ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មហាសន្និបាត​បក្ស​ប្រជាជន​រំពឹង​ថា​នឹង​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​ផ្ទៃ​ក្នុង

  • សុខ ខេមរា

ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ហេង សំរិន លោក ជា ស៊ីម លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកស្រី ប៊ុន រ៉ានី ចូល​រួម​ក្នុង​ពិធី​បុណ្យ​ខួប​​លើក​ទី​៣៥ នៃ​ថ្ងៃ​៧មករា នៅ​កោះពេជ្រ​​​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០១៤។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រៀបចំ​មហាសន្និបាត​របស់​ខ្លួន​ចំនួន​បី​ថ្ងៃ​ជាប់​គ្នា​នៅ​ចុង​ខែ​នេះ ដោយ​រំពឹង​ថា​នឹង​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​គណបក្ស​និង​ពិភាក្សា​ផ្ទៃ​ក្នុង​អំពី​បញ្ហា​ ជា​ច្រើន​ទាក់ទង​នឹង​អនាគត​របស់​គណបក្ស។

ក្រុម​មន្ត្រី​គណបក្ស​នឹង​ជួប​ប្រជុំ​គ្នា​ស្តាប់​ការ​ណែនាំ​របស់​មេដឹកនាំ​គណបក្ស​របាយការណ៍​នានា​ទាក់ទង​នឹង​ការ​បោះឆ្នោត​និង​ការ​វិវត្ត​នយោបាយ​ក្នុង​ប្រទេស។ មហា​សន្និបាត​វិសាមញ្ញ​មួយ​នេះ​នឹង​ផ្តោត​ទៅ​លើ​ការ​រៀបចំ​រចនា​សម្ព័ន្ធ​គណបក្ស​ការ​ដាក់​បញ្ចូល​សមាជិក​ជាន់​ខ្ពស់​បន្ថែម​ទៀត និង​ការ​សើរើ​គោល​នយោបាយ​បោះឆ្នោត​ផង​ដែរ​ក្នុង​ពេល​ជួបប្រជុំ​បី​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​៣០​ខែ​មករា​ដល់​ថ្ងៃ​ទី​១ខែកុម្ភៈ ក្នុង​រាជធានី​ភ្នំពេញ។

សមាជិក​របស់​គណបក្ស​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​មូលដ្ឋាន​គ្រោង​នឹង​ជុំ​គ្នា​ដើម្បី​ពិភាក្សា​ពី​បញ្ហា​គណបក្ស​ បញ្ហា​ទិសដៅ​ទៅ​មុខ​ក្នុង​ការ​ដណ្តើម​យក​ជ័យជម្នះ​សម្រាប់​ការ​បោះឆ្នោត​ ស្តាប់​របាយការណ៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហេង សំរិន និង​មេដឹកនាំ​ឯ​ទៀត តែ​គេ​ពុំ​ឃើញ​មាន​គម្រោងការ​ សម្រាប់​លោក ជា ស៊ីម ប្រធាន​គណបក្ស​ដែល​គេ​ដឹង​មាន​ជំងឺ​នោះ​ទេ។ ក្រៅ​ពី​នេះ​គណបក្ស​នេះ​ត្រូវ​គេ​ដឹង​ថា​នឹង​ពិភាក្សា​ផងដែរ​ចំពោះ​ការ​បោះឆ្នោត​រើស​ សមាជិក​គណៈកម្មាធិការ​កណ្តាល​ជាដើម។

បើ​តាម​ឯកសារ​ដែល​ VOA ​ទទួល​បាន​ពី​មន្ត្រី​គណបក្ស​ប្រជាជន​ដែល​និយាយ​ពី​របៀបវារៈ​នៃ​មហាសន្និបាត​បាន​បញ្ជាក់​ថា ​នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ពេល​ព្រឹក​ត្រង់​កម្មវិធី​មួយ អង្គ​មហា​សន្និបាតនឹង«សុំ​អនុម័ត​យល់​ព្រម​លើ​សំណើ​កែសម្រួល​រចនា​សម្ព័ន្ធ​សំណើ​បំពេញ​បន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​ និង​អំពី​នីតិ​វិធី​បោះឆ្នោត»។

គេ​មិន​បាន​ដឹង​ថា តើ​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុន្មាន​នាក់​ដែល​ត្រូវ​ បំពេញ​បន្ថែម​លើ​សមាជិក​ដែល​មាន​ជាង​២៦៤​នាក់​នោះ​ទេ។ ដោយឡែក​សមាជិក​គណៈអចិន្ត្រៃយ៍ ៣៤​នាក់​នោះ​ក៏​មិន​ត្រូវ​គេ​បញ្ជាក់​ថា​ នឹង​បន្ថែម​សមាជិក​ដែរ​ក្រោយ​ពេល​ដែល​មន្ត្រី​របស់​ខ្លួន​ពីរ​នាក់​យ៉ាង​តិច​បាន​ស្លាប់​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​គឺ​លោក ហុក ឡងឌី និង​លោក ជា សុទ្ធ។

នៅ​ក្នុង​កិច្ចប្រជុំ​មហា​សន្និបាត​នេះ​ក៏​មាន​ការ​ពិភាក្សា​គឺ​ផ្តោត​ទៅ​លើ​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​ជា​ច្រើន​ដែល​កើត​ឡើង​ ហើយ​ធ្វើ​ឲ្យ​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ផងដែរ។

នៅ​ក្នុង​ការ​វាយ​តម្លៃ​នោះ ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​ស្គាល់​ពី​កម្លាំង​រីក​ឡើង​របស់​គណបក្ស​ជំទាស់។ តែ​គណបក្ស​នេះ នៅ​តែ​ចាត់​ទុក​ថា​ ខ្លួន​មាន​សមត្ថភាព​ដឹកនាំ​ប្រទេស​តាម​គោល​នយោបាយ​របស់​ខ្លួន​ដដែល​ ដោយ​ឈរ​លើ​សមិទ្ធិផល​ជាតិ​ធំៗ សន្តិភាព យុត្តិធម៌ ភាព​ចាស់​ទុំ​នយោបាយ​សាមគ្គីភាព​ផ្ទៃ​ក្នុង​របស់​ខ្លួន​ជាដើម។

តែ​ចំណុច​ខ្សោយ​ដែល​នាំ​ឲ្យ​សំឡេង​ឆ្នោត​ថយ​វិញ​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​ស្គាល់​ថា ​មាន​អំពើ​ពុករលួយ បក្ស​ពួក​គ្រួសារ​និយម​ ការ​ប្រើប្រាស់​អំណាច​ដោយ​បំពាន​គម្លាត​រវាង​មន្ត្រី​បក្ស​ថ្នាក់​ជាតិ និង​មូលដ្ឋាន ការ​ខ្វះ​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌ បញ្ហា​ដី​ធ្លី ព្រៃឈើ​បញ្ហា​កើន​ឡើង​នៃ​បច្ចេកវិទ្យា បញ្ហា​ជនអន្តោប្រវេសន៍​ ការ​ចង់​សាកល្បង​លើ​ការ​ផ្លាស់ប្តូរ​ថ្មី ការ​ផ្សព្វផ្សាយ​គោលនយោបាយ គណបក្ស​មិន​ជ្រួតជ្រាប​នៅ​ថ្នាក់​មូលដ្ឋាន ការ​ស្តី​បន្ទោស​ដល់​មន្ត្រី​គណបក្ស​ដែល​បំពេញ​ភារកិច្ច​របស់​មន្ត្រី​គណបក្ស​មិន​បាន​ល្អ​ជាដើម។

មន្ត្រី​គណបក្ស​ប្រជាជន​មួយ​ចំនួន​ពុំ​អាច​ទាក់ទង​តាម​ទូរស័ព្ទ​បាន​ទេ តែ​ របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា៖

«សម្រាប់​ពេល​ទៅ​មុខ​ទៀត ការ​ប្រកាន់​យក​យុទ្ធសាស្ត្រ ផ្អែក​លើ​បរិមាណ​សមាជិក​និង​អំពើ​ល្អ​របស់​មន្ត្រី​គណបក្ស​ដើម្បី​ឈ្នះ​ឆ្នោត គឺ​មិន​គ្រប់គ្រាន់​ទេ។ ដូច្នេះ​ដើម្បី​ធានា​រក្សា​របៀប​ឈ្នះ និង​បង្កើន​របៀប​ឈ្នះ​របស់​គណបក្ស​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ គប្បី​សម្រួល​យុទ្ធសាស្ត្រ​នេះ​ទៅ​ជា​ផ្អែក​លើ​អំពើ​ល្អ​របស់​មន្ត្រី​គណបក្ស​គុណភាព​ និង​បរិមាណ​របស់​សមាជិក​គណបក្ស​ដើម្បី​ឈ្នះ​ឆ្នោត»។

ទោះ​ជា​មាន​ប្រៀប​នយោបាយ​មាន​មែន​ក្តី គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​ស្គាល់​ដែរ​ថា ការ​កើន​កម្លាំង​របស់​គណបក្ស​ជំទាស់​គឺ​ជា​បញ្ហា​លំបាក​ស្មុគស្មាញ​របស់​ខ្លួន​ ជា​ការ​ប្រជែង​ស្រួចស្រាល​កាន់តែ​ខ្លាំង​សម្រាប់​ថ្នាក់​ជាតិ​និង​មូលដ្ឋាន​ ការ​តស៊ូ​ផ្នែក​ច្បាប់ ការ​តស៊ូ​ដណ្តើម​ប្រជាប្រិយភាព ដោយសារ​ថា គណបក្ស​នេះ​បាន​អះអាង​ថា គណបក្ស​ជំទាស់​នឹង​ប្រើ​គ្រប់​រូបភាព​ដើម្បី​បង្ក​ឧបសគ្គ​និង​មិន​បោះបង់​ចោល​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​ខ្លួន។

គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​នឹង​ពង្រីក​កម្លាំង​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៥​នេះ​ គឺ​កម្លាំង​យុវជន​ដែល​ទើប​មាន​សិទ្ធិ​បោះឆ្នោត​ដំបូង។

យុវជន​គណបក្ស​ប្រជាជន​កម្ពុជា និង​កូនចៅ​របស់​ក្រុមមន្ត្រី​មាន​អំណាច​ជាច្រើន​ ដែល​កាន់​មុខ​នាទី​ជា​រដ្ឋមន្ត្រី​ ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​និង​ជា​តំណាងរាស្ត្រ​ត្រូវ​គេ​គិត​ថា ​អាច​នឹង​ត្រូវ​គេ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​នៃ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស។

គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​៦៨​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​បាន​អាសនៈ​៥៥ ក្នុង​ចំណោម​សភា​សរុប​ដែល​មាន​១២៣​អាសនៈ។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា​ ការ​មាន​គណបក្ស​ច្រើន​ដែល​អាច​ទាក់ទាញ​សន្លឹក​ឆ្នោត​នោះ ជា​ជោគជ័យ​របស់​ខ្លួន៕

XS
SM
MD
LG