ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​ស.រ.អា.​ប្រតិកម្ម​ការ​ប្រើ​តុលាការ​ប្រឆាំង​កាត់ទោស​ជន​ស្លូតត្រង់​


An Appeals Court judge on Thursday, April 12, 2007, upheld the Phnom Penh Municipal Court's ruling in 2005, which sentenced Born Samnang and Sok Sam Oeun to 20 years each in jail for the 2004 shooting death of Chea Vichea, who headed Cambodia's Free Trade
​វ៉ាស៊ីនតោន​៖ អង្គការ​សិទ្ធិមនុស្ស​របស់​ស.រ.អា.​មួយ​ប្រតិកម្ម​ទៅ​នឹង​ការកា​ត់ទោស​សំណុំ​រឿង​ព្រហ្មទណ្ឌ​ចំនួន​ពីរ​គឺ​ជន​ជាប់ចោទ​សម្លាប់​មេដឹក​នាំ​សហជីព​ និង​ការ​សម្រេច​ទោស​ប្រឆាំង​នឹង​សកម្មជន​ដីធ្លី។​

លោក​សុខ ខេមរា​នៃវីអូអេពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន​រាយ​ការណ៍​ថា​ ការ​សម្រេចទោសសំណុំរឿង​ទាំងពីរ​របស់​តុលាការ​បណ្តាល​ឲ្យ​មាន​ការ​រិះគន់ចំៗ​ពី​អង្គការ​សិទ្ធិមនុស្សHuman Rights Watch​ថា ​តុលាការ​មិន​ឯករាជ្យ ​និង​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​នយោបាយ។​

តុលាការ​ក្រុង​ភ្នំពេញ​និង​តុលាការ​ឧទ្ធរណ៍​នៅ​សប្តាហ៍នេះ​បាន​បើក​ការ​ជំនុំ ជម្រះទោស​ជាបន្ត​បន្ទាប់​
ចំពោះ​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន​ពីរ​ទាក់ទិន​នឹង​ សំណុំ​រឿង​ឃាដកម្ម​លើ​មេដឹកនាំ​សហជីព​ល្បីល្បាញ​គឺ​លោក​ជា វិជ្ជា​ និង​ សំណុំ​រឿង​សកម្មជន​ដីធ្លីអ្នក​ស្រី​យ៉ោម បុប្ផា ​ដែល​តវ៉ា​រឿង​បឹងកក់។​

ការ​កាត់ក្តី​ទាំងនោះ​ត្រូវគេ​ចាត់​ទុក​ថា ​ជា​ការ​កាត់ក្តី​មិន​យុត្តិធម៌​នោះ។ ​ភ្លាមៗ​បន្ទាប់​ពី​មាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​ការ​កាត់ក្តី​ដោយតុលាការ​នោះ​ ​ អង្គការ​សិទ្ធិមនុស្ស​របស់​ស.រ.អា.​មួយ​ហៅថា ​Human Rights Watch​ បាន​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា​ ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ប្រឆាំង​នឹង​អ្នក​រិះគន់​ដែល​អង្គការនេះ​ចាត់​ទុក​ថា​ ប៉ះពាល់​ទៅ​ដល់ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

តុលាការ​ឧទ្ធរណ៍​កាលពី​ថ្ងៃព្រហស្បតិ៍​បាន​រក្សា​ការ​កាត់​ទោស​ ប៊ន សំណាង​ និង​សុខ សំអឿន​ ដែល​គេ​ចាត់ទុក​ថា​ ជាឃាតករ​សិប្បនិម្មិត​ ឲ្យ​ជាប់គុក​២០ឆ្នាំ​ដដែល ​ពី​បទ​សម្លាប់​លោក​ជា វិជ្ជា​ មេ​ដឹកនាំ​សហជីព​សេរីកម្មករ​ដ៏ល្បីល្បាញ ​កាលពី​ឆ្នាំ​២០០៤ ​ទោះបីជា​តុលាការ​ក្រុង​ភ្នំពេញ​ធ្លាប់​បញ្ជាក់​ថា​ គ្មាន​ភស្តុតាង​ដាក់បន្ទុក​ ហើយ​តុលាការ​កំពូល​បាន​ព្យួរ​ទោស​ និង​បញ្ជូន​ឲ្យ​សាលា​ឧទ្ធរណ៍​សើរើ​ឡើង​វិញ​ក្តី។​

