គណបក្សប្រឆាំងនៅកម្ពុជាបានជួបអ្នកតំណាងរាស្ត្រម៉ាឡេស៊ីដើម្បីពិភាក្សាពីការស្ដារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឡើងវិញ ស្របពេលដែលសហភាពអឺរ៉ុបដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាតាមរយៈដំណើរការដកឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ»។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយបានជួបជាមួយសមាជិករដ្ឋសភាម៉ាឡេស៊ីទាំងមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងកាលពីថ្ងៃអង្គារនៅក្នុងទីក្រុងគូឡាឡំាពួរ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សដែលកំពុងរស់នៅនីរទេសខ្លួនក្រៅប្រទេសបានបញ្ជាក់ថាកិច្ចប្រជុំនោះផ្តោតទៅលើ ការគោរពសិទ្ធិមនុស្សនិងការតស៊ូដើម្បីឱ្យមានប្រជាធិបតេយ្យ។
លោកអេង ឆៃអ៊ាងបានបន្ថែមថា៖
«គេមានការយកចិត្តទុកដាក់ព្រោះទិដ្ឋភាពនយោបាយនៅប្រទេសកម្ពុជាបច្ចុប្បន្នហ្នឹង វាប្រហាក់ប្រហែលនឹងទិដ្ឋភាពនយោបាយប្រទេសម៉ាឡេស៊ីមុនឆ្នាំ២០១៨ មុនពេលដែលគណបក្សប្រឆាំងបានឈ្នះឆ្នោតឡើងកាន់អំណាច។ អីចឹងហើយវាមានទិដ្ឋភាពប្រហាក់ប្រហែលគ្នាអីចឹងហើយគឺថាមានការជជែកមានការសួរដេញដោល ជាពិសេសតំណាងរាស្ត្រមកពីម៉ាឡេស៊ី បានចោទសួរបញ្ហានានា បញ្ហានយោបាយនៅកម្ពុជា អំពីការវិនិយោគរបស់ចិនជាដើម»។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានខកខានមិនអាចវិលត្រឡប់ចូលប្រទេសកម្ពុជាវិញកាលពីថ្ងៃសៅរ៍ទី៩ខែវិច្ឆិកាតាមការប្តេជ្ញាទៅស្តារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ ប៉ុន្តែលោកអេង ឆៃអ៊ាង អះអាងថាថ្នាក់ដឹកនាំដែលនៅក្រៅប្រទេសកំពុងតែរិះរកវិធីថ្មីដើម្បីវិលត្រឡប់ទៅកម្ពុជាដោយមិនបោះបង់ចោលទេ។ លោកអះអាងថាគម្រោងលើកទីមួយបានជួបឧបសគ្គជាច្រើនដែលក្នុងនោះមានការរារាំងមិនឱ្យលោកសមរង្ស៊ីឡើងជិះយន្តហោះទៅប្រទេសថៃដែលមានអ្នកគាំទ្រជាច្រើនកំពុងរង់ចាំនិងការប្រើប្រាស់កម្លាំងប្រដាប់អាវុធជាច្រើននៅតាមព្រំដែនកម្ពុជានិងថៃ។
លោក អេង ឆៃអ៊ាង បញ្ជាក់ថា៖
«យើងត្រូវការវិធីច្រើន។ យើងដឹងហើយថារបបលោកហ៊ុនសែនគាត់បានដាក់បារ៉ាស់។ អីចឹងយើងនឹងរកវិធីដើម្បីដកបារ៉ាសនេះចេញ។ នេះគឺជាចំណុចដែលសំខាន់»។
កាលពីថ្ងៃច័ន្ទ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំក៏បានជួបប្រជុំជាមួយនឹងថ្នាក់ដឹកនាំគណបក្សកាន់អំណាចរបស់ម៉ាឡេស៊ីគឺលោក ដាទុក សៃហ្វូដឌីន អាប់ឌុលឡា (Datuk Saifuddin Abdullah) ដែលជាអគ្គលេខាធិការនៃគណបក្សសម្ព័ន្ធភាពនៃក្តីសង្ឃឹមដែលជាគណបក្សកាន់អំណាចដើម្បីពង្រឹងគោលជំហរដូចគ្នាក្នុងការលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីភាព និងនីតិរដ្ឋនៅតំបន់អាស៊ាន។
ស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជាង២ឆ្នាំមកនេះដោយសារតែរដ្ឋាភិបាលកម្ពុជាបានធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងបណ្តាញសារព័ត៌មានឯករាជ្យ។ ការណ៍នេះនាំឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដោយចំពោះបុគ្គលដែលពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សទាំងនោះដោយមិនផ្តល់ទិដ្ឋាការឱ្យចូលក្នុងសហរដ្ឋអាមេរិក ដូចជាករណីលោកហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាដើម។
រីឯសហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការនីតិវិធីដកឋានៈអនុគ្រោះពន្ធតាំងពីខែកុម្ភៈឆ្នាំ២០១៩មក។
នៅថ្ងៃអង្គារនេះ សហភាពអឺរ៉ុបបានបញ្ជូនរបាយការណ៍វាយតម្លៃបឋមរបស់ខ្លួនទៅឱ្យអាជ្ញាធរកម្ពុជា ស្ដីពីលទ្ធផលនៃការស៊ើបអង្កេតទៅលើការចោទប្រកាន់អំពីការរំលោភបំពានធ្ងន់ធ្ងរទៅលើលក្ខខណ្ឌ EBA ក្នុងប្រទេសកម្ពុជាហើយបានទុកពេលឱ្យរដ្ឋាភិបាលកម្ពុជាចំនួនមួយខែដើម្បីកែលម្អ។
អ្នកស្រី Cecilia Malmstrom ឧត្ដមស្នងការសហភាពអឺរ៉ុបទទួលបន្ទុកខាងពាណិជ្ជកម្ម បានសរសេរលើបណ្ដាញ Twitter របស់លោកស្រីថា៖
«យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសនោះ»។
រដ្ឋាភិបាលកម្ពុជាអះអាងថាបញ្ហាសិទ្ធិមនុស្សគឺជាកិច្ចការដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ប្រាប់ VOA ថា៖
«ការព្រួយបារម្ភហ្នឹងយើងសូមថ្លែងអំណរគុណ។ មិនមែនតែការព្រួយបារម្ភពីមិត្តបរទេសនោះទេកម្ពុជាខ្លួនឯងក៏មានការព្រួយបារម្ភដែរ អាស្រ័យហេតុដូច្នេះបានជាយើងធ្វើការអភិវឌ្ឍវិស័យសិទ្ធិមនុស្សដែលមានចូលទៅក្នុងការងារច្បាប់និងការប្រតិបត្តិ»។
រដ្ឋាភិបាលកម្ពុជាក៏បានអះអាងថា ខ្លួនមិនព្រួយបារម្ភចំពោះយុទ្ធនាការក្រៅប្រទេសដែលដឹកនាំដោយលោកសមរង្ស៊ីទេបើទោះបីជាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់រដ្ឋាភិបាលកម្ពុជាក្នុងការហាមឃាត់សកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមិនទទួលបានជោគជ័យនៅប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីក៏ដោយ។
លោក ផៃ ស៊ីផាន បានបន្ថែមថាច្បាប់កម្ពុជាបានសម្រេចលើទោសទណ្ឌរបស់អ្នកនយោបាយបក្សប្រឆាំងទាំងនោះរួចហើយដូច្នេះសម្ពាធពីខាងក្រៅមិនអាចកែប្រែបានទេ។
លោកបន្ថែមថា៖
«កម្ពុជាអនុវត្តទៅតាមច្បាប់របស់ប្រទេសកម្ពុជា គ្មានជនណាគ្មានអង្គការណាដែលបង្ខំកម្ពុជាមិនឱ្យអនុវត្តនូវនីតិវិធីរបស់ខ្លួននោះទេ។ ដូច្នេះជនទាំងអស់ហ្នឹងត្រូវតែប្រឈមមុខច្បាប់នៅ ពេលដែលគាត់អញ្ជើញមកដល់ទឹកដីរបស់កម្ពុជា។ យើងនឹងឃាត់ខ្លួនភ្លាមបញ្ជូនទៅតុលាការ។ នេះជារឿងនៅ ដដែលអត់មានពាក់ព័ន្ធនឹងរឿងដាក់សម្ពាធរបស់អ្នកណាទេ»។
រីឯគណបក្សប្រឆាំងវិញយល់ថាកូនសោគន្លឹះគឺស្ថិតនៅលើដៃរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិបានបន្ថែមថា៖
«ដរាបណាលោកហ៊ុន សែនមិនដោះលែង មិនទម្លាក់ចោលការចោទប្រកាន់ទៅលើលោកប្រធានកឹម សុខាឱ្យមានសេរីភាពពេញលេញហើយនឹងដោះលែងសកម្មជនគណបក្សនយោបាយក៏ដូចជាសកម្មជនអង្គការសង្គមស៊ីវិលនិងអ្នកសារព័ត៌មានដែលរបបលោកហ៊ុនសែនចាប់ចងនោះទេគឺឋានៈអនុគ្រោះពន្ធពីសហភាពអឺរ៉ុបនឹងមិនអាចទទួលបានទៀតទេពីព្រោះយើងដឹងហើយថាជំហររបស់សហភាពអឺរ៉ុបគឺបានបញ្ជាក់ហើយហើយគេមិនចង់និយាយច្រំដែលៗទេព្រោះអ្វីដែលគេចង់បានគឺការស្តារនូវសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា»។
សហភាពអឺរ៉ុប បានដាក់លក្ខខណ្ឌឱ្យរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រសើរឡើងវិញនូវស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយរួមទាំងការដោះលែងនិងផ្ដល់សេរីភាពពេញលេញឡើងវិញដល់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដើម្បីរក្សាឋានៈអនុគ្រោះពន្ធ EBA ដដែល។
តាំងពីពេលនោះមកសហភាពអឺរ៉ុបបានកត់សម្គាល់ថាមានការវិវត្តន៍វិជ្ជមានខ្លះឈានទៅដំណាក់កាលត្រឹមត្រូវ។ ក្នុងនោះមានការដោះលែងលោកកឹម សុខាពីការឃុំឃាំងក្នុងលំនៅដ្ឋានប៉ុន្តែនៅមានភ្ជាប់លក្ខខណ្ឌមិនឱ្យលោកធ្វើនយោបាយឬចាកចេញពីប្រទេសឡើយ។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានរកឃើញថា ចន្លោះពេលពាក់កណ្តាលខែសីហា ចាប់ពីពេលដែលលោកសមរង្ស៊ីប្រកាសវិលចូលមាតុភូមិវិញរហូតដល់ថ្ងៃទី៨ខែវិច្ឆិកា អាជ្ញាធរកម្ពុជាបានចោទប្រកាន់សមាជិកគណបក្សសង្គ្រោះជាតិចំនួន១០៥នាក់ដោយបទចោទប្រកាន់ផ្សេងៗដែលក្នុងនោះមានការបះបោរប្រឆាំងរដ្ឋាភិបាល អុចអាលឱ្យប្រព្រឹត្តបទល្មើស និងមើលងាយការសម្រេចរបស់តុលាការជាដើមហើយបានឃាត់ខ្លួនពួកគេចំនួន៥៧នាក់។
នៅក្នុងការវិវត្តន៍ថ្មីមួយគឺសាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងរបស់លោករ៉ាត់ រ័ត្នមុនី សកម្មជនសហជីពនិងជាអ្នកបកប្រែឱ្យភាពយន្តឯកសាររឿង«ម្តាយខ្ញុំលក់ខ្ញុំ»។ សវនាការនេះនឹងធ្វើឡើងនៅព្រឹកថ្ងៃសុក្រ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ឡុង គឹមហៀង ដែលជាភរិយារបស់លោករ៉ាត់ រ័ត្នមុនី។
អ្នកស្រី ឡុង គឹមហៀង ដែលកំពុងរស់នៅគេចខ្លួនដោយខ្លាចការធ្វើបាបបានបន្ថែមប្រាប់វីអូអេថា៖
«ខ្ញុំសូមស្នើទៅ សាលាឧទ្ធរណ៍សូមដោះលែងប្តីរបស់ខ្ញុំឱ្យមានសេរីភាពហើយទម្លាក់ការចោទប្រកាន់លើគាត់ព្រោះការចោទប្រកាន់នេះអយុត្តិធម៌ខ្លាំងណាស់»។
លោក រ៉ាត់ រ័ត្នមុនី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ក្រោមបទចោទថា បាន «ញុះញង់ឱ្យមានការរើសអើង»ដោយសារលោកបានបកប្រែឱ្យអ្នកកាសែតរុស្ស៊ី RT ដែលផលិតភាពយន្តស្តីពីការជួញដូរស្ត្រីឱ្យប្រកបរបររកស៊ីផ្លូវភេទនៅកម្ពុជា។ សំណុំរឿងរបស់លោកត្រូវបានក្រុមការពារសិទ្ធិមនុស្សតាមដានជាប់ជាប្រចាំ៕