ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិភាគ៖ តើអ្វី​នៅ​ពី​ក្រោយ​ការ​ចាប់​ខ្លួន​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ?


រូបឯកសារ៖ ក្រុមអ្នកគាំទ្រ ​គណបក្ស​សង្គ្រោះជាតិ​កាន់​រូបថត​លោក សម រង្សុី​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

ចាប់​​ពី​ខែ​សីហា ការ​ចោទ​ប្រកាន់​និង​ចាប់​ខ្លួន​​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិពី​បទ«​ផ្សំ​គំនិត​ក្បត់» បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់។ អ្នក​ឃ្លាំមើល​នយោបាយ​យល់​ថា​ការ​ចាប់​ខ្លួន​ទាំងនោះ​ គឺ​ដើម្បី​ទប់​ស្កាត់​ការ​វិល​ត្រឡប់​​របស់​លោក​សម រង្ស៊ី។​

ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ក្រុម​អាជ្ញាធរ​កម្ពុជា​បាន​សម្រុក​ចាប់​ខ្លួនសកម្មជន​សំខាន់ៗ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ស្ទើរ​មិន​លោះ​ថ្ងៃ។ ​មក​ទល់​នឹង​ថ្ងៃ​សុក្រ​ ទី​១៨​ ខែ​តុលា​នេះ ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ចាប់​ខ្លួន​បាន​កើន​ដល់​៤៩​នាក់​ហើយ។

ការ​ចាប់​ខ្លួនភាគ​ច្រើន​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ ​«រួម​គំនិត​ក្បត់» ​ជាមួយ​លោក​សម រង្ស៊ី ខណៈ​ដែល​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​ដាក់​ផែន​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅថ្ងៃទី​៩​ ខែ​វិច្ឆិកា​ខាង​មុខ។​

ចាប់​តាំង​ពី​ខែ​សីហា​មក​ម្ល៉េះ លោក​សម រង្ស៊ី បានបំផុស​ទឹក​ចិត្ត​អ្នក​គាំទ្រ​របស់​ខ្លួន​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​ និង​រង់​ចាំទទួល​រូប​លោក។ ប៉ុន្តែ​រដ្ឋាភិបាល​ចាត់​ទុក​ថា​លោក​សម រង្ស៊ី មាន​គម្រោង​ចូល​មក​ផ្តួល​រំលំ​រដ្ឋាភិបាល​សព្វថ្ងៃ ហើយ​អ្នក​ដែល​ហ៊ាន​សម្តែងការ​គាំទ្រ​ការ​និវត្ត​របស់​អតីត​មេ​បក្ស​ប្រឆាំង​នេះ​ជា​ចំហ​ជា​ច្រើនត្រូវ​បាន​ចាប់​ខ្លួន​ ឬ​បង្ខំ​ឲ្យ​សារភាព​។

លោក​បណ្ឌិ ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​មួយ​រូប​មាន​ប្រសាសន៍​ថា គណបក្ស​កាន់​អំណាច​ប្រើ​ប្រាស់​ការ​ចាប់ខ្លួនអ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ហេតុផល​ចំនួនពីរ។

«ទី១​ គឺគេ​ចាត់​វិធាន​ការ​ដើម្បី​ផ្តាច់​ខ្សែ​រយៈ​ ​និង​សកម្មជន​ដែល​អាច​ដើរ​តួ​នាទី​ជា​អ្នក​កៀរគរ ឬ​រៀប​ចំ​ឲ្យ​មាន​ការ​ទៅ​ទទួល​ សម រង្ស៊ី ដើម្បី​ទប់​ទល់​ការ​វិល​ត្រឡប់​របស់​សម រង្ស៊ី នេះ»។

​ប៉ុន្តែ​ បន្ថែម​ពី​លើទឡ្ហីករ​នៃ​ការ​រារាំង​ដំណើរ​និវត្ត​មក​កម្ពុជាវិញ​របស់​លោក សម រង្ស៊ី ទិដ្ឋភាព​មួយ​ទៀត​បង្ហាញ​ថា​ ការ​ចោទ​ប្រកាន់​និង​ការ​កោះ​ហៅសកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ អាច​ជា​ហេតុផល​មួយ​នៃការ​កាត់​ផ្តាច់​ជើង​ក្រោម​របស់​បក្ស​ប្រឆាំង បង្កើន​សម្ពាធ​ផ្លូវ​ចិត្ត​លើ​ពួក​គេ​ នៅ​ពេល​ដែល​ពួកគេ​បាត់បង់​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​កំពូល និង​បន្ថយ​ភាព​ក្លាហាន​ក្នុង​ការ​គាំទ្រ​នៅ​តាម​មូលដ្ឋាន។

ទោះជា​យ៉ាង​ណា លោក​សម រង្ស៊ី បាន​ប្រាប់​វីអូអេ​តាម​ខ្សែ​ទូរស័ព្ទ​ពី​ទ្វីប​អឺរ៉ុប​ថា ការ​ចាប់​ខ្លួន​សកម្មជន​គាំទ្រ​បក្ស​ប្រឆាំង​ គឺជាការចាប់​ខ្លួន​«អត់​មាន​តម្លៃ​និង​មិន​មាន​ប្រសិទ្ធភាព»។

«ពី​ព្រោះ​រដ្ឋ​អំណាច​លោក​ហ៊ុន សែន សព្វថ្ងៃ​ភ័យ​ស្លន់​ស្លោ។ គាត់​យល់​ឃើញ​ថា ប្រជាពលរដ្ឋ​នឹង​ងើប​ឈរ​ព្រម​គ្នា។​ ដូច្នេះ​គាត់​ចង់​បំភិត​បំភ័យ​អ្នក​ដែល​ជា​រចនា​សម្ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ​កុំ​ឲ្យ​កេណ្ឌ​ប្រជាពលរដ្ឋ។​ ប៉ុន្តែ​ប្រជាពល​រដ្ឋ​ នឹង​មក​ដោយ​ចិត្ត​លោក ឲ្យ​តែ​ដឹង​ថា​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ដល់​ពេល​ណា ពួកគាត់​នឹង​ចូល​រួម​អម​ដំណើរ​ ទៅ​ទទួល​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ពេល​នោះ»។

​លោក​សម រង្ស៊ី បាន​និរទេស​ទៅ​ក្រៅ​ប្រទេសចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ដើម្បី​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ។ ​ក្នុង​ពេល​នេះ​លោក​ស្ថិត​ក្រោម​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ច្រើន​ជាង​ដប់​ករណី។​

នៅពេល​ដែលមេដឹកនាំនយោបាយ​ប្រឆាំង​រូប​នេះ​ កាន់​តែ​បង្ហាញ​ពី​ចេតនា​មក​កម្ពុជា​វិញ​យ៉ាង​ពុះ​កញ្ជ្រោល លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​បង្កើន​សម្ពាធ​កាន់​តែ​ខ្លាំង ​និង​បាន​គំរាមប្រើ​ប្រាស់​កម្លាំង​កងទ័ព​ដើម្បី​ទប់​ស្កាត់​រូប​លោក​ទៀត​ផង។

លោកសុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច បក​ស្រាយ​ថាការ​បង្ក្រាប​លើ​សកម្ម​ជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មិនមែន​ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​លោក​សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​នោះ​ទេ។

«ការ​បង្ក្រាប​ហ្នឹង គឺ​មិន​មែន​ដើម្បី​បំណង​រារាំង​ទេ។ គឺ​យើង​អនុវត្តច្បាប់​តែម្តង។​ ហើយ​ច្បាប់​នេះ​គឺ​យើង​អនុវត្ត​ត្រឹម​ត្រូវ​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀងទីក្រុង​ប៉ារីស ដោយ​យើង​លើក​កម្ពស់​លិទ្ធិ​ប្រជាធិបតេយ្យ​ អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា។ អញ្ចឹង​ការ​ចាប់​វិធាន​ការណ៍​មួយ​ចំនួន​លើ​ជន​ល្មើស​ច្បាប់​ អត់​មាន​អីខុស​ទេ»។

វិបត្តិ​នយោបាយនៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០១៧ នៅពេល​ដែល​លោក​កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទក្បត់ជាតិ និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ត្រូវ​បាន​រំលាយ​ចោល។

ការ​រំលាយ​បក្ស​ប្រឆាំង​នេះ​បាន​បង្វិល​ប្រទេស​កម្ពុជា​ឲ្យ​ក្លាយ​ជា​រដ្ឋាភិបាល​ឯកបក្ស​ និង​នាំឲ្យ​មាន​ការរិះគន់​ពី​បណ្តា​បច្ចឹម​ប្រទេស រួម​ទាំង​សហភាព​អឺរ៉ុប​ផង​ដែរ។ សហភាព​អឺរ៉ុប​ដែល​ដាក់​សម្ពាធ​លើ​កម្ពុជា​ ដោយ​គំរាម​ព្យួរការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​អឺរ៉ុប​ ឬ​ EBA។ ដើម្បី​ការ​ពារ​ការ​អនុគ្រោះ​ពន្ធ​នេះ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​ដោះ​លែង​អ្នក​ទោស​នយោបាយ​មួយ​ចំនួន ប៉ុន្តែ​បន្ទាប់​ពី​លោក​សម​ រង្ស៊ី ប្រកាស​ថា​លោក​នឹង​វិលត្រឡប់​ចូល​កម្ពុជា​វិញ​ ការ​បង្រ្កាប​បាន​ចាប់​ផ្តើម។

ក្នុង​ពេល​នោះ​លោក​សម រង្ស៊ី ​ហាក់​ដូចជា​បាន​ចាក់​សាំង​បន្ថែម​លើ​កម្តៅ​ដែល​មាន​ស្រាប់​តាម​រយៈ​ការ​រិះគន់លើ​ព្រះ​មហាក្សត្រ​ថា ​ព្រះ​អង្គ​មិន​មាន​ព្រះរាជ​អន្តរាគម​ដោះ​ស្រាយ​វិបត្តិ​នយោបាយ។​ហើយ​ព្រះអង្គ​ស្ថិត​ក្នុង​ចំណាត់​ខ្មាំង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

តាមរយៈ​សេចក្តី​ថ្លែងការណ៍​នេះ លោក​សម រង្ស៊ី ទំនងជា​អាច​រុញ​ច្រានរដ្ឋាភិបាល​ឲ្យ​ប្រឈម​នឹង​សម្ពាធ​ពី​អឺរ៉ុប ​និង​ពី​អាមេរិក​បន្ថែម​ទៀត ​ទាក់​ទង​នឹង​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ចេញ​ពី​កម្ពុជា ខណៈ​ដែល​រដ្ឋាភិបាល​លោត​ច្រឡោត​ទប់​ទល់​នឹង​ការ​បរិហារ​របស់​លោក​សម រង្ស៊ី។ ​

ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​រឹត​បន្តឹង​កាន់​តែខ្លាំង​លើ​ការ​អនុ​គ្រោះ​ពន្ធ​លើ​ទំនិញ​របស់​កម្ពុជា ដែល​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ប្រាក់​ចំណេញយ៉ាង​តិច​ក៏​ជិត​មួយ​ពាន់​លាន​ដុល្លារ​ដែរ​នោះ កម្ពុជា​អាច​នឹង​ងាក​ទៅ​រក​ជន្ទល់​ពី​ប្រទេស​ចិន​កាន់​តែខ្លាំង។

ស្របពេល​ជាមួយ​គ្នា​នោះ ​អ្នក​គាំទ្រ​នយោបាយ​មួយ​ចំនួន​ដែល​មិន​សប្បាយ​ចិត្ត​ជាមួយ​ឥរិយាបទ​របស់​ប្រជាពលរដ្ឋ​ចិន​នៅ​កម្ពុជា​អាច​នឹង​មាន​ផ្នត់​គំនិត​បែប​ផ្សេង។ ប៉ុន្តែ​នៅពេល​លោក​សម រង្ស៊ី ថ្លែង​រិះគន់​ព្រះ​មហាក្សត្រ​នេះ ​គេ​សង្កេត​ឃើញ​ថា​ គណបក្ស​ប្រជាជន​បាន​ទាញ​ស្រូប​យកផល​ចំណេញ​ពី​អ្នក​គាំទ្រ​រាជា​និយម​បាន​ខ្លះ​ដែរ។

យ៉ាងណា​ក៏ដោយ ការ​ដាក់​សម្ពាធ​លើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​នា​ពេល​នេះ អាច​ជា​មធ្យោបាយ​មួយ​ដើម្បី​ស្រូប​យក​ពួក​គេ​ឲ្យ​សាក​ល្បង​ចុះចូល​ជា​មួយ​គណបក្ស​កាន់​អំណាច​ផង​ដែរ។

លោក​សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​មិន​អះអាង​ចំៗ​ត្រង់​ចំណុច​នេះ​ទេ។ ប៉ុន្តែ លោក​ពោល​ថា​ ការ​ជ្រើសរើស​ផ្លូវ​នយោបាយ គឺជា​សេរីភាព​របស់​ពួកគេ។

«សិទ្ធិ​នយោបាយ​របស់​បងប្អូន​ទេ។ បងប្អូន​ណា​ភ្ញាក់​រលឹក​មិន​ជឿ​តាម​មេឧទ្ទាម​ក្រៅ​ច្បាប់​តទៅទៀត គេ​ចូល​មក​គណបក្ស​ប្រជាជន​ក៏បាន ចូល​គណបក្ស​ផ្សេង​ក៏​បាន​ដែរ។​ វា​ជា​សិទ្ធិ​នយោបាយ​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​បងប្អូន​ហើយ»។

ផ្ទុយ​ទៅ​វិញ លោក​សម រង្ស៊ី បាន​ហៅ​សម្ពាធ​មក​លើ​សកម្មជន​ប្រឆាំង​ថា​ជា​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​កម្ពុជា។​

«ការ​ចោទ​ប្រកាន់ ការ​ចាប់ ការ​គំរាម ប្រើ​អំពើ​ហិង្សា គឺ​លោក​ហ៊ុន សែន ធ្វើ​សង្គ្រាម​ប្រឆាំង​ជាមួយ​ប្រជារាស្ត្រខ្មែរ»។

បើ​ពិនិត្យ​មើល​ជ្រុង​មួយ​ទៀត ការ​គាប​សង្កត់ ការ​ចាប់​ខ្លួន ឬ​ចោទ​ប្រកាន់លើ​សកម្មជន​បក្ស​ប្រឆាំងទំនង​ជា​មិន​មែន​ជា​មធ្យោបាយ​ល្អ​នោះ​ទេ។ វា​អាច​ជា​ការ​ដោះ​ស្រាយ​បាន​មួយ​គ្រា តែ​មិន​មែន​ជា​ដំណោះ​ស្រាយរៀង​រហូត​ទេ ខណៈ​ដែល​ការ​កែទម្រង់​តាម​មូលដ្ឋាន​មួយ​ចំនួន​ហាក់​ដូចជា​លែង​ដើរ​ទៅមុខ ការ​យក​ចិត្តទុក​ដាក់​លើ​ហេដ្ឋារចនា​សម្ព័ន្ធ មាន​ការ​ធ្វេស​ប្រហែស​របស់​មន្ត្រី​ដឹក​នាំ​មូលដ្ឋាន​ ពេល​ដែល​បាត់​បង់​បក្ស​ប្រឆាំង​ជា​គូ​ប្រជែង ទំនង​ជា​ចំណុច​សម​ស្រប​ត្រូវ​ពិនិត្យមើល​ច្រើន​ជាង​ការ​ប្រើ​សម្ពាធ​នយោបាយ។

សន្ទុះ​នៃ​ការ​កើន​សំឡេង​ឆ្នោត​ឆ្នាំ​២០១៣ និង​ឆ្នាំ២០១៧ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ក្លាយ​ជា​ការ​គំរាម​កំហែង​កាន់​តែច្បាស់​សម្រាប់​បក្ស​កាន់អំណាច។​ ហើយ​ប្រហែល​ជា​គេ​អាច​យល់​បាន​ពី​ឬសគល់​មួយ​ចំនួន​នៅ​កម្រិត​មូលដ្ឋាន ​និង​កម្រិត​ថ្នាក់​ជាតិ​របស់​បក្ស​កាន់​អំណាច។

ទោះជា​បែបនេះ​ក្តី ​ការ​រុញ​សកម្មជន​បក្ស​ប្រឆាំង​លេច​ធ្លោ​មួយ​ចំនួន​ឲ្យ​ផ្ទប់​ជញ្ជាំង និង​ការ​ព្យាយាមដាក់​របាំង​ចំពោះ​លោក​សម រង្ស៊ី ក្នុង​ការវិល​ត្រឡប់​មក​កម្ពុជា​វិញ អាច​ជា​យាន​មួយ​ឈូស​រុញ​ឲ្យ​បក្ស​ប្រឆាំង​ក្រាប​ដល់​ឬសគល់​ពិបាក​នឹង​ងើប​ឡើង​វិញ​បាន។

ហេតុ​ដូច្នេះ​ការ​សម្រេចចិត្ត​របស់​លោក​សម រង្ស៊ី ក្នុង​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ទំនង​ជា​រឿង​ចាំបាច់​សម្រាប់​អនាគត​នយោបាយ​របស់​លោក។ ផ្ទុយទៅវិញ ប្រសិនបើ​មាតុភូមិនិវត្តន៍របស់​លោក​សម រង្ស៊ី មិន​បាន​កើត​ឡើង​នោះ​ទេ ផលវិបាក​មួយ​ចំនួន​របស់​អតីត​គណបក្ស​ប្រឆាំង​របស់​លោក​នឹង​រីក​កាន់​តែរីក​ធំ។​ សកម្មជន​នយោបាយ​ដែល​ត្រូវ​ចាប់​ខ្លួន​អាច​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយសារ​នយោបាយ ហើយ​អ្នក​គាំទ្រ​នយោបាយ​ប្រឆាំង​ដទៃទៀត អាច​ស្ថិតក្រោម​សុបិន​អាក្រក់ និង​ការ​ភ័យ​ខ្លាច៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG