ចាប់ពីថ្ងៃទី១ ខែកក្កដានេះ ជនបរទេសដែលកំពុងស្នាក់នៅប្រទេសកម្ពុជា មិនអាចស្នើសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍បានទេ។ ហើយជនបរទេសកំពុងស្នាក់នៅប្រទេសកម្ពុជាដែលពុំមានប័ណ្ណស្នាក់នៅចេញដោយក្រសួងមហាផ្ទៃ នឹងក្លាយជាជនខុសច្បាប់ ដែលអាចនឹងប្រឈមនឹងវិធានការតាមផ្លូវច្បាប់។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីកម្ពុជា។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១ ខែកក្កដា ដែល VOA ទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា«ត្រូវបញ្ចប់ការទទួលពាក្យស្នើសុំជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១ ខែកក្កដាឆ្នាំ២០១៩នេះតទៅ»។
លោកឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់ VOA ថា ការប្រកាសឈប់ទទួលពាក្យស្នើសុំជាជនបរទេសអន្តោប្រវេសន្តនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានកំណត់ឱសានវាទដើម្បីឲ្យពួកគេធ្វើការស្នើពាក្យជាជនអន្តោប្រវេសន្តនិងទទួលបានប័ណ្ណស្នាក់នៅជាអចិន្ត្រៃយ៍កាលពីខែមករា ឆ្នាំ ២០១៩នេះ។
«ជាជនអន្តោប្រវេសន៍ដែលមានឈ្មោះក្នុងបញ្ជីយើងឲ្យមកចុះ ដាក់ពាក្យសុំទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍។ យើងបានដាក់ឱសានវាទតាំងពីដើមខែមួយឆ្នាំហ្នឹងថា ខែមិថុនាយើងហ្នឹងបញ្ចប់ឱសានវាទ។ បើអ្នកណាមិនមកដាក់ទេ មិនមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ទេ យើងនឹងអនុវត្តតាមច្បាប់»។
លោក វណ្ណថន បានបន្តថា ចំពោះជនបរទេសណាដែលមិនមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍គឺ ខុសច្បាប់។ ហើយពួកគេនឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា។
«ចាប់ពីខែកក្កដាទៅ កម្លាំងសមត្ថកិច្ចយើងរកឃើញ។ កាលណារកឃើញ ជនបរទេសដែលស្នាក់នៅខុសច្បាប់ អាហ្នឹងយើងចាប់បណ្តេញចេញហើយ»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា ចំណាត់ការរបស់រដ្ឋាភិបាលនៅពេលនេះអាចជាប់ទាក់ទិននឹងលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ពីប្រទេសវៀតណាមនិងពីប្រទេសចិន។ លោកយល់ថា ចំណាត់ការនេះទំនងជាមានប្រសិទ្ធភាពតិចតួចប៉ុណ្ណោះ។
«សម្រាប់ខ្ញុំ ខ្ញុំនៅតែយល់ថា ដរាបណារដ្ឋបាលមូលដ្ឋានដូចជា ការពិនិត្យការរស់នៅរបស់ជនបរទេសដោយអាជ្ញាធរមូលដ្ឋាននៅតែមានចំណុចខ្វះខាត យើងមិនទាន់មានជំនឿថា ការហូរចូលជនបរទេស រួមមានចិន និងវៀតណាមហ្នឹង នឹងត្រូវបានទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ»។
យោងតាមលោកឧត្តមសេនីយ៍ កែវ វណ្ណថន មានជនបរទេសដែលមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នៅប្រទេសកម្ពុជាសរុបចំនួន ៩ម៉ឺននាក់ ដែលក្នុងនោះជាង ៩០ភាគរយជាជនជាតិវៀតណាម៕