​ដី​ថៃ។ ថៃ​មិន​ចង់​ពាក់​ព័ន្ធ​កាន់​តែ​ជ្រៅ​ក្នុង​ជម្លោះ​រវាង​គណបក្ស​ប្រឆាំង​សង្រ្គោះ​ជាតិ និង​រដ្ឋាភិបាល​កម្ពុជា»។

លោក​Phil Robertson បន្ត​ថា ប្រសិន​បើ​ប្រទេស​ថៃ​ហ៊ាន​ចាប់​លោកស្រី មូរ សុខហួរ រដ្ឋាភិបាល​ទីក្រុង​បាងកក នឹង​ប្រឈម​នឹង​ការ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរ​ជាតិ។

អាជ្ញាធរ​កម្ពុជា​កំពុង​តាម​ចាប់​ខ្លួន​លោក​ស្រី មូរ សុខហួរ ក្នុង​បទល្មើស​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​មួយ​ចំនួន ក្នុង​នោះ​មាន​ការ​ចោទ​ប្រកាន់​ថា​មាន​គម្រោង​ធ្វើ​រដ្ឋប្រហារ​រដ្ឋាភិបាល និង​ការ​ញុះញង់​ជាដើម។ មេដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស គឺ​ជា​អ្នក​នយោបាយ​សំខាន់​មួយ ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​តាម​ចាប់​ខ្លួន។

សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​៥០​នាក់ ត្រូវ​ចាប់​ខ្លួន ក្រោម​ការ​ចោទ​ប្រកាន់​ថា «រួម​គំនិត​ក្បត់» ជាមួយ​លោក សម រង្ស៊ី ក្នុង​គម្រោង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា តុលាការ​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​សមាជិក​ជាន់​ខ្ពស់​ចំនួន​៩​នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​បទ «ឧបឃាត» ដោយ​ពាក់ព័ន្ធ​នឹង​អង្គហេតុ​នៃ​ការ​«ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ»។

​អ្នក​ទាំង​នោះ​ រួម​មាន​លោក ​សម រង្ស៊ី លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ធឬទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្រ្ទ លោកស្រី ជូឡុង សូ​មូរ៉ា និង​លោក នុត រំដួល៕

XS
SM
MD
LG