ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេសកជន​សិទ្ធិមនុស្ស​ព្រួយ​បារម្ភ​ពី​និទណ្ឌ​ភាព​និង​សិទ្ធិបញ្ចេញ​មតិ

  • គង់ សុឋានរិទ្ធ

លោក​សូ​រិយា ស៊ូ​បែឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

មាន​អំពើ​ឧក្រិដ្ឋ​ជាច្រើន​បាន​កើតឡើង​ប៉ុន្តែ​អ្នកទទួល​ខុសត្រូវ​មិនត្រូវ​បាន​នាំ​ខ្លួនយ​កមកកាត់​ទោស​នោះទេ។​

ភ្នំពេញ៖ បេសកជន​អង្គការ​សហប្រជាជាតិ​បានបង្ហាញ​ក្តីកង្វល់​ជាខ្លាំង​អំពី​និទណ្ឌភាព​ឬ​ភាព​គ្មាន​ទោសពៃរ៍​និង​អំពី​សេរីភាព​បញ្ចេញ​មតិ​ក្នុងប្រទេស​កម្ពុជា​ដោយ​បាន​ហៅ​បញ្ហា​ទាំងពីរ​ថា​នឹង​នាំឲ្យ​ប្រជា​ពលរដ្ឋ​បាត់បង់​ទំនុកចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ប្រទេស។​

លោក​សូ​រិយា ស៊ូ​បែឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ​ក្នុង​ឱកាស​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ថា​មាន​អំពើ​ឧក្រិដ្ឋ​ជាច្រើន​បាន​កើតឡើង​ប៉ុន្តែ​អ្នកទទួល​ខុសត្រូវ​មិនត្រូវ​បាន​នាំ​ខ្លួនយ​កមកកាត់​ទោស​នោះទេ។​

«​ខ្ញុំ​នៅតែ​មាន​ការព្រួយបារម្ភ​ពី​វប្បធម៌​គ្មាន​ទោស​ពៃរ៍​នៅក្នុង​ប្រទេស​កម្ពុជា។ ខ្ញុំ​ក៏​មាន​ការបារម្ភ​យ៉ាង​ជ្រាលជ្រៅ​អំពី​ស្ថានភាព​សេរីភាព​បញ្ចេញ​មតិ​នៅក្នុង​ប្រទេស​និង​អំពី​ករណី​នៃ​ការ​សម្លុត​គំរាម​កំហែង​និង​ការយាយី​លើ​ពលរដ្ឋ​ដែល​ធ្វើការ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ក្នុង​ផ្នែក​តស៊ូ​មតិ​ដើម្បី​សិទ្ធិមនុស្ស»​។​

លោក​ស៊ូ​បែឌី ​បាន​មកដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃអាទិត្យ​សម្រាប់​បេសកកម្ម​រយៈពេល​ប្រាំ​ថ្ងៃ​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​ជា​លើក​ទី​ប្រាំបី​នេះ។​

លោក​ចាត់ទុក​ថា​និទណ្ឌភាព​គឺ​ជា​ជំងឺ​ស៊ី​រូង​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃនេះ​ដែរ​លោក​បាន​រំលឹក​ពី​ការព្រួយបារម្ភ​របស់​លោក​អំពី​សំណុំរឿង​លោក​ម៉ម សុណង់ដូ​ នាយក​ស្ថានីយ៍​វិទ្យុសំបុកឃ្មុំ ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ ហើយ​លោក​បញ្ជាក់ថា​លោក​នឹង​តាមដាន​បញ្ហា​នេះ​បន្ត​ទៀត។​

មន្ដ្រី​ជាន់ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​លើក​ផងដែរ​ពី​ការជំរុញ​ដល់​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​និង​ដោយ​សន្តិភាព។ មួយ​វិញ​ទៀត​ទំនាស់​ដីធ្លី​នៅតែ​ជា​បញ្ហា​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា។​ នេះ​បើ​តាម​ការ​កត់សម្គាល់​របស់​លោក​ស៊ូ​បែឌី។​

លោក​ផៃ ស៊ីផា​ន ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ដ្រី​ឆ្លើយតប​ទៅនឹង​លោក​សូរិ​យា ស៊ូ​បែឌី ​វិញ​ថា​កង្វល់​និង​ការលើកឡើង​របស់​លោក​មិន​បាន​ប្រមូលផ្តុំ​គ្រប់​ទិដ្ឋភាព​នោះ​ទេ។​

«ជា​ការលើក​ឡើង​មួយ​មិន​ចំ​ទិសដៅ​ដោយសារ​គាត់​ទទួល​ព័ត៌មាន​មិន​បាន​គ្រប់​ជ្រុងជ្រោយ។ គួរឲ្យ​សោកស្តាយ​ហ្នឹង​គឺ​លោក​មិន​បាន​ដឹង​គ្រប់​ជ្រុងជ្រោយ​នៃ​អ្វី​ដែល​កំពុង​វិវត្តន៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​រាជរដ្ឋាភិបាល​កំពុង​ប្រឹងប្រែង»។​

មន្ដ្រី​រដ្ឋាភិបាល​និង​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ​បាន​បដិសេធ​ជំនួប​ជាមួយ​លោក​ស៊ូ​បែឌី​ក្នុង​ដំណើរ​បេសកកម្ម​របស់​លោក។​

លោក​ហ៊ុន សែន ​បាន​ឆ្លៀត​រិះគន់​ដល់​មន្ដ្រី​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ហើយ​បាន​រំលឹកថា​លោក​ស៊ូ​បែឌី ​គួរតែ​រៀន​គោរព​អធិបតេយ្យភាព​របស់​ប្រទេស​មួយ។​

ក្នុង​ស​ន្និសីទ​កាសែត​លោក​ស៊ូ​បែឌី ​ហាក់ដូចជា​ឆ្លើយតប​ទៅ​វិញ​ដោយ​ប្រយោល​ថា​លោក​បាន​គោរព​ពេញទី​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​ហើយ​លោក​គ្រាន់តែ​បំពេញ​ការងារ​របស់​លោក​តែ​ប៉ុណ្ណោះ​ហើយ​លោក​ក៏​មិន​យល់​ដែរ​ហេតុអ្វី​បានជា​ជំនួប​របស់​លោក​ត្រូវបាន​បដិសេធ​នោះ។​
ក្នុងឱកាស​នៃ​ស​ន្និសីទ​កាសែត​នេះ​ដែរ​ប្រជា​ពលរដ្ឋ​សហគមន៍​បឹងកក់​និង​សហគមន៍​ដែល​រងគ្រោះ​ពី​ការបណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​បាន​ជួបជុំគ្នា​នៅ​មុខ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដើម្បី​ជួប​ជាមួយ​លោក​ស៊ូ​រិ​យា ស៊ូ​បែឌី៕​
XS
SM
MD
LG