ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នេសាទ​ឃុំ​កំពង់ភ្លុក​ចង់​ឱ្យ​អាជ្ញាធរ​ឃុំ​ជាប់​ឆ្នោត​ពង្រឹង​ផ្នែក​នេសាទ ​និង​បង្ក្រាប​គ្រឿង​ញៀន​បន្ថែម


អ្នកស្រី​ ជា ចន្នី​​ អ្នកទិញត្រីនៅឃុំ​កំពង់​ភ្លុក​ ស្រុកប្រាសាទ​បាគង ខេត្តសៀមរាប ថ្ងៃទី​២ ខែមិថុនា​ ឆ្នាំ​២០២២ ។ ​(វីអូអេ)
អ្នកស្រី​ ជា ចន្នី​​ អ្នកទិញត្រីនៅឃុំ​កំពង់​ភ្លុក​ ស្រុកប្រាសាទ​បាគង ខេត្តសៀមរាប ថ្ងៃទី​២ ខែមិថុនា​ ឆ្នាំ​២០២២ ។ ​(វីអូអេ)

ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គឺ​មាន​សារៈ​សំខាន់​ចំពោះ​អ្នក​នេសាទ​ និង​ប្រជាជន​មូលដ្ឋាន​ព្រោះ​ថា​ បើ​ជ្រើសរើស​មេ​ឃុំ​ខុស​ គឺ​មិន​អាច​ទប់ស្កាត់​បទ​ល្មើស​នេសាទ​ក្នុង​ឃុំ​កំពង់ភ្លុក​បាន​ទេ​ ហើយ​បញ្ហា​ដែល​មិន​ធ្លាប់​កើត​មាន ​អាច​នឹង​កើត​មាន។

កំពុង​ជួលជុល​ទូក​នៅ​តាម​ផ្លូវ​ទៅ​ភូមិ​កំពង់​ភ្លុក​លោក​ គន់ ថា​ ​ជា​អ្នក​នេសាទ​ក្នុង​ឃុំ​កំពង់ភ្លុក ​ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប​ បាន​ប្រាប់​វីអូអេ​ថា​ប្រជា​ពលរដ្ឋ​ត្រូវ​បោះឆ្នោត​ ដើម្បី​ជ្រើស​រើស​មេ​ឃុំ​ចៅ​សង្កាត់​ឬ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ល្អ​បម្រើ​ពលរដ្ឋ​ក្នុង​ឃុំ​ និង​បន្ត​អនុវត្ត​វិធានការ​របស់​រដ្ឋាភិបាល​ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ។​

ជុំវិញ​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ លោក ​គន់ ថា​ បន្ថែម​ថា​គិត​ចាប់​តាំង​ពី​ការ​ចេញ​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ឱ្យ​បង្ក្រាប​បទ​ល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​កាល​ពី​ខែ​មីនា​ ត្រី​ចាប់​ផ្តើម​សម្បូរ​ជាង​មុន។

លោក​និយាយ​ថា៖ «តាំង​ពី​រដ្ឋាភិបាល​បិទ​យ៉ាំង​កាវ ​បិទ​ស៊ីប ​បិទ​អី ​និយាយ​ចំ​ទៅ​ឧបករណ៍​មួយ​ចំនួន​ធំ​… ត្រី​កើន។ ​កើន​ ខ្ញុំ​អ្នក​នៅ​ទន្លេ​ខ្ញុំ​ដឹង​ ហើយ​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​កំពង់​ភ្លុក ​ក៏​ដូច​ប្រជា​នេសាទ ​ដែល​រក​ស៊ី​របរ​ស្រប​ច្បាប់ ​គឺ​ពួក​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់»។​

លោក​ គន់ ថា​ អាយុ​៣៧ឆ្នាំ ម្ចាស់​ទូកទេសចរណ៍​ក្នុងឃុំ​កំពង់​ភ្លុក​ និយាយ​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ ថ្ងៃ​ទី​២ ខែមិថុនា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/វីអូអេ)
លោក​ គន់ ថា​ អាយុ​៣៧ឆ្នាំ ម្ចាស់​ទូកទេសចរណ៍​ក្នុងឃុំ​កំពង់​ភ្លុក​ និយាយ​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ ថ្ងៃ​ទី​២ ខែមិថុនា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/វីអូអេ)

ក្រៅពី​បញ្ហា​នេសាទ​ខុស​ច្បាប់ ​អ្នក​នេសាទ​និង​ជា​ម្ចាស់​ទូក​ទេសចរណ៍​សម្បុរ​ស្រអែម​នេះ​ឲ្យ​ដឹង​ថា​ នៅ​ឃុំ​កំពង់​ភ្លុក​នៅ​មាន​បញ្ហា​គ្រឿង​ញៀន​តិចតួច​ក្រោយ​ពី​ការ​បង្ក្រាប​ដ៏​ចាស់​ដៃ​កាល​ពី​ចុង​ឆ្នាំ​២០២១។​ លោក​គន់ ថា​ ចង់​ឃើញ​មេឃុំ​ជាប់​ឆ្នោត បន្ត​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ពាក់​ព័ន្ធ លុប​បំបាត់​គ្រឿង​ញៀន​ក្នុង​ឃុំ​ផង​ដែរ។​

