ក្រសួងសុខាភិបាលបានប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះតទៅ។
វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុននៅប្រទេសចិន ឈ្មោះស៊ីណូវ៉ាក់ ចំនួន១លាន៥សែនដូស ដែលកម្ពុជាបានទិញក្នុងតម្លៃសរុប១៥លានដុល្លារអាមេរិក ត្រូវបានបញ្ជូនមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា។ វ៉ាក់សាំងនេះអាចចាក់មនុស្សបាន៧៥ម៉ឺននាក់ ដោយសារមនុស្សម្នាក់ត្រូវការចំនួន ២ដូស ក្នុងចន្លោះ១៤ថ្ងៃ។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃពុធនេះ ក្រសួងសុខាភិបាលបានប្រកាសឲ្យពលរដ្ឋដែលស្ថិតក្នុងក្រុមអាទិភាពត្រៀមខ្លួនចាក់វ៉ាក់សាំងនេះ ចាប់ពីថ្ងៃទី១ ខែមេសាតទៅ។ ក្រុមអាទិភាពនេះ ក្រសួងសុខាភិបាលសំដៅលើក្រុមគ្រូពេទ្យ បុគ្គលិកនិងមន្រ្តីសុខាភិបាលជួរមុខ អ្នកធ្វើការនៅស្ថាប័នដូចជារដ្ឋសភា ព្រឹទ្ធសភា អ្នកសារព័ត៌មាន កម្លាំងនិងមន្រ្តីមូលដ្ឋាន មន្រ្តីរាជការស៊ីវិល មន្រ្តីនិងបុគ្គលិកបម្រើការងារនៃអគ្គិសនីកម្ពុជា គណៈមេធាវីសាលាក្តីខ្មែរក្រហម និងកម្មកររោងចក្រមួយចំនួនទៅតាមវេនដែលរៀបចំដោយក្រសួងការងារ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ «វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩និងសង្រ្គោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឲ្យឈឺធ្ងន់ធ្ងរនៅពេលឆ្លងជំងឺកូវីដ១៩និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ»។
ក្រសួងក៏បានការពារវ៉ាក់សាំងដែលកម្ពុជាកំពុងប្រើប្រាស់ថា«ជាវ៉ាក់សាំងដែលត្រូវបានធ្វើតេស្តពីសុវត្ថិភាពនិងប្រសិទ្ធភាពម៉ត់ចត់និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់និងក្នុងពិភពលោក ដែលបណ្តាប្រទេសមួយចំនួនបាននិងកំពុងតែដំណើរការចាក់បានរាប់សិបលាននាក់រួចទៅហើយដែរ»។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ មានប្រសាសន៍កាលពីសប្តាហ៍មុនថាវ៉ាក់សាំងស៊ីណូវ៉ាក់នេះមានប្រសិទ្ធភាពដូចគ្នានឹងវ៉ាក់សាំងស៊ីណូហ្វាមដែរ ប៉ុន្តែថាវ៉ាក់សាំងនេះអាចចាក់បានមនុស្សអាយុលើស៦០ឆ្នាំបាន មិនដូចវ៉ាក់សាំងស៊ីណូហ្វាម ដែលរដ្ឋាភិបាលបានកំណត់ចាក់សម្រាប់អ្នកមានអាយុក្រោម៦០ឆ្នាំ។
ចាប់តាំងពីខែកុម្ភៈ កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងស៊ីណូហ្វាម(Sinopharm)ដែលផលិតដោយរដ្ឋចិនចំនួន៦០ម៉ឺនដូស ដែលជាជំនួយពីរដ្ឋាភិបាលចិន។ បើមិនមានការផ្លាស់ប្តូរ វ៉ាក់សាំងចិនស៊ីណូហ្វាមចំនួន៧០ម៉ឺនដូសទៀត ត្រូវបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី៣១ ខែមីនា ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ លើកឡើងថាជារឿងត្រឹមត្រូវដែលកម្មករត្រូវស្ថិតនៅក្រុមអាទិភាពនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយសារតែពួកគេមានការប្រឈមខ្លាំងនឹងការឆ្លងជំងឺនេះ។ យ៉ាងណាក្តី អ្នកស្រីថាការទទួលបានព័ត៌មានចំពោះវ៉ាក់សាំងពីសំណាក់កម្មករនៅមានកម្រិតនៅឡើយ ជាហេតុនាំឲ្យកម្មករមួយចំនួនមានមន្ទិលនិងស្ទាក់ស្ទើរនៅក្នុងការទៅចាក់វ៉ាក់សាំង។
«ខ្ញុំគិតថាបងប្អូនកម្មករហាក់ដូចជាទទួលបានព័ត៌មានហ្នឹង បាននៅមានកម្រិត។ អញ្ចឹងវាធ្វើឲ្យគាត់ហ្នឹងវាអាចថាយល់ច្រឡំ យល់អីអញ្ចឹងទៅ ហើយអ្នកខ្លះយល់ឃើញថាអញ្ចេះទៅ អ្នកខ្លះយល់ឃើញថាអញ្ចោះអញ្ចឹងទៅ។ ហើយខ្ញុំមើលទៅហាក់ដូចជាព័ត៌មានគ្រប់ជ្រុងជ្រោយ គាត់ទទួលយកព័ត៌មានហ្នឹងអត់បាន។ អញ្ចឹងវាធ្វើឲ្យការគិតរបស់គាត់ហ្នឹងវាទៅជាឆ្វេង។ អាចថា អ្នកខ្លះគាត់មិនចង់ចាក់។ អ្នកខ្លះគាត់ចង់ចាក់។ អ្នកខ្លះភាគច្រើនហ្នឹងអត់ចង់ចាក់អីអញ្ចឹងទៅ»។
ប្រទេសកម្ពុជាកំពុងប្រើប្រាស់វ៉ាក់សាំង៣ប្រភេទ គឺទីមួយវ៉ាក់សាំងស៊ីណូហ្វាមដែលផលិតដោយរដ្ឋចិន វ៉ាក់សាំងអាស្រ្តាហ្សេនីកា(AstraZeneca) ដែលផលិតក្រោមយន្តការកូវ៉ាក់ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក និងវ៉ាក់សាំងស៊ីណូវ៉ាក់របស់ក្រុមហ៊ុនចិន ដែលទើបមកដល់នេះ។
លោក មាស នី អ្នកវិភាគសង្គមបានលើកឡើងថា ជារឿងធម្មតាដែលមានការចាត់ជាក្រុមអាទិភាពសម្រាប់ការចាក់វ៉ាក់សាំងទាំងនៅកម្ពុជា និងនៅបណ្តាប្រទេសផ្សេងទៀត។ ប៉ុន្តែលោកសង្កេតឃើញថានៅតែមានចំណោទសម្រាប់រដ្ឋាភិបាលដើម្បីពង្រឹងសេចក្តីទុកចិត្តរបស់ពលរដ្ឋនៅក្នុងការចាក់វ៉ាក់សាំងដែលមានប្រភពពីប្រទេសចិន។
លោកថ្លែងថា៖ «ប៉ុន្តែខ្ញុំមើលទៅរដ្ឋាភិបាលក៏នៅមានការពិបាកនៅក្នុងការបង្កើនទំនុកចិត្តពលរដ្ឋនៅក្នុងការទទួលយកវ៉ាក់សាំងរបស់ចិនហ្នឹងណា ដោយសារតែវាមានភាពស្រពេចស្រពិលពីរឿងគុណភាពអីហ្នឹង ហើយរាល់ថ្ងៃ យើងឃើញហើយនៅមានការរុញគ្នាទៅវិញទៅមក ពេលដែលទទួលវាក់សាំងហ្នឹង អ្នកខ្លះក៏ទៅ អ្នកខ្លះក៏មិនព្រមទៅ »។
ការចាក់វ៉ាក់សាំងដែលផលិតនៅចិននេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច១១នាក់បានស្លាប់ និងជាង១.៩០០នាក់បានឆ្លង គិតត្រឹមថ្ងៃពុធនេះ។
អំឡុងពេលទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១លាន៥សែនដូសកាលពីសប្តាហ៍មុន រដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ពីផែនការបន្តទិញវ៉ាក់សាំងឲ្យបានឆាប់និងឲ្យបានគ្រប់ចំនួន តាមផែនការគោលដៅ គឺចាក់មនុស្សឲ្យបានយ៉ាងតិច១០លាននាក់៕