ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​មួយ​ចំនួន​ចង់​ឲ្យ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ពី​ចិន ខណៈ​មេរោគ​កូរ៉ូណា​បន្ត​រាលដាល


រូបឯកសារ៖ ច្រក​ចូល​មួយ​នៅ​សាកលវិទ្យាល័យ​វូហាន​​ត្រូវ​បាន​បិទ​និង​មាន​ក្រុម​​សន្តិសុខ​ពិនិត្យ​តឹងរ៉ឹង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ ២០២០។ (រូបថត​ផ្តល់​ឲ្យ)

ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ការ​បារម្ភ​ទៅ​លើ​សុខភាព​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ចិន​​​ និង​ចង់​ឃើញ​ការ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ពី​តំបន់​ដែល​ផ្ទុះ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​នោះ​ ដូច​ដែល​បណ្តា​រដ្ឋាភិបាល​ប្រទេស​ជាច្រើន​បាន ​និង​កំពុង​ធ្វើ។​

ពលរដ្ឋ​ខ្មែរ​រស់​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ថ្លែង​នៅថ្ងៃ​សុក្រនេះ​ថា​ ពួក​គេ​មាន​ការ​បារម្ភ​ពី​សុខភាព​របស់​ប្រជាជន​កម្ពុជា​ ដែល​កំពុង​ស្ថិត​នៅ​ក្នុងប្រទេស​ចិន​ ជាពិសេស​គឺ​នៅ​តំបន់ទី​ក្រុង​វូហាននៃ​ខេត្ត​ហ៊ូបេ​ ដែល​ជា​ប្រភព​នៃការ​ផ្ទុះមេរោគ corona (2019-nCoV)។ ពួក​គេ​ចង់​ឃើញ​ ការ​ជម្លៀស​ប្រជាជន​ខ្មែរ​ ចេញពីតំបន់​នៃការ​ឆ្លង​នោះ​ ដូច​ដែល​រដ្ឋាភិបាល​ជាច្រើន​បាន​កំពុង​ធ្វើ​ចំពោះ​ពលរដ្ឋ​របស់​ពួកគេ។

កំពុង​ឈរ​ចាំ​រថយន្តក្រុង​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ កញ្ញា​លីន​ វ័យ​២២​ ឆ្នាំ​ ជាបុគ្គលិក​ ​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ បាន​និយាយ​ថា៖

«វាពិបាក​ដែរ​ យក​ល្អគួរ​តែ​ គួរតែ​នាំ​គាត់ មក​ខាង​ប្រទេស​យើង​វិញ​អីចឹង​ហ្អាស់​ ដោយ​សារ​គាត់​នៅ​ឯណោះ​ តែ​មិន​ដឹង គិតម៉េច»។

កាល​ពី​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បានថ្លែង​រិះគន់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចង់​វិលត្រឡប់​ពី​តំបន់​វូហាន​ ប្រទេស​ចិន​ ជាទីនៃការ​ការផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណាដែល​អាច​ធ្វើ​ឲ្យ​ខូចផ្លូវ​ដង្ហើម ដែលត្រូវ​បានគេប្រកាស​ថា​ ជាគ្រោះ​អាសន្ន​របស់​សាកល​លោក។ លោក​នាយករ​ដ្ឋមន្ត្រី​ ចង់​ឲ្យ​អ្នក​ការទូត​ និង​និស្សិតកម្ពុជាបន្តស្នាក់​នៅ​ប្រទេស​ចិន​ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ប្រទេស​មហាអំណាច​អាស៊ី​មួយនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ លោក​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កុំចលាចលអំពីការឆ្លងមេរោគនេះ ដែលនៅកម្ពុជាទើបតែមានមួយករណីប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ លោក​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កុំចលាចលអំពីការឆ្លងមេរោគនេះ ដែលនៅកម្ពុជាទើបតែមានមួយករណីប៉ុណ្ណោះ។

លោក​ ហ៊ុន សែន​ ក៏ប្រកាស​កាលពី​ថ្ងៃម្សិលមិញ​ ក្នុងសន្និសីទ​សារព័ត៌មាន​ម្តង​ជា​ពីរ​ដង​ថា​ គ្មាន​ការ​ជម្លៀស​មន្ត្រី​ការទូត​ និង​និសិ្សត​ខ្មែរ​ចេញ​ពី​ប្រទេស​ចិនទេ​ រាប់​ទាំង​ទីក្រុង​វូហាន​ នៃ​ខេត្ត​ហ៊ូបេ។ ​

កញ្ញា លីន ​ដែលបានសុំ​មិន​បញ្ចេញ​ឈ្មោះពេញ​ ដោយសារ​បារម្ភ​ពីសុវត្ថិភាព​ផ្ទាល់​ខ្លួន​ នៅ​ពេល​និយាយ​ជាមួយ​ប្រព័ន្ធផ្សព្វផ្សាយ​ មិន​ហ៊ាន​បង្ហាញ​ការ​យល់​ឃើញ​យ៉ាងណា ចំពោះ​ការ​អត្ថា​អធិ​ប្បា​យ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​នោះ​ទេ​ តែកញ្ញា​ជឿថា​ ពលរដ្ឋ​ភាគ​ច្រើន​នឹង​មិន​យល់​ស្រប​ជាមួយ​ការ​យល់​ឃើញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នោះ​ទេ។

កញ្ញា លីន ដែលបាន​ពាក់​ម៉ាស់​ការពារ​សុខភាព​ សំឡឹង​មិន​ដាក់​ភ្នែក​ទៅរក​ការ​មកដល់​របស់​ឡាន​ក្រុង​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កន្លែង​ធ្វើការ។ ក្នុង​កាយវិការ​ប្រញាប់​ប្រញាល់​ កញ្ញា​បន្ថែមថា​សាច់​ញាតិ​ និង​ឪពុកម្តាយ​របស់​មន្ត្រី​ និង​និស្សិត​ខ្មែរ​ដែល​កំពុង​នៅប្រទេស​ចិន​ អាច​កើត​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​សុខភាព​ដោយ​សារ​មេរោគ​ឆ្លង​កូរ៉ូណា​នោះ។

«​វាប្រាកដ​ហើយប្រជាជន​ទូទៅ​ គាត់​មិនយល់​ស្របហ្នឹង​ ចង់​និយាយថា​ ឲ្យប្រជាជន​កម្ពុជា​ខ្មែរ​នៅ​ហ្នឹង​ នៅ​ជាមួយ​គ្រោះ​ថ្នាក់​អស់​ហ្នឹង​ទេ​ ប្រាកដ​ជា​មិន​យល់​ស្រប​ទេ​ ខ្ញុំ​ក៏​ចឹង​ដែរ​ តែ​គ្រាន់​ថា​ ខ្ញុំ​អត់​មាន​ បងប្អូន​ឬក៏​នរណា​គេ​នៅ​ហ្នឹង​ទេ​ តែ​សម្រាប់​ដែល​អ្នក​ដែល​ជា​ឪពុក​ម្តាយ​ ឬជា​បង​ប្អូនប្រាកដ​ជា​គាត់​ភ័យ​ខ្លាំង​អីចឹង»។

អង្គការ​សុខភាព​ពិភពលោក​ (WHO) ​បាន​រាយកាណ៍​កាល​ពី​ថ្ងៃទី​៣០​ ខែ​មករា​ ឆ្នាំ​២០២០​ថា​ យ៉ាង​ហោច​ណាស់​មាន​៧៨០០ករណី​ត្រូវបាន​បញ្ជាក់​ថា​ បាន​ឆ្លង​មេរោគកូរ៉ូណា​នៅ​ទូទាំង​ពិភពលោក ក្នុង​ចំណោម​នោះ​ គឺ​មាន៧៧២៦ករណី​បាន​កើត​ឡើង​នៅ​ប្រទេស​ចិន​តែ​ម្តង។

កាល​ពី​លា្ងច​ថ្ងៃព្រសហ្បតិ៍​កន្លង​ទៅ​នេះ អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា​ ការ​រីករាល​ដាល​នៃ​ការ​ឆ្លង​មេរោគកូរ៉ូណា​ គឺ​ជា​ «​គ្រោះ​អាសន្ន​របស់​ពិភពលោក» ដោយសារ​ការកើនឡើង​នៃ​ការឆ្លង​រាលដាល​របស់​មេរោគ​នេះ​ មាន​ភាព​ឆាប់រហ័ស។

ប្រទេស​កម្ពុជា​ បាន​កត់​ត្រា​ករណី​ឆ្លង​មេរោគនេះ​ មួយករណី​រហូតមក​ដល់​ពេល​នេះ​ ដែល​ការ​ឆ្លង​នោះ​ គឺមាន​នៅលើ​ជនជាតិ​ចិន​មួយ​រូប​ដែលបាន​មក​ដល់​ក្រុងព្រះសីហនុ​កាលពី​សប្តាហ៍​មុន។ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​សារព័ត៌មាន​ក្នុងស្រុក​ថា​ មាន​ជនជាតិ​ចិនប្រមាណ​៣០០០​នាក់​ បាន​ចូល​ដល់​ប្រទេស​កម្ពុជា​ពី​ក្រុង​វូហាន​ ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​មេរោគកូរ៉ូណា​កាល​ពីចុង​ខែ​ធ្នូ​ ឆ្នាំ​២០១៩។

និស្សិត​កម្ពុជាយ៉ាង​ហោច​ណាស់​២៣​នាក់​កំពុង​ជាប់​គាំងក្នុង​ទីក្រុង​វូហាន។

លោក​ ហេង លី​ វ័យ​៣៤ ឆ្នាំ​ អាជីវករ​លក់​កាហ្វេ​មួយ​រូប​នៅ​កណ្តាលទីក្រុង​ភ្នំពេញ បាន​សម្រេច​ចិត្ត​ពាក់​ម៉ាស់​ជាប់នឹង​មុខ​ ជិត​មួយ​សប្តាហ៍​មក​ហើយ​ ដោយ​បារម្ភ​អំពី​ការ​ឆ្លង​មេរោគ​កូរ៉ូណា។ ឈរ​ក្នុង​តូប​កាហ្វេ​តូច​មួយ​ លោក​មិន​បាន​ដឹង​ថា​ មាន​ពលរដ្ឋ​ខ្មែរ​ប៉ុន្មាន​នាក់​កំពុង​រស់នៅ​ក្នុងប្រទេស​ចិន​នោះ​ទេ។

ដោយ​បាន​ដឹង​តិច​តួច​ថា​ មាន​ប្រទេស​ផ្សេង​ទៀត​ បានជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញ​ពី​ប្រទេស​ចិន​នោះ អ្នកលក់​កាហ្វេ​រូបនេះ​ និយាយ​ដោយ​មិន​លាក់​លៀម​ថា​ លោកគាំទ្រ​ឲ្យមាន​ការ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ប្រទេស​ចិន​ដែរ​ ប៉ុន្តែ​ការ​ត្រឡប់​មកវិញ​ឬយ៉ាង​ណា​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​នោះ​ គឺនៅ​លើ​ការ​សម្រេច​ចិត្ត​របស់​បុគ្គល​នីមួយៗ។

«សំខាន់​គេ​អ្នកខាង​នោះ​ គេចង់​មក​អីចឹងទៅណ៎ា​បង​ ព្រោះ​អី​គេទៅ​រៀន​អីបង​អ្ហេស​ ​ដូច​ថា​ ទាល់​តែ​សម្រេច​ចិត្ត​លើ​គេដែរអីចឹងទៅណ៎ា បងណ៎ា»។​

នៅ​ក្នុង​សង្កាត់​ចោមចៅ​ លោក ​ពុទ្ធ​ សារិទ្ធ​ វ័យ​២៩​ឆ្នាំ​ ជា​អ្នក​លក់​ពោត។​ លោក​ថា​ លោក​មិន​បាន​ចាប់​អារម្មណ៍​តាម​ដាន​ព័ត៌មាន​ ហើយលោក​គិត​តែ​ពី​រក​លុយ​តែ​ប៉ុណ្ណោះ។

នៅ​លើ​មុខ​មាន​ពាក់​ម៉ាស់​យ៉ាង​ក្រាស់​មួយ​នោះ​ លោកសារិទ្ធ​ ​មិន​ដឹងថា​ មេដឹកនាំ​របស់​លោកថ្លែង​អ្វី​នោះ​ទេ​ អំពី​ស្ថានភាព​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ចិន។ ក៏​ប៉ុន្តែ​លោក​ផ្តល់​ការ​យល់​ឃើញ​របស់​លោក​ថា​ ពលរដ្ឋ​ខ្មែរ​អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ បើ​ពួកគេ​មិន​ត្រូវ​បាន​នាំចេញ​ពី​តំបន់​ដែល​រងការ​ឆ្លង​រាល​ដាល​ដោយ​មេ​រោគ​នេះ។

«បើ​សិន​ជា​ទុក​គាត់​នៅ​ហ្នឹង​ គាត់​អាច​ឆ្លង​មេរោគ​ហ្នឹង​ ព្រោះ​ស្រុក​គេ​វាបង្កើត​អាហ្នឹង​មក​ហើយ​ ដល់​ពេល​ហើយ​មាន​ពលករ​ខ្មែរ​នៅ​ហ្នុង អីចឹង​យើង​អាច​ បើ​ប្រជាពលរដ្ឋ​យើង​ យើង​អាច​ជម្លៀស​ពួក​គាត់​មក​វិញ​ក៏បានដែរ​អីចឹង​»។

លោក​ កុយ គួង​ អ្នកនាំពាក្យ​ក្រសួង​ការបរទេសកម្ពុជា​បាន​ប្រាប់​បញ្ជាក់​ VOA ​ថា​ រដ្ឋាភិបាល​នៅតែ​បំពេញ​តាម​ការ​អំពាវនាវ​របស់​លោក​នាយរដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដោយ​គ្មាន​ផែនការ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញពីប្រទេស​ចិន​នោះ​ទេ។

ប្រធានាធិបតី​ចិន​លោក​ ស៊ី ​ជីងពីង ​បាន​កោះ​ហៅ​ឲ្យ​មាន​ការ​ប្រជុំ​សមាជិក​ការិយាល័យ​របស់​បក្ស​កុម្មុយ​នីស្ត​ចិនកាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ​ ដើម្បី​ពិភាក្សា​រក​មធ្យោបាយ​នានា​រាំង​ខ្ទប់​មេរោគ​កូរ៉ូណា​ដោយ​បាន​ប្រកាស​ថា ​ប្រទេស​ចិន​កំពុង​ប្រឈម​«ស្ថានភាព​ដ៏ធ្ងន់​ធ្ងរ»។

ក្រោយ​ការប្រកាស​របស់​លោក​ប្រធានាធិបតី​ស៊ី​នោះមក​ ​ការ​ជម្លៀស​ជនជាតិ​បរទេស​ជាលើក​ដំបូង​ចេញពី​ប្រទេស​ចិន​បានចាប់​ផ្តើម​កាលពី​ថ្ងៃពុធក្នុង​សប្តាហ៍​នេះ។

ជន​ជាតិ​ជប៉ុន​ចំនួន​២០៦​នាក់​ត្រូវ​គេរាយការណ៍​ថា​ ត្រូវ​បាន​ដឹកជញ្ជូន​ចេញ​ពីទីក្រុង​វូហាន​ ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​ប្រភព​កំណើត​មេរោគ​កូរ៉ូណា​ថ្មី​ ទៅ​កាន់​អាកាសយានដ្ឋាន​ Haneda ​នៅ​ទីក្រុង​តូក្យូ។ ចំណែក​សហរដ្ឋ​អាមេរិក​ ក៏​ត្រូវបាន​គេរាយការណ៍ថា​ បានជម្លៀស​ពលរដ្ឋ​ខ្លួន​ចំនួន​ជិត​២០០​នាក់តាម​ជើងហោះហើរ​ចេញ​ពី​ទីក្រុង​វូហាន​ ទៅ​កាន់​មូលដ្ឋាន​ទ័ព​មួយ​នៅ​រដ្ឋ​កាលីហ្វ័ញ៉ា។ សហភាព​អឺរ៉ុប​ ក៏បាន​ប្រកាស​ផែនការ​ដឹកជញ្ជូន​ពលរដ្ឋ​ខ្លួនប្រមាណ​ជាង​២០០នាក់​ចេញ​ពីទី​ក្រុង​វូហាន​ដដែល​នេះ។ ប្រទេស​មីយ៉ាន់​ម៉ា​ ក៏បាន​ប្រាស្រ័យទាក់​ទង​ជាមួយ​មន្ត្រីចិន​ អំពី​ការ​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញ​ពីប្រទេស​ចិន​ផង​ដែរ។

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​នៃ​អង្គការការ​ពារសិទ្ធិមនុស្សលីកាដូ​ (Licadho) ​បានប្រាប់VOA ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា​ លោក​មិន​យល់​ពី​បំណង​ពិតប្រាកដ​នៃការ​សម្រេច​របស់​មេ​ដឹកនាំ​កម្ពុជា​ ចំពោះ​ការ​មិនមាន​ផែនការ​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ប្រទេស​ចិន​នោះទេ។​ ទោះ​យ៉ាង​ណា​ លោកអះអាងថា​ តាម​គោលការណ៍​សិទ្ធិមនុស្ស​ ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ដើរ​ហើរ​ដោយ​សេរី។

«តាមការណ៍​ពិត​ អានេះ​ វាជាសិទ្ធិ​សេរីភាព​របស់​បុគ្គល​គ្រប់​រូប​ នៅ​ក្នុង​ការ​ដើរ​ហើរ​ឬក៏ការ​រក​សុវត្ថិ​ភាព​របស់​ខ្លួន​ បើសិន​ជា​គាត់​គិតថា​ នៅ​ហ្នុង​មិន​មាន​សុវត្ថិភាព​ ហើយ​គាត់​អាច​ធ្វើការ​ចាក​ចេញ​ដើម្បី​គាត់​ រួច​សិន​ អាហ្នឹង​ជា​រឿង​របស់​បុគ្គល​មួយ​ៗ​ ដែល​គាត់​យល់​ឃើញ​ណ៎ា ពីព្រោះ​ដឹងស្រាប់​ហើយថា​ ​បុគ្គល​គ្រប់​រូប​ សុវត្ថិភាព​ជា​ចម្បង»។

អ្នក​ស្រី​ជួប ធីតា​ ជាបុគ្គលិក​ កំពុងអង្គុយ​ចុច​ទូរស័ព្ទ​នៅជាប់​ជញ្ជាំង​កញ្ចក់​នៃ​ហាង​លក់​សម្លៀក​បំពាក់​មួយ​ នៅតាម​បណ្តោយ​ផ្លូវ​ត្រសក់​ផ្អែម​។

ដោយសារ​មមាញឹក​ ក្នុងការ​បំពេញ​ការ​ងារ​ប្រចាំ​ថ្ងៃ​ អ្នកស្រី​មិនមាន​ពេល​តាម​ដាន​ព័ត៌មាន​ ហើយ​ក៏​មិន​បាន​ដឹង​អំពី​សេចក្តី​អំពាវនាវ​របស់​លោក​នាយរដ្ឋមន្ត្រីហ៊ុន សែន​ ដែល​ស្នើ​មិន​ឲ្យ​រដ្ឋាភិបាល​ជម្លៀស​ប្រជាជន​ខ្មែរដែល​ជា​មន្ត្រី​ការទូត​ និង​និស្សិតចេញ​ពី​ប្រទេស​ចិន។

ក្នុង​ទឹក​មុខ​ហាក់​ដូច​ជាភ័យ ស្ត្រីដែល​ជា​ម្តាយ​កូន​មួយ​រូប​នេះនិយាយថា​ អ្នកស្រីក៏​មិន​ដឹង​ថា​ ការ​ឆ្លង​មេ​រោគ​កូរ៉ូណា​ កើត​ឡើង​យ៉ាង​ដូចម្តេច​នោះ​ដែរ។ ប៉ុន្តែ​ដោយ​បារម្ភពីការ​ឆ្លង​របស់​វីរុស​កូរ៉ូណានោះ​ អ្នកស្រី​បាន​ចាប់​ផ្តើម​ពាក់​ម៉ាស់​ជាប់​នឹង​មុខ​អស់រយៈ​ពេល​ជាច្រើនថ្ងៃ​មក​ហើយ​ គឺចាប់តាំង​ពី​អ្នកស្រីបាន​ទទួលដំណឹង​នៃ​ការ​ផ្ទុះ​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​នេះ។

«និយាយ​តាំងពី​ឃើញ​គេផ្អើល​ពាក់​មក​ ពាក់​រហូត​ដែរ​ហ្នឹង»។

ប្រជាជន​ច្រើន​ជាង​៥៦​លាននាក់​ នៅ​ក្នុង​ក្រុង​ជិត២០​នៅ​ប្រទេស​ចិន​ដែល​រួម​ទាំង​ទីក្រុង​វូហាន​ របស់​ខេត្ត​ហ៊ូបេ​ ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ត្រូវបាន​គេរារាំង​មិនឲ្យធ្វើដំណើរ​ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​រីករាលដាល​វីរុស​កូរ៉ូណានេះ​បន្ថែម​ទៀត។

ប្រទេស​កម្ពុជា​បាន​បង្កើន​ភាព​ជិតស្និទ្ធ​ជាមួយ​ចិន​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ ​នេះ​ ជា​ពិសេស​គឺ​មានការ​កើន​ឡើង​នៃ​វិនិយោគ​ទុន​ និង​ការ​គាំទ្រ​ដោយ​គ្មាន​ការ​ពិចារណា​របស់​ទីក្រុង​ប៉េកាំង​ចំពោះ​ការ​បង្ក្រាប​នាពេល​ថ្មី​ៗ​លើ​សេរីភាព​រដ្ឋធម្មនុញ្ញ​នានា​របស់​ពលរដ្ឋ​កម្ពុជា៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG