ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ចិន​សន្យា​ជួយ​សម្រួល​​កម្ពុជា​​ទិញ​វ៉ាក់សាំង​កូវីដ១៩ ខណៈ​ផ្តល់​ជំនួយ​​វ៉ាក់សាំង​ ៧០ ​ម៉ឺនដូស​ទៀត


រូបឯកសារ៖ គិលានុបដ្ឋាយិកាមួយរូបបង្ហាញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន នៅទីក្រុង Bogota ប្រទេសកូឡ៊ំប៊ី កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២១។

តំណាង​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​សន្យាថា​ រដ្ឋាភិបាល​ចិន​នឹង​ជួយ​សម្រួលកម្ពុជា​ក្នុង​ការបញ្ជា​ទិញ​វ៉ាក់​សាំងផលិត​ដោយ​ក្រុមហ៊ុន​នៅ​ប្រទេស​ចិន ខណៈ​ចិន​បាន​ប្រកាស​ជំនួយ​មនុស្ស​ធម៌​វ៉ាក់​សាំងចិន​៧០ ម៉ឺ​ន​ដូស​ទៀត​មក​កម្ពុជា។

ការ​ប្រកាស​នេះ​ធ្វើ​ឡើងក្នុង​ពិធី​ទទួល​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​នៅ​ប្រទេស​ចិន ឈ្មោះ​ស៊ីណូវ៉ាក់ ​(Sinovac)​ ចំនួន​ ១ លាន ​៥ សែន​ដូស ដែល​បាន​មក​ដល់​កម្ពុជា ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ ដែល​អាច​ចាក់​មនុស្ស​បាន​ ៧៥ ​ម៉ឺន​នាក់។ មនុស្ស​ម្នាក់​ទទួល​វ៉ាក់សាំង ​២ ​ដូស ក្នុង​ចន្លោះ​ពេល២​សប្តាហ៍។

វ៉ាក់សាំងដែល​មួយ​ដូស​មាន​តម្លៃ​ ១០ ​ដុល្លារ ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា កាល​ពី​វេលា​ម៉ោង ១០ ​និង ​១៥ ​នាទី​ព្រឹក តាម​ជើង​យន្ត​ហោះ China Southern Airlines ដែ​ល​ចេញ​ដំណើរ​ពី​ទីក្រុង​ប៉េ​កាំង​ប្រទេស​ចិន។

ក្នុង​ពិធី​ទទួល​វ៉ាក់​សាំង​នៅ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ លោក Wang WenTian ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ថ្លែង​ថា​ ដោយ​សារ​ចំណង​មិត្ត​ភាព​នៃ​ប្រទេស​ទាំង​ពីរ ចិន​បាន​សម្រួល​ដល់​ការ​បញ្ជា​ទិញវ៉ាក់សាំង​នេះឲ្យ​បាន​លឿន គឺ​ក្នុង​រយៈ​ពេល​តែ​ ២​ សប្តាហ៍​ប៉ុណ្ណោះ ហើយ​តម្លៃ​វ៉ាក់​សាំង​នេះ ក៏ «ពិសេស​បំផុត»​ ផង​ដែរ។

លោក​បន្ត​ថា ​ប្រទេស​ចិន​នឹង​ផ្តល់​វ៉ាក់​សាំងស៊ីណូហ្វាម​ ជា​ជំនួយ​ចំនួន ​៧០ ​ម៉ឺន​ដូសបន្ថែម​ទៀត ដែល​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​ ៣១ ខែ​មីនា។

លោក​ថ្លែង​ដោយ​មាន​ការ​បក​ប្រែ​ថា៖ «ខ្ញុំ​ធ្លាប់​បាន​លើក​ឡើង​ថា ​ប្រសិន​បើ​ជំងឺ​កូវីដ​១៩ ​នៅតែ​បន្ត​រាត​ត្បាត​ក្នុង​ប្រទេស​កម្ពុជា កិច្ច​សហប្រតិបត្តិការរវាង​ចិន​និង​កម្ពុជា​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩​ នៅ​តែ​បន្ត​ឥត​ឈប់​ឈរ​នោះ​ដែរ។ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា ប្រទេស​ចិន​នៅ​តែ​បន្ត​ផ្តល់​ការ​គាំទ្រ​ក៏ដូច​ជា​ផ្តល់​ជំនួយ​ឥត​សំណង​ ដែល​ជា​វ៉ាក់​សាំង​ជូន​ដល់​ភាគី​កម្ពុជា​ ឬ​ក៏​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ការ​បញ្ជា​ទិញ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា»។

វ៉ាក់សាំង​ស៊ីណូវ៉ាក់​ផលិត​ដោយ​ក្រុមហ៊ុន​នៅ​ប្រទេសចិន មកដល់​កម្ពុជា​កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ (រូបថតដោយព្រីង សំរាំង)
វ៉ាក់សាំង​ស៊ីណូវ៉ាក់​ផលិត​ដោយ​ក្រុមហ៊ុន​នៅ​ប្រទេសចិន មកដល់​កម្ពុជា​កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ (រូបថតដោយព្រីង សំរាំង)

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះស៊ីណូវ៉ាក់ (Sinovac) របស់ប្រទេសចិន បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃសុក្រ ទី ២៦ ខែមីនា ឆ្នាំ ២០២១។
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះស៊ីណូវ៉ាក់ (Sinovac) របស់ប្រទេសចិន បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃសុក្រ ទី ២៦ ខែមីនា ឆ្នាំ ២០២១។

នៅ​ក្នុង​ពិធី​ទទួល​វ៉ាក់សាំង​នោះ​ដែរ​ រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត តំណាង​ឲ្យ​រដ្ឋាភិបាល​ បាន​ថ្លែង​អំណរ​គុណ​ដល់​ភាគី​ចិន​និង​អ្នក​បរិច្ចាគថវិកា ​ដូច​ជាអ្នក​ជំនួញ​មាន​ងារ​ឧកញ៉ា ម្ចាស់​ក្រុម​ហ៊ុន និង​សាធារណជន​ទូទៅ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ​៥០​ លាន​ដុល្លារ ដែលប្រមូល​បាន​ចាប់​តាំង​ពី​ចុង​ឆ្នាំ​ ២០២០។

លោក​បន្ត​ថា ​រដ្ឋាភិបាល​នឹង​បន្ត​ទិញ​វ៉ាក់សាំង​ឲ្យ​បាន​ឆាប់​និង​ឲ្យ​បាន​គ្រប់​ចំនួន តាម​ផែន​ការ​គោល​ដៅ គឺ​ចាក់​មនុស្ស​ឲ្យ​បាន​យ៉ាង​តិច ​១០​ លាន​នាក់។

លោក​មាន​ប្រសាសន៍​ថា៖ «ក្នុង​ឱកាស​នេះ ក្នុង​នាម​រាជ​រដ្ឋាភិបាល ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជា​ថ្មី​ម្តង​ទៀត​ ជូន​ភាគី​មិត្ត​ចិនចំពោះ​សមាន​ចិត្ត​គិត​គូរនិង​ការ​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​កម្ពុជា​ក្នុង​គ្រា​លំបាក ដែល​ស្តែង​ចេញ​ជា​ការ​ផ្តល់​អំណោច​ជា​មនុស្ស​ធម៌​ដ៏​ថ្លៃ​ថ្លា ជា​វ៉ាក់សាំង​ជាង ​១ ​លាន​ដូស និង​ការ​ផ្តល់ការ​សម្រប​សម្រួល​ដល់​ការ​ទិញផ្ទាល់​របស់​រាជ​រដ្ឋាភិបាលពី​ក្រុម​ហ៊ុន​ស៊ីណូវ៉ាក់ ក៏ដូច​ជា​ក្រុម​ហ៊ុន​ស៊ីណូហ្វាម​»។

លោក​បន្ត​ថា ​រដ្ឋាភិបាល​ក៏​បាន​ទាក់​ទង​ក្រុមហ៊ុន​ Johnson​&Johnson ​នៅ​សហរដ្ឋអាមេរិក ដើម្បី​ទិញ​វ៉ាក់សាំង​ផង​ដែរ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​ថា ​វ៉ាក់​សាំង​នេះ​ជា​ការ​បញ្ជា​ទិញពី​ក្រុមហ៊ុន​ចិនក្នុង​តម្លៃ​សរុប ១៥ ​លាន​ដុល្លារ​អាមេរិក។ លោកស្រី​បន្ថែម​ថា ​វ៉ាក់​សាំង​នេះ​មាន​ប្រសិទ្ធភាព​ប្រមាណ ​៨០%​ ដូច​វ៉ាក់​សាំង​ស៊ីណូហ្វាម​ (Sinopharm) ​របស់​រដ្ឋ​ចិន ដែល​កម្ពុជាទទួល​បាន​ជំនួយ​ពី​ចិន​ ៦ ០ម៉ឺន​ដូស និង​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​រូប​នោះបញ្ជាក់​បន្ថែម​ថា ​ចំពោះ​វ៉ាក់សាំង​ ១ លាន ​៥ សែន​ដូស​នេះ រដ្ឋាភិបាល​នឹងផ្តល់​ដល់​ក្រុម​អាទិភាព​ ដែល​មាន​មន្រ្តី​រាជការនិង​ចាស់​ជរា​ក្នុង​តំបន់​ដែល​ផ្ទុះ​ជំងឺ​កូវីដ​ក្នុង​សហគមន៍។

លោកស្រី​ថ្លែង​ថា៖ «ក្នុង​វ៉ាក់សាំង​ ១លាន​៥សែន​ដូស​នេះ គឺ​ជំហាន​ដំបូង នាង​ខ្ញុំ​បាន​ទទួល​ការ​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេជោ គឺ​យើង​នឹង​បន្ត​ចាក់​ជូន​មន្រ្តី​រាជការ​ហើយ​និង​បង​ប្អូន​ប្រជា​ពលរដ្ឋ​ចាស់​ជរា​ ដែល​កំពុង​តែ​ប្រឈម​ចំពោះ​ជំងឺ​កូវីដ​១៩ ហើយ​នៅ​ចំពោះ​មុខ​នេះ រាជធានី​ភ្នំពេញ គឺ​ជា​ទីតាំង​មួយ​ដែល​ប្រឈម​ខ្ពស់ ជាមួយ​ខេត្ត​កណ្តាល និង​ខេត្ត​ព្រះសីហនុ»។

បើ​តាម​លោកស្រី យក់ សម្បត្តិ រដ្ឋាភិបាល​ក៏​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​នេះ​ចំនួន​ ៤​ លាន​ដូស​បន្ថែម​ទៀត។

កន្លង​ទៅ​ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​សម្រុកទៅ​ចាក់​វ៉ាក់សាំង​ដើម្បី​បង្ការ​ជំងឺ​កូវីដ​១៩ ពេល​ដែល​កម្ពុជា​កំពុង​ផ្ទុះ​ឆ្លង​សហ​គមន៍​ធ្ងន់​ធ្ងរ។

បើ​តាម​លោក ហ៊ុន សែន វ៉ាក់​សាំង​ស៊ីណូវ៉ាក់​ ១លាន​៥សែន​ដូស​នេះ សម្រាប់​ចាក់​ឲ្យក្រុម​អាទិ​ភាព​បន្ត​ ដែល​លោក​ថា​ មាន​គ្រូ​បង្រៀន​ដែល​ស្ថិត​ក្នុង​តំបន់​ហានិភ័យ អ្នក​ធ្វើ​ការ​ក្នុង​ផ្នែក​ពន្ធដារ​គយ​អគ្គិសនី​រដ្ឋាករទឹក​ កម្មករ​ប្រមូល​សំរាម​ សហជីព​ បេឡា​ជាតិ​ សន្តិសុខ​សង្គម និង​ផ្នែក​ដោះ​មីន​ជាដើម។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ​ជំរុញឲ្យ​បែង​ចែក​វ៉ាក់​សាំង​នេះ ដល់​ក្រុម​អាទិភាព​ដែល​ងាយ​រង​គ្រោះ ខណៈ​លោក​ឃើញ​សន្ទុះ​ពលរដ្ឋ​ចង់​ចាក់​វ៉ាក់​សាំង​កើន​ឡើង ស្រប​ពេល​មាន​ករណី​ផ្ទុះ​ឆ្លង​សហគមន៍ មាន​ករណី​ស្លាប់​មនុស្ស​ដោយ​សារ​ជំងឺ​នេះ និង​ករណី​ផ្ទុះ​វីរុសកូវីដ១៩ បម្លែង​ថ្មី​ ដែល​នាំ​ឲ្យ​ឆ្លង​រហ័ស។

លោក​ប្រាប់​ VOA​ ថា៖ «យើង​ចង់​ឲ្យ​ក្រុម​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ ជា​ពិសេស​ក្រុម​ដែល​មាន​ទំនាក់​ទំនង​បញ្ហាហានិភ័យ ហើយ​និង​ជីវភាព​របស់​ខ្លួន មាន​ន័យ​ថា ​គឺ​ជា​ក្រុម​ដែល​គាត់​តែង​តែ​បង្ខំ​ចិត្ត​នៅ​ក្នុង​ការ​ចេញ​ក្រៅ ការ​ធ្វើ​ដំណើរ​ដើម្បី​ប្រកប​មុខ​របរ​រក​ស៊ី​ប្រចាំ​ថ្ងៃ»។

ប្រទេស​កម្ពុជា​កំពុង​ប្រើ​ប្រាស់​វ៉ាក់​សាំង​៣ប្រភេទ គឺ​ទីមួយ​វ៉ាក់​សាំង​ស៊ីណូហ្វាម​ដែល​ផលិត​ដោយ​រដ្ឋ​ចិន វ៉ាក់​សាំង​អាស្រ្តា​ហ្សេនីកា​ (AstraZeneca) ដែល​ផលិត​ក្រោម​យន្ត​ការ​កូវ៉ាក់​ទទួល​ស្គាល់​ដោយ​អង្គការ​សុខ​ភាព​ពិភព​លោក និង​វ៉ាក់សាំង​ស៊ីណូវ៉ាក់​របស់​ក្រុមហ៊ុន​ចិន ដែល​ទើប​មក​ដល់​នេះ។

រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​វ៉ាក់​សាំង​ទាំង​នេះ​ដល់​ក្រុម​អាទិភាព ដោយ​វ៉ាក់សាំង​ស៊ីណូ​ហ្វាម​ចាក់មនុស្ស​អាយុ​ក្រោម​ ៦០ ​ឆ្នាំ ចំណែក​វ៉ាក់​សាំង​អាស្រ្តាហ្សេនីកា ចាក់​បាន​មនុស្ស​អាយុ​ ៦ ០​ឆ្នាំ​ឡើង​ទៅ៕

XS
SM
MD
LG