ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលកម្ពុជា​ធ្វើការ​បង្រ្កាប មុនពេល​មេដឹកនាំ​គណបក្ស​ប្រឆាំង​គ្រោង​វិលត្រឡប់​មកមាតុភូមិ​វិញ


រូបឯកសារ៖ សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
រូបឯកសារ៖ សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

មនុស្ស​ជាង​១០​នាក់ ​បាន​ត្រូវរងការ​ចោទ​ប្រកាន់​ក្នុង​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​កន្លង​មក​នេះ​ពីការ​ញុះញង់​ឲ្យ​ប្រព្រឹត្តបទឧក្រិដ្ឋឬការ​ឃុបឃិត​ដើម្បី​ផ្តួល​រំលំរដ្ឋា​ភិបាល​ចំពោះ​ការ​ប៉ុនប៉ង​ប្រមូល​ប្រជាពលរដ្ឋ​ដើម្បី​ចូលរួមការ​វិលត្រឡប់​របស់​ពួក​​មេដឹកនាំ​គណបក្ស​ប្រឆាំង។

រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក ហ៊ុន សែន ​កំពុង​ធ្វើការ​បង្ក្រាប​សកម្ម​ជន​និង​អតីត​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិដែល​ជា​សកម្មភាព​បំភិត​បំភ័យ​ខណៈ​ដែល​លោក​សម រង្ស៊ី​និង​មន្រ្តី​ផ្សេង​ទៀត​របស់​គណបក្ស​ប្រឆាំង​គ្រោង​វិលត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​នៅថ្ងៃ​ទី៨ ​ខែ​វិច្ឆិកា​ខាង​មុខ​នោះ។

អាជ្ញាធរ​កម្ពុជាបាន​ចាប់​ផ្តើម​បង្រ្កាប​ពួក​សកម្ម​ជន​នៅ​ក្នុង​ចំណាត់​ការ​មួយ​ដែល​ពួក​អ្នក​ជំនាញនិយាយ​ថា ជា​ការ​ប៉ុនប៉ងមួយ​ដើម្បី​បំភិត​បំភ័យ​ពួក​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មុន​ពេលការ​វិលត្រឡប់​ដែល​គ្រោង​ធ្វើឡើង ក៏ប៉ុន្តែមាន​ភាពមិន​ប្រាកដ​ប្រជា​នៃ​ការ​វិលត្រឡប់​នៅថ្ងៃ​ទី៩ ​ខែ​វិច្ឆិកាពីការនិរទេស​ខ្លួនរ​បស់​លោក​រង្ស៊ី ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​និងជា​គណបក្ស​ប្រឆាំង​និង​មន្រ្តី​ផ្សេង​ៗ​ទៀត​របស់​គណបក្ស​ប្រឆាំង​នោះ។

លោករង្ស៊ី និង​មេដឹកនាំ​ផ្សេង​ទៀត​ដែល​ប្រឈម​ការចោទ​ប្រកាន់​និង​ការកាត់​ឲ្យ​ជាប់​ទោស​ដោយកំបាំង​មុខ​និង​ដីកាចាប់​ខ្លួន​ជា​ច្រើនបាន​រត់​គេច​ខ្លួន​ចេញ​ពី​ប្រ​ទេស​បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នៅ​ឆ្នាំ​២០១៧ ​មាន​ផែនការ​វិល​ត្រឡប់នៅ​ថ្ងៃ​ទី៩ ​ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​កម្ពុជាពី​ប្រ​ទេស​បារាំងនិង​ជា​ខួប​នៃ​ថ្ងៃ​ដួលរលំ​ជញ្ជាំ​ទីក្រុង​ប៊ែកឡាំង​នៃ​ប្រទេស​អាល្លឺម៉ង់។

តាម​បញ្ជី​របស់​គណបក្ស​សង្គ្រោះ​ជាតិរហូត​ដល់​ថ្ងៃ​ទី៩ ​ខែ​តុលា ​សកម្មជន​ចំនួន ​៣៧​នាក់​ដែល​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​និង​អតីត​មន្រ្តី​បាន​ត្រូវ​ចាប់ខ្លួន​នៅ​ឆ្នាំ​នេះ​ហើយ​បាន​ស្ថិត​នៅ​ក្នុងការ​ឃុំឃាំង​មុនការ​កាត់ទោស។ ១៣នាក់​នៃ​ពួក​សកម្មជន​និង​អតីម​ន្រ្តីទាំង​នោះ ​បាន​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា។ ចាប់​តាំង​ពី​នោះ​មក ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​៤នាក់​ទៀតបាន​ត្រូវ​ចាប់​ខ្លួន។

