ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ដល់​ត្រឹម​១៩៤​ដុល្លារ​សម្រាប់​ឆ្នាំ២០២២ ខណៈ​សហជីព​សម្តែង​ការខកចិត្ត


កម្មករ​រោងចក្រ ធ្វើដំណើរ​តាម​រថយន្ត​ដឹក​កម្មករ​ទៅ​ធ្វើការ​នៅ​តាម​រោងចក្រ នៅ​ខេត្ត​កំពង់ឆ្នាំង នា​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូវីដ​១៩។ កម្មករ​ភាគច្រើន បាន​ពាក់ម៉ាស ​ក៏ប៉ុន្តែ​ពិបាក​រក្សា​គម្លាត​ពីគ្នា​។ ថត​នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

រដ្ឋាភិបាល​កម្ពុជា​នៅថ្ងៃ​អង្គារ​នេះ​ សម្រេច​កំណត់​ប្រាក់​ឈ្នួល​អប្បបរមាចំនួន​១៩៤ដុល្លារ​អាមេរិក​ដល់​កម្មករ​ក្នុងវិស័យ​កាត់​ដេរ​សម្រាប់​ឆ្នាំ​២០២២ ​ក្រោយ​ការ​បោះ​ឆ្នោតកំណត់ប្រាក់​ឈ្នួល​ថ្មីរបស់​ភាគី​សហជីព​ និយោជក​ និង​ក្រសួង​ការងារ។

បើ​តាម​សេចក្តីប្រកាសរបស់​ក្រសួងការងារ​ ចេញផ្សាយ​នៅព្រឹក​ថ្ងៃអង្គារនេះ​ ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​កំណត់​យក​តួលេខ១៩២ដុល្លារ​អាមេរិកដែល​ទទួលបាន​សំឡេងគាំទ្រ៤៥សំឡេង​លើ​៥១​សំឡេងជា​ប្រាក់​ឈ្នួល​គោលសម្រាប់​កម្មករ​នៅ​ឆ្នាំ​២០២២។ ប៉ុន្តែ​ដោយ​មាន​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ដែល​សម្រេចផ្តល់​២ដុល្លារ​បន្ថែម​ទៀត​នោះ​ ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​នៅឆ្នាំ​២០២២​ បាន​កើន​ដល់​១៩៤​ដុល្លារ។ ​

​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក​ អ៊ិត សំហេង​ លើកឡើង​ក្នុង​ទំព័រ​ហ្វេសប៊ុករបស់​លោក​ថា​ ស្ថិត​នៅ​ក្នុង​បរិការណ៍​នៃ​ការ​រីករាលដាល​ជំងឺកូវីដ១៩​ ដែល​កំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ និង​សង្គម​ ជាពិសេស​ទៅ​លើ​បញ្ហា​សុខ​ភាព​ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានសម្រេច​បន្ថែម​ទឹកប្រាក់​ចំនួន​២ដុល្លារ​អាមេរិក។

លោក អ៊ិត សំហេង​បានបន្ថែមថា​ ចាប់​ពី​ថ្ងៃទី​១ ខែមករា​ ឆ្នាំ​២០២២ កម្មករ​និយោជិតផ្នែក​វាយនភណ្ឌ​ កាត់​ដេរ​ ផលិត​ស្បែក​ជើង​ និង​ផលិតផល​ធ្វើ​ដំណើរ​ និង​កាបូប​ នឹង​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៩៤ដុល្លារ​ក្នុង​មួយខែ​ចំពោះ​កម្មករ​ពេញ​សិទ្ធិ​ និង​ចំនួន​១៩២ដុល្លារ​ក្នុងមួយខែ​ចំពោះ​កម្មករ​និយោជិត​សាកល្បង។

យ៉ាង​ណាក៏ដោយ​ មេដឹកនាំ​សហជីព​មួយ​ចំនួនដែល​បម្រើ​ប្រយោជន៍​កម្មករ​ និង​ដែលបាន​ខិត​ខំ​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​បាន​ដល់២០៤ដុល្លារក្នុងមួយខែ​សម្រាប់​ឆ្នាំ​២០២២នោះ​ បាន​បង្ហាញ​ការ​ស្រងាក​ចិត្ត​ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​បាន​ត្រឹមតែ​២ដុល្លារ​ ដែល​ខុស​ពី​ការ​រំពឹង​ទុក​របស់​ពួកគេ។

ប្រធាន​សហភាព​ការងារ​កម្ពុជា ​លោក​ អាត់ ធន់ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​ដំឡើង​ប្រាក់ឈ្នួល​ត្រឹម​២ ដុល្លារនេះ​ នៅ​តែ​មាន​កម្រិត​ទាប​ដដែល​ បើ​ធៀប​ទៅនឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃរបស់​កម្មករ​ ដែល​ជា​មធ្យម​ត្រូវ​ការចន្លោះ​ពី​ ២៥០​ ទៅ​៣០០ ដុល្លារ​អាមេរិក និងត្រូវ​បង្កើន​ម៉ោង​ធ្វើ​ការ ខណៈ​ចំនួន​ថ្ងៃ​ឈប់​សម្រាក​ ត្រូវបានកាត់​បន្ថយ​។

លោក​ថ្លែងថា​៖ «ខ្ញុំ​គិត​ថា​ ចំនួន​នេះ​ គឺ​ជា​ចំនួន​តិចតួច​មែនទែន! ដែល​បាន​កំណត់​ដោយ​ក្រសួង ​ហើយ​ចេញ​ប្រកាស​អនុវត្ត​ហើយ។ អ្វី​ដែល​យើង​គិត​ថា​ វា​គួរ​តែ​អាច​ថា​បាន​ច្រើន​ជាង​នេះ​ ប៉ុន្តែ​អ្វី​ៗ​មិន​ដូច​ការ​គិត​របស់​យើង។ ហើយខ្ញុំ​គិត​ថា​ អាចជា​[បណ្តាល​] មក​[ពី] ហេតុ​ផល​ជា​ច្រើន​ ទី​១​អាច​ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ​ ហើយ​មួយ​ទៀត​ឥទ្ធិពល​កម្មករ​ដូច​ជា​មិនមាន​ឥទ្ធិពល​ខ្លាំង​ដូច​មុន​ដែរ​។ ​អញ្ចឹង​បាន​ធ្វើ​ឲ្យ​ចំនួន​នៃ​កា​រឡើង​[ប្រាក់​ឈ្នួល​អប្បបរមា] នឹង​មិន​បាន​ច្រើន​ដែរ» ។

រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​កម្ពុជា​កំពុង​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​តូប​លក់​ម្ហូប​អាហារ​មួយ នៅ​ខាង​មុខ​រោងចក្រ​ដែល​ពួកគេ​ធ្វើការ ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤។
រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​កម្ពុជា​កំពុង​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​នៅ​តូប​លក់​ម្ហូប​អាហារ​មួយ នៅ​ខាង​មុខ​រោងចក្រ​ដែល​ពួកគេ​ធ្វើការ ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤។

ក្នុង​ការ​បោះឆ្នោតកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មីដល់​កម្មករ​សម្រាប់ឆ្នាំ​២០២២​ ​នៅថ្ងៃអង្គារ​ តួលេខ​ប្រាក់ឈ្នួល​២០៤ដុល្លារ​របស់​ភាគីសហជីព​ទទួលបាន​ការ​គាំទ្រ​តែ​៦សំឡេង​ លើ៥១សំឡេង​។ រីឯ​សំណើ​កំណត់​ប្រាក់​ឈ្នួល​ត្រឹម​១៨៨​ ដុល្លារ​ដែល​ស្នើ​ដោយភាគី​និយោជក​ មិន​ទទួល​បាន​សំឡេង​គាំទ្រ​ទេ។

អគ្គលេខាធិការ​រងសមាគម​រោងចក្រកាត់ដេរ​កម្ពុជា​ហៅកាត់ថា​ GMAC លោក​ កាំង ម៉ូនី​កា​ បាន​និយាយ​ថា​ ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​២ដុល្លារបន្ថែម​លើ​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ២០២១ដែល​មាន​ ១៩២​ដុល្លារ​នោះ ​ជា​សម្ពាធ​មួយ​ធ្ងន់​ធ្ងរសម្រាប់​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា។

​លោក​បន្ថែម​ថា ភាគី​និយោជក​ត្រូវ​បង្កើន​ខ្ទង់​ចំណាយ​លើ​កម្មករ​និយោជិត​ប្រមាណ​ជិត​១០ដុល្លារ​ជា​ប្រចាំ​ក្នុង​១​ខែ ដែល​បូក​រួមទាំង​ប្រាក់​សោធន​និវត្តន៍​ និង​ការដំឡើងវិភាគទាន​ធានា​រ៉ាប់​រង​សុវត្ថិភាព​សុខភាព​ សម្រាប់​ការ​ព្យាបាល​ និង​បង្ការ​ជំងឺ​កូវីដ១៩​ជាដើម។

លោក​ប្រាប់​វីអូអេថា​៖ «បើ​យើង​ពិនិត្យលើ​ទៅ​លើ​តួលេខ​២ដុល្លារ​នឹង យើង​ឃើញ​ថា ​វា​ហាក់​បី​ដូច​ជា​តិច​ណាស់​ សម្រាប់​ជីវភាព​បង​ប្អូន​កម្មករ​។ ក៏​ប៉ុន្តែ​បើ​យើង​ពិនិត្យ​ទៅ​មើល​ទៅ​លើ​ស្ថានភាព​វិបត្តិ​សាកល​ដែល​យើង​កំពុង​តែ​ឆ្លង​កាត់​ ដូច​ជា​តម្រូវ​ការ​សម្រាប់​ប្រទេស​កម្ពុជា​យើង​ក្នុងការ​ងើប​រើ​សេដ្ឋកិច្ច​ឡើង​វិញ​។ យើងឃើញ​ថា ​រាល់​ការ​ដំឡើង​ណា​មួយ​ វា​ជះ​ឥទ្ធិពល​ជា​អវិជ្ជ​មាន​ទៅ​លើ​សេដ្ឋកិច្ច​កម្ពុជា។ ហើយ​ម៉្យាង​វិញ​ទៀត​ កា​រដំឡើង[​ប្រាក់​ឈ្នួល​អប្បបរមា] នេះ​ទៀត​សោត​ក៏​មិន​មែន​ចំណុច​តែ​មួយ​ដែល​ប៉ះពាល់​ទៅ​ដល់​ការ​ចំណាយ​របស់​ភាគី​និយោជក​ដែរ»។

លោក​ រឿន​ សាវ៉ាន វ័យ​ ៤៦​ឆ្នាំ​ ដែល​ជា​កម្មករ​ខាង​ផ្នែក​ដេរ​សម្លៀក​បំពាក់ជាង​៨​ឆ្នាំ នៅ​រោង​ចក្រ Punctual​ Garment Factory Co,Ltd ​យល់​ថា​ ការ​ដំឡើង​ប្រាក់​ឈ្នួលទាប​បំផុត​ត្រឹម​២ដុល្លារ ដែល​ស្មើ​នឹង​៨០០០​ រៀល​ ហាក់​មិន​អាច​ជួយ​សម្រួល​ទៅ​ដល់​ជីវភាព​របស់​គាត់​បាន​ទេ​ ស្របពេល​ដែល​ទំហំ​នៃ​ការ​ចំណាយ​លើ​ទំនិញ​នៅមិន​មាន​ទំនោរ​ថយចុះ​ក្នុង​រយៈពេល​២ឆ្នាំចុងក្រោយ​ ដែល​ញាំញី​ដោយ​ជំងឺកូវីដ១៩។

លោក​និយាយ​ថា៖ «ហើយ​ដំឡើង​អី​តិច​ម៉េស​ក្មួយ​ ហើយ​មិន​ដំឡើង​ដល់​២០០​[ដុល្លារ] ទៅ​គ្រាន់​គ្នា​រួច​នេះ​ដែរ​ទៅ​ ហើយ​ឡើង​តិច​ពេក​ចឹង​ដូច​ជា​អត់​ឡើង​ចឹង​ប៉ុណ្ណឹង​។... ក្មួយ​អើយ​នៅ​តែ​ពិបាក​ចឹង ដំឡើង​២​ដុល្លារ​ យក​២​ដុល្លារ​នឹង​ទៅ​ទិញ​អី​គេ​ ១​ខែ​នឹង​ ២​ដុល្លារ​។ យើង​គិត​មើល ២ដុល្លារ​នឹង វា​និយាយ​ឲ្យ​ចំ​ទៅ​ទិញ​ម្ហូប​ឲ្យ​រួច​ត្រឹម​មួយ​ពេល និយាយទៅ​ថា ទិញ​អី​បាន​។ ថ្លៃ​ផ្ទះ​គេ​មិន​ព្រម​ចុះ​ឲ្យ​យើង​ផង​នឹង​ ថ្លៃ​ផ្ទះមាន​តែ​ឡើងរឿង​ថ្លៃ​ចុះ អត់​មាន​ចុះ​ទេ ​មាន​តែឡើង»។​

ចំណែកកម្មការិនី​ នៅ​រោង​ចក្រ​វាយន្តភ័ណ្ឌ​ ឃេនធើ​រេន កញ្ញា​ ឆែម សុខលឹម អាយុ​២៦ ឆ្នាំ​ បាន​សម្តែង​ការ​ខក​ចិត្ត​ ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​តិចតួច​ស្តួចស្តើងនេះ។

កញ្ញា​បាន​ថ្លែង​ថា ៖«សម្រាប់​ខ្ញុំ​គឺ​ ប៉ុណ្ណឹង​ គឺ​មាន​ការ​កង្វះ​ខាត​រៀង​ច្រើន​ដោយ​សារ​ ឥឡូវ​បញ្ហា​កូវីដ​ ហើយ​សម្ភារៈ​យើង​ប្រើ​ប្រាស់​នៅ​ក្នុង​សង្គម​មាន​ការឡើ​ង​ថ្លៃ​ច្រើន​។ ហើយ​ចឹង​ការ​ឡើង​២ ដុល្លារ​នឹង​គឺ​វា​អត់​ទាន់​បំពេញ​តម្រូវ​ការ​ខាង​ពួក​ខ្ញុំ​[កម្មករ] ច្រើន​ចឹង​ហា៎» ។

វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា។ វិស័យ​នេះ ​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ប្រមាណ​ជាង​៨០​ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​ គឺ​ជា​ប្រជា​ពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​ និង​ជនបទ។ ឧស្សាហកម្ម​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា​ បាន​ទទួល​រងផល​ប៉ះពាល់ពី​ការឆ្លង​រាតត្បាត​នៃជំងឺ​កូវីដ​១៩​មួយផ្នែក ​និងមួយ​ផ្នែក​ទៀត​ដោយ​សារ​ការ​បាត់​បង់ ​២០%​នៃ​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះពន្ធ ​EBA​ របស់​សហភាព​អឺរ៉ុប កាលពី​ខែ​សីហា​ឆ្នាំ​២០២០ ក្រោយ​ការ​រក​ឃើញ​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស៕

XS
SM
MD
LG