ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ៖ ជន​បរទេស​មិន​មាន​ឈ្មោះ​ក្នុង​ប្រព័ន្ធ​ឌីជីថល​ថ្មី ​មិន​អាច​បន្ត​ទិដ្ឋាការ​ស្នាក់​នៅ​ឡើយ​ចាប់​ពី​ខែ​កក្កដា​


កម្លាំងការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៨៣ សជណ.អអ និងផ្សព្វផ្សាយដល់ម្ចាស់លំនៅដ្ឋាន ដើម្បីភ្ជាប់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុក
កម្លាំងការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៨៣ សជណ.អអ និងផ្សព្វផ្សាយដល់ម្ចាស់លំនៅដ្ឋាន ដើម្បីភ្ជាប់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុក

អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​លើក​ឡើង​ថា ​ជន​បរទេស​ណា​ដែល​មិន​បាន​ចុះ​ឈ្មោះ​ក្នុង​ប្រព័ន្ធ​ឌីជីថល​ថ្មី​ហៅ​ថា​ «ប្រព័ន្ធ​គ្រប់​គ្រង​វត្តមាន​ជន​បរទេស​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា» ឬហៅកាត់ថា (FPCS) ពួកគេ​នឹង​មិន​ទទួល​បាន​ការ​ផ្តល់​ទិដ្ឋាការ​បន្ត​ស្នាក់​នៅ​កម្ពុជា​នោះ​ទេ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​២៧​ ខែ​មេសា​ ដោយ​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​លោក ​គៀត ច័ន្ទ​ថារិទ្ធ។​

ក្នុង​លិខិត​នោះ​ អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​បញ្ជាក់​ថា​អគ្គនាយក​ដ្ឋាន​ នឹង​អនុវត្ត​វិធានការ​មិន​ផ្តល់​ទិដ្ឋាការ​បន្ត​រយៈ​ពេល​ស្នាក់​នៅ ​«ចំពោះ​ជន​បរទេស​ដែល​មិន​មាន​ឈ្មោះ​ក្នុង​ប្រព័ន្ ធ​ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​កក្កដា​ ឆ្នាំ​២០២០»។​

ប្រព័ន្ធ​ឌីជីថល​ថ្មី​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាំងពី​ដើម​ខែ​មករា​ តម្រូវ​ឲ្យ​ម្ចាស់​ជួល​កន្លែង​ស្នាក់​នៅ​ឲ្យ​ជន​បរទេស​ចុះ​ឈ្មោះ​ជន​បរទេស​ទាំង​នោះ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ ដោយ​សមត្ថកិច្ច​មិន​បាច់​ចុះ​ប្រមូល​ឯកសារ​ដោយ​ផ្ទាល់ ​ដូច​មុន​នោះ​ទេ។​

ក្នុង​លិខិត​នោះ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ជំរុញ​ឲ្យ​ស្នង​ការ​នគរ​បាល​រាជធានី​ ខេត្ត​ទាំង​អស់​ ផ្សព្វផ្សាយ​គោល​ការណ៍​ណែនាំ​ជូន​ដល់​ម្ចាស់​ ឬ​អ្នក​កាន់​កាប់​ទីលំនៅ​គ្រប់​ប្រភេទ​ ឲ្យ​ធ្វើ​សេចក្តី​រាយ​ការណ៍​អំពី​វត្តមាន​ជន​បរទេស​ ដែល​បាន​មក​ស្នាក់​នៅ​ក្នុង​លំនៅដ្ឋាន​របស់​ខ្លួន​ ទៅ​ក្នុង​ប្រព័ន្ធ​គ្រប់​គ្រង​វត្តមាន​ជន​បរទេស​ក្នុង​ប្រទេស​កម្ពុជា​ (FPCS) ​ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​បន្ត​រយៈ​ពេល​ស្នាក់​នៅ។​

លោក​ កែវ វណ្ណថន ​អគ្គនាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ ​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ គ្រប់​ម្ចាស់​ផ្ទះ​ទាំង​អស់​ត្រូវ​ចុះ​ឈ្មោះ​ជន​បរទេស​ ហើយ​វា​ជាការ​ទទួល​ខុសត្រូវ​របស់​ពួក​គេ។​ លោក​បញ្ជាក់​ថា ​នេះ​ជា​ការ​អនុវត្ត​មាត្រា​១៨​នៃ​ច្បាប់​ស្តី​អំពី​អន្តោប្រវេសន៍​ដែល​តម្រូវ​ឲ្យ​ពួក​គេ​រាយ​ការណ៍​ទៅ​អាជ្ញាធរ។​

លោក​មាន​ប្រសាសន៍​ថា៖​ «យើង​ដាក់​កាតព្វកិច្ច​ឲ្យ​ពួក​គាត់​រាយ​ការណ៍ ​បើ​គាត់​មិន​រាយ​ការណ៍​ជន​បរទេស​ដែល​មក​ស្នាក់​នៅ​ហ្នឹង​ យើង​មិន​បន្ត​ទិដ្ឋាការ​ឲ្យ​គាត់​ស្នាក់​នៅ។​ ម្ចាស់​ដែល​ជន​បរទេស​មក​នៅ​កន្លែង​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ»។​

លោក​បន្ថែម​ថា ​អាជ្ញាធរ​កំពុង​តែ​ផ្សព្វផ្សាយ​ប្រព័ន្ធ​ថ្មី​នេះ​ទៅ​ម្ចាស់​កន្លែង​ស្នាក់​នៅ។

លោក​ថ្លែង​ថា៖ ​«អត់​មាន​ភ្លេច​ភ្លាំង​ទេ​ ព្រោះ​យើង​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស​ហើយ​កន្លែង​ហ្នឹង។​ ហើយ​ក្រុម​ការងារ​បាន​ផ្សព្វផ្សាយ​ដល់​ម្ចាស់​លំនៅដ្ឋាន​ ម្ចាស់​ក្រុម​ហ៊ុន​ ម្ចាស់​សណ្ឋាគារ ​ម្ចាស់​ផ្ទះ​សំណាក់​ទាំង​អស់។​ យើង​បាន​ផ្សព្វផ្សាយ​ថា ​ត្រូវ​អនុវត្ត​មាត្រា ​១៨ ​នៃ​ច្បាប់​ហ្នឹង ​ដើម្បី​ឲ្យ​អគ្គ​នាយកដ្ឋាន​មាន​ទិន្នន័យ​ជន​បរទេស​គាត់​ស្នាក់​នៅ​កន្លែង​ណា ​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង»។​

លោក​ កែវ វណ្ណថន​ មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​មាន​ទិន្នន័យ​ថា ​តើ​ជន​បរទេស​ប៉ុន្មាន​នាក់​ហើយ​ ដែល​ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​ប្រព័ន្ធ​ឌីជីថល​នេះ​ទេ។​

កម្លាំងការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៨៣ សជណ.អអ និងផ្សព្វផ្សាយដល់ម្ចាស់លំនៅដ្ឋាន ដើម្បីភ្ជាប់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុករប
កម្លាំងការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៨៣ សជណ.អអ និងផ្សព្វផ្សាយដល់ម្ចាស់លំនៅដ្ឋាន ដើម្បីភ្ជាប់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុករប

មាត្រា ​១៨​ នៃ​ច្បាប់​អន្តោ​ប្រវេសន៍​ចែង​ថា​ ម្ចាស់​ឬ​អ្នក​កាន់​កាប់​លំនៅដ្ឋាន​គ្រប់​ប្រភេទ​ ត្រូវ​ជូន​ដំណឹង​ក្នុង​រយៈ​ពេល​ ២៤ ​ម៉ោង​ ដល់​ស្ថាប័ន​នគរបាល​មាន​សមត្ថកិច្ច​ពី​វត្តមាន​នៃ​ជន​បរទេស ​ដែល​បាន​មក​ស្នាក់​នៅ​កម្ពុជា។​ មាត្រា ​៣១ ​នៃ​ច្បាប់​នេះ​ចែង​ថា ​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​ ១០.០០០​ រៀល ​ដល់ ​៣០.០០០ ​រៀល ​ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​ ១៨ ​នៃ​ច្បាប់​នេះ។​ ក្នុង​ករណី​មិន​រាង​ចាលជន​ល្មើស​ត្រូវ​ផ្ដន្ទា​ទោស​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​ ៣០.០០០ ​រៀល​ដល់ ​៦០.០០០ រៀល។​

ឧត្តមសេនីយ៍​ឯក អ៊ុក ហៃសីឡា ​អគ្គនាយក​រង​អន្តោប្រវេសន៍​ដែល​ទទួល​បន្ទុក​លើ​ប្រព័ន្ធ​ថ្មី​នេះ ​មាន​ប្រសាសន៍​ថា ​ពី​ដើម​ឡើយ​អាជ្ញាធរ​ចុះ​ប្រមូល​ឯកសារ​ទាំង​នោះ​រួច​រក្សា​ទុក។​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ពួក​អាច​បញ្ចូល​ទិន្នន័យ​រួម​មាន​លិខិត​ឆ្លង​ដែន តាម​ទូរស័ព្ទ​ដៃ​ដែល​ភ្ជាប់​ប្រព័ន្ធ​អ៊ិនធឺណិត។

លោក​មាន​ប្រសាសន៍​ថា៖​ «ប៉ាស្ព័រ​ហ្នឹង​Copy ​[ថតចម្លង] ក៏​យើង​ធ្វើ​កើត។ ប៉ាស្ព័រ​ហ្នឹងគេ​ថត​នៅ​ក្នុង​ទូរស័ព្ទ​ ហើយ​យើង​យក​មក​ស្កែន​ចូល​ក្នុង​ទូរស័ព្ទ​មួយ​ទៀត​ក៏​បាន។ ​វា​ងាយ​ស្រួល​សម្រាប់​យើង​គ្រប់គ្រង​វត្តមាន​ជន​បរទេស»។

លោក​បញ្ជាក់​ថា​ ជន​បរទេស​មិន​អាច​ចុះ​ឈ្មោះ​ខ្លួន​ឯង​នោះ​ទេ​ លើក​លែង​តែ​ជន​បរទេស​ជា​ម្ចាស់​ផ្ទះ ​ឬ​កន្លែង​ជួល។​

ឆ្លើយ​តប​នឹង​សំណួរ​ទាក់​ទង​នឹង​ការ​បារម្ភ​អំពី​ព័ត៌មាន​ឯកជន​ភាព​របស់​ជន​បរទេស លោក អ៊ុក ហៃសីឡា ​មាន​ប្រសាសន៍​ថា ​មាន​តែ​អាជ្ញាធរ​ទេ​ដែល​ដឹង​អំពី​ទិន្នន័យ​នេះ ​ដែល​លោក​សំដៅ​ទៅ​លើ​មេ​ប៉ុស្តិ៍​រដ្ឋបាល​នៃ​ឃុំ​សង្កាត់​នីមួយៗ។​

លោក​មាន​ប្រសាសន៍​ថា៖​ «អត់​មាន​អ្នក​ណា​ដឹង​ក្រៅ​ពី​សមត្ថ​កិច្ច​ដែល​ត្រូវ​ដឹង​ទេ។​ អ៊ីចឹង​ឧទាហរណ៍​នៅ​ក្នុង​ប៉ុស្តិ៍​ហ្នឹង​មួយ​ប៉ុស្តិ៍​រដ្ឋបាល​ហ្នឹង​ ម្ចាស់​ផ្ទះ​សំណាក់​ហ្នឹង​បញ្ចូល​ឈ្មោះ​ទៅអ៊ីចឹង​ ប៉ុស្តិ៍​រដ្ឋបាល​ហ្នឹង​ គាត់​ដឹង។ ​អ៊ីចឹង​ខាង​ប៉ុស្តិ៍​រដ្ឋបាល​ហ្នឹង​គាត់​ដឹង​ មាន​តែ​មេ​ប៉ុស្តិ៍​ម្នាក់​ទេ»។​

បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ កម្លាំង​អន្តោ​ប្រវេសន៍​នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ​នា​ថ្ងៃ​ទី​២៧​ ខែ​មេសា ​បាន​សហការ​ជា​មួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ព្រែក​ឫស្សី​ ចុះ​ផ្សព្វផ្សាយ​អំពី​របៀប​ប្រើប្រាស់​ និង​ភ្ជាប់​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន​ជន​បរទេស​បាន​ចំនួន​ ២​ ទីតាំង។​ ក្នុង​នោះ​មាន​សិប្បកម្ម​ផលិត​ក្រដាស​កាតុង​ ដែល​មាន​ជន​បរទេស​ចូល​មក​ស្នាក់​នៅ​ចំនួន ​៦​ នាក់​សញ្ជាតិ​ចិន ​និង​ផ្ទះ​ជួល​ឈ្មោះ ​ឈិត ស្រីនាង ​ក្នុង​ក្រុង​តាខ្មៅ ​ដែល​មាន​ជន​បរទេស​ចូល​មក​ស្នាក់​នៅ ​១​ នាក់ សញ្ជាតិ​កូរ៉េ។​

លោក​ ម៉ៅ ច័ន្ទ​មធុរិទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ក្រុម​ការងារ​ខេត្ត​របស់​លោក​ នឹង​ព្យាយាម​ធ្វើ​ការ​ងារ​នេះ​ឲ្យ​បាន​លឿន​ តែ​លោក​ថា​ប្រហែល​ជា​ត្រូវ​ការ​ពេល​បន្ថែម​ទៀត។​

លោក​មាន​ប្រសាសន៍​ថា៖​ «បាទ​យើង​ការងារ​ យើង​អត់​អាច​ធ្វើ​ទាន់​បាន​ទេ​ ព្រោះ​យើង​ត្រូវ​ពន្យល់​ពួក​គាត់​ឲ្យ​គាត់​យល់​របៀប​ធ្វើ​របៀប​បញ្ចូល»។​

លោក​បញ្ជាក់​ថា ​អ៊ិនធឺណិត​ជា​បញ្ហា​មួយ​ក្នុង​ការ​បញ្ចូល​ទិន្នន័យ​ទាំង​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ហ្នឹង​ហើយ​ជា​បញ្ហា​ដែល​យើង​កំពុង​តែ​ដោះស្រាយ​ជាមួយ​ម្ចាស់​ផ្ទះ​សំណាក់​មួយ​ចំនួន​ដែល​អត់​មាន​ប្រព័ន្ធ​អ៊ិនធឺណិត​ទៅ​ដល់។​ យើង​ធ្វើ​ម៉េច​ជំរុញ​គាត់​ឲ្យ​គាត់​ភ្ជាប់​បណ្តាញ​ប្រព័ន្ធ​អ៊ិនធឺណិត​ហ្នឹង»។​

លោក​ អោម ទិត្យវិបុល ​អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​សណ្ឋាគារ​អិលប៊ីអិនអាស៊ាន ​(LBN ASIAN) ​ក្នុង​ខេត្ត​កំពង់ចាម ​ដែល​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៣​ បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ រហូត​មក​ដល់​ពេល​នេះ ​សណ្ឋាគារ​របស់​លោក​មិន​ទាន់​ដឹង​អំពី​ប្រព័ន្ធ​ថ្មី​នេះ​នៅ​ឡើយ​ទេ។​ លោក​បន្ត​ថា​ កន្លង​ទៅ​ក្រុមការងារ​របស់​លោក​រក្សា​ទុក​ឯកសារ​របស់​ភ្ញៀវ​ដែល​ចូល​មក​ស្នាក់​នៅ​ ហើយ​ប៉ូលិស​ទេសចរណ៍​មក​យក​ជា​រៀង​រាល់​សប្តាហ៍។​

លោក ​មាស នី ​អ្នក​សិក្សា​ពីការ​វិវត្ត​សង្គម​និង​ជា​អ្នក​វិភាគ​នយោបាយ​មាន​ប្រសាសន៍​ថា​ នេះ​ជា​ប្រព័ន្ធ​ល្អ​មួយ​ក្នុង​ការ​គ្រប់គ្រង​ជន​បរទេស​ ដើម្បី​ដឹង​ថា​ពួក​គេ​នៅ​កន្លែង​ណា​ប្រសិន​បើ​ជន​បរទេស​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​នៅ​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ព្រោះ​អា​ហ្នឹង​វា​ផ្តល់​សុវត្ថិភាព​ទាំង​សង​ខាង​ សុវត្ថិ​ភាព​ជន​អន្តោប្រវេសន៍​ផង​ហើយ​និង​សុវត្ថិភាព​របស់​ពលរដ្ឋ​យើង​ផង។​ ឧបមា​ថា​ មាន​ឧក្រិដ្ឋជន​មួយ​ហ្នឹង​ត្រូវ​គេ​តាម​រក ។​គេ​ធ្វើ​ដំណើរ​មក​កន្លែង​នេះ។​គេ​ស្នាក់​នៅ​កន្លែង​នោះ។​ បើ​យើង​ត្រូវ​ការ​រក​ឃាត់​ខ្លួន​គេ​អី ​យើង​អាច​មាន​លទ្ធភាព​ធ្វើ​បាន​ភ្លាមៗ។​ ហើយ​កាល​ណា​យើង​មាន​ប្រព័ន្ធ​គ្រប់​គ្រង​មួយ​ច្បាស់​លាស់​ ​ពួក​ជន​ឧក្រិដ្ឋ​អី​ហ្នឹង​ វា​អត់​សូវ​ហ៊ាន​មក​យក​ស្រុក​យើង​ធ្វើ​ជា​ឈ្នាន់​បង្កើត​រក​ស៊ី​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​អី​ផ្សេងៗ»។​

លោក​បន្ត​ថា​ កន្លង​ទៅ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ទាក់​ទង​នឹង​ជន​បរទេស​ដែល​ស្នាក់​នៅ​កម្ពុជា​ក្នុង​នោះ​មាន​អំពើ​ហិង្សា​តាម​ដង​ផ្លូវ​ពេស្យាចារ ​និង​យក​កម្ពុជា​ធ្វើ​ជា​កន្លែង​លាង​លុយ​ជា​ដើម៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG