ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជនរងគ្រោះ​រំលោភ​ដីធ្លី​បឹង​កក់​ដាក់​បណ្តាសា​តុលាការ​ក្រុង​ភ្នំពេញ

  • ហេង រស្មី

តុលាការ​បាន​រក​ឃើញ​ថា អ្នក​ស្រី យ៉ោម បុប្ជា​បាន​បញ្ជា​ឱ្យ​បង​ប្អូន​អ្នកស្រី​ពីរ​រូប​គឺលោក​យ៉ោម កន្លង់​និង​យ៉ោម សិត​ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​កាល​ពី​ខែ​សីហា​ឆ្នាំ​២០១២​នៅ​តំបន់​បឹងកក់។​
ភ្នំពេញ៖ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សារ​ការរំលោភ​ដីធ្លី​នៅ​តំបន់​បឹងកក់​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ប្រមូល​ផ្តុំគ្នា​ដាក់​បណ្តាសា​នៅ​ពី​មុខ​តុលាការ​ក្រុងភ្នំពេញ​ដើម្បី​ទាម​ទារ​ឲ្យ​តុលាការ​ផ្តល់យុត្តិធម៌​ដល់​អ្នក​ស្រី​យ៉ោម បុប្ជា បន្ទាប់​ពី​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ឋនាគារ​រយៈ​ពេល​បី​ឆ្នាំ។

ក្រុម​អ្នក​តវ៉ា​បាន​កាន់​បដា​ដោយ​មាន​រូបថត​អ្នកស្រី យ៉ោម បុប្ចា គ្រឿង​ដង្វាយ និង​មាន​ក្រដាស​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​ព្រមទាំង​ផ្ទាំង​ក្រណាត់​ស​មួយ​ផ្ទាំង​ដែល​មាន​ស្រោច​ពណ៌​ក្រហម ហើយ​បាន​និយាយ​រិះគន់​ធ្លន់ៗ​ថា តុលាការ​អយុត្តិធម៌​បន្ទាប់​ពី​បាន​កាត់​ទោស​អ្នក​ស្រី យ៉ោម បុប្ជា។

«ងាប់​តៃ​ហោង ឲ្យ​អ្នក​ឯង​ងាប់​ដោយ​ធ្លាក់​យន្តហោះ​ ឲ្យ​អ្នក​ឯង​អាប់​ដោយ​ក្រឡាប់​ឡាន​ ឲ្យ​អ្នក​ឯង​ងាប់​ដោយ​លិច​ទូក»។​

អ្នកស្រី យ៉ោម បុប្ជា ព្រមទាំង​បង​ប្អូន​អ្នក​ស្រី​ចំនួន​ពីរ​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បីឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៣០​លាន​រៀល​ក្នុង​ម្នាក់ៗគឺ​ស្នើ​នឹង​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ទៅ​ឱ្យ​ជន​រងគ្រោះ​ចំនួន​ពីរ ​រូប។

តុលាការ​បាន​រក​ឃើញ​ថា អ្នក​ស្រី យ៉ោម បុប្ជា​បាន​បញ្ជា​ឱ្យ​បង​ប្អូន​អ្នកស្រី​ពីរ​រូប​គឺលោក​យ៉ោម កន្លង់​និង​យ៉ោម សិត​ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​កាល​ពី​ខែ​សីហា​ឆ្នាំ​២០១២​នៅ​តំបន់​បឹងកក់។​

លោក​ លួស សាខន​ស្វាមីយអ្នក​ស្រី យ៉ោម បុប្ជា បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​លោក​ប្រាថ្នា​ចង់​ឲ្យ​ចៅ​ក្រម និង​ព្រះរាជអាជ្ញា​ដែល​កាត់​ក្តី​យ៉ាង​អយុត្តិធម៌​ចំពោះ​ភរិយា​របស់​លោក​ឲ្យ​ទទួល​ទោស​កំហុស​តាម​អ្វី​ដែល​ខ្លួន​បាន​សាង​កន្លង​មក។

«អ្នក​ភូមិ​បឹងកក់​មក​ថ្ងៃនេះ​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​សើ​រើ​សំណុំ​រឿង​ជាថ្មី​ដើម្បី​ឲ្យ​ពិចារណា និង​លើក​លែង​ការចោទ​ប្រកាន់​មក​លើ​អ្នក​ស្រី យ៉ោម បុប្ជា។ ដោយសារ​ក្នុង​សវនាការ​ដើម​បណ្តឹង និង​សាក្សី​ដើម​បណ្តឹង​និយាយ​មក​គ្មាន​ហេតុផល​ទាំង​អស់»។

អ្នក​ស្រី ទេព វន្នី តំណាង​អ្នក​ភូមិ​បឹងកក់​បាន​និយាយ​ថា មន្ត្រី​តុលាការ​បាន​ចូលរួម​យ៉ាង​ពេញ​ទំហឹង​ដើម្បី​ដាក់​សម្ពាធ​លើ​អ្នក​ភូមិ​បឹងកក់។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា​ដោយសារ​រឿង​វិវាទ​ដីធ្លី តុលាការ​បាន​ប្រើប្រាស់​វិធីសាស្ត្រ​គ្រប់​បែប​យ៉ាង​ដើម្បី​ដាក់​សម្ពាធ និង​កុំ​ឲ្យ​ពួកគេ​ចេញតស៊ូ​មតិ​ដើម្បី​ការពារ​ផ្ទះ​សម្បែង។

«តុលាការ ចៅក្រម ​មេធាវីណា ​ដែល​គាត់​ពុករលួយ​ ប្រព្រិត្ត​អំពើ​ទាំង​អស់​នោះ​ផ្ទុយ​នឹង​ច្បាប់ សូម​ឲ្យ​អ្នក​នោះ​វិនាស​អន្តរាយ។ អ្នក​ឯង​ជួប​សេចក្តីទុក្ខ​វេទនា​ក្តៅ​ក្រហល់​ក្រហាយ»។

ការ​តវ៉ា​របស់​អ្នក​ភូមិ​បឹង​កក់​បាន​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​ពី​កម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​របាំង​ការពារ ខែល​ និង​ដំបង​ឆក់។ ប៉ុន្តែ​មិន​មាន​ការ​ប៉ះ​ទង្គិច​ធ្ងន់​ធ្ងរ​រវាង​ភាគី​ទាំង​ពីរ​ទេ។

ជាមួយ​គ្នា​នេះ​ដែរក៏​មាន​ប្រជាពល​រដ្ឋ​មួយ​ក្រុម​ទៀត​ដែល​អះអាង​ថា ​ជា​តំណាង​អ្នករត់​ម៉ូតូឌុប និង​រឺម៉ក​កង់បី​បានមក​ប្រមូល​ផ្តុំគ្នាតវ៉ា​នៅពី​មុខ​ស្នាក់​ការ​មជ្ឃមណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា​ដើម្បី​ទាមទារ​យុត្តិធម៌។

លោក​ឯ សុភាស់ ​ប្រធាន​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍ​កម្ពុជា​បាន​និយាយ​ថា ការ​តវ៉ា​នេះ​គឺ​ក្នុង​គោលបំណង​ជំទាស់​នឹង​លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឃមណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា​ដែល​បាន​អះ​អាង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។ កាលពី​ថ្ងៃ​ទី​២៨ ខែ ធ្នូ ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ដក់​ស្រង់​សម្ដី​លោក​អ៊ូ វីរៈ មក​ចុះផ្សាយ​ថា ជម្លោះ​រវាង​អ្នក​ស្រី យ៉ោម បុប្ជា និង​អ្នក​រត់​ម៉ូតូឌុប​កាល​ពី​ខែ​សីហា​នៅ​តំបន់​បឹងកក់​គឺ​ជា​ការ​រៀប​ចំឡើង និង​ជាការ​ប្រឌិត។ លោក​សុភាស់​បាន​និយាយ​ថា លោក​ចង់​ឲ្យ​លោក​អ៊ូ វីរៈ​កែ​តម្រូវ​ពាក្យ​របស់​លោក​ដែល​បាន​និយាយ​កន្លង​មក​ដើម្បី​ឲ្យ​ជនរងគ្រោះ​ទទួល​បាន​យុត្តិធម៌។​

«ពាក់​ព័ន្ឋ​ក្នុង​នាម​គាត់​ជាមន្ត្រីសិទ្ឋិ​មនុស្ស​ម្នាក់ គាត់​គួរ​តែ​មាន​ទឡ្ហីករណ៍ ឬក៏​គាត់​បាន​វិភាគ​ស៊ើប​អង្កេត​ទាំង​សងខាង។ ជួន​កាល​គាត់​ទៅសួរ​តែ​ម្ខាង។ គាត់​មិន​ដែល​បាន​មក​សួរ​ភាគី​ខាង​ខ្ញុំ»។​

លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឃមណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា​បាន​ការពារ​ជំហរ​របស់​លោក​ថា មិន​បាន​និយាយ​អំពី​ជម្លោះ​នៅ​តំបន់​បឹងកក់​ទេ។ លោក​បាន​និយាយ​ថា ដំណើរ​ការ​នៅ​ក្នុង​សវនាការ​ពាក់​ព័ន្ឋ​អ្នក​ស្រី​យ៉ោម បុប្ជា គឺ​ជា​រឿង​ប្រឌិត៕
XS
SM
MD
LG