ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សិទ្ធិ​មនុស្ស​រក​ឃើញ​ទំនាស់​ដីធ្លី​កើន​ឡើង​បី​ដង

  • ហេង រស្មី

​ព្រះសង្ឃ​​និង​ជន​រង​គ្រោះ​ពី​ការ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​ស្រែក​ពាក្យ​ស្លោក​ក្នុង​អំឡុង​​ការ​តវ៉ា​មួយ​នៅ​មុខ​វិមាន​រដ្ឋសភា​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

អង្គការសម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការ​ពារ​សិទ្ធិ​មនុស្ស​ដែល​ហៅ​កាត់​ថា​លីកាដូ​ បាន​រក​ឃើញ​ថា​ជម្លោះ​ដីធ្លី​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​បាន​កើន​ឡើង​ខ្លាំង​គឺ​ចំនួន​៣​ដង​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៣។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​បានឱ្យដឹង​ថា​គ្រាន់​តែ​ឆ្នាំ​២០១៤​អង្គការលីកាដូ​បាន​រក​ឃើញ​ថា​មាន​គ្រួសារ​ចំនួន​១០,​៦២៥​ គ្រួសារ​ ឬ ​ប្រហែល​ ៤៩,​៥១៩​នាក់​ ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជម្លោះដីធ្លី។​

ចំនួន​នេះ​ភាគ​ច្រើន​កើត​មាន​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន​១៣​ ដែល​អង្គការ​លីកាដូ​បាន​ធ្វើ​ការ​ ដែល​ច្រើន​ជាង​បី​ដង​នៃ​គ្រួសារ​ដែល​ត្រូវ​បាន​ចង​ក្រង​កាល​ពី​ឆ្នាំ​២០១៣។​

កាល​ពី​ឆ្នាំ​២០១៣​ មាន​ចំនួន​ ៣,​៤៧៥​គ្រួសារ​ និង​ ច្រើន​ជាង​ពីរ​ដង​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១២​ដែល​មាន​ចំនួន​ ៥,​ ៦៧២​ គ្រួសារ។​

លោក​ អំ សំអាត​ អ្នក​សម្របសម្រួល​បច្ចេកទេស​ ស៊ើប​អង្កេត​នៃ​អង្គការលីកាដូ​បាន​បញ្ជាក់​ថា ​បើ​ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​បាន​រួម​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ក៏​ដោយ​ក៏បញ្ហា​នេះ​នៅ​តែ​ក្តៅ​គគុក​ដដែល។​

លោក​បាន​បញ្ជាក់​ថា​បញ្ហា​អំពើ​ពុក​រលួយ​ និង​ ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​និង​មាន​និន្នាការ​នយោបាយ​ហេតុ​ដូច្នេះ​អ្នក​ដែល​រំលោភ​ដីធ្លី​ភាគ​ច្រើន​ស្ថិត​ក្នុង​ជួរ​អ្នក​មាន​អំណាច​ ឬ​ជា​ខ្សែ ស្រឡាយ​មន្ត្រី​ជាន់​ខ្ពស់។​

លោក​និយាយថា៖ ​«បើ​សិន​ជា​បញ្ហា​ដីធ្លី​នេះ​កាន់​តែ​រីករាល​ដាល​ទៅ​ ថ្ងៃ​ណា​មួយ​នឹង​អាច​មាន​បដិវត្តន៍​ដីធ្លី​កើតឡើង»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លីកាដូ​បាន​បញ្ជាក់​ថា​រហូត​មកដល់​ឆ្នាំ​២០១៥​នេះ​មិន​មាន​សញ្ញា​ណា​មួយ​ថា​បញ្ហា​ដីធ្លី​មាន​លក្ខណៈ​ល្អប្រសើរ​ឡើង​នោះទេ​នៅ​ពេលដែល​ការ​បំផ្លិច​បំផ្លាញ​នៅ​តែមាន​បន្ត​ ហើយ​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​ឡើងៗ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខិត​បង្ខំ​ពី​ផ្ទះ​សម្បែង។​

លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ការ​លើក​ឡើង​របស់​អង្គការលីកាដូ​ គ្រាន់​តែ​ចង់​ឱ្យមាន​បដិវត្តន៍​ដីធ្លី​តែប៉ុណ្ណោះ។​

លោក​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​បាន​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ចាប់​ពី​២០០០​ករណី​មក​នៅ​ត្រឹម​៥០០​ករណី​ ហើយ​បាន​បន្ត​ធ្លាក់​ចុះ​៣០០​ករណី​តែ​ប៉ុណ្ណោះ។​

លោក​និយាយ​ថា៖ ​«ពី​ព្រោះ​គាត់​ហ្នឹង​ជា​ភ្នាក់ងារ​ដែល​ធ្វើ​ឱ្យមាន​បដិវត្តន៍​ពណ៌​ ដែល​យើង​តាម​ដាន​មើល​ទៅ។ ​ដូច​ជា​គាត់​ដាក់​ពន្លើស​លេខ​ ដាក់​ពន្លើស​ចំនួន​កំណើន​ហ្នឹង​គឺ​ប្រាស​ចាក​ការ​ពិត​ដែល​យើង​មាន​ឯក​សារ​ត្រឹម​ត្រូវ​នៅ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី»។​

យ៉ាង​តិច​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២០​នាក់​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ និង​ជាង​១០០​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​បណ្តឹង​របស់​តុលាការ​ទាក់​ទិន​នឹង​រឿង​ទំនាស់​ដីធ្លី៕

XS
SM
MD
LG