ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី ជួប​ពិភាក្សា​ជាមួយ​សមាជិក​រដ្ឋសភា​ម៉ាឡេស៊ី​ដើម្បី​ជំរុញ​ប្រជាធិបតេយ្យ


លោក សម រង្ស៊ី (កណ្តាល) ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ខាងក្រៅ​សភា​ម៉ាឡេស៊ី ក្នុង​ទីក្រុង​គូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

លោក សម រង្ស៊ី ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​បាន​ជួប​ជាមួយ​សមាជិក​រដ្ឋសភា​ម៉ាឡេស៊ី​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​កៀរគរ​ការ​គាំទ្រ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ ​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​អំពី​ការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ‍» ដែល​ហៅ​កាត់​ថា EBA។

នៅ​ក្នុង​ទីក្រុង​គូឡាឡំពួរ លោក សម រង្ស៊ី បាន​ជួប​ជាមួយ​នឹង​សមាជិក​រដ្ឋសភា​ម៉ាឡេស៊ី​ទាំង​មក​ពី​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង។

លោក​បាន​ប្រាប់​អ្នក​កាសែត​បន្ទាប់ពី​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​សមាជិក​រដ្ឋសភា​ម៉ាឡេស៊ី​ថា៖

«មាន​សមាជិក​រដ្ឋសភា​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ពួក​យើង​ជឿ​ថា ពួកគេ​នឹង​លើក​តម្កើង​តម្លៃ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​សម្រាប់​ទ្វីប​អាស៊ី​ទាំង​មូល‍»។

លោក សម រង្ស៊ី ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន បន្ទាប់ពី​គម្រោង​មាតុភូមិនិវត្តន៍​របស់​លោក​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា​ត្រូវ​បាន​ពន្យា​ពេល ដោយសារ​មូលហេតុ​ដែល​លោក​បាន​អះអាង​ថា លោក​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ឡើង​ជិះ​យន្តហោះ​ Thai Airways ​ពី​ទីក្រុង​ប៉ារីស ​ទៅ​កាន់​ទីក្រុង​បាងកក ​ដើម្បី​ឲ្យ​លោក​អាច​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​បាន។

កាល​ពី​ថ្ងៃ​អាទិត្យ ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​លោក​កឹម សុខា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដោយ​អនុញ្ញាត​ឲ្យ​លោក​អាច​ដើរ​ហើរ​ក្នុង​ប្រទេស​បាន ​ប៉ុន្តែ​មិន​ឲ្យ​ធ្វើ​នយោបាយ ​និង​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ​ហើយ​ការ​ចោទ​ប្រកាន់​លោក​ពី​បទ​ក្បត់​ជាតិ​មិន​ទាន់​ទម្លាក់​ចោល​នោះ​ទេ៕

ប្រែសម្រួល​ដោយ​លោក ភី សុភាដា

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG