អ្នកការពារសិទ្ធិមនុស្សស្នើឱ្យអាជ្ញាធរក្រុងភ្នំពេញ បើកការស៊ើបអង្កេតលើការអះអាងរបស់សកម្មជនសិទ្ធិមនុស្សមួយរូប គឺអ្នកស្រី សាត ផា ដែលនិយាយថា មានគេគំរាមសម្លាប់ទាំងតាមប្រព័ន្ធទូរស័ព្ទ និងសារអនាមិកមួយច្បាប់ដែលត្រូវបានបិទនៅលើទា្វរចូលផ្ទះរបស់អ្នកស្រីក្នុងខណ្ឌឫស្សីកែវ ទីក្រុងភ្នំពេញ។
អ្នកស្រីសាត ផា អាយុ៥០ឆ្នាំ ជាម្តាយកូនពីរនាក់ បានគេចខ្លួនទៅប្រទេសថៃ បន្ទាប់ពីឃើញសារគំរាមកំហែងអាយុជីវិតនោះ កាលពីសប្តាហ៍មុន គឺក្នុងអំឡុងពេលនៃការប្រារព្ធបុណ្យចូលឆ្នាំប្រពៃណីជាតិ។ សារដែលត្រូវគេយកទៅបិទនៅមុខផ្ទះអ្នកស្រីដោយគ្មានកាលបរិច្ឆេទនោះ ត្រូវបានសរសេរថា បើអ្នកស្រី«នៅ[តែ]ខ្លាំងទៀត ប្រយ័ត្នបាត់ខ្លួន»។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ពលរដ្ឋគ្រប់រូបគួរទទួលបាននូវសុខសុវត្ថិភាព ហើយដូច្នេះបើសិនជាមានករណីគំរាមកំហែងណាមួយដល់អាយុជីវិតពលរដ្ឋ នោះអាជ្ញាធរគួរតែបើកការស៊ើបអង្កេត។
អ្នកស្រីនិយាយថា៖ «ជាធម្មតាពលរដ្ឋគ្រប់រូបគួរតែទទួលបាននូវការធានាសុវត្ថិភាព ហើយជាពិសេសសម្រាប់សកម្មជន មិនថា សកម្មជននយោបាយក្តី សកម្មជនសិទ្ធិមនុស្ស ឬក៏អ្នកគាំទ្រ អ្នកដែលមាននិន្នាការខុសគ្នាយ៉ាងណាក៏ដោយ គឺត្រូវតែទទួលបាននូវការការពារពីអាជ្ញាធរមូលដ្ឋាន ពីរដ្ឋាភិបាលហ្នឹងច៎ា។ អ៊ីចឹងនៅពេលដែលមានករណីនៃការលើកឡើងថា មានការគំរាមកំហែងណាមួយនោះ អាជ្ញាធរគួរតែធ្វើការស៊ើបអង្កេត ហើយធ្វើការធានាដល់សុវត្ថិភាពរបស់អ្នកពាក់ព័ន្ធ»។
ចំណែកនាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងថា ការស៊ើបអង្កេតករណីចោទប្រកាន់ខាងលើនេះ ជាកិច្ចការចាំបាច់របស់អាជ្ញាធរពាក់ព័ន្ធ ដើម្បីបញ្ជាក់អំពីការពិត នៅពេលកម្ពុជាកំពុងត្រៀមរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅខែមិថុនាខាងមុខនេះ។
លោកបញ្ជាក់ថា៖ «ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹង គឺជិតចូលមកដល់ហើយ។ អ៊ីចឹង រឿងរ៉ាវដែលកើតឡើងទាំងអស់នេះ បើសិនជាមិនមានការស្រាវជ្រាវឱ្យបានច្បាស់លាស់ទេ អាហ្នឹងគេនឹងអាចរិះគន់ និងចោទប្រកាន់ថា វាអាចនឹងមានការធ្វើទុក្ខបុកម្នេញអីមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់សកម្មជននៃគណបក្សជំទាស់អីជាដើមហ្នឹង»។
អ្នកស្រី សាត ផា ស្ថិតក្នុងចំណោមស្រ្តី៦នាក់ ដែលមានការជាប់ពាក់ព័ន្ធនឹងការតវ៉ានៅខាងមុខស្ថានទូតចិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ គឺចំពេលមានការរំឭកឡើងវិញនូវការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
កាលពីខែសីហា ឆ្នាំ២០២១ អ្នកស្រី និងជនជាប់ចោទផ្សេងទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី១២ខែទៅ២០ខែ។ ពួកគេត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គម ក្រោយចេញមុខតវ៉ានៅខាងមុខស្ថានទូតចិន ដែលជាហត្ថលេខីមួយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១។
អ្នកស្រី សាត ផា ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងសង្គមថា ការគំរាមកំហែងឃាតកម្មលើអ្នកស្រីនេះ កើតឡើងបន្ទាប់ពីអ្នកស្រីជាញឹកញាប់បានរងការគំរាមកំហែង និងការប្រើហិង្សាពីបុគ្គលមិនស្គាល់អត្តសញ្ញាណ ពេលអ្នកស្រីចូលរួមទាមទារឱ្យមានការដោះលែងសកម្មជននយោបាយ។
អ្នកស្រីនិយាយថាអ្នកស្រីបានឃើញសារគំរាមកំហែងអ្នកស្រីនៅផ្ទះ កាលពីថ្ងៃទី១៦ ខែមេសា គឺក្រោយពេលអ្នកស្រីត្រឡប់មកពីស្រុកកំណើតនៅខេត្តកំពង់ចាម។
អ្នកស្រីបន្ថែមថា៖ «សុំឱ្យអង្គការជាតិ និងអន្តរជាតិជួយឃ្លាំមើលដែលរឿងខ្ញុំ ភាពអយុត្តិធម៌ខ្លាំងណាស់។ ខ្ញុំជាប់គុកហើយរហូតចេញមក គេបានវាយខ្ញុំ ហើយ គេបានធ្វើបាបផ្លូវចិត្តផ្លូវកាយខ្ញុំ គំរាមជីវិតខ្ញុំទៀត»។
បើតាមអ្នកស្រី សាត ផា អាជ្ញាធរមូលដ្ឋាន និងបុគ្គលមួយចំនួនដែលមានទំនាក់ទំនងនឹងគណបក្សប្រជាជនកម្ពុជាបានយាយីគំរាមកំហែងអ្នកស្រីដោយពាក្យសម្តី មុនពេលអ្នកស្រីសម្រេចចិត្តភៀសខ្លួនចេញពីប្រទេសកម្ពុជា។ នៅលើគណនីហ្វេសប៊ុករបស់សកម្មជនរូបនេះ មានការអត្ថាធិប្បាយអំពីការគំរាមកំហែងតាមទូរស័ព្ទផងដែរ។ ប៉ុន្តែសកម្មជនរូបនេះមិនអាចបញ្ជាក់ពីខ្លឹមសារនៃការគំរាមកំហែងនោះទេ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា និយាយថា បើសិនមានការគំរាមកំហែងណាមួយ បុគ្គលដែលរងការគំរាមកំហែងនោះ គួរតែដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍នគរបាល ដែលនៅជិតលំនៅដ្ឋានខ្លួន ដោយមិនចាំបាច់ភៀសខ្លួនចេញពីប្រទេសទេ។
លោកលើកឡើងថា៖ «ខ្ញុំធ្លាប់បានបញ្ជាក់ជាច្រើនលើកច្រើនសាលើករណីអស់ហ្នឹងហើយ។ បើសិនជាមានករណីអីកើតឡើង សូមប្រជាពលរដ្ឋគ្រប់រូប សូមទៅដាក់ពាក្យបណ្តឹងនៅទីតាំងសមត្ថកិច្ចដែលនៅជិតហ្នឹង មានសមត្ថកិច្ចប៉ុស្តិ៍ មានសមត្ថកិច្ចខណ្ឌ គឺគេនឹងចាត់វិធានការស្រាវជ្រាវតាមហ្នឹង។ ប៉ុន្តែគ្រាន់តែថា ជាក់ស្តែងបុគ្គលមួយចំនួន គឺគាត់គ្រាន់តែបង្កើតរឿង ដើម្បីយកជាលេស ជាហេតុផលមួយ ដើម្បីគេចវេះក្នុងហេតុផលណាមួយដើម្បីបានជ្រកកោននៅប្រទេសទីបី ឬបន្តទៅប្រទេសណាទៀត។ អាហ្នឹងជាហេតុផលមួយ ដែលយើងឃើញថា ជាក់ស្តែង និងកន្លងមក គឺវាអ៊ីចឹង»។
ដោយឡែក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន យល់ថា អ្នកស្រី សាត ផា បានបោះបង់កិច្ចសហការជាមួយសមត្ថកិច្ចក្នុងការស្វែងរកជនដែលបង្កការគំរាមកំហែងនោះ។
លោកថ្លែងថា៖ «ជួនកាលក្រុមរបស់គាត់ហ្នឹងខ្លួនឯង ដើម្បីចោទប្រកាន់សមត្ថកិច្ចហ្នឹងក៏ថា បានដែរ។ អាហ្នឹងវាមិនទាន់អាចសន្និដ្ឋានបានថាម៉េច ក៏ប៉ុន្តែគាត់ត្រូវសហការជាមួយសមត្ថកិច្ច បើសិនជាគាត់មានចេតនាស្មោះស ដោយមិនមានល្បិចកិច្ចកល ឬពុតត្បុតអីពីក្រោយហ្នឹង»។
អ្នកស្រី សាត ផា ធ្លាប់ចូលរួមតវ៉ាជាមួយក្រុមស្ត្រីថ្ងៃសុក្រ ដើម្បីទាមទារឱ្យមានការដោះលែងសកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ និងការប្រមូលផ្តុំនៅមុខស្ថានទូតចិន ហើយមួយរយៈពេលចុងក្រោយនេះ ស្ត្រីជាសម្មជនរូបនេះ ក៏បានចូលរួមគាំទ្រសកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី ស្ទើររាល់ពេលដែលមេធាវីខ្មែរអាមេរិកាំងរូបនេះឡើងមកតុលាការក្រុងភ្នំពេញ ដើម្បីចូលរួមសវនាការ ពាក់ព័ន្ធនឹងមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩៕