ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​និង​បក្ស​កាន់អំណាច​ម៉ាឡេស៊ី​ជួប​ពិភាក្សា​គ្នា​ពី​ការស្តារ​ប្រជាធិបតេយ្យ


លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវបាន​​តុលាការ​រំលាយ ​​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Reuters នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងគូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។ (REUTERS/Lim Huey Teng)
លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវបាន​​តុលាការ​រំលាយ ​​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Reuters នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងគូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។ (REUTERS/Lim Huey Teng)

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​នីរទេសខ្លួនក្រៅ​ប្រទេស​បាន​ប្រកាស​ពី​ជោគ​ជ័យ​លើ​ផ្នែក​ការទូត​មួយជំហាន​បើទោះបីជាគម្រោងដំណើរ​មាតុភូមិនិវត្តន៍​បាន​ខកខាន​មិន​សម្រេច​បាន​តាម​ការសន្យា​ពីដំបូង​ថា​នឹង​វិល​ចូលដល់ប្រទេស​កម្ពុជា​កាលពីចុងសប្តាហ៍​មុន​ក៏ដោយ។

ការលើក​ឡើង​នេះ​បន្ទាប់ពី​លោក​ សម រង្ស៊ី​ ប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិ​និង​ថ្នាក់​ដឹកនាំ​បាន​ជួប​ប្រជុំ​ជាមួយនឹង​ថ្នាក់​ដឹក​នាំគណបក្ស​កាន់អំណាច​របស់​ម៉ាឡេស៊ី​គឺ​លោក​ដាទុក សៃហ្វុដឌីន អាប់ឌុលឡា (Datuk Saifuddin Abdullah) ដែល​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​សម្ព័ន្ធភាព​នៃ​ក្តី​សង្ឃឹម​ដែល​ជា​គណបក្ស​កាន់អំណាច​ដើម្បី​ពង្រឹង​គោល​ជំហរ​ដូចគ្នា​ក្នុង​ការលើក​កម្ពស់​សិទ្ធិមនុស្ស​ លទ្ធិ​ប្រជាធិបតេយ្យ​ សេរីភាព​ និង​នីតិរដ្ឋនៅតំបន់​អាស៊ាន។

លោក​ Datuk Saifuddin Abdullah ​ក៏ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេសម៉ាឡេស៊ីផងដែរប៉ុន្តែលោកស្រី​មូរ សុខហួរ​ អនុប្រធាន​គណបក្សសង្គ្រោះជាតិបាន​បញ្ជាក់​ថា​ជំនួប​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ក្រប​ខណ្ឌរវាង​គណបក្ស​និង​គណបក្ស​ទេ​គឺ​មិនមែនក្នុងនាមរដ្ឋាភិបាលឡើយ។

រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

លោកស្រី មូរ សុខហួរ​ ​បាន​ប្រាប់​ VOA ​ក្រោយពីជំនួប​នៅ​ថ្ងៃ​ច័ន្ទ​នេះថា​លទ្ធផលនោះគឺថា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​សម្ព័ន្ធ​ភាព​នៃ​ក្តី​សង្ឃឹម​បង្ហាញ​ជំហរ​ដូច​គ្នា​ក្នុងការតស៊ូ​ផ្តួល​ការដឹកនាំ​ឯកបក្សនិងស្តារនីតិរដ្ឋនៅក្នុង​ប្រទេស​ទាំងពីរ។

លោក​ស្រី មូរ សុខហួរ​បាន​បន្ថែមថា៖

«យើងឯកភាពគ្នា​ក្នុងការធ្វើ​ដូចម្តេច​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​មិនត្រឹមតែ​នៅម៉ាឡេស៊ី នៅ​ឥណ្ឌូនេស៊ី​ឬក៏ប្រទេស​កម្ពុជា​ឬប្រទេស​ណាទៀតទេ​គឺថា​គឺថា​យើងត្រូវ​ចាប់​ដៃគ្នា​ពង្រឹង​សាមគ្គី​ដើម្បីធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឱ្យ​គ្រឹះ​នៃ​អាស៊ាន​នេះ​ដែល​ឈរ​លើ​ចំណុចទាំងបួនគឺសិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ​ សេរីភាព​និង​នីតិរដ្ឋ‍»។​

ជំនួប​នេះ​កើត​មាន​ឡើង​ក្នុងខណៈពេល​ដែល​មានការតានតឹង​នយោបាយ​នៅក្នុងប្រទេស​កម្ពុជា​នៅពេល​ដែល​លោកសមរង្ស៊ីប៉ុនប៉ង​វិលត្រឡប់​ទៅមាតុភូមិវិញ​កាលពីថ្ងៃសៅរ៍​ទី​៩​ខែ​វិច្ឆិកា​ហើយ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុនសែនបានរារាំង​ព្រមទាំងខិតខំប្រឹងប្រែង​ផ្នែកការទូត​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​ជួយចាប់​ខ្លួន​មេដឹកនាំបក្ស​ប្រឆាំង​ពីបទ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​រដ្ឋាភិបាល។ ប៉ុន្តែ​កិច្ច​ខិតខំ​នេះ​មិន​បាន​ជោគជ័យ​នៅក្នុងប្រទេស​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ីទេ។

លោកស្រី មូរ សុខហួរ​បាន​បន្ថែម​ថា៖

«ដូច្នេះ​គេ​ទទួល​ស្គាល់​យើង​ខ្ញុំ មិនត្រឹមតែ​ទទួល​ស្គាល់​យើង​ខ្ញុំ​ទេ​គឺ​គេ​ថា​ផែនការ​មាតុភូមិ​និវត្តន៍របស់យើងខ្ញុំ​គេ​ចង់​សម្រួល​ដែរ​។ ដូច្នេះ​ហើយបាន​ជា​លោក​ហ៊ុនសែន​ដាក់បញ្ជីខ្មៅ គេ​អត់មានកង្វល់‍»។

រូបឯកសារ៖ លោក ហោ ណាំបូរ៉ា​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស​ឥណ្ឌូនេស៊ី (ឆ្វេងទី១) រំខាន​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ឡើង​ដោយ​លោកស្រី មូរ សុខហួរ មេដឹកនាំ​មួយ​រូប​នៃ​គណបក្ស​ប្រឆាំង (ស្តាំ) នៅ​ទីក្រុង​ហ្សាកាតា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក ហោ ណាំបូរ៉ា​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស​ឥណ្ឌូនេស៊ី (ឆ្វេងទី១) រំខាន​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ឡើង​ដោយ​លោកស្រី មូរ សុខហួរ មេដឹកនាំ​មួយ​រូប​នៃ​គណបក្ស​ប្រឆាំង (ស្តាំ) នៅ​ទីក្រុង​ហ្សាកាតា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

កាលពីសប្តាហ៍មុន​ការប៉ុនប៉ង​របស់​ឯកអគ្គរាជទូតកម្ពុជា​នៅ​ឥណ្ឌូនេស៊ីគឺលោក ហោ ណាំបូរ៉ា ដើម្បី​ចាប់​ខ្លួន​និង​រារាំង​មិន​ឱ្យ​លោកស្រី​មូរ សុខហួរ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ពីបញ្ហា​នយោ​បាយនៅ​កម្ពុជា​ក៏​បរាជ័យ​ដែរ។ ការណ៍នេះ​បាន​នាំ ឱ្យ​កម្ពុជាតវ៉ា​ទៅក្រសួងការបរទេស​ឥណ្ឌូនេស៊ី​កាលពីថ្ងៃ​ព្រហស្បតិ៍សប្តាហ៍មុនដែរ​។

លោក​ Denny Abdi ប្រធាន​នាយកដ្ឋាន​កិច្ចការ​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​សារព័ត៌មាន​CNN ​សេវា​ឥណ្ឌូនេស៊ីនៅថ្ងៃច័ន្ទ​នេះ​ថា​ប្រទេស​ឥណ្ឌូនេស៊ី​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​សិទ្ធិ​មនុស្ស​ជាសាកល​ជាពិសេស​ពាក់​ព័ន្ធ​នឹង​សេរីភាព​បញ្ចេញមតិ​ក៏ដូចជា​គោលការណ៍​មិន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ។

លោក​Denny Abdi ​បាន​បន្ថែម​ថា៖

«លោកហោ ណាំបូរ៉ា​បាន​មក​ក្រសួងការបរទេស​ដោយ​ខ្លួនឯង គឺ​យើង​មិន​បាន​កោះហៅទេ​។ យើង​ក៏បាន​ពន្យល់​ថា​ពាក់ព័ន្ធ​នឹង​សកម្មភាព​ជនបរទេស​ គឺ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​អនុវត្ត​ផ្អែក​លើ​ច្បាប់​ដែល​មាន​ជាធរមាន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី‍»។​

លោកស្រីមូរ សុខហួរ​បាន​បញ្ជាក់​បន្ថែម​ថានេះគឺជា«ការអាម៉ាស់‍»​ចំពោះរដ្ឋាភិបាល​កម្ពុជា៖

«ដូច្នេះ​ហើយ​ជាការគួរ​ឱ្យ​អាម៉ាស់​ណាស់​ដល់​រដ្ឋាភិបាល​លោក​ហ៊ុនសែន ទៅដល់ឥណ្ឌូនេស៊ី​គេ​ក៏ប្រកាស​មិនទទួលស្គាល់​សម្ពាធ​ពីរបប​លោក​ហ៊ុនសែន​ មកដល់ម៉ាឡេស៊ី​ចាប់​ខ្ញុំ​មិនបាន​ទៀត​ហើយបើប៉ុណ្ណឹងហើយ​នៅតែ​មិន​យល់​ថា​គេមិនគាំទ្រ​ទេ​អ្វី​ដែល​ជា​ការទង្វើ​របស់​លោក​ហ៊ុនសែន​ចំពោះ​អ្នកប្រជាធិបតេយ្យ​នោះ​»។

លោក ​ហោ ណាំបូរ៉ា ​បានទៅ​រារាំង​សន្និសីទ​សារព័ត៌មាន​និង​បាន​ហៅ​លោកស្រីមូរ សុខហួរ​ថា​ជា​«ឧក្រិដ្ឋជន​‍»​និង​«អ្នករត់គេច​ពី​ច្បាប់‍»។ សកម្មភាព​របស់​លោក​ហោ ណាំបូរ៉ា​ រងការរិះគន់​ថា​មិនសម​ទំនង​ជាអ្នកការទូត​ដែល​តំណាង​ឱ្យ​ប្រទេស​កម្ពុជាទេ។ ប៉ុន្តែ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុកកាលពី​ថ្ងៃ​សុក្រ​សប្តាហ៍មុនលោក​ហោ ណាំបូរ៉ា​បាន​សរសេរ​ថា៖

«ខ្ញុំមិនមែនអ្នកការទូតខ្វះវិជ្ជាជីវៈនិងពិសោធន៍​ទេ តែ​អ្វី​ដែល​បាន​ធ្វើ​ថ្មីៗ​នេះ​ជា​មនសិការ​ស្នេហា​ជាតិ​និង​ប្រជាជន​ និង​ជាពិសេស​មនសិការ​វិជ្ជាជីវៈ​ការទូត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ‍»។

យ៉ាងណាក៏ដោយ​លោកស្រី មូរ សុខហួរ​ មិន​បាន​បញ្ជាក់​ថា​តើ​ផែនការមាតុភូមិ​និវត្តន៍និង​កើត​មាន​ឡើង​នៅពេលណា​ពិតប្រាកដ​នៅឡើយទេ។​ ​លោកស្រី​បញ្ជាក់​ថា​ប្រតិភូគណបក្ស​សង្គ្រោះ​ជាតិ​នឹង​វិលត្រឡប់​ទៅកម្ពុជា​វិញ​ក៏ប៉ុន្តែ​រដ្ឋាភិបាល​របស់លោកនាយករដ្ឋ​មន្ត្រី​ហ៊ុនសែនត្រូវ​តែដក​បម្រាមបីគឺ​ការហាមឃាត់​ក្រុមហ៊ុន​អាកាស​ចរណ៍​មិន​ឱ្យដឹក​ប្រតិភូ​សង្គ្រោះជាតិ ដកសម្ពាធ​ពីប្រទេស​សមាជិក​អាស៊ាន និង​ដកកងកម្លាំង​ប្រដាប់អាវុធ​

លោកស្រី​បាន​បន្ថែមថា៖

«មាតុភូមិនិវត្តន៍​នេះយើង​នៅតែធ្វើ​មាតុភូមិ​និវត្តន៍​ថ្ងៃស្អែក ថ្ងៃខានស្អែក ថ្ងៃ​ណាក៏បាន​ដែរ​យើង​ធ្វើ​មាតុភូមិនិវត្តន៍​ក៏ប៉ុន្តែ​ឱ្យ​យើង​ធ្វើ​ឡើង​ដោយ​របៀបណា​? យើង​បាន​សាកល្បងហើយ​នៅថ្ងៃ៩វិច្ឆិកា​ មានតាំងពីរទេះតង់​ មានតាំងពីនគរបាល​ មានទាំងពីទាហាន​មានតាំងពី​កំាភ្លើង​ប្រដាប់​អាវុធ​គ្រប់​ម៉ាក​ទំាងអស់​ហើយ​មិន​ត្រឹមតែប៉ុណ្ណឹង​ទេ​គឺ​បិទផ្លូវ​ទៅទៀត។ តើ​ឱ្យ​យើង​ទៅ​តាមផ្លូវណា?‍»។​

តុលាការ​រាជធានី​ភ្នំពេញ​បាន​ផ្តល់​សេរីភាពដល់​លោកកឹមសុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិមួយ​ជំហានកាលពី​ថ្ងៃអាទិត្យដោយ​ដោះលែង​លោក​ឱ្យ​នៅក្រៅឃុំ​ឃាំង​ពី​ក្នុង​លំនៅដ្ឋាន​ប៉ុន្តែ​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​និង​ធ្វើ​សកម្មភាព​នយោបាយ។

លោកស្រីមូរ សុខហួរ​បាន​ហៅ​ការបន្ធូរបន្ថយ​លក្ខខណ្ឌ​ឃុំខ្លួន​លោកកឹមសុខា​ថា​ជា​«ជំហាន​វិជ្ជមាន​តូច​មួយ‍»។ រីឯ​លោក​សមរង្ស៊ី ចាត់​ទុក​ថា​នេះ​គឺ​ជាល្បិចរបស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​ដើម្បី​បោក​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ។ នៅក្នុងបទសម្ភាស​ជាមួយ​នឹង​អាស៊ីសេរី​លោក​សមរង្ស៊ីបញ្ជាក់​ថា៖

«នេះជាល្បិចហ៊ុនសែន​ទេ​ដើម្បី​ចង់បំភាន់​សាធារណមតិ​ជាតិ​និង​អន្តរជាតិ​ចង់បោក​បញ្ឆោត​សហភាព​អឺរ៉ុបថា​ដោះលែង​លោកកឹមសុខា​មិនមែន​ដោះលែង​ពេញលេញ​ទេ​ដោះលែង​គ្រាន់​តែ​ថាឱ្យ​ដើរ​នៅ​ប្រទេស​កម្ពុជា​ប៉ុន្តែ​អត់​ឱ្យ​ចេញក្រៅ​។ ឥឡូវ​សកម្មភាព​ការទូត​ត្រូវ​នៅ​ក្រៅ​ប្រទេសហើយ​ទីពីរ​មិន​ឱ្យ​គាត់​ធ្វើ​នយោបាយដោះលែង​មិន​ឱ្យ​ធ្វើ​នយោបាយ​ឱ្យ​ធ្វើ​អ្វីធ្វើ​ទេសចរ?‍»។

លោក សម រង្ស៊ី​ ចាត់​ទុក​ថា​ដំណោះស្រាយនៅពេលនេះ​នៅ​មិនទាន់​គ្រប់​គ្រាន់​នៅឡើយទេ​ពីព្រោះ​វាមិនមែនជារឿងបុគ្គលណាម្នាក់​ទេគឺរឿង​ប្រទេស​ជាតិ​ខ្មែរទាំងមូល។​

លោក​សម រង្ស៊ី បាន​បន្ថែម​ថា៖

«យើងត្រូវ​ដោះស្រាយ​វិបត្តិនយោបាយ​នៅកម្ពុជាគឺចំពោះប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​ សិទ្ធិ​សេរីភាព​របស់ប្រជារាស្ត្រខ្មែរ​ទាំងមូល​ មិនមែន​រឿង​កឹមសុខាម្នាក់ឯង មិនមែនរឿង​សមរង្ស៊ី​ម្នាក់​ឯង​ទេ ទាល់​តែ​ដោះស្រាយជាគោលការណ៍​ចំពោះសិទ្ធិសេរីភាព​ដែល​ត្រូវ​ផ្តល់​ជូន​ប្រជារាស្ត្រខ្មែរ​ទាំងមូល​ មាន​ន័យ​ថា​ត្រូវតែមានលទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដមានន័យ​ថា​ត្រូវតែ​ធានា​ សិទ្ធិ​សម្តែង​មតិ​សិទ្ធិ​ការជួប​ជុំគ្នា​ សិទ្ធិប្រមូលផ្តុំគ្នា​ សិទ្ធិ​អ្នកកាសែត​សិទ្ធិ​សហជីព​ទាល់តែយើង​មានសិទ្ធិ​សេរីភាព​ដើរតួនាទី​ជាប្រជាពលរដ្ឋ​ពេញសិទ្ធិ​បានពេល​នោះ​វិបត្តិ​នយោ​បាយនៅ​កម្ពុជា​នឹងត្រូវបញ្ចប់‍»។​

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅក្រៅប្រទេស​មួយ​ចំនួនដែលទៅពី​សហរដ្ឋ​អាមេរិក អូស្ត្រាលី អឺរ៉ុប​និង​អាស៊ីបាន​ទៅ​ជួបជុំ​គ្នា​នៅ​ប្រទេស​ថៃ ដើម្បីរង់ចាំ​ធ្វើ​ដំណើរ​ទៅប្រទេស​កម្ពុជាតាម​ការអំពាវនាវ​របស់​លោក​សមរង្ស៊ី។ មាន​សេចក្តី​រាយការណ៍ថាពួកគេ​ខ្លះត្រូវបាន​អាជ្ញាធរថៃ​តាមដាន​ស្ទើរ​រាល់​សកម្មភាព​និងមានខ្លះ​ត្រូវ​បាន​តម្រួតថៃឃាត់ខ្លួន​សាក​សួរ​ព័ត៌មានជាច្រើនម៉ោង។

សហភាពអឺរ៉ុបនៅ​បន្តទាមទារ​ឱ្យរដ្ឋាភិបាល​កម្ពុជាផ្តល់សិទ្ធិ​នយោបាយ​ទាំងស្រុង​ដល់​លោកកឹម​សុខា​ហើយ​គ្រោង​នឹង​ប្រកាស​ពី​ការដាក់ឬ​មិន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​កម្ពុជា​នៅ​សប្តាហ៍​នេះ​តាម​រយៈការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍» (EBA) ​ដោយ​សារតែ​ការធ្លាក់​ចុះ​ខាង​ផ្នែកសិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ជាង​២ឆ្នាំ​កន្លង​មក​នេះ៕

XS
SM
MD
LG