មនុស្ស​ជាង​១០​នាក់ ​បាន​ត្រូវរងការ​ចោទ​ប្រកាន់​ក្នុង​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​កន្លង​មក​នេះ​ពីការ​ញុះញង់​ឲ្យ​ប្រព្រឹត្តបទឧក្រិដ្ឋឬការ​ឃុបឃិត​ដើម្បី​ផ្តួល​រំលំរដ្ឋា​ភិបាល​ចំពោះ​ការ​ប៉ុនប៉ង​ប្រមូល​ប្រជាពលរដ្ឋ​ដើម្បី​ចូលរួមការ​វិលត្រឡប់​របស់​ពួកមេដឹកនាំ​គណបក្ស​ប្រឆាំង។

លោក ផៃ ស៊ី​ផាន អ្នកនាំ​ពាក្យ​គណៈរដ្ឋ​មន្រ្តី​កម្ពុជា ​បាន​និយាយថា ​ការ​ចាប់​ខ្លួន​នេះ​ជា​ការ​សមហេតុផល​ពីព្រោះ​តែអ្នកទាំង​នោះដែល​ត្រូវបាន​ចាប់​ខ្លួន ​បាន​បង្ហាញ​ថា ពួក​គេ ​នឹង​ចូល​រួម​ជាមួយ​លោក​រង្ស៊ី​នៅ​ពេល​លោក​ត្រឡប់​មក​វិញ​ដើម្បី​រៀបចំ​រដ្ឋប្រហារ។

លោក ​ផៃ ស៊ី​ផាន បាន​ប្រាប់ VOA ថា «​លោកសម ​រង្ស៊ី ​បាន​បញ្ជាឲ្យ​កងទ័ពបង្វែ​កាំ​ភ្លើង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជាប់ឆ្នោត។ពួក​ប្រឆាំង បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់ងើប​ឈរ​ប្រឆាំង​នឹង​រដ្ឋាភិបាល»។នៅ​ពេលទន្ទឹម​គ្នានេះ ប្រសិន​បើ គណបក្ស​ប្រឆាំង​វិល​ត្រឡប់​ទៅកាន់​កម្ពុជា​វិញ នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​គំរាម​កាល​ពី​ថ្ងៃ​ទី៧ ខែតុលា​ថា នឹង​ដាក់​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ​ដើម្បី​រារាំង​ពួក​បះបោរ​ប្រ​ដាប់​អាវុធ​ពីព្រោះ​តែ គណបក្ស​ប្រឆាំង ​បាន​អំពាវនាវ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​រត់​ចោល​ជួរ។

រូបឯកសារ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ថ្លែងក្នុងសន្និសីទស្តីពី «ព័ត៌មានក្លែងក្លាយ អន្តរាយសន្តិសុខជាតិ» នៅទីស្តីការគណៈរដ្ឋមន្រ្តី រាជធានី​ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ថ្លែងក្នុងសន្និសីទស្តីពី «ព័ត៌មានក្លែងក្លាយ អន្តរាយសន្តិសុខជាតិ» នៅទីស្តីការគណៈរដ្ឋមន្រ្តី រាជធានី​ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

លោកស្រីមូរ សុខហួរអនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ច្រានចោល​ការចោទ​ប្រកាន់​ថា គណបក្ស​របស់​លោកស្រី​នឹងកាន់​អាវុធ​នោះ។

លោកស្រីមូរ សុខហួរបាន​សរសេរ​នៅ​លើ Twitter ថា «គណបក្ស​សង្គ្រោះ​ជាតិ​ច្រាន ចោល​យ៉ាង​ដាច់ខាត​នូវ​ការចាត់​ទុក​ថា ការវិល​ត្រឡប់​មកពី​និរទេស​ខ្លួន​របស់​ពួក​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិមាន​គោល​បំណង​ដើម្បី​ធ្វើ​ការ​បះបោរ​ប្រដាប់​អាវុធ​ដូច ជា​ការ​ចោទ​ប្រកាន់ ពីព្រោះ​ការ​ចោទ​ប្រកាន់​បែប​នេះ មិន​ពិត​ហើយ​មិនស្រប​ច្បាប់​ទេ»។ លោកស្រី បាន​និយាយ​ទៀត​ថា «យើងមិនមាន​អាវុធទេ»។

ក្នុង​សារ​មួយ​ទៅ​ឲ្យ VOA លោកស្រី​មូរ ​សុខ​ហួរ បាន​និយាយ​ទៀត​ថា ​គណ​បក្ស​សង្គ្រោះ​ជាតិបាន​អំពាវនាវ​ដល់​កងទ័ព​ឲ្យ​ទម្លាក់​អាវុធ​ហើយ​ចូលទៅ​ខាង​ស៊ីវិល។

រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

លោក Phil Robertson អនុ​ប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​របស់​អង្គការ​សិទ្ធិ​មនុស្ស ​Human Rights Watch បាន​ហៅ​គំនិតដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​វិលត្រឡប់​ទៅកាន់​កម្ពុជា​និង​ធ្វើរដ្ឋ​ប្រហារ​នោះ «ជា​ការគួរ​ឲ្យ​អស់​សំណើច»។

លោក Robertson បាន​និយាយ​ថា «រដ្ឋាភិបាល​កម្ពុជា ​ហើយ​ជាពិសេស ​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន ជាមួយ​អង្គភាព​កង​អង្គរក្ស​របស់​លោក ​មាន​កម្លាំង​ដ៏​លើសលប់​ដែល​ការខំ​ប្រឹងប្រែង​ណាមួយ​ដើម្បី​តវ៉ា​នៅតាម​ផ្លូវ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​របៀប​មួយ​ដែល​រដ្ឋាភិបាល ​មាន​ការមិន​សប្បាយ​ចិត្ត អាច​នាំឲ្យ​មាន​ការបង្ក្រាប​យ៉ាង​ខ្លាំង​ភ្លាម​ៗ»។

លោក Robertson បាន​និយាយ​ទៀត​ថា «លោកហ៊ុន សែនកំពុង​ប្រឌិត​រឿង​ចោទ​ប្រកាន់​យ៉ាងឆាប់រហ័ស ហើយតុលាការ​កម្ពុជាកំពុង​ធ្វើការ​ចោទ​ប្រកាន់​យ៉ាង​ឆាប់​រហ័ស​ទៅលើ​ពួក​ប្រឆាំង​ដើម្បី​ព្យាយាម​ធ្វើឲ្យ​លោក​រង្ស៊ី ​និង​មេដឹកនាំ​ផ្សេង​ទៀត​ញញើត​មិនហ៊ានវិល​ត្រឡប់​មកកាន់​កម្ពុជា​វិញ»។

លោកស្រីសុខហួរបាន​ប្រាប់ VOA ទៀត​ថា លោកស្រីនឹង​វិលត្រឡប់​ទៅកាន់​ប្រ​ទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ ​ខែវិច្ឆិកា ថ្វី​បើមាន​ដីកា​ចាប់​ខ្លួន​ប្រឆាំង​នឹង​លោក​ស្រី​និង​មនុស្ស​ ៧នាក់​ផ្សេង​ទៀត​ដែល​ផ្អែកលើ​បទ​ចោទ​ប្រកាន់ «នៃ​ការ​រៀប​ចំ​ផែន​ញុះញង់​ដើម្បី​ប្រព្រឹត្តឧក្រិដ្ឋកម្ម»ក៏ដោយ។ លោក​ស្រី បានមាន​ប្រសាសន៍​ទៀត​ថា ​លោកស្រី ​រំពឹងថា ​នឹង​មានការ​ចាប់​ខ្លួន​ជា​រៀងរាល់​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ទី៩ ​ខែ​វិច្ឆិកា ក៏ប៉ុន្តែ ​ការចាប់​ខ្លួន​នេះ នឹង​មិន​ផ្តល់ផល​ប្រយោជន៍​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​ទេ។

លោកស្រីមាន​ប្រសាសន៍ថា «ការបង្ក្រាប​ជា​ការ​គិត​ខុស​របស់​លោក​ហ៊ុន សែន។ ការណ៍​នេះធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កាន់​តែ​ខឹងសម្បារ​ឡើង»។

លោកស្រី​សុខហួរមិន​បាន​ផ្តល់​ពី​ចំនួន​សមាជិក​គណបក្ស​ប្រឆាំង​ដែលនឹង​វិល​ត្រ​ឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញទេ ក៏ប៉ុន្តែបាន​និយាយថា ​បញ្ជី​ឈ្មោះរបស់​សមា​ជិក​គណបក្ស​ប្រឆាំង​ដែល​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ ​នឹង​ត្រូវ​ចេញ​ផ្សាយនៅ​ថ្ងៃ​ទី២៦ ​ខែ​តុលានេះ។

អ្នក​វិភាគ​នយោបាយ ​មាស នី ​បាន​និយាយ​ថា ការចាប់​ខ្លួន​ពួក​អ្នកគាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិអាច​ជាការ​គ្រោះ​ថ្នាក់​មួយ​ដល់​រដ្ឋាភិបាល​កម្ពុជា។ លោកបាន​ហៅការ​ចាប់​ខ្លួននេះ​ថា «មាន​ភាពខ្លាំង​ក្លាពេក»។

លោកមាស នីបាន​មាន​ប្រសាសន៍​ទៀត​ថា «ខ្ញុំគិត​ថា បញ្ហា​ទាំងអស់​នេះ ​រួម​ទាំង​ការ​ចាប់​ខ្លួន បាន​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​គណបក្ស​កាន់​អំណាច ​ប្រហែល​រហូត​ដល់ការ​វិល​ត្រឡប់​របស់​លោក​សម ​រង្ស៊ី ការណ៍​នេះអាច​ធ្វើ​ឲ្យ​កំហឹង​របស់​ពលរដ្ឋ​មានកាន់​តែ​ខ្លាំង​ឡើង​នៅ​ខាង​ក្នុង​ប្រទេស»។ លោកបាន​និយាយ​ទៀត​ថា កំហឹងនេះអាចនាំ​ឲ្យ​មានភាព​ចលាចល​ខាង​នយោបាយ​និង​ហឹង្សា ​ប្រសិន​បើលោក​សម ​រង្ស៊ីត្រូវបាន​គេ​ចាប់​ខ្លួន​នេះ។

លោកនីនិយាយ​បន្ត​ទៀត​ថា ​ប្រសិនបើលោក​រង្ស៊ីត្រូវបាន​គេ​ចាប់​ដាក់​ពន្ធនា​គារ «សំណួរ​បន្ទាប់ គឺថា​តើ​ការណ៍​នេះ ​នឹង​ក្លាយ​ជា​ការ​ជោគជ័យ​ចុងក្រោយ​របស់​រដ្ឋាភិ បាល​ដែរឬទេ»។

រូបឯកសារ៖ លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)

កាល​ពី​ខែ​មុន ​លោកហ៊ុន សែន ​បាន​ស្នើការជួយ​មក​ពី​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ក្នុងការ​ចាប់​ខ្លួន​លោក​រង្ស៊ី​និង​ពួក​អ្នកគាំទ្រ​របស់​លោក ​ប្រសិន​បើ ​ពួកគេ ​ចូល​ក្នុងទឹក​ដី​របស់​ប្រទេស​ទាំង​នោះ។

​លោក Robertson ​បាន​និយាយ​ទៀត​ថា ​ប្រទេស​ថៃ ប្រហែល​ធ្វើបត្យាប័ន​ពួក​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​ក្នុងការ​ដោះ​ដូរ​ជាមួយ​ពួក​សកម្មជន​ថៃ​ដែល​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​កម្ពុជា។​លោក ​និយាយ​ទៀត​ថា បន្ថែម​ពីនោះ ក្រុម​ហ៊ុន​អាកាស​ចរណ៍ អាច​រារាំង​លោក​រង្ស៊ី​មិន​ឲ្យ​ជឹះ​យន្តហោះ​ទៅកាន់​ប្រទេស​កម្ពុជា ដោយ​សារ​ការភ័យ​ខ្លាច​ពី​ការផ្តន្ទាទោសរបស់​រដ្ឋាភិបាល។

លោក Robertson ​បាន​ថ្លែង​ទៀត​ថា «ការណ៍​នេះ ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​កម្ពុជា ​ក៏​កំពុង​ចូលរួម​ជាមួយ​ប្រទេស​ជិត​ខាង​ផ្សេង​ទៀតរបស់​ខ្លួន​ដើម្បីតាម​ចាប់​ពួក​អ្នក​ប្រឆាំង​នៅ​បរទេស ហើយ​នឹង​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​មានការ​លំបាកកាន់​តែ​ខ្លាំង​ឡើង​សម្រាប់​លោក​រង្ស៊ី​និង​មន្រ្តី​ផ្សេង​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ក្នុង​ប្រទេស​ទាំង​នោះ»។

ប្រទេស​ម៉ាឡេស៊ី ​ជា​ប្រទេស​មួយ​នៅ​ក្នុង​សមាគម​អាស៊ាន​ដែល​លោកសម ​រង្ស៊ី​និង​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ដើម្បី​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ។ នៅពេល​ដែល VOA សួរ​លោក​នាយករដ្ឋ​មន្រ្តី​ម៉ាឡេ​ស៊ី Mahathir Mahamad នៅ​បូរី​ញូយ៉ក​នៅពេល​ដែល​លោក​ចូលរួម​ក្នុង​មហាសន្និ​បាត​របស់​អង្គការ​សហ​ប្រជាជាតិ​ថា​តើ​ប្រទេស​លោកមានបាន​ទទួល​សំណើ​រដ្ឋា​ភិបាល​កម្ពុជា​ឲ្យ​ចាប់​ខ្លួន​លោករង្ស៊ីដែរឬទេ។ លោក Mahathirបាន​ឆ្លើយ​ថា ​លោក មិនបាន​ទទួល​ទេ​ ហើយ​ថា រដ្ឋាភិបាល​លោកមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ទេ៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG