ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ស ខេង បញ្ជា​ឲ្យ​ក្រុម​មន្ត្រី​រក្សា​ការ​គ្រប់គ្រង​ជន​អន្តោ​ប្រវេសន៍​ឲ្យ​បាន​តឹងរ៉ឹង


លោក​ ស ខេង (ស្ដាំ​ផុត) ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ក្នុងពិធី​ប្រកាស​លទ្ធផល​ការងារ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិនប្រក្រតី​ ដែល​ជនបរទេស​កាន់​កាប់​​។ ពិធីនេះធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​១៧ ខែ​កក្កដា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)
លោក​ ស ខេង (ស្ដាំ​ផុត) ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ក្នុងពិធី​ប្រកាស​លទ្ធផល​ការងារ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិនប្រក្រតី​ ដែល​ជនបរទេស​កាន់​កាប់​​។ ពិធីនេះធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​១៧ ខែ​កក្កដា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)

ក្រោយ​ការ​ធ្វើ​ជំរឿន​ជន​បរទេស​ដែល​ស្នាក់នៅ​និងរស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​ចុងក្រោយ​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​រក​ឃើញ​ថា​ ជន​បរទេស​ស្នាក់​នៅ​រយៈពេល​យូរ​គ្មាន​ឯកសារ​ មាន​ចំនួន​ជិត​១១​ម៉ឺននាក់​។ ក្នុង​នោះ​ជាង​ពាក់​កណ្តាល​គឺ​ជា​ជន​ជាតិ​វៀតណាម។ អ្នក​នយោ​បាយ​អតីត​គណបក្ស​ប្រឆាំង​​យល់​ឃើ​ញ​ថា​​ តួលេខ​នេះ​នៅ​តិចតួច​នៅ​ឡើយ។

លោក ​ស ខេង​ ឧបនាយក​រដ្ឋមន្ត្រី ​និងជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​ដាក់​បញ្ជា​ជាថ្មី​ម្តង​ទៀត​ឲ្យក្រុម​នគរ​បាលពង្រឹង​ការ​ត្រួត​ពិនិត្យ​លើ​ជន​បរទេស​ដែល​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់។

ថ្លែង​ក្នុង​ពិធី​ប្រកាស​លទ្ធផល​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ពីជន​បរទេស​ក្នុង​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ពុធ​នេះ លោក​ ស ខេង​ បានប្រាប់ដល់​ក្រុម​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ជាច្រើន​រូប​នៅ​ក្នុង​នោះថា​ ជន​បរទេស​ណាដែល​មិន​សហការ​ជាមួយ​អាជ្ញាធរដើម្បីបំពេញលក្ខខណ្ឌ​សម្រាប់​ការ​រស់​នៅ​ស្រប​ច្បាប់​នោះ​ទេ ពួក​គេនឹង​មិន​ត្រូវអនុញ្ញាត​ឲ្យ​បន្ត​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះទេ។

«ចំពោះ​ជន​ប្រភេទ​នេះ​ ទោះ​បី​មាន​មូលហេតុ​ណា​ក៏​ដោយ​ យើង​មិន​អាច​ យើង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​អនុវត្តន៍​តាម​វិធានការ​ច្បាប់​នោះឡើយ​ មាន​ន័យ​ថា​ អ្នកទាំងនោះ​ មិន​អាច​រស់​នៅ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា​ស្របច្បាប់​បាន​ឡើយ​ ឬ​ក៏​អាច​និយាយ​ថា​ មិន​អាច​រស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឡើយ​»។​

ការ​លើក​ឡើង​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ខ្មែរ​ស្រប​ពេល​ដែល​ក្រុមនគរបាល​បាន​រក​ឃើញ​ថា មាន​ជនបរទេស​ជិត​បី​ម៉ឺនគ្រួសារ​ ស្មើ​នឹង​ចំនួន​មនុស្ស​ជិត​១១ម៉ឺននាក់​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​ក្នុង​រយៈ​ពេល​យូរ។​ ក្នុង​ចំណោម​ជន​បរទេស​ដែល​កំពុង​រស់​នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​នេះ​មាន​ជន​ជាតិ​វៀត​ណាម​ចំនួន​ជិត​៧​ម៉ឺន​នាក់។ ​ក្រៅ​ពី​នោះ​មាន​ជនជាតិ​ឡាវ ថៃ ភូមា ចិន​និង​ម៉ាឡេស៊ី។​ ក្រុម​នគរបាល​កម្ពុជា​ក៏​បាន​ដក​ហូត​ឯកសារ​ពី​ពួក​គេ​បាន​ចំនួន​៣៧៤៤១ច្បាប់។

នាយ​ឧត្តម​សេនីយ៍​ គៀត ច័ន្ទថារិទ្ធ​ អគ្គនាយក​នៅ​ឯ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួង​មហាផ្ទៃ​បានប​ញ្ជាក់​ឲ្យ​ដឹង​ថា តាម​ការ​ធ្វើជំរឿន​ជនបរទេស​បែប​អន្តោ​ប្រវេសន៍​ចុងក្រោយ​ ​ក្រុម​នគរ​បាល​បាន​រក​ឃើញ​មានជន​បរទេស​ចំនួន​៤៩៦០៣​គ្រួសារ​ ស្មើ​នឹង​ចំនួន​មនុស្ស​ជាង​១៨២​៦៧៣នាក់​ដែល​កំពុង​រស់​នៅ​ស្រប​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​នោះ​មាន​ជនជាតិ​វៀត​ណាម​ចំនួន​ ៤៩២២៦​គ្រួសារ​ ស្មើ​នឹង​មនុស្ស​ចំនួន​១៨២២៤២នាក់​។

យ៉ាងណាក៏ដោយ​ អ្នកស្រី ​មូរ សុខហួរ​ អនុប្រធានអតីតគណបក្ស​សង្គ្រោះជាតិ​ ដែលត្រូវបាន​រំលាយ​ យល់​ថា​ ស្ថិតិ​ជនជាតិ​វៀតណាម​ដែល​ក្រសួងមហាផ្ទៃ​ស្រង់​បាននេះ​ គឺនៅមានចំនួន​តិច​នៅ​ឡើយ។

«យើង​វិញ​យើង​នៅតែ​យល់​ឃើញ​ថា​ តួលេខ​នេះ​ ជា​តួលេខ​ទាប​បំផុត​ ហើយ​ព្រំប្រទល់​យើង​ជាព្រំប្រទល់​ដែល​អត់​អាច​ការ​ពារ​បាន​ទេ​ ចេញ​ចូល​ស្រេច​តែ​ចិត្ត»។

កាល​ពី​ដើម​កក្កដានេះ​ ក្រសួង​មហាផ្ទៃ​ បាន​ចេញ​សេចក្តីប្រកាស​មួយ​ បញ្ជាក់​ថា​ «ត្រូវ​បញ្ចប់​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ជា​ជន​បរទេស​អន្តោប្រវេសន៍​និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​កក្កដា​ ឆ្នាំ​២០១៩​នេះ​ត​ទៅ»។

ការ​ប្រកាស​ឈប់​ទទួល​ពាក្យ​ស្នើសុំ​ជា​ជនបរទេស​អន្តោ​ប្រវេសន៍​នេះ​ធ្វើ​ឡើង ​បន្ទាប់​ពី​រដ្ឋាភិ​បាល​កម្ពុជា​បាន​កំណត់​ឱសានវាទ​ ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​ការ​ស្នើ​ពាក្យ​ជា​ជន​អន្តោប្រវេសន៍​និង​ទទួល​បាន​ប័ណ្ណ​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍​កាល​ពី​ខែមករា ​ឆ្នាំ​ ២០១៩​នេះ។

ទន្ទឹម​ពេល​នឹង​ចេញ​ប្រកាស​នេះ​ មន្ត្រី​ទទួល​បន្ទុក​ជន​អន្តោប្រវេសន៍​ ក៏​បាន​បើក​យុទ្ធនាការ​ប្រមូល​ឯកសារ​មិន​ប្រក្រតី​ ដែល​ជនបរទេស​បាន​កាន់​កាប់​ ដើម្បី​បាន​ស្នាក់​នៅ និង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG