ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ក្រោម​ឥទ្ធិពល​មេរោគ​កូរ៉ូណា​ថ្មី


រូបឯកសារ៖ ពលរដ្ឋកម្ពុជានៅទីក្រុងភ្នំពេញ កំពុងធ្វើដំណើរតាមដងផ្លូវដោយមានពាក់ម៉ាស់ការពារ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណាថ្មី ដែលករណីឆ្លងលើកទីមួយបានកើតឡើងនៅខេត្តព្រះសីហនុ លើជនជាតិចិនម្នាក់ ដែលបានធ្វើដំណើរពីទីក្រុងវូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។
រូបឯកសារ៖ ពលរដ្ឋកម្ពុជានៅទីក្រុងភ្នំពេញ កំពុងធ្វើដំណើរតាមដងផ្លូវដោយមានពាក់ម៉ាស់ការពារ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណាថ្មី ដែលករណីឆ្លងលើកទីមួយបានកើតឡើងនៅខេត្តព្រះសីហនុ លើជនជាតិចិនម្នាក់ ដែលបានធ្វើដំណើរពីទីក្រុងវូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។

សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ភាគច្រើន​ពឹង​ផ្អែក​ទៅ​លើ​ការ​វិនិយោគ​របស់​ជន​ជាតិ​ចិន ស្របពេល​ដែល​មាន​ការ​ផ្ទុះ​មេ​រោគ​កូរ៉ូណា​ថ្មី​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​អ្នកសេដ្ឋកិច្ច​នៅ​កម្ពុជា បាន​សម្តែង​ការព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ស្ថាន​ភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស​នេះ។

មន្រ្តី​ជំនាញ​ផ្នែក​សេដ្ឋ​កិច្ច​របស់​រដ្ឋា​ភិបាល​និង​អ្នក​វិភាគ​សេដ្ឋកិច្ច​សុទ្ធ​តែ​ព្រួយ​បារម្ភ​ពី​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នៅ​ក្នុង​អំឡុង​ពេល​ផ្ទុះ​មេរោគ​កូរ៉ូណា​ថ្មី​នេះ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ចំនួន​ភ្ញៀវ​ទេសចរ ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ ឧស្សាហកម្ម​សំណង់ ​និង​អចលន​ទ្រព្យ​នៅ​ប្រទេស​កម្ពុជា​ ជន​ជាតិ​ចិន​ឈរ​ក្នុង​លំដាប់​ថ្នាក់​លេខ​១​នៅ​លើវិស័យ​ធំៗ​នេះ​ ដែល​ជា​ឆ្អឹង​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា។

មេរោគ​កូរ៉ូណា​ក៏​បាន​ផ្ទុះ​ចេញ​ពី​ប្រភព​ប្រទេស​ចិន​ក្នុង​ខេត្ត​ហ៊ូយ​បេ ​ទី​ក្រុង​វូហាន​ដែលបាន​ឆ្លង​រីក​រាល​ដាល​យ៉ាង​ហោច​ណាស់​ជិត​១​ម៉ឺន​នាក់​និង​បាន​សម្លាប់​មនុស្ស​ជាង​២០០​នាក់​ទូទាំង​ប្រទេស។

ប្រទេស​កម្ពុជា​ក៏​បាន​រក​ឃើញ​អ្នក​កើត​ជំងឺ​នេះ​ជា​ជន​ជាតិ​ចិន​ដំបូង​គេ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ​នេះ​ដែរ។

លោក​ ម៉ី​ កល្យាណ​ទី​ប្រឹ​ក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​ជាតិ​បាន​ទទួល​ស្គាល់​ថា​ប្រទេស​កម្ពុជា​ នឹង​ជួប​វិបត្តិ​សេដ្ឋ​កិច្ច​ក្រោម​ឥទ្ធិ​ពល​នៃ​មេរោគ​កូរ៉ូណា​ថ្មី​នេះ។ លោក​និយាយ​ថា ​ផល​ប៉ះ​ពាល់​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​អំឡុង​ពេល​នេះ​ស្ថិត​នៅ​ត្រឹម​មធ្យម​នៅ​ឡើយ។

«បើ​សួរ​ខ្ញុំ​ឥឡូវ ​ខ្ញុំ​ឆ្លើយ​ថា​មធ្យម​ ហើយ​ក៏​មិន​មែន​តិច​ដែរ ​ខ្ញុំ​ជឿ​ថា​មិន​មែន​តិច​ដែរ​ ហើយ​ចាំ មើល​ស្ថាន​ការណ៍​ត​ទៅ​ទៀត​មើល​តើ​វា​យ៉ា​ងណា​យើង​អត់​ដឹង​ទេ កន្លែង​អ្នកវិនិយោគ​ធំ គាត់ ឈឺ​ហើយ យើង​ដេក​ព្រួយ​ហើយ‍»។

យោង​តាម​របាយ​ការណ៍​របស់​ធនាគារ​ពិភពលោក World Bank​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​២៤ ​ខែ​មេសា​ឆ្នាំ២០១៩ បង្ហាញ​ថា​ ជាង​ពាក់​កណ្តាល​នៃ​ការ​ហូរ​ចូល​ទុន​វិនិយោគ​ពី​ក្រៅ​ប្រទេស ​មាន​ប្រភព​មក​ពី​ប្រទេស​ចិន ហើយ​ត្រូវ​បាន​តម្រង់​ទិស​លើ​ការ​វិនិយោគ​វិស័យ​សំណង់ រួម​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​សំណង់​អគារ​ពាណិជ្ជកម្ម ​និង​លំនៅដ្ឋាន​ វិស័យ​ទេសចរណ៍​ វិស័យ​ផលិត​កម្ម ​និង​កសិកម្ម។

លោក​ ម៉ុង​ ឬទ្ធី​ អ្នក​ជំនួញ​ផ្នែក​កសិ​កម្ម​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​អោយ​ដឹង​ដែរ​ថាជន​បរទេស​ដែល​វិនិ​យោគ​លើ​វិស័យ​កសិ​កម្ម​ក្នុង​ប្រទេស​កម្ពុជា​ច្រើន​ជាង​គេ​គឺ​ជន​ជាតិ​ចិន ដូច្នេះ​ការ​ផ្ទុះ​ជំងឺ​នេះ​នឹង​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​វិស័យ​កសិ​កម្ម​នេះ​មិន​ខាន ។ លោក​បាន​អោយ​ដឹង​បន្ត​ថា​ អ្នក​វិនិ​យោគ​ចិន​មួយ​ក្រុម​បាន​ពន្យា​ពេល​ជួប​ចរ​ចារ​ក្នុង​ការ​ធ្វើ​វិនិ​យោគ​ជា​មួយ​លោក​ បន្ទាប់​ពី​មាន​មេរោគ​កូរ៉ូណា​នេះ​ផ្ទុះ​ឡើង។

«ឃើញ​អ្នក​ណាត់​ជួប​ខ្ញុំ​គាត់​សុំ​ពន្យា​ពេល​មួយ​ក្រុម​ដែរ ​មក​ពី​អា​ហ្នឹង​ហើយ ​កុំ​អី ​អត់​មាន​រឿង​អី​ត្រូវ​ពន្យា​ពេល​ណា។ ​បារម្ភ​ហើយ​នឹង​ការ​ទប់​ស្កាត់​វា​ប្រុង​ប្រយ័ត្ន​គ្រប់​កន្លែង​ដើម្បី​ទប់​ស្តាត់​ហើយ ប៉ុន្តែ​រួច​មិន​រួច​បាន​កម្រិត​ណា​យើង​ក៏​អត់​ដឹង​ដែរ‍»។

នៅ​មុន​ករណី​មេរោគ​កូរ៉ូណា​ថ្មី​នៅ​មិន​ទាន់​បាន​ផ្ទុះ​នៅ​ឡើយ​ ធនាគារ​ពិភព​លោក​ធ្លាប់​បាន​ព្រមាន​កាល​ពី​ខែ​ឧសភា​ឆ្នាំ២០១៩​ថា​ ដោយ​សារ​ប្រភព​នៃ​ទុន​វិនិយោគ​នៅ​កម្ពុជា​ភាគ​ច្រើន​បាន​មក​ពី​ប្រទេស​ចិន​ ការ​ថយ​ចុះ​នៃ​សេដ្ឋកិច្ច​របស់​ចិន​អាច​ធ្វើ​ឲ្យ​វិស័យ​សំណង់ ​និង​អចលនទ្រព្យ​នៅ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ។

ស្រប​ជា​មួយ​គ្នា​នេះ​ដែរ ​លោក​ ង៉ែត ​ជូ ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ក៏​បាន​លើក​ឡើង​ដែរ​ថា​ វិស័យ​សំខាន់​ទាំង​៤​នៃ​សេដ្ឋ​កិច្ច​កម្ពុជា​លើស​ពី​៥០​ភាគរ​យ​គឺ​ជន​ជាតិ​ចិន​ជា​អ្នក​កាន់​កាប់ហេតុ​ដូច្នេះ​សេដ្ឋ​កិច្ច​កម្ពុជា​ប្រឈម​នឹង​ហា​និភ័យ​ខ្ពស់​នៅ​ពេល​មាន​ផ្ទុះ​មេរោគ​កូរ៉ូណា​ថ្មី​នេះ។

លោក​បាន​បន្ថែម​ថា​ ទំហំ​ផល​ប៉ះ​ពាល់​ទៅ​លើ​សេដ្ឋ​កិច្ច​នេះ​អាស្រ័យ​លើ​កម្រិត​និង​រយៈ​ពេល​នៃ​ការ​រីក​រាល​ដាល​នៃ​មេ​រោគ​កូរ៉ូណា​ថ្មី​នោះ។

«អ្នក​ជំនួញ​ជន​ជាតិ​ចិន​អាច​កាត់​បន្ថយ ​បរទេស​ផ្សេង​ទៀត​ក៏​អាច​ដែរ ​ប៉ុន្តែ​អោយ​មាន​ផល​ប៉ះពាល់ ​ធ្ងន់​ធ្ងរ​មែន​ទែន​គឺ​អត់​ទាន់​ទេ ​វា​អា​ស្រ័យ​ថា​តើ​ស្ថាន​ភាព​នេះ​វា​ពន្យា ​បន្ត​ទៅ​មុខ​យ៉ាង​ម៉េច​ទៀត​ថ្វី​ត្បិត​តែ​យើង​អត់​ទាន់​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​តែ​ហា​និ​ភ័យ​ខ្ពស់​ដោយ​សារ​យើង​ការ​វិនិ​យោគ​ក្រៅ​ប្រទេស​ជាង​ពាក់​កណ្តាល​មាន​ប្រភព​មក​ពី​ខាង​ប្រទេស​ចិន‍»។

លោក​បាន​បន្ត​ទៀត​ថា​៖

«(អ៊ី)ចឹង​ទាម​ទារ​អោយ​ខាង​រដ្ឋា​ភិបាល​មាន​យន្ត​ការ ​មាន​គោល​នយោបាយ ​លក្ខណៈ​ត្រៀម​ទុក​ជា​មុន ​ពី​ឥឡូវ​ទៅ ​ដើម្បី​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​ និង​ដោះ​ស្រាយ​ការ​ប្រឈម​រយះ​ពេល​វែង‍»។

ផ្អែក​តាម​របាយ​ការណ៍​របស់​ក្រសួង​រៀប​ចំដែន​ដី​នគរូបនីយ​កម្ម​និង​សំណង់​ ចាប់​តាំង​ពី​ឆ្នាំ២០០០​ដល់​ខែ​មីនាឆ្នាំ​២០១៩​ ​ក្រសួង​បាន​ចេញ​លិខិត​អនុញ្ញាត​សាងសង់​ទូទាំង​ប្រទេស​ចំនួន​៤៤៦៥៧​គម្រោង ​ដែល​មាន​តម្លៃ​ប៉ាន់​ស្មាន​ទុន​វិនិ​យោគ​សរុប​ប្រមាណ​ជា​ជិត​៤៤​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះគម្រោង​អគារខ្ពស់ៗ​ចាប់​ពី​៥​ជាន់​ឡើង​ទៅ​មានចំនួន​១២៩៦​អគារ។​

ដោយ​ឡែក​ ​ទុន​វិនិយោគ​មក​ពី​ប្រទេស​ចិន​ក្នុង​វិស័យ​អចលន​ទ្រព្យ​នេះមាន​ចំនួន​ជាង​៥៣៥៥​លាន​ដុល្លារ​អាមេរិក​ គឺ​ស្មើ​នឹង​ប្រមាណ​៥០​ភាគរយនៃ​ទុន​វិនិយោគ​សរុប​លើ​វិស័យ​នេះ។​

VOA ​មិន​អាច​ធ្វើ​ការ​ទំនាក់​ទំនង ​លោក វង្សី វិស្សុត ​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​ដើម្បី​សុំ​ការ​អត្ថា​ធិប្បាយ​ជុំ​វិញ​បញ្ហា​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ក្នុង​អំឡុង​ពេលផ្ទុះ​មេរោគ​កូរ៉ូណាថ្មី​បាន​នោះ​ទេ។

ក៏​ប៉ុន្តែ​កាល​ពី​ថ្ងៃទី​៣០​ ខែ​មករា​ម្សិល​មិញ​នេះ ក្នុង​វេទិកា​ស្ដីពី​ការ​គ្រប់​គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ថវិកា​២០២០ ​លោក​ វង្សី វិស្សុត ​បាន​មាន​ប្រសាសន៍​ថា ចិន​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ​របស់​កម្ពុ​ជា ​ដូច្នេះ​មេរោគ​កូរ៉ូណា​ថ្មី​នេះ​ធ្វើ​អោយ​សេដ្ឋ​កិច្ច​កម្ពុជា​ប្រឈម​បញ្ហា​ធំ​ជាង​មុន​ សម្រាប់​ឆ្នាំ​នេះ។

នៅ​វេទិកា​នោះ​ដែរ​បាន​បង្ហាញ​អោយ​ដឹង​ថា​ឥទ្ធិ​ពល​របស់​មេ​រោគ​កូរ៉ូណា​ថ្មី​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​នៃ​បញ្ហា​ប្រឈម​ហា​និភ័យ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ ចំណែក​ឯ​ផល​ប៉ះ​ពាល់​ពី​ជំងឺ​នេះ​ដល់​ស្ថាន​ភាព​សេដ្ឋកិច្ច​ស្ថិត​ក្នុង​ការ​តាម​ដាន​នៅ​ឡើយ។

ជា​មួយ​គ្នា​នេះ​ដែរ​យោង​តាម​ស្ថិតិ​របស់​ក្រសួង​ទេស​ចរណ៍​បាន​អោយ​ដឹង​ថា​នៅ​ក្នុង​ឆ្នាំ២០១៩​កន្លង​ទៅ​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​មាន​ចំនួន​៦,៦​លាន​នាក់​ក្នុង​នោះ​ទេសចរណ៍​ជន​ជាតិ​ចិន​មាន​ចំនួន​២,៣​លាន​នាក់​ដែល​ចំនួន​នេះ​ធ្វើ​អោយ​ទេសចរណ៍​ជន​ជាតិ​ចិន​ឈរ​ក្នុង​លំដាប់​ថ្នាក់​លេខ​១​ពោល​គឺ​ស្នើ ៣៥​ភាគ​រយ​នៃ​ភ្ញៀវ​ទេសចរ​សរុប​ក្នុងចំណោម​១១០​សញ្ជាតិ។

លោក ​ថោង ​ខុន​ រដ្ឋ​មន្រ្តី​ក្រសួង​ទេស​ចរណ៍​និង​ក្រុម​វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍បាន​អោយ​ដឹង​ដែរ​ថា ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​នៅ​ក្នុង​អំឡុង​ពេល​ផ្ទុះ​មេរោគ​កូរ៉ូណា​នេះ​ដោយ​ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​បាន​លប់​ចោល​ការ​ធ្វើ​ដំណើរ​របស់​ខ្លួន​មក​កាន់​ធ្វើ​ប្រទេស​កម្ពុជា។

ប្រទេស​មួយ​ចំនួន​ក្នុង​ពិភព​លោកបាន​បិទ​ជើង​យន្ត​ហោះ​ចេញ​ចូល​ពី​ប្រទេស​ចិន ​និងខ្លះ​ទៀត​កំពុង​ដាក់​ការ​ពិចារណា​ក្នុង​ការ​បិទ​ជើង​យន្ត​ហោះ​នេះ​ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ កាលពីថ្ងៃទី​៣០​ខែ​មករា​នេះ​នៅ​ក្នុង​សិន្និ​សិទ​សារ​ពត៌​មាន​ទាក់​ទង​នឹង​មេ​រោគ​កូរ៉ូណា​ថ្មីលោក​ នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ​សែន​បាន​ប្រកាស​ថា ​មិន​ទទួល​សំណើ​បិទ​ជើង​យន្ត​ហោះ​ពី​ប្រទេស​ចិន​នោះ​ទេ​ ព្រោះ​វា​ជា​ការ​សម្លាប់​សេដ្ឋ​កិច្ច៕

XS
SM
MD
LG