ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​បរិស្ថាន​ច្រានចោល​សេចក្តី​ថ្លែង​ការណ៍​របស់​សហគមន៍​ព្រៃឡង់​ពី​កំណើន​នៃ​ការ​កាប់​ព្រៃឈើ​ក្នុង​ព្រៃឡង់


រូបឯកសារ៖ ទិដ្ឋភាពព្រៃឡង់ពិ​លើ​អាកាស នៅ​ឆ្នាំ ២០១៦។ (រូបថតដោយ៖ USAID/Michael Gebremedhin)
រូបឯកសារ៖ ទិដ្ឋភាពព្រៃឡង់ពិ​លើ​អាកាស នៅ​ឆ្នាំ ២០១៦។ (រូបថតដោយ៖ USAID/Michael Gebremedhin)

ក្រសួង​បរិស្ថាន​បាន​ច្រាន​ចោល​សេចក្តី​ថ្លែង​ការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​ដែល​ថា មន្រ្តី​ឧទ្យានុរក្ស​មិន​បំពេញ​តួនាទី​របស់​ខ្លួន​ រហូត​ធ្វើ​ឲ្យ​មាន​​​ការ​កើន​ឡើង​នៃ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃឡង់​នៅ​ក្នុង​ឆ្នាំ​២០១៩។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ទាត់ចោល​សេចក្តី​ថ្លែង​ការណ៍​របស់​សហគមន៍​ព្រៃឡង់​ដែល​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​សកម្មភាព​កាប់ឈើក្នុង​តំបន់​ព្រៃ​ការពារ។​ មន្ត្រី​ដដែល​បាន​ហៅ​សេចក្តី​ថ្លែង​ការណ៍​របស់​សហគមន៍​នេះ​ថា​ជា «ការ​បំផ្លើស​ការ​ពិត»។

បណ្តាញ​សហគមន៍​ព្រៃឡង់​ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បង្ហាញ​ពី​កង្វល់​ពី​សកម្មភាព​កាប់​ព្រៃ​យ៉ាង​គំហុក​ក្នុង​តំបន់​ការពារ​ចុង​ក្រោយ​របស់​ព្រៃ​ទឹកភ្លៀង​តំបន់ត្រូពិក​ដ៏​ធំ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​ ​សហគមន៍​ព្រៃឡង់​ដែល​ជា​បណ្តាញ​ការពារ​ព្រៃ​ឈើ​ក្នុង​តំបន់​នេះ​ ​បាន​ដាក់​ការ​ស្តី​បន្ទោសលើ​ក្រុម​ការងារ​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន​ ដែល​មិន​អើ​ពើ​និង​អសកម្ម​ភាព​ក្នុង​ការ​ទប់ស្កាត់​ការ​បំផ្លាញ។

សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ បានរៀប​រាប់​ពី​សកម្ម​ភាព​ជាច្រើន​ដែល​បាន​បណ្តាល​ឲ្យ​ការ​កាប់​ព្រៃឈើ​កើន​ឡើងនៅ​ក្នុង​តំបន់​ព្រៃឡង់​ដែល​ជា​ព្រៃទឹក​ភ្លៀង​នៃ​តំបន់​ទំនាប​ចុង​ក្រោយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

​លោក​ នេត្រ ភក្រ្តា​ ​អ្នកនាំពាក្យ​នៃ​ក្រសួង​បរិស្ថាន​ បាន​បដិសេធ​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​នេះ​ដោយ​ថា ​វា​បាន​បំផ្លើស​ការពិត។

​លោក​បាន​និយាយ​ថា៖

«ការ​ចោទ​ប្រកាន់​ចំពោះមន្រ្តី​របស់​យើង​ថា​អសកម្ម​នេះ​ វា​ជា​ការ​ចោទ​ប្រកាន់​មួយ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ទេ។ ហើយ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ គឺ​យើង​មិន​អាច​ទទួល​យក​បាន​ទេ ពីព្រោះ​មន្រ្តី​ឧទ្យានុរក្ស​របស់​យើង​ គឺ​បាន​ខិតខំ​ប្រឹងប្រែង​ ហើយ​លះបង់​កម្លាំង​កាយ​កម្លាំង​ចិត្ត​របស់​គាត់​នៅ​ក្នុង​ការ​ចុះ​ល្បាត​ព្រៃ»។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​លើកឡើងពី​សកម្ម​ភាព​កាប់​ឈើ​ខុស​ច្បាប់​ និង​«អនាធិបតេយ្យ» ជុំវិញ​តំបន់​ព្រៃឡង់​ ដែល​ក្នុងចំណោម​នោះ​គឺ​ «ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ជាច្រើន​គោយន្ត​ក្នុង​មួយ​ថ្ងៃៗ ​និង​ឧបករណ៍​សម្រួល​ដល់​ការ​កាប់​ឈើ​ កាត់​មុខ​ស្នាក់​ការ​យាម​ល្បាត​របស់​មន្រ្តី​ឧទ្យានុរក្ស​នីមួយៗ»។

ខណៈ​ដែល​ក្រុម​សកម្មជន​បណ្តាញ​សហគមន៍​ព្រៃឡង់បាន​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ត្រួត​ពិនិត្យ​មន្រ្តី​ឧទ្យានុរក្ស​ដែល​អសកម្ម​និង​មិន​បាន​បំពេញ​តួនាទី​ ​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ដដែល​នៅតែ​បដិសេធ​ម្តងហើយ​ម្តងទៀត​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​នេះ ​ដែល​លោក​ហៅ​ថា​ជា​ «ការ​ចោទប្រកាន់» មិន​ផ្អែក​លើ​ការពិត។

លោក​ នេត្រ​ ភក្រ្តា​ បាន​បន្ថែម​ថា៖​

«បើសិន​ជា​ពួកគាត់​មាន​ភស្តុតាង​ត្រឹមត្រូវ​ច្បាស់​លាស់ គឺ​សុំ​អាចប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏បាន ឬ​ក៏​ប្តឹង​មក​ក្រសួង​បរិស្ថាន​ក៏​បាន ដែល​ក្រសួង​បរិស្ថាន​គឺ​ជា​ស្ថាប័ន​សាម៉ី ដែល​គ្រប់គ្រង​នេះ​យើង​មាន​ក្រុម​ការងារ​ក៏​ដូចជា​គណៈកម្មការដើម្បី​ត្រួត​ពិនិត្យ​និង​ធ្វើការ​ស៊ើប​អង្កេត​ទៅលើ​បញ្ហា​ទាំងអស់​ហ្នឹង​ ចៀសវាង​ការ​ចោទ​ប្រកាន់​ ការ​មួល​បង្កាច់​ដើម្បី​របៀប​វារៈ​អ្វី​មួយ​បាទ»។

​ទោះ​យ៉ាង​ណា​លោក ​ស្រី ថី ​សកម្មជន​ការពារ​ព្រៃឈើ​នៃ​បណ្តាញ​សហគមន៍​ព្រៃឡង់ ​ប្រចាំ​ខេត្ត​ព្រះ​វិហារ​ នៅ​តែ​បង្ហាញ​ពី​ក្តី​បារម្ភចំពោះ​ការ​កើន​ឡើង​នៃ​ការ​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​គំហុក​ក្នុង​ឆ្នាំ​២០១៩។

លោក​បានប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​បទល្មើស​នៃ​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់​កើត​ឡើង​ស្មើៗ​គ្នា​នៅទាំង​បួន​ខេត្ត ដូចជា​ខេត្ត​ព្រះវិហារ​ ខេត្ត​កំពង់ធំ​ ខេត្ត​ក្រចេះ​ និងខេត្ត​ស្ទឹងត្រែង​ ខណៈ​ដែល​មន្ត្រី​ឧទ្យានរក្ស​មិន​អើពើ​និង​មិន​សហការ​ជា​មួយ​សកម្មជន​ស័្មគ្រ​ចិត្ត​នៃ​បណ្តាញ​សហគមន៍​ព្រៃឡង់។

«ឈើ​ពី​មួយ​ខែ​ទៅ​មួយ​ខែ អ្នកគ្រូកើន​ឡើង​លើស​តាំង​ឆ្នាំ​ប៉ុន្មាន​មុនៗ​ហ្នឹងទាំងអស់ ហើយ​ព្រៃឡង់​សុខៗ​វាល​ល្ហល្ហេវ​ទៅ​ហើយ»។

លោក ស្រី ថី​ បានបន្ថែម​ថា៖ ​

«វា​ពិបាក​ដោយសារ​តែ​យើង​ចាប់​បទល្មើស​មក​ដូច​បរិស្ថាន​គេ​ច្រើន​ តែ​ដោះ​លែង​ ឬ​ឲ្យ​ម៉ាស៊ីន​ទៅ​វិញ។ យ៉ាប់​ដែរ ហើយ​ឈ្មួញ​បង់ប្រាក់​ឲ្យ​ប្រចាំ​ខែ ហើយ​ពេល​យើង​សហការ​ម្តងៗ​ទៅ គេ​ថា​ខ្វះ​កម្លាំង​ខ្វះ​អី អត់​មាន​អី​ចូល​រួម​ជាមួយ​ទេ»។

​តំបន់​ព្រៃឡង់​ដែល​លាត​សន្ធឹង​ជាប់​ខេត្ត​ចំនួន​បួន​ ក្នុង​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​ចាត់​ទុកថា​ជា​ព្រៃ​ទឹក​ភ្លៀង​ត្រូពិច​ដ៏​ធំ​ចុង​ក្រោយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ​ព្រៃ​ទឹក​ភ្លៀង​នេះ​ត្រូវ​បាន​បំផ្លាញ​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ ​ក្រោម​រូបភាព​ទន្ទ្រាន​ដី​ព្រៃ ​ការ​កាប់​ឈើ​ប្រណិត​ ​ការ​ផ្តល់​ដីសម្បទាន​ដល់​ក្រុមហ៊ុន​វិនិយោគ​បរទេស​ជាដើម។

​តាម​របាយ​ការណ៍​ល្បាត​បទល្មើស​កាប់​ព្រៃឈើ​ខុសច្បាប់​ប្រចាំ​ខែ​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​ បទល្មើស​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ខែ​មេសា​ ឆ្នាំ​២០១៩ ​ដែល​ត្រូវ​បាន​រក​ឃើញ​ គឺ​មាន​ចំនួន​៥៥​ករណី​ និង​១៥​ករណី​ កាលពី​ខែ​មីនា​ នៅ​ក្នុង​ខេត្ត​ទាំង​បួន៕

XS
SM
MD
LG