ដោយឡែក​សំណុំ​រឿង​របស់​អ្នកស្រី​យោម បុប្ផា ​សកម្មជន​តវ៉ារឿង​រំលោភ​ដីធ្លី​ភូមិបឹងកក់​ ត្រូវ​តុលាការ​កាត់ទោស​ឲ្យជាប់គុក​៣ឆ្នាំ​ពីបទ​ចោទទាក់ទងនឹង​ រឿង​នយោបាយ​ នៅពេល​ដែលលោកស្រី​ និង​ក្រុមគ្រួសារ​ព្យាយាម​ធ្វើ​បាតុកម្ម ​តវ៉ា​រឿង​រំលោភ​ដីធ្លី​អ្នក​ភូមិបឹងកក់​ ដែល​គ្មាន​ការ​ដោះស្រាយ​នោះ។​
នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ លោក​ប្រេដ អាដាំ​ (Brad Adams) ​នាយក​អង្គការ​Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​ បាន​បញ្ជាក់​ថា​ ចំណាត់​ការ​របស់តុលាការ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ទាំង​ពីរ​គឺ​សំណុំ​រឿង​ ប៊ន សំណាង ​និង​សុក សំអឿន ​ហើយនឹង​សំណុំ​រឿង​អ្នកស្រី​យ៉ោម បុប្ផា ​ជាការ​បង្ហាញ​ថា ​តុលាការ​កម្ពុជា​មិន​ឯករាជ្យ៖​

«រដ្ឋាភិបាល​កម្ពុជា​មិនមាន​ភាព​ខ្មាស់អៀន​ក្នុងការ​ប្រើប្រាស់​តុលាការ​ជា​អាវុធ​ដើម្បី​កៀបសង្កត់​នោះ​ទេ។ ​ជំនួស​ដល់ការ​គោរព​សិទ្ធិ​មនុស្ស​ ប្រព័ន្ធ​តុលាការ​កម្ពុជា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្រ្កាប​អ្នកប្រឆាំង ​ហើយ​នឹង​បំផ្លាញ​យុត្តិធម៌»។​

ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​ទាក់ទងនឹងរឿង​ដោយ​ឡែក​មួយ​របស់​តុលាការ​ក្នុងរឿង​ដោះលែង​សកម្មជន​ដីធ្លីម្នាក់​គឺ​អ្នកស្រី​ទឹម សាក់មន្នី ​នៅ​សប្តាហ៍នេះ​ លោក​អាដាំ​បានថ្លែង​ថា ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គួរ​សម្រប​សម្រួល​ទម្លាក់​បទ​ចោទ​ទាំងឡាយ​ប្រឆាំង​ នឹង​ជន​ជាប់ចោទ​ទាំង​បីនាក់ ហើយ​ដោះលែង​ពួក​គេ​គឺ​ ប៊ន សំណាង​ សុខ សំអឿន ​និង​អ្នកស្រី​ យ៉ោម បុប្ផា។​

ក៏​ប៉ុន្តែ​ លោកផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​មួយរូប​ និង​ជា​រដ្ឋ​លេខាធិការ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បានច្រាន​ចោល​ការរិះគន់​របស់លោក ​ប្រេដ អាដាំ​ ហើយ​ហៅ​ការ​រិះគន់នោះ​ថា​ ជា​«យុទ្ធនាការ​វោហាសាស្ត្រ»​ ដើម្បី​វាយ​ប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា។​

«អ្វី​ដែលគាត់​និយាយ​ហ្នឹង​ គ្រាន់តែ​ជាការ​និយាយ​បំផ្លើស​ពី​ការណ៍​ពិត ​ហើយ​និយាយ​អំពីអ្វី​ដែល​ប្រាសចាក​អំពីការ​ប្រឹងប្រែង​របស់​ចៅក្រម​ មេធាវី ​ក៏ដូច​ជា​ព្រះ​រាជអាជ្ញា។​ ដូច្នេះអ្វី​ដែលគាត់​ឃើញ​ថា​ វាខុស​ ហើយ​គាត់​ត្រូវ​បង្ហាញ​ពី​ករណី​ដែលខុស​ ដែល​វា​មាន​អង្គហេតុ​ និង​អង្គច្បាប់។ នេះ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ច្បាប់​ និង​គោលការណ៍​នីតិរដ្ឋ»។​

ទោះ​ជា​យ៉ាងណា​ក៏​ដោយ ​ថ្លែងប្រាប់​ វីអូអេ​តាម​ទូរស័ព្ទ​ពី​ប្រទេស​ ហ្វាំងឡង់​ ជា​កន្លែង​ដែល​អ្នកស្រី​ជ្រកកោណ​នយោបាយ​ អ្នកស្រី​ជា គឹមនី​ភរិយារបស់​លោក​ជា វិជ្ជា​បាន​អះ​អាង​ថា​ ការ​កាត់ក្តី​ប៊ន សំណាង​ និង​សុក សំអឿន​មិនអាច​ទទួល​យក​បានទេ ​ហើយវាជា​ការ​កាត់ទោស​មនុស្ស​ល្អ ​ដែល​តុលាការ​មិន​គួរ​ធ្វើ។​
«អ្នក​ដែល​សម្លាប់រួចខ្លួន។​ អ្នកគ្មាន​ទោស​ គេយក​ទៅ​កាត់​ទោស។​ ឥឡូវ​រឿង​អី​ដែល​ចាប់​គ្នា​ទៅ​ឃុំឃាំង​គ្នា​២០​ឆ្នាំហ្នឹង ​មិន​ត្រឹម​ត្រូវ​ទេ»។​
អ្នកស្រី​បានថ្លែង​ទៀត​ថា៖​

«ខ្ញុំ​សុំទាមទារ​ឲ្យ​តុលាការ​រក​យុត្តិធម៌​ដល់​ប៊ន សំណាង​និងសុក សំអឿន​ ហើយ​អំពាវនាវ​ឲ្យ​អង្គការ​ក្រៅរដ្ឋាភិបាល​ អង្គការ​នៅ​ក្រៅ​ប្រទេស​ជួយ​សើរើ​រឿង​ក្តី​ហ្នឹង​ឡើង​វិញ»។​

លោក​ជា មុនី ​ប្រធាន​សហជីព​សេរីកម្មករ​ និង​ជា​ប្អូនប្រុស​លោក ​ជា វិជ្ជា​បាន​អះអាង​ថា​ លោក​ក្តុកក្តួល​ ពេល​ឃើញ​ការកាត់ទោស​អយុត្តិធម៌​ទៅ​លើ​ ប៊ន សំណាង​ និង​សុខ សំអឿន​ដែល​មិនមែន​ជា​ឃាតករ​ពិត។​

«ខ្ញុំ​ចង់ឲ្យ​រដ្ឋាភិបាល​ស្វែងរក​ឃាតករ​ ​ជន​ដៃ​ដល់​ ដែល​បាន​បាញ់​សម្លាប់​លោក​ជា វិជ្ជា។ ​ហើយ​រយៈ​ពេល​កន្លងមក​ហ្នឹង​គឺ​យើង​គិត​ថា ​ឯកសារ​ ភស្តុតាង​ទាំងឡាយ ​ដែល​ជា​ការ​បង្ហាញ​ពី​តុលាការ ​តាំងពី​សាលា​ដំបូង​ រហូត​មក​ដល់​សាលា​ឧទ្ធរណ៍​គឺ​វាអត់​ស៊ី​សង្វាក់​គ្នា»។​

លោក​មុនី​ទទូច​ថា​ លោកនឹង​ឈប់ប្តឹង​ហើយ​ តែលោក​សុំឲ្យ​តុលាការ​ ដោះ​លែង​ជន​ទាំង​ពីរ​គឺប៊ន សំណាង ​និង​សុក​ សំអឿន។​

«តុលាការ​មាន​ចំណេះ​ដឹង ​វិជ្ជាជីវៈ ​ប៉ុន្តែនៅ​ពេល​ដែល​តុលាការ​ អត់មាន​ភាព​ក្លាហាន​ អត់មាន​ភាព​យុត្តិធម៌​អញ្ចឹង​ គឺក្នុង​សង្គម​កម្ពុជាហ្នឹង​មនុស្ស​ភាគច្រើន​គឺ​ទទួល​ភាព​អយុត្តិធម៌ ​ដែល​បច្ចុប្បន្ន ​យើង​ឃើញ​ថា​ នៅ​អំឡុង​ប៉ុន្មាន​អាណតិ្ត​នេះ​គឺ​ពោរពេញ​ទៅដោយ​ការ​ឈឺចាប់​ដោយសារ​ប្រព័ន្ធ​យុត្តិធម៌​ គឺដោយ​តុលាការ​ហ្នឹង​ឯង»។​

លោកជា មុនី​បញ្ជាក់ថា ​លោក​គ្មាន​ជំនឿ​លើប្រព័ន្ធ​តុលាការ​កម្ពុជា​នោះ​ទេ។​

ក្រុមមន្ត្រី​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​រិះគន់​ចំណាត់ការ​របស់​តុលាការ​ ដែល​កាត់ទោស​ឲ្យអ្នកស្រី​យ៉ោម បុប្ផា​ជាប់ទោស​ផង​ដែរ​ដោយ​អះអាង​ថា ​អ្នកស្រី​យ៉ោម បុប្ផា​មិនជាប់​ទាក់ទង​ទៅនឹង​ការប្រព្រឹត្ត​អំពើ​ហិង្សា​ដែល​ត្រូវចោទ​ដោយតុលាការ​នោះ​ទេ។​
ប្រព័ន្ធ​តុលាការ​មិនឯករាជ្យ​ ស្ថិត​នៅក្រោម​ឥទ្ធិពល​នយោបាយ​ដោយ​គ្មាន​ការ​កែ​ទម្រង់​ពិតប្រាកដ​នោះ​ ត្រូវគេ​ចាត់ទុក​ថា ​ជា​គ្រោះ​ថ្នាក់​ដល់​ដំណើរ​ការ​គោរព​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ។​ បញ្ហាមិនធ្វើការ​កែទម្រង់​តុលាការ​នេះ​ស្ថិត​នៅ​ក្នុង​របាយ​ការណ៍​របស់​អ្នក​រាយ​ការណ៍​ពិសេស​អ.ស.ប.​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​គឺ​លោក​ សុរិយា ស៊ូប៊ែឌី​ផង​ដែរ​ ហើយ​ស្ថិតក្នុង​គោល​នយោបាយ​កំណែ​ទំរង់​របស់​រដ្ឋាភិបាល​ជា​ច្រើន​ឆ្នាំ​មកនោះ៕

បទ​យក​ការណ៍​វីអូអ៖ ដក​ទំនប់​ចេញ​វិញ​ពី​ទន្លេ Klamath នៅ​អាមេរិក

ចូល​ទៅ​កាន់​ទំព័រ​ពិសេស​នៃ​បទ​យក​ការណ៍​ទាំង​៤​ភាគ
XS
SM
MD
LG