ថ្ងៃទី១ ខែមេសានេះ កម្ពុជាចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) បន្ទាប់ពីបានទិញពីប្រទេសចិនចំនួន ១លាន ៥សែនដូស និងត្រូវបានបញ្ជូនមកដល់កម្ពុជាកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១។
ការទិញវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១លាន ៥សែនដូសនេះ ធ្វើឡើង ខណៈដែលកម្ពុជាកំពុងមានការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរចាប់តាំងពីមានការឆ្លងក្នុងសហគមន៍ជាលើកទី ៣ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច ២២ នាក់បានស្លាប់ និងជាង ២,៨០០ នាក់បានឆ្លង គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ។
នៅថ្ងៃដែលវ៉ាក់សាំងស៊ីណូវ៉ាក់ត្រូវបានបញ្ជូនមកដល់កម្ពុជា កាលពីថ្ងៃទី ២៦ ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថាវ៉ាក់សាំង Sinovac ដែលផលិតដោយក្រុមហ៊ុនចិន Sinovac Biotech មានលក្ខខណ្ឌប្រើប្រាស់ និងប្រសិទ្ធភាពមិនខុសប្លែកពីវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) នោះទេ។
លោកបន្ថែមថា៖ «ជីវិតវ៉ាក់សាំងថ្មីនេះ អាចប្រើប្រាស់បានក្នុងរយៈពេល ៣៦ ខែ ប៉ុន្តែក្រុមហ៊ុនណែនាំឱ្យចាក់ក្នុងរយៈពេល ៦ ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាព»។
វ៉ាក់សាំងស៊ីណូវ៉ាក់ ត្រូវបានផលិតដោយក្រុមហ៊ុន Sinovac Biotect Ltd. នៅប្រទេសចិន។ យ៉ាងហោចណាស់ ប្រទេសចំនួន ១៩ នៅទូទាំងពិភពលោក បាននិងកំពុងប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល លើកឡើងថា វ៉ាក់សាំងស៊ីណូវ៉ាក់មានប្រសិទ្ធភាពចន្លោះពី ៧០ ទៅ ៨០ ភាគរយ ក្រោយការចាក់ដូសទីពីរ។
«នៅក្នុងឯកសាររបស់ក្រុមហ៊ុនស៊ីណូវ៉ាក់បានបញ្ជាក់ថា ប្រសិទ្ធភាពគឺស្រដៀងវ៉ាក់សាំងដទៃដែរ គឺចន្លោះពី ៧០ ទៅ ៨០ ភាគរយ ហើយក្រោយពីចាក់ដូសទី ២ ហើយ ការធ្វើឲ្យមានភាពស៊ាំហ្នឹង វាប្រែប្រួលទៅលើបុគ្គលពីម្នាក់ទៅម្នាក់ដែរ មិនមានការកំណត់អីច្បាស់លាស់ទេ»។
វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ១លាន ៥សែនដូស ដែលកម្ពុជាបានទិញក្នុងតម្លៃសរុប ១៥លានដុល្លារអាមេរិកនេះ អាចចាក់មនុស្សបាន ៧៥ ម៉ឺននាក់ ដោយសារមនុស្សម្នាក់ត្រូវការចំនួន ២ ដូស ចាក់ក្នុងចន្លោះ ១៤ ថ្ងៃ។
ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ត្រូវបានកំណត់ឲ្យក្រុមអាទិភាព មុននឹងពលរដ្ឋទូទៅអាចទទួលចាក់វ៉ាក់សាំងនេះបាន។ អ្នកដែលស្ថិតក្នុងក្រុមអាទិភាពនេះរួមមានក្រុមគ្រូពេទ្យ បុគ្គលិក និងមន្រ្តីសុខាភិបាលជួរមុខ អ្នកធ្វើការនៅស្ថាប័នរដ្ឋដូចជារដ្ឋសភាព្រឹទ្ធសភា អ្នកសារព័ត៌មាន កម្លាំង និងមន្រ្តីមូលដ្ឋាន មន្រ្តីរាជការស៊ីវិល មន្រ្តី និងបុគ្គលិកបម្រើការងារនៃអគ្គិសនីកម្ពុជា គណៈមេធាវី សាលាក្តីខ្មែរក្រហម និងកម្មកររោងចក្រមួយចំនួនទៅតាមវេន ដែលរៀបចំដោយក្រសួងការងារ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលប្រាប់ VOA នៅថ្ងៃទី ៤ ខែមេសា ថា ក្រសួងបាននិងកំពុងពង្រីកចំនួនទីតាំងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បន្ថែមទៅលើទីតាំងដែលមានស្រាប់ ភាគច្រើននៅតាមស្ថាប័នរដ្ឋាភិបាល។ លោកស្រីបន្ថែមថា ក្រសួងក៏កំពុងចាប់ផ្តើមចាក់ឲ្យប្រជាពលរដ្ឋធម្មតាទៅតាមចំនួនវ៉ាក់សាំងដែលមានផងដែរ។
«នឹងដល់ប្រជាពលរដ្ឋទូទៅនៅពេលណា ដែលយើងមានវ៉ាក់សាំងច្រើនមកដល់ ក្មួយ។ ហើយម្យ៉ាងទៀត ឥលូវទៅដល់បណ្តើរៗហើយ ព្រោះឥលូវយើងកំពុងតែធ្វើការទៅលើក្រុមនីមួយៗ ហើយក្រុមទាំងហ្នឹង គឺសុទ្ធសឹងតែជាប្រជាពលរដ្ឋហើយ»។
វ៉ាក់សាំងស៊ីណូវ៉ាក់ អាចចាក់បានលើក្រុមមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ សម្រាប់ក្រុមមនុស្សអាយុក្រោម ១៨ ឆ្នាំ និងអ្នកមានជំងឺប្រចាំកាយមួយចំនួន មិនអាចចាក់វ៉ាក់សាំងនេះបានទេ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់អំពីលក្ខខណ្ឌដែលមិនអាចចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលដូចគ្នាទៅនឹងវ៉ាក់សាំងស៊ីណូហ្វាម ថា៖
«អ្នកដែលធ្លាប់មានអាឡែកស៊ីជាមួយនឹងការចាក់វ៉ាក់សាំង គឺគេមិនអនុញ្ញាតឲ្យចាក់ទេ ហើយចំពោះអ្នកជំងឺដែលធ្ងន់ៗ ដែលគ្រប់គ្រងស្ថានការណ៍មិនបានទេ ហើយអ្នកមានកម្តៅឡើងខ្ពស់ក៏គេហាមមិនឲ្យចាក់ដែរ»។
សម្រាប់វ៉ាក់សាំងស៊ីណូហ្វាមលក្ខខណ្ឌលម្អិត ដែលមិនអាចចាក់បានមាន ដូចជាអ្នកមានអាការៈក្ដៅខ្លួន អ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ អ្នកមានប្រវត្តិកើតជំងឺកូវីដ១៩ អ្នកប្រតិកម្មនឹងវ៉ាក់សាំងផ្សេងៗ ស្ត្រីមានផ្ទៃពោះ ស្រ្តីកំពុងបំបៅដោះកួន និងស្ត្រីដែលកំពុងមានផែនការយកកូនក្នុងពេលឆាប់ៗជាដើម។
អ្នកដែលមានបញ្ហាសុខភាព ក៏មិនអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បានដែរ។ បញ្ហាសុខភាពទាំងនោះ រួមមានដូចជា អ្នកមានជំងឺផ្លូវដង្ហើម ជំងឺហឺត ជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរជំងឺរ៉ាំរ៉ៃឧស្សាហ៍ធ្វើទុក ជំងឺអាឡែកស៊ី ជំងឺកន្ទាលត្រអាក ជំងឺថ្លើម ជំងឺតម្រងនោមធ្ងន់ធ្ងរ ជំងឺលើសឈាម ជំងឺប្រកាច់ស្កន់ ឬឆ្កួតជ្រូក សរសៃប្រសាទ រលាកស្រោមខួរ ជំងឺខ្វះភាពផ្សាំពីកំណើត អ្នកមានជំងឺអេដស៍ (HIV) អ្នកមានជំងឺមហារីកកូនកណ្ដុរ ជំងឺឈាមស ឬអ្នកមានជំងឺភាពស៊ាំ អ្នកប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំប្រឆាំងជំងឺមហារីកដុំសាច់។
ជាទូទៅ អ្នកដែលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ អាចមានប្រតិកម្មមួយចំនួនដូចការចាក់វ៉ាក់សាំងស៊ីណូហ្វាមដែរ។ ប្រតិកម្មទាំងនោះមានដូចជា អាការៈក្តៅខ្លួន រមាស់ ឬឈឺចុកចាប់ក្នុងរាងកាយ ឬក្រហមកន្លែងចាក់ ក្នុងរយៈពេលមួយថ្ងៃ ទៅពីរថ្ងៃយ៉ាងយូរ។
កម្ពុជាបានចាប់ផ្តើមដំណើរការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាលើកដំបូងនៅថ្ងៃទី ១០ ខែកុម្ភៈ។ គិតត្រឹមថ្ងៃទី ៤ ខែមេសា ពលរដ្ឋកម្ពុជាប្រមាណជិត ៤សែន ២ម៉ឺននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលស្មើនឹង ប្រមាណជាជិត ៣ ភាគរយប៉ុណ្ណោះនៃចំនួនពលរដ្ឋសរុបប្រមាណ ១៦ លាននាក់។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលកម្ពុជា។
ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងទាំងអស់នោះពលរដ្ឋប្រមាណ ១សែន ៤ម៉ឺននាក់ បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ជិត ១សែន ៥ម៉ឺននាក់ បានចាក់វ៉ាក់សាំងស៊ីណូហ្វាម និង ១សែន ២ម៉ឺននាក់ បានចាក់វ៉ាក់សាំងកូវីស្យែល ដែលផលិតនៅឥណ្ឌា។
បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ ចំនួនបីប្រភេទរួមមានវ៉ាក់សាំងកូវីស្យែលតាមរយៈយន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោក វ៉ាក់សាំងស៊ីណូហ្វាម និងវ៉ាក់សាំងស៊ីណូវ៉ាក់ បើទោះបីជាសន្ទុះនៃការចាក់នៅយឺតយ៉ាវនៅឡើយ។
ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋនៅកម្ពុជាមួយចំនួនហាក់ស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងស៊ីណូហ្វាម និងវ៉ាក់សាំងស៊ីណូវ៉ាក់ដែលផលិតនៅប្រទេសចិន ដោយហេតុថា មិនទាន់មានការបញ្ជាក់សុវត្ថិភាពពីអង្គការសុខភាពពិភពលោក។
ក៏ប៉ុន្តែ អ្នកជំនាញខាងផ្នែកវ៉ាក់សាំងមួយចំនួនរបស់អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងកាលពីសប្តាហ៍មុនថា ការវិភាគជាបណ្តោះអាសន្នមួយទៅលើទិន្នន័យពិសោធន៍របស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនពីរប្រភេទរបស់ចិន គឺវ៉ាក់សាំងស៊ីណូវ៉ាក់និងស៊ីណូហ្វាម បានបង្ហាញថាវ៉ាក់សាំងទាំងពីរប្រភេទនេះ «មានសុវត្ថិភាពនិងប្រសិទ្ធភាពល្អ»។
យ៉ាងណាមិញ វ៉ាក់សាំងទាំងពីរនេះនៅខ្វះខាតទិន្នន័យបញ្ជាក់ពីក្រុមមនុស្សដែលមានអាយុច្រើននិងមនុស្សដែលមានបញ្ហាជំងឺផ្សេងៗនៅឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ដែលចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា។
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ខ្លួនកំពុងចរចាដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ប្រមាណ ៤លានដូសបន្ថែមទៀត ពីភាគីចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃតាមផែនការ៕