បុរស​អាយុ​៣៧​ឆ្នាំ​នេះ​ ឱ្យ​ដឹង​ថា ​តាំង​ពី​លោក​ធំ​ដឹង​ក្តី​មក​រហូត​ដល់​បច្ចុប្បន្ន​នេះ​ ឃុំ​កំពង់​ភ្លុក​មិន​មាន​ជន​ជាតិ​វៀតណាម​រស់​នៅ​ទេ ​ហើយ​លោក​ក៏​រំពឹង​ថា ​គ្រឿង​ញៀន​នឹង​លែង​មាន​ ដូច​ដែល​គ្មាន​វត្តមាន​ជនជាតិ​វៀត​ណាម​នៅ​ក្នុង​ឃុំ​របស់​លោក​ដែរ។

លោក​ប្រាប់​វីអូអេ​កាល​ពី​សប្តាហ៍​មុន​ថា៖​ «ចង់​និយាយ​ថា​ ថ្នាំ​ញៀន​បើ​យើង​ទប់​ស្កាត់​អត់​បាន​ វា​មិន​ត្រឹមតែ​ប៉ះពាល់​តែ​ក្មេង​ទេ​ វា​ប៉ះ​ពាល់​ដល់​គ្រួសារ​ទៀត។ ចង់​និយាយ​ថា ​ចង់​ឱ្យ​រដ្ឋាភិបាល​ជួយ​គិត​គូរ​រឿង​នេះ​ផង​បាទ​ ឱ្យ​វា​ស្អាត​ ដូច​ដែល​អត់​មាន​វៀតណាម​រស់​នៅ​ឃុំ​កំពង់​ភ្លុក»។​

ឃុំ​កំពង់​ភ្លុក​ គឺ​ជា​ឃុំ​មួយ​ស្ថិត​នៅ​ក្នុង​ចំណោម​ឃុំ​សង្កាត់​សរុប​ចំនួន​១០០​ឃុំ​សង្កាត់​របស់​ខេត្ត​សៀមរាប។​ គណបក្ស​មួយ​ចំនួន​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ក្នុង​ឃុំ​នេះ​ដែល​មាន​ពលរដ្ឋ​ជាង​៩០០​គ្រួសារ​រស់​នៅ។

អំឡុង​ពេល​ដែល​គណបក្ស​នយោបាយ​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់ ​អ្នក​នេសាទ ​វ័យ​៣៧​ ឆ្នាំ​ លោក ​គន់ ថា និយាយ​ថា​ មេឃុំ​ដែល​ជាប់​ឆ្នោត​ត្រូវ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​នេសាទ​ក្នុង​ឃុំ​កំពង់​ភ្លុកដែល​ជា​ជម្រក​របស់​អ្នក​នេសាទ។

ទេសចរមក​កម្សាន្ត​ក្នុង​ឃុំកំពង់ភ្លុក​ ខេត្តសៀមរាប​ ថ្ងៃទី​២ ខែមិថុនា​ ឆ្នាំ​២០២២។ ​(វីអូអេ)
ទេសចរមក​កម្សាន្ត​ក្នុង​ឃុំកំពង់ភ្លុក​ ខេត្តសៀមរាប​ ថ្ងៃទី​២ ខែមិថុនា​ ឆ្នាំ​២០២២។ ​(វីអូអេ)
ទិដ្ឋភាពនៅ​ឃុំ​កំពង់​ភ្លុក​ ស្រុកប្រាសាទ​បាគង ខេត្តសៀមរាប ថ្ងៃទី​ ២ ខែមិថុនា​ ឆ្នាំ​២០២២។(វីអូអេ)​
ទិដ្ឋភាពនៅ​ឃុំ​កំពង់​ភ្លុក​ ស្រុកប្រាសាទ​បាគង ខេត្តសៀមរាប ថ្ងៃទី​ ២ ខែមិថុនា​ ឆ្នាំ​២០២២។(វីអូអេ)​

លោក ​គន់ ថា​ និយាយ​ថា​ ទោះ​រវល់​ខ្លាំង​យ៉ាង​ណា​ ក៏​លោក​នៅ​តែ​ឆ្លៀត​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​ ដើម្បី​រើស​មេឃុំ​ដែល​ធ្វើ​ការ​បម្រើ​ប្រយោជន៍​ពលរដ្ឋ។

លោក​ប្រាប់​វីអូអេ​ថា៖​ «ចង់​និយាយ​ថា​ ទាំង​គេ​ ទាំង​ខ្ញុំ​កាតព្វកិច្ច​រៀងៗ​ខ្លួន។ ​ ឱ្យ​តែ​ដល់​ពេល​ទៅ​បោះ​ឆ្នោត​យើង​ត្រូវ​តែ​ទៅ​បោះ​ ពី​ព្រោះ​ថា​ មិន​មែន​ការងារ​ដែល​យើង​ឆ្លៀត​មិន​បាន​ឯណា!»។

ឃុំ​កំពង់​ភ្លុក​ ជា​ទីកន្លែង​នេសាទ​ផង​ ហើយ​ក៏​ជា​ទីតាំង​ទេសចរណ៍​សំខាន់​មួយ​របស់​ខេត្ត​សៀមរាប​ផងដែរ។ ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ឃុំ​ក្បែរ​បឹង​ទន្លេសាប​នេះ​ភាគច្រើន​ជា​អ្នកនេសាទ​ ហើយ​ខ្លះ​ទៀត​ជា​កម្មករ​ និង​ជា​អ្នក​ផ្តល់​សេវា​កម្ម​ផ្នែក​ទេសចរណ៍។

លោក​ ហែម មុំ អាយុ​៤៧​ឆ្នាំ​ ជាកម្មករ​ស៊ី​ឈ្នួល​ជួសជុល​ទូក​ ដែល​រក​ចំណូល​បានមួយ​ថ្ងៃ​១០​ដុល្លារ ដើម្បី​ចិញ្ចឹម​កូន​ស្រី​២​នាក់​ដែល​កំពុង​រស់​នៅ​ជាមួយ​លោក​ ខណៈ​កូន​លោក​បួន​នាក់​ទៀត​បាន​ចេញ​ធ្វើ​ការ។

ការ​រក​ចំណូល​បាន​តិច​តួច​ជា​កង្វល់​មួយ​សម្រាប់​គ្រួសារ​គាត់ តែ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ដែល​នៅ​សេសសល់​ និង​បទ​ល្មើស​នេសាទ​ធំៗ​ដែល​ធ្លាប់​កើត​ឡើង​កន្លង​មក​ក្នុង​ឃុំ​កំពង់​ភ្លុក​ នាំ​ឱ្យ​កម្មករ​ជួសជុល​ទូក​រូប​នេះ​ត្រូវ​រើស​មេ​ឃុំ​ណា​ ដែល​មាន​ការ​តាំង​ចិត្ត​ក្នុង​ការ​បំបាត់​ភាព​អសកម្ម​ទាំង​នេះ។​

លោក​និយាយ​ថា៖ «ខ្ញុំ​ចង់​បាន​ឱ្យ​ពង្រឹង​បន្ថែម​អា​រឿង​បញ្ហា​គ្រឿង​ញៀន​រឿង​អី ហើយ​និង​បទល្មើស​នេសាទ​ដែល​វា​ធំៗ​ពេក»។​

ដោយ​ឡែក​ អ្នក​ទិញ​ត្រី​ទៅ​លក់​នៅ​ផ្សារ​រលោះ អ្នកស្រី​ ជា ចន្នី​ ក្នុង​វ័យ៤៣​ឆ្នាំ​ និង​ជា​ម្តាយ​មាន​កូន​៦​នាក់​និយាយ​ថា​ កា​រអភិវឌ្ឍ​ផ្លូវ​ថ្នល់​បន្ថែម​ទៀត​ក្នុង​ឃុំ​កំពង់​ភ្លុក​ ជា​តម្រូវការ​ដែល​ពលរដ្ឋ​ក្នុង​ឃុំ​នេះ​ចង់​បាន។​

អ្នកស្រី​ថ្លែង​ថា៖​«បើ​ខ្វះ​ខាត​ ខ្វះ​ខាត​កំពង់ភ្លុក​យើង។​ ផ្លូវ​លោក​គ្រូ​មើល​ ផ្លូវ​គ្រលុក​ក្រលាក់​ដល់​កំណត់​ហើយ​ រលាក់​ ក្រហេង​ក្រហូង។​យើង​ធ្វើ​ដំណើរ​មក​ពិបាក។ ​ពេល​ភ្លៀង​មក​ រអិល។ បើ​តាម​សំណូមពរ​ខ្ញុំ​ចង់​បាន​តែ​ផ្លូវ​ល្អ»។​

បើ​តាម​លទ្ធផល​បឋម​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ (គ.ជ.ប.)​ គណបក្ស​ប្រជា ជន​កម្ពុជា​ កំពុង​នាំ​មុខ​គណបក្ស​ផ្សេង​ទៀត​ នៅ​ក្នុង​ការ​គ្រប់គ្រង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ទូទាំង​ខេត្ត​សៀមរាប។​ បច្ចុប្បន្ន​ អាសនៈ​មេ​ឃុំ​ របស់​ឃុំ​កំពង់​ភ្លុក​នេះ​ កំពុង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​ដែល​ក្តោប​ក្តាប់​អំណាច​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ៕

XS
SM
MD
LG