ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ចិន​​ប្រកាស​ចំណង​ទាក់​ទង​កាន់​តែ​រឹង​មាំ ក្រោយ​ទទួល​ជំនួយ​វ៉ាក់​សាំង​កូវីដ​១៩


រូបឯកសារ៖ បុគ្គលិកសុខាភិបាលមួយរូបកាន់ដបវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) របស់ប្រទេសចិន នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលមួយរូបកាន់ដបវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) របស់ប្រទេសចិន នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

តំណាង​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ​ប្រទេស​ចិន «ពុំ​មាន​គំនិត​ចង់​ល្អ​តែ​ឯង​» ​នោះ​ទេ ហើយ​ចាត់​ទុក​វ៉ាក់​សាំង​បង្ការជំ​ងឺ​កូវីដ​១៩ ជា​ផលិត​ផល​សុខភាពសាធារណៈ​ដែល​ត្រូវ​ផ្តល់​ដល់​ប្រទេសផ្សេងៗ​ ដូច​កម្ពុជា​ផង​ដែរ ដែល​ជា​«មិត្ត​ដែក​ថែប»របស់​ចិន។ ការ​ថ្លែង​របស់​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំកម្ពុជា ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​មួយ ដែលកម្ពុជា​ទទួល​វ៉ាក់សាំង​ផលិត​ដោយ​រដ្ឋ​ចិន​ឈ្មោះ​ ស៊ីណូ​ហ្វាម ​(Sinopharm) ចំនួន​ ៧០ ម៉ឺន​ដូស ដែលជា​ជំនួយ​ឥត​សំណង។

ក្នុង​ពិធី​ប្រគល់​និង​ទទួល​វ៉ាក់​សាំង ដែល​ធ្វើ​ឡើង​នៅ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ នៅ​ពេល​យប់​ថ្ងៃ​ទី​ ៣១ ខែ​មីនា ភាគីទាំង​ពីរបាន​ប្រកាស​ចំណង​ទាក់​ទង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត​។

លោក Wang WenTian ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ថា ​មនុស្ស​ជា​ច្រើន​បាន​សួរ​ថា​ប្រទេស​ចិន​មាន​ប្រជា​ជន​ច្រើន ហើយ​វ៉ាក់​សាំង​ក៏​ខ្វះ​ខាត​ផង​ដែរ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជាផ្តល់​ជំនួយ​ជា​វ៉ាក់​សាំង​ដល់​កម្ពុជា។ លោក​បញ្ជាក់​ថា ​ប្រទេស​ចិនចាត់​ទុក​តម្រូវ​ការ​វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ​១៩ ជា​ការ​កសាងសហគមន៍​សុខាភិ​បាល​មួយ ហើយ​ចិន​ត្រូវ​តែ​ជួយ​កម្ពុជា ដែល​ជា​មិត្ត​ដែក​ថែប​របស់​ចិន។

លោក​ថ្លែង​តាម​រយៈ​អ្នក​បក​ប្រែ​ថា៖ «ប្រឈមមុខ​នឹង​វីរុស​កូវីដ​១៩ ដែល​ជា​វីរុស​រាត​ត្បាត​ទូទាំង​សាកល​លោក ប្រទេស​ចិន​និង​ប្រទេស​មហា​អំណាច​មួយ​ចំនួន បាន​អនុវត្តគោល​នយោបាយ​ខុស​គ្នា​ឆ្ងាយ​ណាស់។ ប្រទេស​ចិន​គ្មាន​គំនិត​ចង់​ល្អ​តែ​ខ្លួន​ឯង​នោះ​ទេ ដោយ​បាន​ប្រកាន់​ខ្ជាប់​គំនិត​ជួយ​សង្រ្គោះ​អ្នក​ដទៃ»​។

លោក​បន្ថែម​ថា៖ «ទីពីរ​ គឺ​តម្រូវ​ការ​កសាង​សហ​គមន៍​ជោគ​វាសនា​រួម​រវាង​ចិន​និង​កម្ពុជា។ កិច្ច​សហ​ប្រតិការ​លើ​វិស័យ​សុខាភិបាល ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​កសាង​សហគមន៍​ជោគ​វាសនា​រួម រវាង​ចិន​និង​កម្ពុជា។ ចាប់​ផ្តើម​ពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូវីដ​១៩ មក ប្រទេស​និង​ប្រទេសនិង​ប្រជា​ជន​ទាំងពីរ​តែង​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ពុះពារ​រាល់​ការ​លំបាក និង​ឧបសគ្គ​ជាមួយ​គ្នា»។

នៅ​លើ​ធុង​ដាក់​វ៉ាក់សាំង​នេះ មាន​បិទ​រូបភាព​ទង់​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ និង​សារ​ជាភាសា​ចិន​និង​ខ្មែរ​ថា​ «ជឿ​ទុក​ចិត្ត​គ្នា ជួយ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក»។

នៅ​ក្នុង​ពិធី​នោះ​ដែរ លោក ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ បាន​ថ្លែង​ថា​ ការ​ផ្តល់​ជំនួយ​ឥត​សំណង​ជា​វ៉ាក់សាំង​ជុំ​ទី ២​ នេះ បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​អំពី​ «ចំណង​មិត្ត​ភាព​ដែក​ថែប» និង «​កិច្ច​សហ​ប្រតិបត្តិការដ៏​រឹងមាំ» រវាង​ប្រទេស​ទាំង​២​។

លោក​ថ្លែង​ថា​៖ «ក្នុង​នាម​រដ្ឋាភិបាល ក្រសួង​ការ​ពារ​ជាតិ និង​ប្រជាជន​កម្ពុជា ​ពិត​ជា​មាន​ការ​ដឹង​គុណដ៏​ជ្រាល​ជ្រៅចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន ដែល​បាន​ផ្តល់​អំណោច​និង​ជំនួយ​សប្បុរស​ធម៌ជា​ច្រើន ជាពិសេស​ការ​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ ជា​ជំហាន​ទី ២ ចំនួន​ ៧០ ម៉ឺន​ដូស តាម​រយៈ​ក្រសួង​ការពារ​ជាតិ សម្រាប់​ចាក់​ជូន​កង​ទ័ព​និង​ប្រជាជន​កម្ពុជា​ក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​នេះ​»។​

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន កាល​ពី​យប់​ថ្ងៃ​ពុធ បាន​លើក​ឡើង​ថា៖ «កម្ពុជាសូម​អរគុណ​មិត្ត​ចិន​ដែល​តែង​តែ​ជួយ​ដល់​កម្ពុជា ជា​ពិសេស​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​»។

វ៉ាក់​សាំង​ ៧០ ​ម៉ឺន​ដូស​ ដែល​ផ្តល់​ដោ​យ​ចិន​នេះ ក្នុង​នោះ​ ៣០ ម៉ឺនដូស ​ប្រគល់​ជូន​ក្រសួង​ការពារជាតិ និង​ ៤០ ​ម៉ឺន​ដូស​ប្រគល់​ជូន​ទៅក្រសួង​សុខា​ភិបាល។ វ៉ាក់​សាំង​កូវីដ​១៩ ស៊ីណូហ្វាម ៧០ ​ម៉ឺន​ដូស​នេះ គឺ​ជា​ការ​ផ្តល់​ជូន​លើក​ទី​ ២ បន្ថែម​ពី​លើ​ជំនួយ​លើក​ទី​ ១ ចំនួន ​៦០ ​ម៉ឺន​ដូស ដែល​បាន​ដឹក​មក​ដល់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​ ៧ ខែ​កុម្ភៈ​។

លោក​បណ្ឌិ​ត អ៊ា សុផល​ ដែល​ជា​សាស្ត្រា​ចារ្យ​នៃ​មហា​វិទ្យាល័យ​ Occidental College ​ក្នុង​ទីក្រុង ​Los Angeles​ រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក​ មាន​ប្រសាសន៍​ថា​ ការ​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ជា​កាយ​វិការ​មនុស្ស​ធម៌​មួយរបស់​ចិន​ដែលមាន​ប្រជាជន​ដល់​ទៅ​ ១.៣០០​ លាន​នាក់ ហើយ​ត្រូវ​ការ​វ៉ាក់​សាំង ប៉ុន្តែ​សុខ​ចិត្ត​ផ្តល់​ដល់​កម្ពុជា។

លោក​បញ្ជាក់​ថា​ នេះជា «ជាតិ​និយមវ៉ាក់សាំង​និងការ​ទូត​កូវីដ​» ដែល​ប្រទេស​ចិន​ផលិត​វ៉ាក់​សាំង​បញ្ចេញ​វ៉ាក់​សាំង​ទៅ​ប្រទេសកំពុង​អភិវឌ្ឍន៍​ផ្សេងៗ​ ដូច​ជា​កម្ពុជា​ជាដើម។ លោក​ថា ​កម្ពុជា​ដែល​សុំ​វ៉ាក់​សាំង​ពី​ចិន ​ពុំ​មាន​ជម្រើស​អ្វី​ក្នុង​ការ​ទទួលយក​វ៉ាក់សាំង​ទាំង​នេះ ខណៈលោករិះគន់ប្រសិ​ទ្ធ​ភាព​នៅ​ទាបនៅ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ លោក អ៊ា សុផល លើក​ឡើង​ថា ​វា​គ្រាន់​បើ​ជាង​ពុំ​មាន​វ៉ាក់សាំង​សម្រាប់​ចាក់​បង្ការ​ជំងឺ​កូវីដ​១៩។

អ្នក​ជំនាញ​ខាង​សុខភាព​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធថា​ ប្រសិទ្ធ​ភាព​វ៉ាក់​សាំង​របស់​ចិន​ គឺ​ស៊ីណូហ្វាម ដែល​ផលិត​ដោយ​រដ្ឋ​ចិន និង​ស៊ីណូវ៉ាក់ (Sinovac)​ ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​នៅ​ទីក្រុង​ប៉េកាំង​ ត្រូវ​នឹង​ស្តង់​ដារ​ដែល​ជា​តម្រូវ​ការរបស់​អង្គការ​សុខភាព​ពិភព​លោក ប៉ុន្តែអ្នក​ជំនាញ​ថា ​មិន​ទាន់​មាន​ទិន្ន​ន័យគ្រប់​គ្រាន់​សម្រាប់ប្រសិទ្ធភាព​ទៅ​លើមនុស្ស​ចាស់​ជរា និង​អ្នក​មាន​ផ្ទុក​ជំងឺ​ស្រាប់។

កាល​ពី​សប្តាហ៍​មុន វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​នៅ​ប្រទេសចិន ឈ្មោះ​ស៊ីណូវ៉ាក់ ចំនួន​ ១ លាន​ ៥ សែន​ដូស ដែល​កម្ពុជា​បាន​ទិញ​ក្នុង​តម្លៃ​សរុប​ ១៥​ លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា។ វ៉ាក់​សាំង​នេះ​អាច​ចាក់​មនុស្ស​បាន​ ៧៥ ​ម៉ឺន​នាក់ ដោយ​សារ​មនុស្ស​ម្នាក់​ត្រូវ​ការ​ចំនួន ​២ ​ដូស ក្នុង​ចន្លោះ​ ១៤ ​ថ្ងៃ។

ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃ​ពុធ បាន​ប្រកាស​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់នេះ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​ ១ ខែមេសា​ ឆ្នាំ​ ២០​២១​ នេះ​ត​ទៅ។ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ​វ៉ាក់សាំង​នេះ​អាច​ចាក់​មនុស្ស​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង​ទៅ ដោយ​មិន​កំណត់​អាយុ​ក្រោម​ ៦០ ​ឆ្នាំ ដូច​ស៊ីណូហ្វាម​នោះ​ទេ។ កម្ពុជា​មាន​ផែន​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​យ៉ាង​តិច​ចំនួន​ ១០ ​លាន​នាក់​។

កាល​ពី​ថ្ងៃ​ពុធ ក្នុង​ពិធី​ប្រគល់​និង​ទទួល​វ៉ាក់សាំង ឯក​អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក Wang WenTian បាន​ប្រកាស​ទៀត​ថា​ លោក​សង្ឃឹមថា​ លោក​នឹង​ចូល​រួម​ទទួល​វ៉ាក់​សាំង​របស់​ចិន​បន្ថែមទៀត​នៅ​ពេល​ខាង​មុខ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG